ស្រីហិតោបទេស សង្គ្រាម ភាគទី៣
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី៨ រឿងចចកនីលពណ៌
មានចចកមួយអាស្រ័យនៅក្នុងព្រៃ
ហើយដើរស្វេះស្វែងរកចំណីអាហារតាមទំនើងចិត្ដ
ដើរទៅៗដល់ជាយក្រុងមួយមិនដឹងជាមានគ្រោះអ្វីធ្លាក់ទៅក្នុងរណ្ដៅធ្លាស់មួយ
ហើយមិនអាចឡើងពីរណ្ដៅនោះវិញបានសោះ
ដល់ព្រឹកឡើងក៏ពុតធ្វើជាស្លាប់ស្ដូកស្ដឹង។
ខណៈនោះម្ចាស់រណ្ដៅឃើញចចកនោះមានជើងស្រទាងឡើងលើ
ភ្នែកបិទជិតហាមាត់បញ្ចេញធ្មេញស្ញេញ ក៏យល់ថា ចចកនោះស្លាប់ហើយ
ទើបស្រង់ចេញពីរណ្ដៅធ្លាស់ ហើយអូសគ្រវែងចោលឆ្ងាយពីភូមិទៅ។
កាលនោះចចកនោះបោលចូលព្រៃវិញ ដល់ក្រលេកមើលខ្លួនឃើញខៀវស្រងាត់ដូច្នោះ
គិតក្នុងចិត្ដដោយក្ដីត្រេកអរថាៈ «យី! អាត្មាអញនេះមានពណ៌ខៀវល្អណាស់តើ!
បើដូច្នេះ អាត្មាអញនេះខ្ពង់ខ្ពស់ប្រសើរ ជាងចចកអែទៀតទាំងអស់។ លុះគិតរួចហើយ
ចចកនោះ ហាហៅចចកទាំងឡាយមកជួបជុំ ហើយនិយាយប្រាប់ ដោយក្ដីរីករាយថាៈ
«ទេពតាដ៏មានបុណ្យ
អាស្រ័យនៅក្នុងព្រៃនេះបានតាំងយើងអោយធ្វើជាស្ដេចម្រឹគ ហើយលោកបានអភិសេកយើងនឹងព្រះហស្ដលោកដោយទឹកទិព្វមន្ដ
យកពីជាតិឈើគ្រប់មុខ អ្នកទាំងអស់គ្នាក្រលេកមើលរូបយើងមើល? ចាប់តាំងពីថ្ងៃនេះតទៅ
អ្នកធ្វើកិច្ចការអ្វីៗ ត្រូវធ្វើតាមបង្គាប់យើងទាំងអស់»។ បណ្ដាចចកទាំង
ឡាយ កាលមើលចចកនោះឃើញពណ៌ចំលែកដូច្នេះ ក៏បបួលគ្នាប្រណិបតន៍ដោយអស្ដាងបាត
ប្រណម្យចំពោះចចកនោះ ហើយពោលតបដោយគោរពថា «យើងខ្ញុំទាំងអស់គ្នា សូមទទួលបង្គាប់ពីលោកម្ចាស់គ្រប់គ្នា»។ ដោយទំនងនេះ
ចចកនោះឡើងជាស្ដេចម្រឹគទាំងអស់ បណ្ដាដែលអាស្រ័យនៅនាព្រៃនោះទាំងប៉ុន្មាន។
មុនដំបូងចចកនីលពណ៌នោះរើសយកសុទ្ធតែចចកដូចគ្នាមកធ្វើជាបរិវារ មានអំណាចរាជសក្ដិខ្ពង់ខ្ពស់ណាស់
ប៉ុន្ដែតមក ទៅរើសយកសត្វអែទៀតដូចជាសីហៈ ខ្លា និងសត្វអែទៀតដែលមានសភាពដូច្នេះជាដើម
មកធ្វើជាបរិវារវិញ ហើយបោះបង់ចចកគ្នាអែងចោលអស់។ ខណៈនោះ មានចចកចាស់មួយ
កាលឃើញសហាយខ្លួនគ្រប់គ្នាព្រួយចិត្ដ ទើបនិយាយលួងលោមថា «នែសហាយទាំងឡាយអើយ
អ្នកទាំងឡាយកុំព្រួយបារម្ភថ្វី សព្វបើប៉ុណ្ណោះ ព្រះទេវបាទយើងល្ងង់ខ្លៅមិនចេះនិតិសាស្រ្ដគឺនយោបាយប្រមាថ
មើលងាយយើង សូម្បីយើងចេះនយោបាយដោយប្រាកដដូច្នេះការនេះ មិនជាអ្វីទេ!
