មាននិទានមួយថា : មានសេដ្ឋី ២ នាក់ ម្នាក់ឈ្មោះធនញ្ជយសេដ្ឋីម្នាក់ឈ្មោះតុត្តលោសេដ្ឋី
អ្នកទាំង ២ ស្រលាញ់គ្នាណាស់យកគ្នាជាក្លើ ។ ឯតុត្តលោសេដ្ឋី យកមាសមួយពាន់តម្លឹងដាក់ក្នុងថង់
យកខ្សែចងដំត្រាជាសម្គាល់រួចហើយ ផ្ញើទុកនៅផ្ទះធនញ្ជយសេដ្ឋីជាក្លើ ។ ធនញ្ជយសេដ្ឋីទៅជួញយកមាសទុកហើយ
តុត្តលោសេដ្ឋីលាធនញ្ជយសេដ្ឋីទៅជួញជាអំឡុងទៅ ។ ធនញ្ជយសេដ្ឋីឲ្យទៅរកជួលជាងជួលបានហើយ ទើបកាត់ថង់ទាំងពីរ
យកមាសមួយពាន់តម្លឹងចេញមកហើយ ក៏យកទង់ដែងមកថ្លឹងទម្ងន់ស្មើនឹងមាសនោះហើយ យកទៅច្រកទុកក្នុងថង់មាសនោះវិញ
រួចជួលជាងឲ្យជុលថង់នោះឲ្យបានដូចដើម ។ ជាងទទួលឈ្នួលជុលថង់រួចហើយ ឲ្យធនញ្ជយ
សេដ្ឋីទទួលទុកជាអំឡុងទៅ ។ តុត្តលោសេដ្ឋីមកអំពីជួញ ទើបប្រដាប់ចំណីផ្លែឈើផងយកមកជូនធនញ្ជយសេដ្ឋីជាក្លើហើយនិយាយថា
“អញមកសុំមាសអំពីក្លើ” ។ ឯធនញ្ជយសេដ្ឋីយកថង់ច្រកទង់ដែងឲ្យតុត្តលោសេដ្ឋី ៗ រមិលរមើលថង់នោះសព្វគ្រប់
ជាក់ជារបស់ឯង ពុំប្លែកឡើយ តែទទួលយកមកស្រាយពុំឃើញមាសនោះឡើយ ឃើញឯទង់ដែងវិញ តុត្តលោសេដ្ឋីសួរថា
អញផ្ញើមាសអញនៅក្លើ មាសអញបាត់ទៅណាក៏មកឃើញឯទង់ដែងដូច្នេះវិញ ។ ធនញ្ជយសេដ្ឋីឆ្លើយថា “នរណានឹងយកមាសក្លើ
បើក្លើមិនជឿអញក្លើមើលតែថង់ ចំណងខ្សែថង់ នឹងត្រានោះចុះ ” ម៉្លោះហើយអ្នកទាំង ២ ប្រកែកគ្នាទៅវិញទៅមកមិនដាច់ស្រេច
កើតទៅជាក្ដីនឹងគ្នាក៏នាំគ្នាទៅប្ដឹងចៅក្រមៗ ជំនុំឲ្យពុំបានទើបនាំគ្នាទៅដល់ព្រះមហាក្សត្រ
។ ឯតុត្តលោសេដ្ឋីក្រាបបង្គំទូលថា “ ត្បិតខ្ញុំព្រះបាទអម្ចាស់ យកមាសមួយពាន់តម្លឹងច្រកក្នុងថង់ចងមាត់ខ្ជាប់ដំត្រាហើយផ្ញើនឹងក្លើនេះឯង
ម្ដេចក៏មាសរបស់ខ្ញុំព្រះបាទអម្ចាស់ប្រែជាទង់ដែងទៅវិញ សូមព្រះបាទអម្ចាស់ ទ្រង់ព្រះពិចារណាហោង”
។ ឯធនញ្ជយសេដ្ឋីក្រាបបង្គំទូលថា “ត្បិតក្លើនេះឯងយកទង់ដែងច្រកថង់ដំត្រាខ្ជាប់ ហើយផ្ញើនឹងខ្ញុំព្រះបាទអម្ចាស់ឲ្យទុកឲ្យ ខ្ញុំព្រះបាទអម្ចាស់ពុំដឹងជាទង់ដែងស្មានថាជាមាសពិត
