រឿង៖ អាខ្វាក់អាខ្វិន - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Friday, March 23, 2018

រឿង៖ អាខ្វាក់អាខ្វិន


កាលពីព្រេងនាយ មានមនុស្សពីរនាក់ ម្នាក់ខ្វាក់ ម្នាក់ខ្វិន នៅខ្ញុំចិនទាំងពីរនាក់ អស់អ្នកស្រុកគេហៅអាខ្វាក់អាខ្វិន ប៉ុន្តែនៅម្ចាស់ដោយខ្លួន អាខ្វាក់នៅនឹងចិនផ្ទះមួយ អាខ្វិននៅនឹងចិនផ្ទះមួយទៀតជិតគ្នា។ អាខ្វាក់អាខ្វិនយកគ្នាជាសំឡាញ់។ ឯអាខ្វាក់ៗ ភ្នែកទាំងពីរ មើលមិនឃើញអាខ្វិនៗជើងទាំងពីរ ដើរមិនរួច បើនឹងទៅណាបានតែកិលនឹងគូថ។ ចិនជាម្ចាស់ប្រើអាខ្វាក់អាខ្វិន គ្មានប្រណីអាណិតថាខ្វាក់ថាខ្វិនសោះ។ អាខ្វាក់អាខ្វិននឿយលំបាកណាស់ ក៏គិតគ្នាថា «យើងនឿយហត់លំបាកណាស់ នឹងទ្រាំនៅជាខ្ញុំចិននេះមិនបានទេ មានតែយើងគិតរត់» ហើយអាខ្វាក់សួរអាខ្វិនថា « បើដូច្នោះ យើងនឹងគិតដូចម្ដេច។ អាខ្វិនឆ្លើយឡើងថា « អញឃើញទូកគេនៅកំពង់នោះមាន យើងត្រូវរត់ទៅដោយទូកនោះ ទើបរួច»។ អាខ្វាក់អាខ្វិនគិតគ្នាព្រមហើយ លុះយប់ក៏បបួលគ្នាចុះទៅកំពង់ហើយចេញទូកពីកំពង់ទៅ ប៉ុន្តែអា
ខ្វាក់អាខ្វិន ជាមនុស្សមិនចេះអុំទូក ក៏អង្គុយម្នាក់ឯក្បាល ម្នាក់ឯកន្សៃ ឈមមុខទល់គ្នា ប្រឹងអុំទូកទៅ។ អាខ្វាក់មើលមិនឃើញអាខ្វិនជាមនុស្សមិនដែលអុំទូកសោះ ហើយយប់ងងឹតមើលមិនឃើញ គិតស្មានថា ទូកលឿនទៅមុខ តែទូកចេះតែវិលនៅត្រង់កំពង់នោះឯង លុះអុំយូរទៅដល់ពាក់កណ្ដាលអាធ្រាត្រ ឮសំឡេងសត្វអកយំ អាខ្វាក់អាខ្វិននិយាយគ្នាថា «យើងប្រឹងអុំទូកឡើង ដល់កន្លែងអន្លង់អកហើយ»។ អាខ្វាក់អាខ្វិន ខំអុំទៅទៀត លុះដល់ពេលមាន់រងាវ ហើយនិយាយគ្នាថា « យើងជិតដល់ស្រុកគេហើយ ប្រឹងអុំឡើងក្រែងគេតាមទាន់»។ អាខ្វាក់អាខ្វិនក៏ប្រឹងអុំ លុះត្រាតែមានរងាវកុះ ឮសំឡេងតាវៅយំ ភ្លឺព្រាងៗពីឯកើត អាខ្វិនក៏និយាយប្រាប់ទៅអាខ្វាក់ថា « ដូចជាកំពង់ផ្ទះយើង»។ លុះភ្លឺបន្តិចឡើងម្ចាស់ចុះមកដងទឹក ឃើញអាខ្វាក់អាខ្វិនអង្គុយអុំទូកឈមមុខទល់គ្នា ហើយគេហៅឲ្យអុំទូកចូលមក គេដឹងថា « អាខ្វាក់អាខ្វិនរត់ ប៉ុន្តែគេគិតថា វានឹងរត់ទៅឯណា បើវាខ្វាក់ខ្វិនដូច្នេះ» គេក៏ឲ្យឡើងទៅផ្ទះវិញ គេមិនបានជេរវាយទេ។ អាខ្វាក់អាខ្វិនទៅនៅដូចពីដើមវិញ។
   
