មាននិទានមួយថា : មានបុរសម្នាក់ទិញគោ ១ ដឹកមកដល់ផ្ទះខ្លួន ហើយរៀបចំនំចំណីចងដៃជាស្រេច
រួចបុរសនោះដឹកគោចេញទៅចងឯក្រៅឲ្យឆីស្មៅ ហើយទៅដេកក្រោមម្លប់ឈើ, កំពុងតែដេកលក់ស្រួល
មានបុរសម្នាក់ដើរមកឃើញគោនោះក៏ស្រាយយកទៅ ។ បុរសម្ចាស់គោភ្ញាក់ឡើងពុំឃើញគោ ក៏ក្រោកឈរ
មើលទៅឃើញចោរកំពុងដឹកគោនោះ នាំរត់ទៅ, បុរសម្ចាស់គោតាមទៅហៀបនឹងទាន់ក៏ស្រែកហៅថា
“ វ៉ើយចៅដឹកគោអញទៅណា ?
” ។ ចោរនោះមិនស្ដី ។ បុរសម្ចាស់គោរត់ទៅចាប់ខ្សែគោអំពីដៃចោរ ។
ចោរថា “ យីអើ ! អញចង់អស់សំណើចនឹងចៅនេះពេកណាស់ គោអញដឹកពីផ្ទះអញមកម្ដេចក៏ចៅឯងមកចោទថាអញលួចគោចៅ
? ” ។
ចៅទាំង ២ ដណ្ដើមគោគ្នាទៅវិញទៅមក សុទ្ធតែបានរៀងៗ ខ្លួនទើបចៅទាំង
២ នោះដឹកគោទៅប្ដឹងចៅក្រមដោយដំណើរទីទៃ ៗ ពីគ្នា ។ ចៅក្រមកាត់សេចក្ដីឲ្យចៅទាំង ២ នាក់នោះពុំបាន
ក៏នាំគ្នាទៅគាល់ព្រះមហាក្សត្រក្រាបបង្គំទូលតាមដំណើរនោះ ។ ឯចៅម្ចាស់គោក្រាបបង្គំទូលថា
“ គោនេះខ្ញុំព្រះបាទអម្ចាស់ទើបនឹងទិញពីគេមកដល់ផ្ទះ ចងឲ្យទទួលព្រះរាជទានស្មៅ ខ្ញុំព្រះបាទអម្ចាស់ទៅទទួលព្រះរាជទានដំណេកលក់
ស្រាប់តែចៅនេះមកលួចដឹកគោខ្ញុំព្រះបាទខ្ញុំព្រះបាទអម្ចាស់យកទៅ លុះខ្ញុំព្រះបាទអម្ចាស់ក្រោកពីដំណេកទៅតាមយកគោពីចៅនេះ
ៗ ពុំព្រមឲ្យ ចេះដណ្ដើមគោពីខ្ញុំព្រះបាទអម្ចាស់ ” ។ ព្រះមហាក្សត្រទ្រង់ដណ្ដឹងថា “ គោនេះចៅឲ្យស៊ីអ្វី
? ” ។
ចៅម្ចាស់គោក្រាបទូលថា “ ឲ្យទទួលព្រះរាជទានស្មៅ ” ។ ចោរឆ្លើយថា “ ខ្ញុំព្រះបាទអម្ចាស់
ដឹកគោមកអំពីផ្ទះ ខ្ញុំព្រះបាទអម្ចាស់ ស្រាប់តែចៅនេះ ដើរមកពីណា មកដណ្ដើមគោខ្ញុំ ព្រះបាទអម្ចាស់កណ្ដាលផ្លូវ
” ។ ព្រះមហាក្សត្រទ្រង់សួរថា “ គោនេះចៅឯងឲ្យស៊ីអ្វី ? ” ។ ចោរឆ្លើយថា
“ ឲ្យទទួលព្រះរាជទានសណ្ដែក ” ។ ព្រះមហាក្សត្រឲ្យអាមាត្យយកស្លឹកប្រយង្គុបង្អកគោ ហើយគោនោះវារើចេញមក
ឃើញតែស្មៅ ពុំឃើញស្លឹកសណ្ដែកដល់មួយទងនៅក្នុងពោះគោនោះឡើយ ។ ព្រះអង្គមានព្រះបន្ទូលថា
“ អានេះលួចគោមែនហើយ ” ទើបព្រះអង្គកាត់ឲ្យចៅម្ចាស់គោនោះឈ្នះ ។ ព្រះអង្គកាត់ដូច្នេះ ហៅសុគតិគមនំហោង
។
No comments:
Post a Comment