រឿង បឹងត្របែក (សង្កាត់លេខ ៥ ក្រុងភ្នំពេញ) ប្រជុំរឿងព្រេងខ្មែរ
ភាគ ៦ ទំព័រ ១៣៩ - ១៤៤ ឈ្មោះភូមិផ្សេងៗ នៅក្នុងក្រុងភ្នំពេញ សុទ្ធសឹងតែមានប្រវត្តិដើមកំណើត
ច្រើនបែបច្រើនយ៉ាងណាស់,
ប៉ុន្តែដែលសំខាន់ គឺត្រង់រឿងណាទាក់ទងនឹងប្រវត្តិសាស្ត្រផង
ជាបែបនិទានពីរោះស្ដាប់ផង ។ យើងលើកយកមកចុះផ្សាយក្នុងទីនេះ តែរឿងណាដែលមានលំដាប់រឿងវែងឆ្ងាយ, ឯរឿងខ្លីៗ
បន្តិចបន្តួច ពុំបានលើកយកមកអធិប្បាយទេ ។ រឿងបឹងត្របែកនេះ មានប្រាកដនៅក្នុងសៀវភៅព្រះរាជពង្សាវតារច្បាប់សរសេរដៃ
តម្កល់នៅពុទ្ធសាសនបណ្ឌិត្យសព្វថ្ងៃ ដែលយកមកលំនាំរឿងបាន ដូចតទៅ ៖ តាមសព្ទនៃពាក្យខាងលើនេះ
មិនមែនជាពិបាកយល់ទេ តែនៅមានបញ្ហាខ្លះ ដែលអ្នកអានគួរជ្រាប គួរចាំជាប្រវត្តិ
។ អាស្រ័យហេតុនេះ បានជាយើងស្រាវជ្រាវ រកពង្សាវតារនៃបឹងត្របែក មកអធិប្បាយជូន
។ តើហេតុអ្វី បានជាគេហៅថា "បឹងត្របែក" តាមរូបសព្ទនេះ គេអាចយល់បានភ្លាម
តែត្រង់ខុស ឬត្រូវតាមប្រវត្តិនោះ យើងមិនទាន់ដឹងទេ បើយើងបំបែកសព្ទនេះទៅ
បានន័យថា "បឹងដែលមានដើមត្របែក ហៅថា បឹងត្របែក" តើឈ្មោះនេះ ពិតដូច្នេះមែនឬទេ
? ។
រឿងនេះ ខ្ញុំសូមនាំយក ប្រវត្តិមកនិទានជូនដូចតទៅ ៖ ព្រះបាទជ័យជេដ្ឋា (ព្រះអង្គសូរ)
ព.ស. ២២១៩ គង់នៅឧត្ដុង្គឮជ័យ បានសាងវាំង ១ ទៀត នៅទួលឪជ្រឹង ស្រុកសំរោងទងសព្វថ្ងៃ
ព្រះអង្គរើព្រះរាជវាំងពីឧត្ដុង្គឮជ័យ មកគង់នៅព្រះរាជវាំងទួលឪជ្រឹង
ទុកព្រះមាតា គឺសម្ដេចព្រះទាវ ឲ្យគង់នៅឯឧត្ដុង្គឮជ័យ ។ ឯសម្ដេចព្រះបទុមរាជាមហាឧបរាជ
ទ្រង់ជ្រាបព័ត៌មាននេះហើយ ក៏មានព្រះទ័យត្រេកអរជាពន់ពេក ហើយប្រឹក្សាជាមួយអុងយួន
រួចលើកទ័ពខ្មែរ-យួនទៅលុកវាំង ឧត្ដុង្គឮជ័យ ហើយចាប់យកសម្ដេចព្រះទាវជាព្រះវររាជមាតានៃព្រះជ័យជេដ្ឋា
និង នាងអាំ ជាសាវឡិក នាំយកទៅនៅបន្ទាយជ្រោយចង្វា ។ ព្រះជ័យជេដ្ឋា ដែលគង់នៅវាំងទួលឪជ្រឹង
កាលបើទ្រង់ជ្រាបការណ៍នេះហើយ ទ្រង់ព្រះកន្សែងសោយសោកអាឡោះអាល័យពីការនិរាសព្រាត់ព្រះវរមាតា
។ ព្រះអង្គរើព្រះរាជដំណាក់ពីព្រះរាជវាំងទួលឪជ្រឹង ទៅគង់ឧត្ដុង្គឮជ័យវិញ