ខ្ញុំមានមធ្យោបាយល្អរករឿង និង សំលាប់ចោលអោយទាល់តែបាន រឿងនេះសត្វទាំងឡាយអែទៀត
មានសីហៈ ខ្លាជាដើម ដែលភ័ន្ដគំនិតព្រោះឃើញថាវាមានពណ៌ខៀវល្អ មើលមិនស្គាល់ថាជាចចក
បានជាលើកទុកដាក់អោយធ្វើស្ដេចខ្លួន បើដូច្នេះយើងគិតដូចម្ដេចអោយសត្វអែទៀតស្គាល់ថាជាចចក?។ មធ្យោបាយដែលយើងត្រូវធ្វើដូច្នេះ
«ពេលល្ងាចអ្នកទាំងឡាយត្រូវចូលទៅជិតចចកទាំងអស់គ្នា
ហើយបបួលគ្នាស្រែកលូអោយពេញទំហឹង កាលចចកនេះលឺសំរែកយើងហើយ មុខជានឹងស្រែកលូតយើងវិញ
ព្រោះជាសត្វដែលមានសភាពដូចគ្នា ព្រោះថា៖
៥៨ - សេចក្ដីពិត សភាពនៃនរជនណាដូចម្ដេច នរជននោះមិនអាចប្រព្រឹត្ដកន្លងសភាពខ្លួនបានឡើយ
បើលើកសុនខ ជាតិអោយធ្វើជាស្ដេចវា នឹង មិនអង្គៀមទ្រនាប់ជើងស្បែករឺអ្វី?។ កាលបើខ្លាលឺសំលេងនឹងស្គាល់ថាជាចចកពិតមុខ
ជាខ្លានឹងគប្បីខាំស៊ីស្ដេចខ្លួនមិនខាន ព្រោះថា៖
៥៩ - បើសត្រូវស្គាល់ចំណុចខ្សោយយើង និងសេចក្ដីក្លៀវក្លាយើងហើយ
គេនឹងចូលទៅរហូតដល់ចិត្ដគំនិតយើងខាងក្នុងទៀត ហើយសំលាប់យើងចោលបង់សៀត
ដូចភ្លើងឆេះឈើស្ងួតតែងឆេះរូងរហូតដល់ខ្លឹមខាងក្នុង។ តមក ចចកចាស់ព្រមទាំងចចកទាំងឡាយប្រើអុបាយកលដូចបានគិតទុក
ហើយសំលាប់ចចកនីលពណ៌ដូចសេចក្ដីប្រាថ្នា ព្រោះហេតុនោះបានជាខ្ញុំ(ចាក្រពាក)
ពោលថា នរជនណាលះបង់ចោលបក្សពួកខ្លួនដូច្នេះជាដើម(លេខ៥៧)។
ហង្សហិរណ្យគភ៌ឆ្លើយថាៈ «ពិតមែនហើយប៉ុន្ដែក្អែកនេះមកពីប្រទេសឆ្ងាយណាស់
គួរតែអោយចូលមកជួប ហើយរក្សាទុកចាំពិនិត្យមើលតទៅមុខ»។ ចាក្រពាកនិយាយតទៅទៀតថា
យើងបានបញ្ជូនចារបុរសទៅហើយ បន្ទាយការពារបានត្រៀមទុកព្រមហើយបើដូច្នោះ
យើងត្រូវអោយនាំសេកចូលមកសាកសួរហើយ សឹមលែងអោយទៅវិញ។ ពេលនេះយើងមានសេន្យានុភាពត្រៀមទុកព្រមហើយ
យើងនឹងចាំមើលវាពីចំងាយ ព្រោះថា៖
៦០ - ព្រាហ្មណ៍ចាណក្យៈ ប្រើទូតដែលឆ្លៀវឆ្លាតមុះមុតអោយសំលាប់ស្ដេចនន្ទៈបាន
ព្រោះហេតុនោះបើយើងមានយោធាក្លៀវក្លាហានចោមរោមការពារម៉ត់ចត់ហើយ ទើបគួរជួបទូតដែលមកពីប្រទេសឆ្ងាយ។
លុះបានរៀបចំសភាសំរាប់ទទួលភ្ញៀវសព្វគ្រប់ហើយ ហង្សហិរណ្យគភ៌
ក៏បើកសេក និង ក្អែកអោយចូលទៅជួប។ កាលដើរចូលទៅសេកងើបក្បាលស្ងើនបន្ដិច
ទៅដល់ហើយអង្គុយលើអាសនៈដែលគេរៀបចំទុកសំរាប់ ទើបថ្លែងសារយ៉ាងក្លៀវក្លាថា
«បពិត្រលោកហិរណ្យគភ៌
ស្ដេចក្ងោកនាមចិត្រពណ៌ជារាជាធិរាជ ជាម្ចាស់នៃមយុរជាតិមាន ព្រះបាទទ្រដោយផ្លាឈូករីកភ្លឺច្រុះឆ្លុះច្រវាត់ដោយកែវមណី
ដែលប្រដាប់ដោយមកុដនៃស្ដេចសាមន្ដរាជ ដែលអោនសិរសាក្រាបគោរពត្រាស់បង្គាប់មកលោកថា
«បើចង់មានជីវិតរស់នៅរឺប្រាថ្នាអិស្សរិយយស
ចូរប្រញាប់ចូលទៅ អភិវាទវន្ទាចំពោះបាទយើង បើមិនដូច្នោះទេ ចូរគេចរត់ចេញទៅកាន់ទីដ៏ទៃអោយឆាប់ៗ!