ខ្ញុំព្រះបាទអម្ចាស់ក៏ទទួលទុក លុះយូរទៅក្លើនេះមកយកអំពីខ្ញុំព្រះបាទអម្ចាស់ ៗ យកឲ្យហើយ
ក្លើនេះស្រាយចេញពុំឃើញមាសឡើយ ឃើញឯទង់ដែងវិញ ក្លើនេះថា “ខ្ញុំព្រះបាទអម្ចាស់យកមាសនោះ”
សូមព្រះអង្គទ្រង់ពិចារណា ព្រះរាជទានខ្ញុំព្រះបាទអម្ចាស់ហោង ” ។ ព្រះមហាក្សត្រ ព្រះអង្គ
បានជ្រាបនូវដំណើរការណ៍សេដ្ឋីទាំង ២ ហើយទើបមានព្រះបន្ទូលថា “ហៃសេដ្ឋីទាំង
២ អើយ! កុំព្រះស្ដែងក្ដីនឹងគ្នា បើព្រះស្ដែងស្រលាញ់គ្នាអំពីដើមដូចម្ដេចមិញ ចូរព្រះស្ដែងស្រលាញ់គ្នាដូចដែលហោង”។
ឯធនញ្ជយសេដ្ឋីកាលបើឮព្រះបន្ទូលដូច្នោះហើយ ក៏ក្រាបលាទៅលំនៅអាត្មាវិញ ។ ក្រោយមកព្រះអង្គត្រាស់ដណ្ដឹងទៅតុត្តលោសេដ្ឋីថា
“ ធនញ្ជយសេដ្ឋី មានកូនឬឥតកូន ? ” ។ តុត្តលោសេដ្ឋីក្រាបទូលថា “ មានកូន ” ។ ទើបព្រះអង្គមានព្រះបន្ទូលថា
“បើមានកូនមែនដូច្នោះ ចូរព្រះស្ដែងប្រលោមលួងលោម យកកូននោះមកនៅនឹងព្រះស្ដែង បាន ៣ ថ្ងៃ
ហើយព្រះស្ដែង យកស្វា ១ ទៅឲ្យវិញ ហើយប្រាប់ថា “ កូនក្លើប្រែអាត្មាជាស្វាទៅហើយ” ។ តុត្តលោសេដ្ឋី
ទទួលព្រះបន្ទូលដូច្នោះហើយ ក៏ទៅប្រលោមលួងលោមយកកូនធនញ្ជយសេដ្ឋីបានមកនៅជាអំឡុងថ្ងៃ ៣ យកកូននោះលាក់ហើយ
ចាប់បានស្វា ១ យកទៅឲ្យធនញ្ជយសេដ្ឋី ហើយប្រាប់ថា “ ក្លើ ! ឥឡូវនេះ កូនក្លើឯងប្រែទៅជាស្វាទៅហើយ”
។ ធនញ្ជយសេដ្ឋីថា “ ក្លើយកកូនអញទៅនៅផង ហេតុអ្វីបានជាពុំយកកូនមកឲ្យអញ យកឯស្វាមកឲ្យអញដូច្នេះ
? ” ។
តុត្តលោសេដ្ឋីថា “នេះឯងកូនក្លើហើយ ម្ដេចឡើយក្លើថាអញយកស្វាមកឲ្យ ” ។ ម្ល៉ោះហើយសេដ្ឋីទាំង
២ ក៏ប្រកែកគ្នាទៅវិញទៅមកពុំចេះអស់ពុំចេះហើយ ទើបនាំគ្នាទៅគាល់ព្រះមហាក្សត្រ ។ ធនញ្ជយសេដ្ឋីក្រាបបង្គំទូលថា
“ តុត្តលោសេដ្ឋី យកកូនខ្ញុំព្រះបាទអម្ចាស់ទៅនៅផងជាអំឡុងថ្ងៃ ៣ ពុំយកកូនមកឲ្យខ្ញុំ ព្រះបាទអម្ចាស់វិញឡើយ