លុះនៅយូរទៅ អាខ្វាក់អាខ្វិនបបួលគ្នារត់ទៀត អាខ្វិននិយាយនឹងអាខ្វាក់ថា « យើងរត់ម្ដងនេះទៀត កុំឲ្យម្ចាស់គេតាមទាន់ យើងកុំទៅជើងទឹក ទៅផើងគោកវិញ»។ អាខ្វាក់ឆ្លើយថា «ទៅដូចម្ដេចនឹងបានជើងគោកនោះ បើអញខ្វាក់ ឯងខ្វិននឹងរត់ទៅឯណារួច»។ អាខ្វិនឆ្លើយឡើងថា « ឯងកុំព្រួយចិត្ត ឯងឲ្យអញជិះលើឯង ហើយអញបង្ហាញផ្លូវ »។ អាខ្វាក់អាខ្វិនគិតគ្នាព្រមហើយ លុះដល់យប់ស្ងាត់គេដេកលក់អស់ អាខ្វាក់លើកអាខ្វិនឲ្យជិះលើស្មា ដើម្បីឲ្យបង្ហាញផ្លូវនឹងដើរទៅ។ ឯម្ចាស់លុះព្រឹកឡើង មិនឃើញអាខ្វាក់អាខ្វិន ដឹងថាអាខ្វាក់អាខ្វិនរត់ ប៉ុន្តែគិតថា«មនុស្សខ្វាក់ខ្វិនវានឹងរត់ទៅណារួច» គេក៏មិនទៅតាម។ អាខ្វាក់អាខ្វិនខំរត់ទៅពីរបីថ្ងៃបានដល់ស្រុកមួយ ស្រុកនោះ មានខ្លាសាហាវអ្នកស្រុកគេហាមប្រាម កូនចៅគេថា «ព្រលប់យប់ងងឹតហើយកុំលេងនៅដីខ្លាចខ្លា»។ អាខ្វាក់អាខ្វិនទៅដល់ស្រុកនោះ ជួនជាព្រលប់យប់ងងឹតហើយគិតគ្នាថា « យើងដល់ស្រុកគេហើយ បើដូច្នេះ យើងគិតធ្វើស្រែ តើយើងបាននង្គ័លរនាស់ក្របីគោពីណា នឹងធ្វើស្រែនឹងគេមានតែយើងគិតលួចគេទើបបាន »។ អាខ្វិនបញ្ចេះអាខ្វាក់ឲ្យដើរចូលទៅភូមិគេ អស់អ្នកស្រុកគេឃើញ គេប្រាប់ថា « ស្រុកនេះមានខ្លាសាហាវណាស់»។ អាខ្វិនឆ្លើយឡើងថា « ឃ្លេមិនខ្លាចទៅខ្លាចខ្លា»។ ខ្លាក៏ជួនជាមកលបខាំគោពេលនោះដែរ ដល់ឮអាខ្វាក់ថា « ឃ្លេមិនខ្លាចទៅខ្លាចខ្លា» ក៏គិតគ្នាថា « ពីដើមគេខ្លាចតែអញ ឥឡូវមានឃ្លេផ្សេង គេខ្លាចជាងអញទៅទៀត អញមិនដែលឃើញមិនដែលឮសោះទេឃ្លេនោះ បើដូច្នេះអញចាំលបមើលឲ្យឃើញច្បាស់ប្រាកដ» ។ អាខ្វិនឃើញក្រោលគោគេ ហើយប្រាប់អាខ្វាក់ថា « ឯងទៅលួចគោចុះ អញចាំឯងនៅក្រោយរបងនេះ »។ អាខ្វាក់ដាក់អាខ្វិនចុះ ហើយដើរស្ទាប! ចូលទៅជួនជាជួបនឹងខ្លា ។ ខ្លាឃើញអាខ្វាក់ គិតស្វានថាជាឃ្លេ ក៏ខ្លាចមិនហ៊ានកម្រើកខ្លួនអាខ្វាក់ស្ទាប់អស់ទាំងខ្លួនខ្លាគិតស្មានថាគោ ហើយស្ទាបទៅលើក្បាលខ្លា មិនឃើញស្នែងនឹកអរថា «គោនេះស្នែងនប់ធាត់ល្អណាស់ អញទុកជាអានប់កូនក្រោល» អាខ្វាក់ក៏ចាប់ទាញខ្លាដឹកយកមកនឹងខ្លុះ ។ ឯខ្លាគិតខ្លាចអាខ្វាក់ដោយស្មានថាឃ្លេ អាខ្វាក់ធ្វើម្ដេចក៏ចេះតែទៅតាមអាខ្វាក់ដឹកមកដល់ក្រៅរបង ហើយប្រាប់ទៅអាខ្វិន ឲ្យយកកន្លុះមកនឹងខ្លុះអានប់កូនក្រោល អាខ្វិនឃើញហើយប្រាប់អាខ្វាក់ថា «អាខ្វាក់! ខ្លាទេ! » ។ អាខ្វាក់ឆ្លើយថា « បើឯងខ្លាច ឯងឲ្យកន្លុះមកអញ ៗ នឹងចាក់ច្រមុះយកទៅភ្ជួរស្រែ» ។ អាខ្វិនក៏ហុចកន្លុះទៅឲ្យអាខ្វាក់ ។ បានកន្លុះហើយចាក់ច្រមុះខ្លា ។ ខ្លាឈឺច្រមុះទ្រាំមិនបាន ក៏ស្ទុះច្រឡោតស្រែកឮតែរ៉ូមៗ ហើយរត់ទៅ ។ ក្នុងពេលនោះ អាខ្វិនខ្លាចស្ទើរនឹងស្លាប់ ប៉ុន្តែអាខ្វាក់មិនព្រម ចេះតែទន្ទេញថា « ស្ដាយអានប់កូនក្រោលអញធាត់ល្អណាស់ » ហើយក៏ទៅតាម ។
   
លុះទៅដល់កណ្ដាលស្រែ បានឃើញខ្ទមស្រែគេមួយ មានទាំងរនាស់ហើយ ឃើញអណ្ដើកមួយ អាខ្វិនឃើញហើយនិយាយប្រាប់អាខ្វាក់ថា « វ៉ើយអាខ្វាក់មានខ្ទមស្រែគេ ហើយមានខ្សែពួរ និងចង្អេរ សន្ធឹកផង » ។ អាខ្វាក់ថា « ចេះតែយកឲ្យអស់ » ។ អាខ្វិនប្រកែកថា « យកធ្វើអ្វីធ្ងន់ឥតអំពើ » ។ អាខ្វាក់ថា « ធ្ងន់អីឯង ធ្ងន់តែអញទេ ចេះតែយកទៅ » ។ ហើយអាខ្វាក់អាខ្វិនយករបស់ទាំងអស់មានបាយមួយឆ្នាំដែលគេដាំទុកនៅជើងក្រានផង អាខ្វិនកាលកាន់យករបស់សព្វគ្រប់អស់ហើយ ក៏ឡើងជិះលើអាខ្វាក់ទៀត ។ អាខ្វាក់ជាមនុស្សមានកម្លាំងខ្លាំងក៏យករបស់ទាំងអស់ទៅ លុះដើរចូលព្រៃលេចវាលទៅត្រាតែភ្លឺ បានជួបមនុស្សម្នាក់គេមកយកឃ្មុំ ។ អាខ្វិនឃើញប្រាប់អាខ្វាក់ថា « នៃវ៉ើយមានគេមកយកឃ្មុំ» អាខ្វាក់ឮហើយស្រែកហៅទៅអ្នកយកឃ្មុំថា « វ៉ើយចែកឃ្មុំគ្នាស៊ីផង» អ្នកយកឃ្មុំឆ្លើយថា «គ្នាស៊ីតែទឹកទេ ទុកកាកឲ្យឯង» ហើយអ្នកយកឃ្មុំដោះទុក្ខសត្វធំដាក់បំពង់ចុកជិតយកទៅឲ្យអាខ្វាក់អាខ្វាក់កាន់យកទៅ លុះដើរលេចវាលចូលព្រៃ ថ្ងៃណាស់ហើយឃ្លានបាយ ទើបនិយាយគ្នាថា «យើងស៊ីបាយសិន ឲ្យមានកម្លាំងសឹមទៅទៀត» ។ អាខ្វាក់ដាក់អាខ្វិនចុះ ហើយដាក់របស់ចេញពីខ្លួន យកបំពង់ឫស្សីដែលអ្នកយកឃ្មុំឲ្យនោះ ដោយស្មានថាជាសាច់ឃ្មុំមកស៊ីនឹងបាយ ដល់ដកឆ្នុកឡើងធំស្អុយលាមក អាខ្វាក់ថា កន្លែងសំណាក់នេះស្អុយលាមកហើយយើងទៅរកដំណាក់ឈប់ឯមុខទៀត» ។ អាខ្វាក់ចុកបំពង់លាមកហើយ ក៏បបួលអាខ្វិនទៅឈប់ឯមុខទៀតដល់បន្តិចទៅអាខ្វាក់ថា «អស់កម្លាំងឃ្លានបាយណាស់ រកកន្លែងឈប់ស៊ីបាយ» អាខ្វិនក៏មើលឃើញម្លប់ល្អ ហើយមានទឹកត្រពាំងល្មមស៊ីបាយបាន អាខ្វិនទះកំផ្លៀងអាខ្វាក់ឲ្យតម្រង់ចូលទៅកន្លែងម្លប់ឈើនោះឯង ដល់ហើយអាខ្វាក់ដកឆ្នុកបំពង់នោះឡើង ធុំស្អុយទៀត អាខ្វាក់ប្រាប់ទៅអាខ្វិនដូចមុន អាខ្វាក់អាខ្វិនចេះតែស្អុយដូច្នេះឯងពីរបីដង ។ ក្រោយទៀតអាខ្វាក់ឃ្លានបាយណាស់បបួលអាខ្វិនឈប់ ហើយដកឆ្នុកបំពង់យកដៃលូកទៅធុំស្អុយលាមកដឹងថាលាមកក៏ប្រាប់ទៅអាខ្វិនថា «វ៉ើយអាខ្វិន ! អាដែលយកឃ្មុំនោះវាបញ្ឆោតយើង ជុះលាមកដាក់បំពង់ហើយចុកមាត់បំពង់ឲ្យមកយើង» ។ អាខ្វាក់ខឹងណាស់ លាងដៃរួចហើយស៊ីបាយពីរនាក់នឹងអាខ្វិននិយាយគ្នាថា» យើងស៊ីបាយឲ្យមានកម្លាំង រួចហើយយើងទៅតាមសម្លាប់អាចង្រៃ ដែលវាបញ្ឆោតឲ្យលាមកយើង ឲ្យវាស្លាប់កុំឲ្យវាធ្លាប់តែបញ្ឆោតយើងដូច្នេះ» ។ អាខ្វាក់អាខ្វិនស៊ីបាយហើយប្រញាប់ទៅរកអ្នកយកឃ្មុំនោះ លុះទៅវង្វេងផ្លូវមិនដឹងជាទៅឯណា ។ អាខ្វាក់ឮសត្វសសេះចោះដើមឈើយកកណ្ដៀស៊ី គិតស្មានថាអ្នកយកឃ្មុំ ក៏ស្រែកហៅថា « ឯងមានចិត្ត ឯងចុះពីលើដើមឈើមក ។ លុះដើរទៅដល់អាខ្វិនប្រាប់ថា «សត្វសសេះចោះដើមឈើទេ មិនមែនមនុស្សទេ»
   