។ ព្រះអង្គទ្រង់បានប្រឹក្សាជាមួយសេនាបតី នាម៉ឺនសព្វមុខមន្ត្រី ឲ្យប្រមូលទ័ពទៅច្បាំងជាមួយទ័ពខ្មែរ-យួន
ដែលនៅជ្រោយចង្វា ដើម្បីដណ្ដើមយកព្រះវររាជមាតាមកវិញ ។ មន្ត្រីក៏ប្រមូលទ័ពបានគ្រប់ចំនួនហើយ
ព្រះអង្គទ្រង់ព្រះចិន្ដាថា លើកទ័ពទៅវាយទ័ពយួន ដែលមានព្រះវររាជមាតានៅជាមួយផងមិនស្រួលទេ
។ គិតដូច្នេះ ព្រះអង្គទ្រង់កែព្រះរាជមធ្យោបាយ ។ ព្រះអង្គ ទ្រង់ប្រឹក្សាជាមួយ
ពញាមន្ត្រីសង្គ្រាមសួស្តិ៍ ដើម្បីទៅយកព្រះវររាជមាតា ។ ចៅពញាមន្ត្រីសង្គ្រាមសួស្តិ៍
ថ្វាយព្រះរាជយោបល់ថា មានតែប្អូនទូលព្រះបង្គំ ឈ្មោះពញាភក្ដីសង្គ្រាមហុកទេ
ដែលមានថ្វីដៃ អាចទៅយកព្រះវររាជមាតាព្រះអង្គបាន ។ ចៅពញាភក្ដីសង្គ្រាមហុក
ទទួលព្រះរាជបញ្ជាហើយ ក៏សន្យានឹងព្រះជ័យជេដ្ឋាថា តែ ៧ ថ្ងៃ នឹងធ្វើការនេះឲ្យបានសម្រេច
ហើយសូមព្រះអង្គឲ្យទ័ពទៅចាំទទួល ។ ចៅពញាសង្គ្រាមហុក សុំយកទាសាជំនិតម្នាក់
ឈ្មោះគោ និងសុនខមួយ ឈ្មោះអាស្រគំ ទៅជាមួយ ។ ចៅពញាភក្ដីសង្គ្រាមហុក ធ្វើដំណើរទៅដល់ភ្នំពេញហើយ
ទៅសំណាក់ក្នុងវត្តស្រកាលេញ រួចដើរស៊ើបយកការណ៍ រហូតដល់បានព័ត៌មានថា ទ័ពយួន
ទុកសម្ដេចព្រះទាវក្នុងទូកនៅឯជ្រោយចង្វា ។ នៅវេលាយប់ស្ងាត់ មេឃងងឹតរកកល់ចង់ភ្លៀងផង
ចៅពញាភក្ដីសង្គ្រាម យកទៀនធូបភ្ញីផ្កាខ្លះ លបចូលទៅក្នុងព្រះវិហារវត្តស្រកាលេញ
ហើយតាំងអធិដ្ឋានថា : ខ្ញុំព្រះអង្គនេះ មានចិត្តកតញ្ញូនឹងព្រះបាទជាអម្ចាស់
ស៊ូលះជីវិតមិនគិតស្លាប់ ទទួលអាសាមកអញ្ជើញសម្ដេចព្រះទាវជាព្រះវររាជមាតា
ពីកណ្ដាប់ដៃនៃសត្រូវ បើសម្ដេចព្រះជ័យជេដ្ឋាជាអម្ចាស់ខ្ញុំ ស្ដេចបានសោយរាជ្យសម្បត្តិ
ក្នុងក្រុងកម្ពុជាធិបតីនេះ សូមកុំឲ្យទ័ពយួនឃើញស្គាល់ខ្ញុំអម្ចាស់ឡើយ ដោយសេចក្ដីកតញ្ញូរបស់ខ្ញុំ
សូមកុំឲ្យមានអន្តរាយអ្វី សូមទេវតាជួយទំនុកបម្រុង សូមឲ្យខ្ញុំទៅអញ្ជើញសម្ដេចព្រះទាវ
ជាព្រះវររាជមាតា ពីក្នុងចំណោមកងទ័ពសង្គ្រាមបានដោយងាយ ។ លុះចប់ការតាំងអធិដ្ឋានហើយ
ចៅពញាភក្ដីសង្គ្រាមហុក នាំនាយគោចេញពីព្រះវិហារ ហើយផ្ដាំឲ្យអាស្រគំចាំនៅមុខព្រះវិហារនេះ
។ អ្នកផ្សងសំណាងទាំងពីរនាក់ ផ្លាស់សំពត់យកចងទ្រូង ហើយយកកាំបិតស្នៀតសៀតនឹងចង្កេះ