យកឯស្វាមកឲ្យថាកូនខ្ញុំអម្ចាស់វិញ សូមព្រះរាជទាន ព្រះអង្គទ្រង់ពិចារណាឲ្យខ្ញុំព្រះបាទអម្ចាស់
” ។ ឯតុត្តលោសេដ្ឋីក្រាបបង្គំទូលថា “ខ្ញុំព្រះបាទអម្ចាស់ យកកូននេះទៅពិតមែន តែហេតុម្ដេចបានជាកូននេះប្រែអាត្មាជាស្វាវិញ
រឿងនេះសូមព្រះអង្គទ្រង់ព្រះចិន្ដាពិចារណាហោង” ។ ព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ដំណើរសេដ្ឋីទាំង
២ ហើយ ក៏ទ្រង់មានព្រះបន្ទូលថា “ សេដ្ឋីអើយ ! បើវាបានជាក្លាយដូច្នេះទៅហើយ ព្រះស្ដែងទាំង
២ នាក់ត្រូវធ្វើសច្ចាធិដ្ឋានរៀងខ្លួន ហើយធនញ្ជយសេដ្ឋីត្រូវយកទង់ដែងច្រកក្នុងថង់ទុកដូចដែលអស់កំឡុងថ្ងៃ
៣ តុត្តលោសេដ្ឋី ក៏ត្រូវយកស្វាទៅទុករក្សាធ្វើជាកូនអស់កំឡុងថ្ងៃ ៣ ដែរ, បើព្រះស្ដែងទាំងពីរស្រលាញ់គ្នា
តាមសភាពដើមពិតមែនហើយ ទង់ដែងមុខជាកើតជាមាសវិញ, ស្វាក៏មុខជាប្រែខ្លួនជាកូនវិញដែរ បើបានដូចក្ដីសច្ចាធិដ្ឋានរបស់ព្រះស្ដែងទាំងពីរនាក់ហើយ
ចូរព្រះស្ដែងនាំមកកាន់អញ” ។ សេដ្ឋីទាំងពីរទទួល ព្រះបន្ទូលហើយក្រាបលាទៅលំនៅអាត្មាទីទៃ
ៗ ។ ដល់រាត្រីថ្ងៃទី ៣ ធនញ្ជយសេដ្ឋីយកមាសច្រកក្នុងថង់ នាំឡើងទៅថ្វាយ ។ ឯតុត្តលោសេដ្ឋីឮថា
ធនញ្ជយសេដ្ឋីយកមាសទៅថ្វាយ ក៏យកកូនទៅថ្វាយដែរ ។ ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលឲ្យយកមាសឲ្យ
តុត្តលោសេដ្ឋី, យកកូនអំពីតុត្តលោសេដ្ឋី
មកឲ្យធនញ្ជយសេដ្ឋីវិញ ហើយទ្រង់មានព្រះបន្ទូលថា “ ព្រះស្ដែងទាំង ២ នាក់កុំអន់ចិត្តនឹងគ្នាឡើយ
ចូរស្រលាញ់គ្នាដូចដើមវិញទៅ ” ។ សេដ្ឋីទាំង ២ ទទួលព្រះបន្ទូលព្រះមហាក្សត្រហើយ ក៏ក្រាបបង្គំលាទៅលំនៅអាត្មាទីទៃ
ៗ ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ហៅសុគតិគមនំហោង ។
ដកស្រង់ចេញពី៖ ប្រជុំរឿងព្រេងខ្មែរភាគ ៣
No comments:
Post a Comment