ទៅ» ហិរណ្យគភ៌
កាលបានស្ដាប់សេចក្ដីថ្លែងសារនោះចប់សព្វគ្រប់ហើយ ក៏ក្រេវក្រោធច្រលោតតបទៅវិញថា
«អា៎!
ក្នុងសភានេះអិតមាននរណាម្នាក់ដែលមានចិត្ដចាប់ច្របាច់កអាព្រហើននេះទេរឺអ្វី?»។ ក្អែកមេឃពណ៌ងើបឡើងស្ទុះចូលទៅនិយាយថាៈ
«ទេវៈ!
សូមត្រាស់បង្គាប់មកចុះ ខ្ញុំបាទនឹងប្រហារអាសេកព្រហើននេះចោលបង់អិលូវនេះ។
ខណៈនោះចាក្រពាកសវិជ្ញ ជាប្រធានរដ្ឋមន្រ្ដីនិយាយសំរុះសំរួលហិរណ្យគភ៌និងក្អែកមេឃពណ៌ថា
«នែលោកម្ចាស់!
ស្ដាប់ខ្ញុំបាទ ជំរាបសិនកុំអាលធ្វើក្រោធឆុរឆេវដូច្នេះ ព្រោះថា៖
៦១ - ទីណាមិនមានចាស់ព្រឹទ្ធាចារ្យ ទីនោះមិនមែនជាសភាទេ
នរជនណាមិនពោលធម៌នរជននោះមិនមែនជាព្រឹទ្ធាចារ្យទេ ពាក្យណាមិនមានសត្យពាក្យនោះ
មិនមែនធម៌ទេត្រង់ណាមានតែប្រវញ្ចន៍ ត្រង់នោះមិនមានពាក្យសត្យទេ។ លក្ខណជនដែលប្រកបដោយធម៌ដូច្នេះ៖
៦២ - ទូតសូម្បីជាអានារ្យជន និយាយពាក្យមិនគប្បីក៏មិនត្រូវសំលាប់ដែរព្រោះគេជាមាត់នៃព្រះរាជា
កណ្ដាលអាវុធច្រូងច្រាងភ្លឺស្ងាច ទូតមិនចរចាអ្វីក្រៅពីពាក្យបង្គប់។
៦៣ - នរណាហ្ន៎ជាអ្នកប្រាជ្ញ អាចសំគាល់ខ្លួនថាថោកទាបរឺសំគាល់សត្រូវថាខ្ពង់ខ្ពស់
ព្រោះតែពាក្យទូតនិយាយជាប្រមាណ? អាស្រ័យដោយហេតុដែលគេមិនត្រូវសំលាប់ទូត
ទើបត្រូវនិយាយទាំងអស់សព្វកាលទាំងពួង។
រាជហង្សហិរណ្យគភ៌ និងក្អែកមេឃពណ៌ បានដំកល់ទឹកចិត្ដជាប្រក្រតី។
សេកក្រោកឡើងហើយសុំលាទៅវិញចាក្រពាកសវិជ្ញជូនដំណើរ លុះនាំទៅដល់ក្រៅហើយ
ក៏សំដែងអាការធ្វើជាសុំទោសអោយរង្វាន់ខាន់ខៅមានមាសនិងវត្ថុអែទៀតជាដើមទើបបញ្ជូនសេកអោយត្រលប់ទៅប្រទេសខ្លួនវិញ។
សេកកាលត្រលប់មក ដល់ទៅភ្នំវិនធយា ជាប្រទេសខ្លួនវិញហើយ ក៏ចូលទៅអភិវាទស្ដេចក្ងោកចិត្រពណ៌ជាម្ចាស់ខ្លួន។
ស្ដេចក្ងោកចិត្រពណ៌ឃើញសេក ត្រលប់មកដល់ហើយ ក៏និយាយប្រាស្រ័យនឹងសេកថាៈ
«ម្នាលសេក!