អាខ្វាក់អាខ្វិនដើរលេចវាលចូលព្រៃ លេចព្រៃចូលវាល ទៅឆ្ងាយណាស់ក៏បានដល់ស្រុកគេមួយ ស្រុកនោះឯងមានស្ដេចគង់នៅនោះហើយមានយក្ខតែងមកស៊ីមនុស្សនៅសាលា។ ថ្ងៃដែលអាខ្វាក់អាខ្វិនទៅដល់នោះ ស្ដេចឲ្យយកនាងពៅជាព្រះរាជបុត្រីក្រមុំតែមួយ ជាបុត្រីសម្លាញ់ ប៉ុន្តែយក្ខវាចង់ស៊ី បើមិនឲ្យនាងពៅទៅយក្ខស៊ី នោះយក្ខវានឹងស៊ីមនុស្សក្នុងនគរ ទាំងនាហ្មឺនទាំងស្ដេច ។ នាងពៅអាណិតអស់រាស្ត្រ នូវនាហ្មឺននិងស្ដេច បានជាមកឲ្យយក្ខស៊ី ។ ជួនជាថ្ងៃនោះឯងអាខ្វាក់ខ្វិនទៅដល់សាលានោះ ហើយអាខ្វិនប្រាប់អាខ្វាក់ថា « យើងដល់សាលាសំណាក់ដែលគេឈប់ យើងក៏ល្មមពេលនឹងឈប់» ហើយអាខ្វាក់អាខ្វិនចូលទៅក្នុងសាលា ។ ឯនាងពៅនៅក្នុងស្គរ ឮមាត់អាខ្វាក់អាខ្វិនចូលទៅក្នុងសាលា ។ ឯនាងពៅនៅក្នុងស្គរ ឮមាត់អាខ្វាក់អាខ្វិននិយាយហើយសួរទៅថា «អ្នកមកពីណា ត្បិតសាលានេះ ស្ដេចធ្វើសម្រាប់ដាក់មនុស្សឲ្យយក្ខវាស៊ីសព្វថ្ងៃ តែដល់ព្រលប់យក្ខវាហោះមកឮសន្ធឹកដូចជាផ្គរ វាមកស៊ីមនុស្សនៅសាលានេះ ឯខ្លួនខ្ញុំមកឲ្យជាចំណីយក្ខ ដូច្នេះចូរអ្នកចេញទៅជាឆាប់ ខំតែនៅមុខជាយក្ខវាស៊ីជាចំណីវាមិនខានទេ» ។ ឯអាខ្វាក់ហេតុតែជាមនុស្សខ្វាក់ពីកំណើតមិនចេះខ្លាចអ្វីផង មានកម្លាំងមានកម្លាំងមានរឹទ្ធិផង ឮហើយក៏ឆ្លើយថា ខ្លាចអីយក្ខនោះ បើវាមក យើងមិនចេះកាប់វាឲ្យស្លាប់ទៅនាងឯងនៅឲ្យតែស្ងៀម យកបាយចំណីចំណុកមកឲ្យយើងស៊ី មានកម្លាំងនឹងកាប់យក្ខនោះឲ្យស្លាប់ នាងឯងរកតែដាវឲ្យមុតល្អ យើងនឹងកាប់យក្ខនោះ» ។ នាងពៅឮអាខ្វាក់ថាដូច្នោះ ក៏ប្រាប់ទៅថា «បើអ្នកសម្លាប់យក្ខនោះបាន របស់ទ្រព្យទាំងប៉ុន្មានដែលគេយកឲ្យយក្ខនោះ ខ្ញុំជូនអ្នកទាំងអស់» ។ អាខ្វាក់បានឮដូច្នោះអរណាស់ បង្គាប់ទៅអាខ្វិនថា «ឲ្យយកបាយចំណីចំណុកមកស៊ីឲ្យមានកម្លាំងនឹងអាលសម្លាប់យក្ខ» ។ អាខ្វិនឮនាងពៅថា «យក្ខវានឹងមកស៊ី» ក៏ភ័យស្ទើរនឹងស្លាប់ ។ អាខ្វាក់ស៊ីបាយឆ្អែតហើយ បិទទ្វារសាលាទាំងអស់ ។ លុះដល់ព្រលប់ងងឹតបន្តិច ល្មមវេលាយក្ខមកស៊ីមនុស្ស យក្ខហោះមកឮសន្ធឹកដូចព្យុះលាន់ខ្ទរទាំងដី ។ អាខ្វិនភ័យណាស់ ស្ទើរនឹងលេចអាចម៍លេចនោម, នាងពៅក៏សន្លប់នៅក្នុងស្គរ ។ អាខ្វាក់ឮសន្ធឹកយក្ខមកមិនខ្លាចសោះ អង្គុយចាំនៅមាត់ទ្វារ លុះដល់យក្ខមកហើយ ឃើញទ្វារសាលាបិទ យក្ខស្រែកសន្ទាប់ដូចរន្ទះថា « នរណាបិទទ្វារសាលាអញ? ។ អាខ្វាក់គ្មានខ្លាចស្រែកតបវិញថា «អញបិទទ្វារសាលាអញខ្លាចអីឯង» ។ យក្ខឆ្លើយថា «មនុស្សមកពីណាចិត្តធំដល់ម្ល៉េះ? » អញសុំមើលថ្លើមឯងប៉ុនណា បានជាឯងចិត្តធំដល់ម្ល៉េះ? » ។ អាខ្វាក់បោះចង្អេរគ្រាងធំទៅឲ្យ យក្ខវាមើលឃើញចង្អេរគ្រាងហើយ គិតក្នុងចិត្តថា « ថ្លើមអានេះធំណាស់សមខ្លួនវាធំជាងខ្លួនអញ «ហើយយក្ខថា « បើថ្លើមឯងធំប៉ុណ្ណេះចៃឯងធំប៉ុនណា? ។ អាខ្វាក់បោះអណ្ដើកទៅឲ្យយក្ខមើល ។ យក្ខស្មានថា ជាចៃមែន ហើយគិតក្នុងចិត្តថា « ចៃវាធំប៉ុណ្ណេះសមខ្លួនវាធំមែន» យក្ខសួរទៅទៀតថា «រោមជើងឯងធំប៉ុនណា»? ។ អាខ្វាក់បោះពួរដែលគេទាក់ក្របីទៅឲ្យយក្ខមើលហើយថា «រោមជើងអញប៉ុណ្ណេះ» ។ យក្ខភិតភ័យរត់ត្រឡប់ទៅវិញ ។ អាខ្វាក់អាខ្វិនប្រាប់ទៅនាងពៅថា « យក្ខវាត្រឡប់ទៅវិញ ។ ត្បិតវាខ្លាចយើងបើដូច្នេះនឹងមានយក្ខមកទៀតឬទេ? » ។ នាងពៅក្រោកពីភ័យសន្លប់ឡើង ប្រាប់ទៅអាខ្វាក់ថា « នៅមានយក្ខញីមួយទៀត យប់បន្តិចវានឹងមក» ។ អាខ្វាក់ឮនាងពៅប្រាប់ដូច្នោះ ក៏ប្រាប់ទៅអាខ្វិនថា «ឯងទៅរើសថាវមួយ ឲ្យមុតធំវែងល្មមនឹងកម្លាំងអញ» ។ អាខ្វិនទៅរើសដាវឲ្យអាខ្វាក់ ។ លុះយប់យូរបន្តិចទៅ យក្ខញីវាហោះមកឮសន្ធឹកដូចផ្គរ ។ អាខ្វាក់ឮសន្ធឹកយក្ខមកដូច្នោះ ក៏ឈរកាន់ដាវចាំនៅមាត់ទ្វារ ហើយបិទទ្វារទុក លុះយក្ខនោះមកដល់ហើយ វាច្រានទ្វារអើតកចូលមក អាខ្វាក់ឮសន្ធឹកយក្ខច្រានទ្វារកាប់ស្មានទៅ ត្រូវយក្ខដាច់កស្លាប់នៅទីនោះឯង ។ អាខ្វាក់អាខ្វិនដឹងថា យក្ខស្លាប់ហើយក៏បបួលគ្នាយកទ្រព្យមាសប្រាក់នោះទៅ ។
   
