កាលពីព្រេងនាយ មានរឿងមួយថា មានកុមារីម្នាក់អាយុ ១៤ ឆ្នាំ ម្ដាយប្រើឲ្យទៅជីកដំឡូង
។ ក្មេងនេះ រៀបចបរួចស្រេច ចេញដើរទៅរកដំឡូង ទៅដល់ព្រៃធំមានដំបូកមួយមានរូងជ្រៅ ។ នាងកុមារីទៅជីកដំឡូង
នៅជើងដំបូកនោះ ក៏របូតផ្លែចបជ្រុះធ្លាក់ទៅក្នុងរូងនោះ ។ នាងមិនដឹងធ្វើដូចម្ដេច ក៏ស្រែកប្រកាសថា
«លោកណា
អ្នកណាអើយ ជួយយកផ្លែចបឲ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោក » ។ ស្រែកតែប៉ុណ្ណេះ
មានខ្លាចាស់មួយ ដំបៅក្បាល រុយបែង ដង្កូវចុះគគ្រិចចេញពីពីក្នុងព្រៃ ប្រាប់ទៅនាងនោះ ថា
« នាង!
តាយកឲ្យបានផ្លែចបនោះ តែបើតាយកបានតាគ្រាន់តែឲ្យនាងឯង រកចៃឲ្យតាបានហើយ តាមិនបាច់យកគុណពីចៅទេ» ។
នាងឮខ្លាថាដូច្នោះក៏និយាយទៅថា «ឱលោកតាអើយ!ឲ្យតែលោកតាជួយយកឲ្យបានចុះ» ។ ខ្លាយកផ្លែចបបានពីក្នុងរូងឲ្យទៅនាង
ហើយឲ្យនាងរកចៃឲ្យ »
។ នាងនោះយកបន្លាមកឆ្កឹះដង្កូវ នៅក្នុងដំបៅក្បាលខ្លា ។ ខ្លាចេះតែសួរនាងថា
«នាង
ដំបៅតាស្អុយឬក្រអូប?
» ។ ដំបៅនោះស្អុយណាស់ ប៉ុន្តែនាងឆ្លើយប្រាប់ទៅវិញថា « ក្រអូបណាស់លោកតា
» ខ្លាចេះតែសួរ
នាងចេះតែថាក្រអូប ។ លុះឆ្កឹះដង្កូវអស់ទៅ ខ្លាបាត់ឈឺ បាត់រមាស់ ហើយនិយាយប្រាប់នាងថា
« នាង!
នាងយកជាលមួយមក តានឹងដាក់ដំឡូងឲ្យ» ។ នាងនោះ យកជាលមួយមកឲ្យខ្លា ៗដាក់សុទ្ធតែមាសប្រាក់ពេញជាល ចងមាត់ជាលជាប់ឲ្យទៅនាង
រួចប្រាប់នាងនោះថា «
នាងយកជាលនេះទៅផ្ទះ ហៅបងប្អូននាងមកជុំបិទទ្វារឲ្យជិតសឹមបើក» ។ នាងនោះលាខ្លា
ដើរទៅដល់ផ្ទះ ហៅបងប្អូនមកជុំ រួចក៏បើកជាល ដល់បើកទៅបានសុទ្ធតែមាសនិងប្រាក់ចែកគ្នា ។
លុះយូរបន្តិច ដឹងទៅដល់ស្រីឯទៀត ដែលមានកូនក្រមុំ ស្រីនោះបញ្ជាកូនក្រមុំថា « ហងឯងមើលកូនគេ
ៗ ទៅជីកដំឡូងបានមាសប្រាក់ យកមកចែកបងប្អូនគេ ហងទៅជីកបានតែដំឡូង គ្មានបានខ្មោចអ្វីទេ» ។ ថ្ងៃក្រោយ
ស្រីនោះប្រើឲ្យកូនទៅជីកដំឡូង លុះបានទៅជួបប្រទះនឹងខ្លា ដូចនាងមុនទៀត ក៏ធ្វើជាជ្រុះចបដូចនាងមុននោះដែរ
ហើយថា « លោកណាយកចបឲ្យខ្ញុំបាន
ខ្ញុំនឹងសងគុណលោក» ។
ខ្លាឮហើយ ក៏យកមកឲ្យរួចឲ្យនាងនោះ ចាប់ដង្កូវឲ្យ ។ ខ្លាសួរដូចពីមុនថា « នាង! ដំបៅតាស្អុយឬក្រអូប? » ។ នាងនោះឆ្លើយថា
«ស្អុយណាស់» ខ្លាឮដូចច្នោះថា
« នាងយកជាលមួយមក
តានឹងដាក់មាសប្រាក់ឲ្យ»
។ នាងយកជាលឲ្យខ្លា ៗចាប់សុទ្ធតែពស់វែក ដាក់ពេញជាល ហើយឲ្យទៅនាងនោះ
ប្រាប់ថា « នាងយកទៅផ្ទះហៅបងប្អូនមកជុំ
បិទទ្វារឲ្យជិតសឹមបើក »
។ នាងនោះទៅដល់ផ្ទះ ហើយប្រាប់ម្ដាយ ៗ អរណាស់ឲ្យបងប្អូនមកជុំតាំងបិទទ្វារ
រួចបើកជាលមើល ។ ពស់វែកចេញមកចឹកមនុស្សទាំងនោះស្លាប់អស់ទៅ ។
ចចើងចង់លាភ រែងបាត់ធនទៅ
ចចើងចង់លាភ រែងបាត់ធនទៅ
១ ដកស្រង់ពីទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ ១៩៣៥ ទំព័រ ១០៩
២ សុភាសិតនៅចុងរឿងនិមួយៗ តទៅក្នុងសៀវភៅនេះ បន្ថែមតម្រូវតាមសាច់រឿងដោយគណៈកម្មការក្រុមជំនុំទំនៀមទម្លាប់ ។
២ សុភាសិតនៅចុងរឿងនិមួយៗ តទៅក្នុងសៀវភៅនេះ បន្ថែមតម្រូវតាមសាច់រឿងដោយគណៈកម្មការក្រុមជំនុំទំនៀមទម្លាប់ ។
ដកស្រង់ចេញពី៖ ប្រជុំរឿងព្រេងខ្មែរភាគ ២
No comments:
Post a Comment