អែងបានដំណឹងអ្វីខ្លះ?
ប្រទេសនោះដូចម្ដេចទៅ?»។ សេកឆ្លើយតបថាៈ ទេវៈ! បើពោលអោយខ្លី
ត្រូវតែរៀបទ័ពត្រៀមធ្វើសង្រ្គាមពីអិលូវនេះ អែកបូរ៌ទ្វីប ទុកជាអែកទេសមួយនៃស្ថានសួគ៌
ស្ដេចប្រទេសនោះទុកដូចជាម្ចាស់ស្ថានសួគ៌ទីពីរ គឺព្រះអិន្រ្ទជាគំរប់ពីរ
ធ្វើដូចម្ដេចនឹងពណ៌បាន?។ ស្ដេចក្ងោកចិត្រពណ៌លុះបានហៅមន្រ្ដីធំៗ ចូលមកកាន់ទីប្រជុំហើយ
ទើបប្រឹក្សាថាៈ យើងសូមសេចក្ដីយល់អស់លោកគ្រប់គ្នា យើងត្រូវចាត់ការអ្វីខ្លះ? បើទុកជាដូចម្ដេច
យើងក៏ត្រូវធ្វើសង្រ្គាមពិតប្រាកដ ព្រោះថា៖
៦៤ - ក្ដីមិនសន្ដោសជាវិបត្ដនៃព្រាហ្មណ៍ ក្ដីសន្ដោសជាវិបត្ដិនៃព្រះរាជា
ក្ដីខ្មាសអៀនជាវិបត្ដិនៃស្រ្ដីផ្កាមាស ក្ដីមិនខ្មាសអៀនជាវិបត្ដិនៃកុលធីតាទាំងឡាយ។
កាលនោះ ត្មាតទុរទសីជាប្រធានរដ្ឋមន្រ្ដីពោលឡើងថា
ទេវៈ! ការធ្វើសង្រ្គាមសព្វបើដោយការឃ្នើសចិត្ដជាប្រក្រតី មិនមែនជាវិធីទេ
1 ព្រោះថា៖
៦៥ - កាលណាមិត្រអាមាត្យជាពួកអ្នកមានចិត្រស្រលាញ់
មានភក្ដីមាំហើយទំនាស់ចំពោះសត្រូវ កាលនោះគប្បីធ្វើសង្រ្គាម។
៦៦ - ត្រូវបានផែនដី បានសម្ពន្ធមិត្រ បានមាសនេះជាផល
៣ប្រការដែលគេត្រូវធ្វើសង្រ្គាម កាលណាបើគេប្រាកដជាបានផល ៣ប្រការនេះហើយកាលនោះគេត្រូវធ្វើសង្រ្គាម។
ស្ដេចក្ងោកចិត្រពណ៌ថ្លែងបង្គាប់ថា «ចូរអោយមន្រ្ដីដើរត្រួតត្រាសែន្យានុភាពទ័ពមើល
ត្រូវមើលគ្រឿងអាវុធយុទ្ធភណ្ឌ និង ស្បៀងអាហារអោយដឹងសព្វគ្រប់ រូចហើយត្រូវហៅហោរាមកអោយគន់គូរមើលរិក្សពារសុភមង្គល
ដែលត្រូវយាត្រាទ័ព»។
ត្មាតទុរទសីនិយាយរំលឹកថាទេវៈ! ការយាត្រាទ័ពចេញទៅដោយរូសរាន់ដូច្នេះ
មិនគួរគប្បីទេព្រោះថា៖
៦៧ - មនុស្សល្ងង់ណាមិនបានពិចារណាសែន្យានុភាពពៃរីហើយចូលទៅប្រយុទ្ធដោយរួសរាន់
មនុស្សល្ងង់នោះ នឹង បានអោបមុខដាវនេះជាសច្ចៈអិតសង្ស័យឡើយ ស្ដេចក្ងោកចិត្ដពណ៌ពោលទ្រគោះបោកបោះបន្ទោសត្មាតថាៈ
«នែមន្រ្ដី!
អែងកុំមកបង្អាក់ធ្វើអោយយើងថយក្ដីក្លាហានដូច្នេះ ចូរអែងនិយាយប្រាប់មក
តើនរណាអាចចូលទៅកាន់ប្រទេសសត្រូវ ហើយយកជ័យជំនះបាន? ត្មាតទុរទសីឆ្លើយតបថាៈ
ទេវៈ! ខ្ញុំបាទនឹងជំរាបអោយជ្រាបបានតែនឹងអោយផលល្អ លុះត្រាតែទទួលប្រតិបត្ដិតាមលោកពោលទុកដូច្នេះថា៖
៦៨ - មានប្រយោជន៍អ្វីដោយការណែនាំព្រះរាជា អោយធ្វើតាមសាស្រ្ដបើទ្រង់មិនព្រមប្រតិបត្ដិតាម!
សេចក្ដីពិត មិនមែនគ្រាន់តែចេះដឹងថ្នាំ ហើយបំបាត់ជំងឺបានទេ។ ខ្ញុំបាទមិនហ៊ានប្រព្រឹត្ដកន្លងព្រះរាជបង្គាប់ទេ
តែខ្ញុំបាទសូមជំរាបតាមកិច្ចការដែលខ្ញុំបាទបានចេះដឹងមក សូមលោកម្ចាស់ស្ដាប់ដូចតទៅនេះ។
៦៩ - បពិតព្រះរាជា បណ្ដាទីទាំងឡាយមានស្ទឹង ភ្នំព្រៃបន្ទាយជាដើម
ទីណាមានភ័យសេនីយ ត្រូវលើកព្យុហកងពលយាត្រាទ័ពទៅក្នុងទីនោះ។
៧០ - សេនាបតី ព្រមដោយមេកងពលដែលក្លៀវក្លាហានត្រូវដើរទៅមុខទ័ព
ត្រូវដាក់ស្រី ម្ចាស់ផែនដីឃ្លាំង និង ពល ដែលមានកំលាំងខ្សោយនៅកណ្ដាលទ័ព។
៧១ - ត្រូវដាក់កងទ័ពសេះនៅស្លាបទ័ពទាំងសងខាង នៅសងខាងទ័ពសេះត្រូវដាក់ពលរថ
នៅសងខាងពលរថ ត្រូវដាក់ពលដំរី នៅសងខាងពលដំរី ត្រូវដាក់ពលថ្មើរជើង។
៧២ - សេនាបតី ត្រូវដើរខាងក្រោយកងទ័ពដើម្បីកំលាកំលាំងទឹកចិត្ដកងពល
ដែលអន់ថយក្លាហាន ព្រះរាជាចោមរោមដោយរដ្ឋមន្រ្ដីជាទីប្រឹក្សា និងវិរយោធាទ្រង់ជាអគ្គបព្ជាការកងទ័ព។
៧៣ - ត្រូវយាត្រាទ័ពលុកចូលទៅ ក្នុងទីមិនរាបស្មើ និង
ភ្នំក្រំថ្មដោយកងទ័ពដំរី ក្នុងទីវាលដោយកងទ័ពសេះ ក្នុងទីទឹកដោយកងទ័ពជើងទឹក
ក្នុងទីទាំងពួងដោយកងទ័ពថ្មើរជើង។
៧៤ - ក្នុងរដូវភ្លៀង លោកសំដែងទុកថា ត្រូវធ្វើដំណើរដោយកងទ័ពដំរី
រដូវក្រៅពីនោះ ត្រូវប្រើកងពលសេះ អែពលថ្មើរជើងប្រើបានគ្រប់ពេលទាំងពួង។
៧៥ - គប្បីប្រយត័្នរក្សាព្រះរាជាទុកក្នុងភ្នំ រឺតាមផ្លូវដែលគេទៅបានដោយលំបាក
សូម្បីព្រះអង្គមានយោធាហៅហានចោមរោមរក្សាល្អហើយក្ដី ទ្រង់ក៏ត្រូវចូលកាន់យោគនិន្រ្ទាបន្ដិចៗ
ងាយនឹងកើន។
៧៦ - ទ្រង់គប្បីបំផ្លិចបំផ្លាញសត្រូវ សំលាប់សត្រូវ ញាំញីសត្រូវអោយខ្សោយ
ដោយការបំផ្លាញមានបន្ទាយ មានភូមិ មានគ្រឿងចំរូង កាលចូលទៅដល់ក្នុងបរទេសហើយត្រូវបញ្ជូនអ្នកថ្មើរព្រៃជាមុន។
៧៧ - ព្រះរាជាប្រថាប់នៅទីណា ត្រូវឃ្លាំងនៅទីនោះ
មិនមានឃ្លាំង អិតមានរាជ្យ ព្រះរាជាទ្រង់ត្រូវប្រកបដោយព្រះទ័យទូលាយទ្រង់ត្រូវប្រើប្រទានរង្វាន់ដល់យោធាណាក្លៀវក្លាហាន
