គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៤
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងរៃ និងស្រមោច
និទាននេះមានដំណាលក្នុងក្បួនបារាំងសែស។ មានរៃមួយជាសត្វខ្ជិល ដល់រដូវកាលខែពិសាខ
ជេស្ឋ អាសាធ ជាវស្សានរដូវ ក៏ហើរច្រៀងលេងតាមអំពើចិត្ដខ្លួន ពុំគួរខ្វល់ខ្វាយនឹងរកស្បៀងអាហារទុកដាក់សំរាប់ខ្លួន។
មានសត្វស្រមោចមួយពួក ជាសត្វឧស្សាហ៍ពាំនាំស្រូវអង្ករទុកដាក់ក្នុងសំបុកខ្លួន
គិតក្រែងក្ដីក្រទៅមុខ។ លុះដល់រដូវភ្លៀងអោរជោគជាំមកសត្វរៃនោះរកអាហារបរិភោគគ្មាន
កើតក្ដីឃ្លានចំណីក្រៃពេក ទើបហើរទៅខ្ចីអង្ករស្រមោចថា សំលាញ់អើយសំលាញ់ខ្លួនអញនេះពុំមានអ្វីអាស្រ័យឡើយ
ព្រោះខែនេះភ្លៀងអោរជោគជាំណាស់ នឹងចេញស្វែងរកអាហារពុំបាន យើងមកនេះប្រាថ្នានឹងសូមខ្ចីអង្ករសំលាញ់អាស្រ័យសិន
ទំរាំដល់ខែប្រាំងរាំងរិះកាលណា នឹងរកសងសំលាញ់ឯងវិញ ចូរសំលាញ់ មេត្តាអាណិតជួយយើងអោយផុតអំពីក្ដីក្រម្ដងនេះចុះសំលាញ់។
ឯស្រមោចលឺដូច្នោះ
ក៏តបសួរទៅថា «អើរៃ
កាលអំពីដើមឆ្នាំខែប្រាំងរាំងរិះនោះ តើហេតុម្ដេចអ្នកឯងមិនស្វែងរកអាហារទុកដាក់សំរាប់ខ្លួន
អ្នកឯងមានរវល់កង្វល់ដោយការអ្វី?»។ រៃតបថា «សំលាញ់អើយ!
យើងនេះពុំមានកិច្ច ការអ្វីទេ រវល់តែនឹងហើរទំដោយឈើព្រៃ ស្រែកច្រៀងលេងតាមអំពើចិត្ដប៉ុណ្ណេះឯង
បានជាពុំបានរកស្បៀងទុកនោះ»។ ស្រមោចថា «អើពីដើមអ្នកឯងធ្លាប់ច្រៀងយ៉ាងណា
ឥលូវនេះចូរអ្នកឯងរកទំនុកច្រៀងលេងទៅទៀតទៅ វិស័យអ្នកច្រៀងរាំហើយ ត្រូវតែយើងច្រៀងរាំទៅកុំឈប់
ល្បែងច្រៀងរាំនេះជាប្រយោជន៍ចិញ្ចឹមជីវិតរបស់អ្នកហើយអញ្ជើញច្រៀងទៅទៀតមើល
ខ្ញុំឯងនឹងស្ដាប់ផង»។
ឯរៃឆ្លើយតបថា
«អោ!
សំលាញ់អើយ គ្នាអត់បាយស្ទើរតែដាច់ពោះស្លាប់ហើយ តើនឹងទៅច្រៀងរាំឯណាក៏បាន
ចូរសំលាញ់បែងចែកអង្ករអោយខ្ចីបានអាស្រ័យខ្លះទៅអេះ»។ ស្រមោចតបថា
« អង្ករស្រូវរបស់យើងក៏មានខ្លះដែរតែ
យើងទុកល្មមតែកូនចៅញាតិផៅរបស់ជាជាតិដូចគ្នា នឹងបានមានច្រើនអាចផ្សាយដល់អ្នកឯងផងនេះពុំបានទេ
អ្នកឯងទៅរកខ្ចីគេឯងទៀតទៅ»។ ឯរៃបានលឺស្រមោចពោលកាត់ដូច្នោះក៏ទាល់បញ្ញា
ទើបហើរចេញចាកទីនោះឆ្ពោះទៅកាន់លំនៅនៃអាត្មា បានក្ដីវេទនាដោយអត់អាហាររកបានដោយកម្រ
ខំត្រដរអត់ឃ្លានតាមនិស្ស័យទៅហោង។ រឿ ងនេះឯងស្ដាប់មើលចុះ តើចុះប្រៀបដោយគតិយ៉ាងណា
ឯងថាទៅចុះ។
សិស្សតបថា សូមទាន
និទានរឿងនេះបានដល់មនុស្សខ្ជិលប្រកបការរកស៊ីនឹងគេ គឺដល់រដូវកាលគេធ្វើស្រែចំការ
ខ្លួនមិនធ្វើនឹងគេ ក៏ផុតកាលរដូវនោះទៅ ម៉្លោះហើយក្ដីក្រ ក្ដីលំបាកក៏កើតមានដល់មនុស្សនោះដែរ
ព្រោះអំណាចល្បែង លែងមិនគិតរកស៊ីធ្វើការ នឹងទៅរកខ្ចីបុលគេស៊ី នរណាឡើយនឹងអោយបាន
គេក៏បំរុងរូបគេដែរ ខ្លួនក៏តោងទ្រាំវេទនាទៅតាមយថាកម្ម ដូចយ៉ាងរៃរកខ្ចីអង្ករស្រមោចៗពុំបានអោយខ្ចីដូច្នោះហោង។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment