មាននិទានមួយថា : មានដូនចាស់មួយដាំឃ្លោកសាដៀវដុំឡើង ទើបនឹងបែកសន្លឹក
២ មានបុរសម្នាក់មកដណ្ដឹងទិញឃ្លោកនោះឲ្យថ្លៃ ១ កហាបណៈហើយដើរទៅលំនៅវិញបាត់ ។ ដូនចាស់រក្សាឃ្លោកនោះ
លុះឃ្លោកផ្លែ មានបុរសម្នាក់ដទៃមកដណ្ដឹងទិញឃ្លោកនោះទៀត ដូនចាស់ថា “ឃ្លោកនេះគេទិញអស់ហើយ
អញលក់ឲ្យចៅម្ដេចបាន” ។ បុរសនោះថា “គេទិញពីកាលណា ? ” ។ ដូនចាស់ថា “កាលដុះបែកសន្លឹក ២” ។
បុរសនោះសួរទៀតថា “គេទិញដូននោះតើឲ្យថ្លៃប៉ុន្មាន ? ” ។ ដូនថា “ កាលគេមកទិញនោះគេឲ្យថ្លៃ ១
កហាបណៈ ” ។ បុរសនោះថា “ គេទិញតែដើមទេ ឥឡូវខ្ញុំយកថ្លៃឃ្លោកជូន
ព្រោះបានទិញហើយ ”។ ដូនចាស់ថា “ចៅអើយ ! អ្នកទិញមុនគេយកផ្លែនោះឯង” ។ ចៅនោះថា “លែងតែលក់ឲ្យខ្ញុំចុះ
ខ្ញុំឲ្យថ្លៃជូន ២ កហាបណៈ” ។ ដូនចាស់អរនឹងប្រាក់នោះ ក៏លក់ឃ្លោកនោះទៅ ។ បុរសនោះទិញបានផ្លែឃ្លោកហើយ
ក៏នៅចាំរក្សាឃ្លោកនោះ លុះដល់ធំក៏បេះយកទៅធ្វើសាដៀវ ហើយដេញលេងនៅលំនៅអាត្មាឯង ។ ឯបុរសទិញដើមឃ្លោកអំពីមុន
ដើរទៅឮបុរសនោះដេញសាដៀវពីរោះ ក៏ចូលទៅដណ្ដឹងថា “បានឃ្លោកសាដៀវនេះពីណា ?” ។ បុរសដេញសាដៀវថា
“អញទិញគេ” ។ ចៅមួយដណ្ដឹងទៀតថា “ចៅទិញពីណា? ”។ ចៅម្ចាស់សាដៀវថា “ទិញអំពីដូនចាស់
”។ ចៅទិញដើមឃ្លោកមុនថា “ ម្ដេចក៏ចៅលួចផ្លែឃ្លោកអញ ? ” ។ ឯចៅម្ចាស់សាដៀវថា “ អញទិញពីដូនចាស់នោះ
ត្រឹមត្រូវតាមច្បាប់ ម្ដេចក៏ចៅថា “អញលួចឃ្លោកចៅឯង ? បើដូច្នេះយើងនឹងគ្នាទៅដណ្ដឹងដូនចាស់ម្ចាស់ឃ្លោកនោះ
” ទើបចៅទាំង ២ នាក់នាំគ្នាទៅដល់ដូនចាស់នោះ ហើយសួរថា “ ដូនលក់ផ្លែឃ្លោកឲ្យចៅនេះមែនឬ
? ” ។
ដូនចាស់ថា “ លក់មែន ” ។ ចៅម្ចាស់ឃ្លោកដែលទិញពីមុននោះថា ម្ដេចក៏ដូនលក់ផ្លែឃ្លោកខ្ញុំ
? ។
កាលបើដូច្នេះចៅទាំង ២ នាំគ្នាទៅគាល់ព្រះមហាក្សត្រ សូមទ្រង់កាត់សេចក្ដីនោះ ។ ទើបព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាហើយមានព្រះបន្ទូលថា
“ព្រះស្ដែងទិញមុនគេនោះ ទិញតែដើមទេ ហើយដើរទៅបាត់ទៅពុំនៅរក្សាផ្លែឃ្លោកនោះ ត្រូវបានទៅព្រះស្ដែងដែលទិញក្រោយនោះឯង
” ។ ទ្រង់ព្រះវិនិច្ឆ័យដូច្នេះ ហៅសុគតិគមនំហោង ។ បុរសទាំង ២ សុខចិត្តក៏ក្រាបបង្គំលាទៅកាន់ផ្ទះអាត្មាទីទៃៗ
។
No comments:
Post a Comment