តែសេចក្ដីពិតយោធាណាមួយដែលមិនច្បាំងដើម្បីព្រះរាជា?។
៧៨ - បពិតព្រះរាជា! មនុស្សមិនមែនជាទាសនៃមនុស្សទេ
មនុស្សជាទាសនៃទ្រព្យ ការបានទៅជាបុគ្គលខ្ពង់ខ្ពស់រឺ ការធ្លាក់ខ្លួនជាបុគ្គលថោកទាប
ស្រេចហើយ តែមានទ្រព្យ រឺ ក្រីក្រប៉ុណ្ណោះ។
៧៩ - ត្រូវចូលទៅប្រយុទ្ធកុំអោយបែកទ័ព ហើយប្រយ័ត្នមើលគ្នីគ្នា
កងទ័ពណាទន់ខ្សោយកំលាំង ត្រូវប្រមូលមកទុកកណ្ដាលក្បួនទ័ព។
៨០ - ព្រះមហីបាល ត្រូវដាក់កងពលថ្មើរជើងទៅនៅមុខកងទ័ព
កាលបើបង្រ្កាបសត្រូវបានហើយ ព្រះអង្គត្រូវប្រថាប់នៅកំរាបអរិរាជសត្រូវអោយរាបទាប។
៨១ - ទ្រង់គប្បីចូលទៅប្រយុទ្ធក្នុងទីវាល ដោយកងរថ
និង កងសេះ ក្នុងទីទឹកដោយកងទូក និង ដំរី ក្នុងទីព្រៃ និង ព្រៃញាតស្បាតដោយកងធ្នូ
ក្នុងទីគោកដោយដាវខែល និង អាវុធផ្សេងៗ។
៨២ - ទ្រង់ត្រូវបំផ្លិចបំផ្លាញរឿយៗ នូវវាលស្មៅស្រូវ
អង្ករ សត្រូវ ហើយបង្អក់កុំអោយមានទឹកមានអុស ត្រូវទំលាយទំនប់ទឹក កំពែងនិងគូ។
៨៣ - បណ្ដាកងទ័ពទាំងអស់ កងទ័ពដំរីជាកងទ័ពជាន់អែកសំរាប់ព្រះមហីបតី
មិនមានកងទ័ពអ្វីប្រសើរជាងឡើយ ព្រោះដំរីសូម្បីតែអវយវៈវាប៉ុណ្ណោះ ក៏ទុកថាជាអាវុធ
៨ប្រការបានស្រេចហើយ។
៨៤ - សេះជាកំលាំងនៃកងទ័ព គេទុកថាជាកំពែងដើរបាន
ព្រោះហេតុនេះ បើព្រះរាជាអង្គណាប្រកបដោយកងទ័ពសេះច្រើនក្រៃលែងជាងសត្រូវហើយក៏ឈ្មោះថាមានជ័យក្នុងយុទ្ធសង្រ្គាមផ្លូវគោក។
៨៥ ទាហានណា ឡើងសេះចូលប្រយុទ្ធ សូម្បីទេវតាក៏លំបាកយកឈ្នះទាហាននោះបាន
ពួកពៃរី បើទុកជានៅឆ្ងាយ ក៏ទុកដូចជាធ្លាក់មកនៅក្នុងកណ្ដាប់ដៃស្រេចហើយ។
៨៦ - ក្នុងបថមកិច្ចនៃយុទ្ធសង្រ្គាម ការអភិបាលរក្សាពលនិករទុកអោយគ្រប់សព្វ
គេទុកជាគោលដ៏សំខាន់ ព្រោះការកំរាបផ្លូវក្នុងទិសទាំងពួងជានាទីនៃកងពល។
៨៧ - លោកពោលថា កងទ័ពដែលប្រសើរនោះគឺកងទ័ពដែលមាននិស្ស័យក្លៀវក្លាពីកំណើត
ប៉ិនប្រសប់ក្នុងការកាន់អាវុធ មានភក្ដីធន់ទ្រាំក្នុងការខ្សោយកំលាំង ហើយមានវិក្សេត្រីយ៍
(ទាហានវិរៈ) ជាប្រមុខដោយច្រើនផង។
៨៨ - បពិតព្រះរាជា! មនុស្សក្នុងលោក ចូលទៅច្បាំងដោយក្លាហាន
ព្រោះចង់បានកិត្ដិយសពីម្ចាស់ខ្លួន មិនមែនដោយចង់បានរង្វន់គឺទ្រព្យទេ។
៨៩ - កងទ័ពមានចំនួនតិច តែសុទ្ធសឹងវិញ្ញូជនទើបប្រសើរ
កងទ័ពមានចំនួនច្រើន តែសុទ្ធតែយោធាអស់ជំរើសមិនល្អទេ ព្រោះយោធាអស់ជំរើសបណ្ដោយអោយចាញ់ងាយ
