មាននិទានមួយដំណាលថា : មានស្រី ២ នាក់មានកូនដូចគ្នា ។ បណ្ដានាងទាំង
២ នាក់នោះ ស្រី ១ កូនស្លាប់ ស្រី ១ ទៀតកូនរស់ ស្រីនោះពកូនទៅផ្ងូតទឹក ។ ឯស្រីកូនស្លាប់នោះដើរមកជួប
ហើយនិយាយថា “ នាងអើយ ! កូននាងដូចកូនអញ អញសុំថើបកូននាងបន្តិច ” ។ ស្រីម្ដាយក៏ឲ្យកូននោះទៅ
ស្រីនោះទទួលយកមកថើបបំបៅហើយឡើងដើរនឹងកូននោះទៅកាន់លំនៅរបស់វា ។ ស្រីម្ដាយស្រែកថា “ នាងអើយ
! នាងយកកូនអញទៅណា ?
” ស្រីនោះថា “ កូនអញទេតើ ម្ដេចថាកូនឯង ” ។ ស្រីទាំង ២ នោះឈ្លោះប្រកែកដណ្ដើមកូនគ្នា
ទៅវិញទៅមក មិនដាច់ស្រេចសោះ ហើយក៏នាំគ្នាទៅប្ដឹងចៅក្រម ។ ស្រីដែលដណ្ដើមកូនគេនោះប្ដឹងថា
“ សូមទាន ! នាងខ្ញុំពកូនមក មេនោះឃើញកូននាងខ្ញុំ ក៏ដើរតាមមកថាជាកូនរបស់វា ” ។ ស្រីជាម្ដាយប្ដឹងថា
“ នាងខ្ញុំពកូនមកផ្ងូតទឹក មេនេះដើរមក
អំពីឯណាមិនដឹង ឃើញកូននាងខ្ញុំ ថាដូចកូនវា ៗ និយាយសុំអំពីនាងខ្ញុំយកទៅថើប
លាដៃមករកខ្ញុំ ៗ ក៏ឲ្យកូនទៅថើបហើយវាពបំបៅនាំកូននាងខ្ញុំរត់ទៅ សូមលោកពិចារណាឲ្យខ្ញុំហោង
” ។ ឯចៅក្រមជំនុំពិចារណាអស់រាត្រី ៣ ក៏ពុំយល់ប្រាកដជាកូននាងណាឡើយ នឹងកាត់សេចក្ដីនេះពុំបាន
ទើបនាំស្រីទាំង ២ នាក់ ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយនូវដំណើរនោះ ។ ព្រះមហាក្សត្រទ្រង់ជ្រាប
សព្វគ្រប់ដោយដំណើរនោះហើយ ទើបព្រះអង្គទ្រង់ព្រះចិន្ដាពិចារណា ដោយនូវព្រះប្រាជ្ញាពិសេស
លុះឈ្វេងយល់ហើយ ទ្រង់ត្រាស់ឲ្យយកកូននោះទៅដាក់នៅកណ្ដាល ឲ្យស្រីទាំង ២ នាក់ដណ្ដើមគ្នាវា
“ បើនរណាដណ្ដើមយកបាន ឲ្យអ្នកនោះយកកូននោះចុះ ” កាលបើដូច្នោះស្រីទាំង ២ ក៏ចូលទៅដណ្ដើមគ្នា
។ ស្រីកូនស្លាប់ក៏ចាប់យួរយកភ្លាម ពុំគិតបាក់បែករហែកដៃជើង ដោយឥតមេត្តាករុណាក្មេងនោះឡើយ
។ ឯស្រីជាម្ដាយខឹងនឹងមេនោះខ្លាំងណាស់ តែមានចិត្តអាណិតអាសូរកូននោះក្រៃពេក ក៏ដើរចូលទៅថ្នមឱបក្រសោបយកកូនដោយបបក់ព្រលឹង, លុះឃើញស្រីនោះវាខំពុះពារប្រវាចាប់កូនពុំគិតបាក់ឆ្អឹងដូច្នោះ
ក៏លែងកូនចេញ បានកូនទៅស្រីម្នាក់នោះទៅ ។ ព្រះមហាក្សត្រមានព្រះបន្ទូលថា “ នាងដែលលែងកូនឲ្យបានទៅគេនោះ
ជាម្ដាយពិត ហេតុត្បិតមានចិត្តអាសូរករុណាកូន, ស្រីដែលដណ្ដើមកូនបានទៅនោះ ពុំមែនជាម្ដាយពិតទេ
ព្រោះឥតមានចិត្តអាណិតអាសូរកូនបន្តិចសោះ ខំដណ្ដើមយកតែឈ្នះដៃ ” ទ្រង់មានព្រះបន្ទូលដូច្នោះហើយ
ក៏ទ្រង់កាត់សេចក្ដីឲ្យបានកូននោះទៅស្រីជាម្ដាយវិញ ។ ឯស្រីដែលដណ្ដើមកូននោះ ព្រះអង្គឲ្យផ្ដន្ទាទោសផ្ចាញ់ផ្ចាលឲ្យរាងចាលហោង
។
ដកស្រង់ចេញពី៖ ប្រជុំរឿងព្រេងខ្មែរភាគ ៣
No comments:
Post a Comment