លុះព្រឹកឡើងអាខ្វាក់ដាក់អាខ្វិនលើកហើយដើរទៅ ឃើញដើមក្រសាំងមួយប្រាប់អាខ្វាក់ឲ្យចូលទៅនឹងចែករបស់គ្នា លុះដល់ហើយ អាខ្វាក់ដាក់អាខ្វិនចុះពីលើកយករបស់មកចែកគ្នា អាខ្វិនជាមេចំណែករើសរបស់ល្អនៅមុខខ្លួន អាក្រក់ដាក់នៅមុខអាខ្វាក់ ហើយសួរទៅអាខ្វាក់ថា «ឯងយករបស់ខាងមុខឯង ឬរបស់ខាងមុខអញ។ អាខ្វាក់មានប្រាជ្ញាគិតថា អាខ្វិនវាយករបស់អាក្រក់ដាក់មុខខ្លួន ក៏ប្រាប់ទៅអាខ្វិនថា «អញយករបស់នៅមុខឯង» ។ អាខ្វិនដឹងថាអាខ្វាក់យករបស់ល្អក៏ប្រាប់ទៅអាខ្វាក់ថា «ចែកម្ដងទៀត ចែកមុននោះមិនស្មើទេ» ហើយអាខ្វិនយករបស់ចែកម្ដងទៀត ដល់ចែកក្រោយទៀត អាខ្វិនយករបស់ល្អដាក់នៅមុខអាខ្វាក់ហើយសួរថា «អាខ្វាក់ឯងយករបស់ខាងណា។ អាខ្វាក់គិតថា «ម្ដងនេះអាខ្វិនយករបស់ល្អមកដាក់នៅមុខខ្លួន» ហើយយកដៃស្ទាប់របស់នៅមុខនោះក៏ប្រាប់អាខ្វិនថា «អញយករបស់នៅមុខអញ» ។ អាខ្វិនឃើញអាខ្វាក់បានរបស់ល្អក៏ឆ្លើយឡើងថា «ចែកមិនត្រូវទេ ចែកម្ដងទៀត»។ អាខ្វាក់ឆ្លើយថា «ឯងចែកខ្លួនឯងហើយឯងថាមិនត្រូវ» ។ អាខ្វិនយករបស់ចែកជាថ្មីទៀត ហើយឲ្យអាខ្វាក់ថាដូចពីមុន ។ អាខ្វាក់ថាត្រូវតែលើរបស់ល្អ ។ អាខ្វិនប្រាប់អាខ្វាក់ថា «មិនត្រូវទេ ចែកម្ដងទៀត» ។ អាខ្វាក់អាខ្វិនប្រកែកគ្នាទៅវិញទៅមក ពេលនោះផ្លែក្រសាំងជ្រុះមកត្រូវក្បាលអាខ្វាក់ៗគិតស្មានថាអាខ្វិនវាយក៏ឆ្លើយថា «និយាយតែត្រឹមមាត់មិនអស់ចិត្ត ដៃដល់ផងទៀត»ហើយអាខ្វាក់ស្ទុះទៅធាក់ដាល់អាខ្វិនទាល់តែអាខ្វិនត្រង់ដៃត្រង់ជើងទាំងអស់ ឯអាខ្វិនស្ទុះទៅដាល់អាខ្វាក់ត្រូវភ្នែកៗក៏ជាភ្លឺទាំងពីរឡើង អ្នកទាំងពីរក៏បបួលគ្នាចែករបស់តាមល្អតាមអាក្រក់ស្មើគ្នាទាំងពីរនាក់ ហើយបបួលគ្នាដើរទៅទៀត ។
   