ហើយនាំអោយទាហានវិញ្ញូជនយកជ័យថែមទៀតផង។
៩០ - ការមិនជ្រះថ្លា១ ការបាក់មុខញយៗ១ ការមិនអោយចំណែកដល់មនុស្សម្នាក់ៗដែលត្រូវបាន១
ការទន់យឺតពេលវេលាចែក១ ការមិនធ្វើតប១ ទាំងអស់នេះ ជាហេតុនាំអោយព្រងើយកន្តើយពីគ្នា។
៩១ - ព្រះរាជាប្រាថ្នាជ័យគប្បីវាយសត្រូវ ដោយមិនធ្វើកងទ័ពព្រះអង្គអោយលំបាកក្ដៅក្រហាយ
កងទ័ពដែលរោយស្រពន់ដោយដើរផ្លូវឆ្ងាយ សត្រូវយកជ័យបានដោយងាយ។
៩២ - ត្រូវព្យាយាមបំបែកសត្រូវអោយបែកបាក់គ្នា វីធីបំបែកនេះមិនមានអ្វីដទៃក្រៅ
ពីញុះញង់ព្រះរាជទាយាទ ក្នុងរាជ្យសត្រូវទេ ព្រោះហេតុនោះត្រូវព្យាយាមតាំងរាជទាយាទរបស់ប្រទេសសត្រូវអោយទាល់តែបាន។
៩៣ - ការចងស្ពានមេត្រី នឹងស្ដេចយុវរាជ2រឺ នាយករដ្ឋមន្រ្ដីរបស់ប្រទេសសត្រូវបានហើយ
គប្បីបំបែកសាមគ្គីខាងក្នុងពួកសត្រូវដែលមានចិត្ដមឺងម៉ាត់។
៩៤ - លុះដើរអុបាយបំបែកក្នុងសង្រ្គាមយ៉ាងនេះបានហើយគប្បីសំលាប់មិត្រដ៏ហៅហ៊ាននៃសត្រូវនោះចោលចេញពុំនោះចាប់ចងពួកមុខមន្រ្ដី
រឺ កូនចៅបរិវារឃុំឃាំងទុក ធ្វើដូចជាការបំបែកកូនគោហើយចាប់មេគោ3(3)ដូច្នោះ។
៩៥ - ព្រះរាជាគប្បីធ្វើអោយប្រទេសព្រះអង្គមានពលរដ្ឋច្រើនបរិបូណ៌ដោយការកាវយកប្រជាជនពីបរទេស
រឺ ពុំនោះទំនុកបំរុងប្រជាជនដោយការអោយទាន និង រាប់អាន មួយទៀតប្រទេសដែលមានប្រជាជនច្រើនមកពីប្រទេសនោះអាចកពូនទ្រព្យសម្បត្ដិជាមហាសេដ្ឋីបាន។
ស្ដេចក្ងោកចិត្រពណ៌និយាយពាក្យគ្រគោះអោយត្មាតទុរទសីថាៈ
«អែងនិយាយបូរបាច់ច្រើនពេកដូច្នេះ
តើមានប្រយោជន៍អ្វី?»
ព្រោះថា៖
៩៦ - សេចក្ដីចំរើនរបស់ខ្លួន និង សេចក្ដីសាបសូន្យរបស់សត្រូវទាំងពីរប្រការនេះជារដ្ឋប្រសាសនោបាយ
កាលបើប្រកាន់តាមមតិនេះបានហើយ ការពោលអួតសំដីថ្វីមាត់របស់ខ្លួន ទើបបណ្ឌិតសរសើរ»។ ត្មាតទុរទសីញញឹមបណ្ដើរឆ្លើយបណ្ដើរថាៈ «ពាក្យនេះវិសេសពិតមែនហើយ តែលោកពោលថា៖»
៩៧ - ពួកមួយធ្វើតាមចិត្ដ ពួកមួយទៀតធ្វើទៅតាមសាស្រ្ដពន្លឺ
និង ងងឹតទាំង ពីរប្រការនេះ មានលក្ខណៈស្មើគ្នាបានរឺទេ?។
កាលនោះក្ងោកចិត្រពណ៌ លុះបានស្ដាប់ហើយឃើញថាទាស់ចិត្ដខ្លួន
ក៏ក្រោកឡើងត្រាស់បង្គាប់អោយបរទ័ពយាត្រាចេញទៅតាមហោរកំណត់នក្ខត្ដរិក្សអោយ។
អែចារបុរសរាជហង្សហិរណ្យគភ៌ កាលបានដឹងកិច្ចការសត្រូវសព្វគ្រប់ហើយ
ក៏ត្រលប់យកដំណឹងទៅប្រាប់ម្ចាស់ខ្លួនវិញថា «បពិត្រលោកម្ចាស់!