ដើររកឫស្សីហែលឆ្លងទៅជ្រោយចង្វា ។ ចៅពញាភក្ដីសង្គ្រាម ឆ្លងដល់ត្រើយហើយ
ពួនតាមមាត់ទឹកតម្រង់ទៅរកទូកយួន ។ លូនបណ្ដើរ សែកមន្តគាថាសណ្ដំទ័ពយួនបណ្ដើរ, ចៅពញាភក្ដីសង្គ្រាមហុក
បានទៅដល់ទូកដែលសម្ដេចព្រះទាវផ្ទំ ។ លោកបានឃើញសម្ដេចព្រះទាវហើយ ក៏ចូលទៅដាស់ព្រះអង្គ
ហើយថ្វាយចិញ្ចៀនព្រះទម្រង់ដែលព្រះជ័យជេដ្ឋា ទ្រង់បានផ្ញើឲ្យយកទៅថ្វាយសម្ដេចព្រះមាតាជាបន្ទាល់
។ សម្ដេចព្រះទាវ ទតឃើញសេនារបស់ព្រះអង្គ ទ្រង់មានសេចក្ដីរំភើបជាទីបំផុត
។ ចៅពញាភក្ដីសង្គ្រាមហុក តឿនព្រះអង្គឲ្យចេញពីទូកយួនជាប្រញាប់ ។ តែព្រះអង្គមានព្រះរាជសវនីយ៍
ទៅកាន់ចៅពញាសង្គ្រាមថា ឲ្យទៅយកនាងអាំជាភីលៀង មកជាមួយផង ព្រោះធ្លាប់កម្សត់ជាមួយព្រះអង្គ
។ ចៅពញាភក្ដីសង្គ្រាមហុក នាំសម្ដេចព្រះទាវ និងនាងអាំ ចេញពីទូកបានហើយ មេឃងងឹតឈឹងរកមើលទិសតំបន់អ្វីមិនឃើញ
ក៏បញ្ជាឲ្យនាយគោផ្ទៀងចាំស្ដាប់អាស្រគំលូ ។ ផ្ទៀងសំឡេងឆ្កែលូដាក់ច្បាស់ហើយ
ចៅពញាសង្គ្រាមហុក នាំគ្នាហែលឆ្លងមកត្រើយភ្នំពេញវិញ ។ លុះដល់ត្រើយហើយ សម្ដេចព្រះទាវ
យាងទៅសម្រាកព្រះកាយបន្តិច ក្នុងវត្តស្រកាលេញ ហើយបន្តព្រះរាជដំណើរទៅទៀត, ចៅពញាសង្គ្រាមហុក
បញ្ជិះសម្ដេចព្រះទាវ ហើយឲ្យនាយគោ នាងអាំ អាស្រគំដើរទៅមុខ តម្រង់ទៅឧត្ដុង្គឮជ័យ
។ តែពេលនោះ មេឃងងឹតពេក ចៅពញាសង្គ្រាម មើលផ្លូវពុំច្បាស់ ចេញពីវត្តស្រកាលេញទៅដោយព្រាវ
ទៅដល់បឹងត្របែកសព្វថ្ងៃនេះ ឃើញផ្លូវបែក នាយគោងាកមកសួរចៅហ្វាយនាយថា តើត្រូវដើរទៅតាមផ្លូវណា
? ។
ចៅពញាសង្គ្រាមហុក ក៏បញ្ជាឲ្យនាយគោ បែកទៅស្ដាំ ។ កន្លែងដែលមានផ្លូវបែកនេះ
មានសភាពទំនាបជាបឹងទើបហៅថា "បឹងត្រង់បែក"2 ។ ពាក្យថា
"បឹងត្រង់បែក" នេះ អ្នកស្រុកនិយាយរហ័ស ក៏ឮតែបឹងត្របែកៗ ទៅវិញ
។ សំដីនេះ ក៏ចេះតែក្លាយទៅៗ រហូតដល់បាត់ន័យដើមរបស់ពាក្យដូច្នេះ ។ លុះភ្លឺឡើងទៅដល់ស្ទឹងព្រែកត្នោត
ទើបចៅពញាសង្គ្រាម ដឹងថាវង្វេងផ្លូវ ។ ហើយនាំគ្នាបែរមុខទៅរកទិស ទៅកាន់ឧត្ដុង្គឮជ័យវិញ
។ ទីនេះក៏ជាប់ឈ្មោះថា បឹងត្របែក រហូតមក ។
ដក់ស្រង់ពី៖ ប្រជុំរឿងព្រេងខ្មែរ
No comments:
Post a Comment