និយាយពីនាងពៅ កាលក្រោយអាខ្វាក់អាខ្វិនទៅ ដល់ព្រឹកភ្លឺមែនទែនឡើងអស់មនុស្សម្នាគេមកមើលនាងពៅនៅសាលា ឃើញនាងនៅរស់ យក្ខពុំស៊ីបានឃើញឯយក្ខស្លាប់ចង្គ្រាងនៅមាត់ទ្វារ អស់មនុស្សម្នាគេទៅក្រាបទូលស្ដេចតាមដំណើរ ស្ដេចទ្រង់ឲ្យទៅយកនាងពៅពីក្នុងស្គរមក ទ្រង់មានព្រះទ័យត្រេកអរណាស់ព្រោះព្រះរាជធីតាបានរួចពីស្លាប់ ទ្រង់មានព្រះបន្ទូលសួរនាងពៅថា «ដូចម្ដេចបានជាកូនរួចពីស្លាប់ ហើយឃើញឯយក្ខស្លាប់ទៅវិញ។ នាងពៅក្រាបទូលព្រះបិតាតាមដំណើរសព្វគ្រប់ ។ ព្រះរាជបិតាបានឮព្រះរាជធីតាក្រាបទូលដូច្នេះ ទ្រង់ឲ្យប៉ាវគងរកអ្នកណាដែលសម្លាប់យក្ខនោះ ទ្រង់នឹងព្រះរាជទានព្រះរាជធីតាជាប្រពន្ធ ហើយឲ្យសោយរាជ្យ ។ ឯអ្នកប៉ាវគងទៅក្នុងស្រុកតូចធំជួបនឹងចៅខ្វាក់ចៅខ្វិន ហើយចៅខ្វាក់ចៅខ្វិនសួរថា « មានកលិយុគកលិយាកអីបានជាស្ដេចឲ្យប៉ាវគង។ អ្នកប៉ាវគងប្រាប់ថា «ស្ដេចឲ្យប៉ាវគងរកអ្នកសម្លាប់យក្ខនឹងយកទៅឲ្យសោយរាជ្យ» ។ ចៅខ្វាក់ចៅខ្វិនឮក៏ត្រេកអរណាស់ប្រាប់ថា « ខ្ញុំនេះហើយសម្លាប់យក្ខ កាលដើមខ្ញុំខ្វាក់ខ្វិន ឥឡូវជាហើយ មិនជឿសោតមានទាំងរបស់ដែលខ្ញុំយកមកជាសម្គាល់ផង» ។ អ្នកប៉ាវគងនាំចៅខ្វាក់ចៅខ្វិនទៅថ្វាយស្ដេចលុះទៅដល់ហើយចៅខ្វាក់ចៅខ្វិន យកទាំងរបស់ដែលយកអំពីសាលាចូលទៅគាល់ស្ដេចគ្រាន់ជាសម្គាល់ ៗ ចៅខ្វាក់ចៅខ្វិនក្រាប់ថ្វាយបង្គំស្ដេច ស្ដេចទ្រង់មានព្រះបន្ទូលសួរថា «ចៅឯងឬដែលសម្លាប់យក្ខ? » ។ ចៅខ្វាក់ចៅខ្វិនក្រាបទូលតាមដំណើរសព្វគ្រប់ ។ ស្ដេចទ្រង់ឲ្យហៅនាងពៅមកឲ្យមើល ហើយទ្រង់សួរថា «ចៅនេះឬដែលសម្លាប់យក្ខ។ នាងពៅក្រាបទូលថា «អ្នកនេះហើយដែលសម្លាប់យក្ខ ប៉ុន្តែកាលពីមុខគាត់ខ្វាក់ខ្វិន ឥឡូវនេះមិនខ្វាក់ទេ» ។ ស្ដេចទ្រង់ជ្រាប ទ្រង់ផ្សំនាងពៅឲ្យជាជាយាចៅខ្វាក់ ឲ្យសោយរាជ្យជំនួសព្រះអង្គ ។ ដល់ចៅខ្វាក់បានសោយរាជ្យហើយ ឲ្យចៅខ្វិនធ្វើជាឧបរាជ ត្បិតជាមនុស្សកម្សត់កម្រផងគ្នា ក៏បានសេចក្ដីសុខរៀងរាបដរាបទៅ ។

ភ្នែកសាច់មិនសម្រេចដូចភ្នែកប្រាជ្ញា



ដកស្រង់ចេញពី៖ ប្រជុំរឿងព្រេងខ្មែរ ភាគ ២

No comments:

Post a Comment

Post Top Ad