ស្ដេចក្ងោកចិត្រពណ៌លើកក្បួនព្យុហៈយាត្រាទ័ព ចរចេញទៅបោះបន្ទាយនៅជើង មលយបព៌ត
ហើយ សូមលោកម្ចាស់មានបញ្ជាអោយលើកទ័ពទៅបំផ្លាញបន្ទាយនោះអោយឆាប់ៗទៅ។
ពេលនេះ ត្មាតទុរទសីធ្វើជាប្រធានរដ្នមន្រ្ដី តាមដែលខ្ញុំបាទបានដឹងមកថា
សត្រូវបានបញ្ជូនចារបុរសគេអោយមកធ្វើការសម្ងាត់នៅខាងបន្ទាយយើងហើយខណៈ
នោះចាក្រពាកសវិជ្ញនិយាយរំលឹករាជហង្សហិរណ្យគភ៌ថាៈ «លោកម្ចាស់!
ចារបុរសគេនោះ គឺក្អែកមេឃពណ៌នេះអែង»។ ស្ដេចហង្សហិរណ្យគភ៌គំហកថាៈ
«មិនមែនទេ!
មិនមែនទេ! បើវាចារបុរសមែន ហេតុអ្វីហ៊ានស្ទុះទៅបំរុងក្រញិចសេកសំលាប់ចោលបង់? មួយទៀតការប្រកាសសង្រ្គាមនេះ
ទើបនឹងកើតឡើងពីកាលសេកវាមកទេតើ អែក្អែកមេឃពណ៌វាមកនៅទីនេះ យូរយាណាស់ហើយ។
ចាក្រពាកសវិជ្ញ ឆ្លើយកាត់ដោយមឺងម៉ាត់ថាៈ «បពិតលោកម្ចាស់! ត្រូវតែយើងកុំទុកចិត្ដ
អ្នកបរទេសអាគន្ដុកៈ»។
រាជហង្សហិរណ្យគភ៌ និយាយទទឹងទាស់ថាៈ «ជួនកាលអាគន្ដុកៈអ្នកបរទេស គេធ្វើប្រយោជន៍អោយយើងដែរ
អែងស្ដាប់មើល លោកពោលថាៈ
៩៨ - ជនដទៃ តែជាអ្នកធ្វើប្រយោជន៍អោយយើង ទុកជាផៅពង្សអែផៅពង្សពិតតែជាអ្នកមិនធ្វើប្រយោជន៍អោយយើង
ក៏ទុកជាអ្នកដទៃ រោគកើតក្នុងរាងកាយយើងពិតៗ រកប្រយោជន៍គ្មាន ថ្នាំកើតនៅក្នុងព្រៃធ្វើប្រយោជន៍អោយយើង។
៩៩ - សេវកាមាត្យព្រះបាទសូទ្រកៈម្នាក់ឈ្មោះវីរវរៈ ទើបនឹងមកធ្វើខ្ញុំរាជការថ្មី
ក៏អាចថ្វាយកូនខ្លួនអែងជារាជពលីបាន។ ចាក្រពាកសួររឿងនោះថាៈ «តើរឿងនោះដូចម្ដេច?» រាជហង្សហិរណ្យគភ៌រៀបរាប់រឿងនោះថា៖
តទៅកថាទី៩
………………………………………………….
(1)សេចក្ដីប្រែលោកឡង់សឺរូថា
កាលណាគេមិនសប្បាយចិត្ដ គេមិនត្រូវបង្ខំធ្វើសង្រ្គាមទេ។ សេចក្ដី
ប្រែលោកនាគប្រទីបថា ការធ្វើសង្រ្គាមដោយអធម៌
មិនមែនជាវិធីត្រឹមត្រូវទេ។ ច្បាប់ដើមថា វសនិតយា វិគ្រហោ ន វិធី។
សេចក្ដីពន្យល់ថា សព្វបើដំណេះអាមាត្យ បោរីជន អ្នកជនបទ មិត្រ
កុមារជាដើម។
(2)មកុដរាជកុមារ។
(3)ត្រង់នេះអាចបានសេចក្ដីមួយទៀតថា
ពុំនោះចូលដៃនឹងមន្រ្ដីរាជបរិពារ កូនចៅសត្រូវដោយអោយទ្រព្យ
ដូចជាបង្ហាញ ស្មៅបញ្ឆោតគោ។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment