រឿង៖ ក្រុងភ្នំពេញ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, April 3, 2018

រឿង៖ ក្រុងភ្នំពេញ


    ទីក្រុងភ្នំពេញ ចាប់ផ្ដើមស្ថាបនាលើកដំបូងបង្អស់នៅពុទ្ធសតវត្សទី ២១ គ្រិស្តសតវត្សទី ១៥ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) គឺព្រះស្រីសុរិយោពណ៌ នៅពេលដែលត្រង់បោះបង់ចោលព្រះរាជវាំងអង្គរ មកកសាងព្រះរាជវាំងថ្មី នៅទួលបាសាណ ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃហៅថាស្រុកស្រីសន្ធរក្នុងខេត្តកំពង់ចាម ។ ប៉ុន្តែដោយទីទួលបាសាណនេះ ក្នុងរដូវភ្លៀងមានទឹកលិចរាល់ឆ្នាំ ទ្រង់សាងប្រាសាទព្រះរាជវាំងហើយ គង់នៅបានតែមួយឆ្នាំក៏ទ្រង់ស្ដេចយាងមកសាងទីក្រុងថ្មី នៅឆ្នេរទន្លេបួនមុខ គឺក្រុងភ្នំពេញសព្វថ្ងៃនេះនៅ គ.ស. ១៤៣៤ ។
    ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញ មាន ២ លើក
លើកទី ១  នៅគ្រិស្តសតវត្សទី ១៥ រជ្ជកាលព្រះបាទពញាយ៉ាត តែមិនឋិតថេរ
លើកទី ២  នៅគ្រិស្តសតវត្សទី ១៩ រជ្ជកាលព្រះបាទនរោត្តម ទើបឋិតថេរ ។
   
បានជាការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញ មាន ២ លើក ព្រោះពីក្រោយស្ថាបនាលើកទី១ អំពី គ. ស. ១៤៣៤ ដល់ ១៤៩៧ នោះ ព្រះរាជវាំងបានស្ថាបនានៅអង្គរវិញ... ក្រោយពីអង្គរ ទៅពោធិ៍សាត់ ... ទៅបរិបូណ៌... ទៅលង្វែក... ទៅឧត្តុង្គ, ហើយក្រោយពីឧត្តុង្គ ព្រះរាជវាំងត្រឡប់មកស្ថាបនានៅក្រុងភ្នំពេញវិញជាលើកទី ២ នៅ គ. ស. ១៨៦៥ ទើបបានឋិតថេរដល់សព្វថ្ងៃ ។
រឿងដើមកំណើតទីក្រុងភ្នំពេញ
   
ភ្នំដែលសន្មតជានាមទីក្រុងរបស់ខ្មែរ គឺទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុនពេលស្ថាបនាព្រះរាជវាំង ដោយមានរឿងដំណាលថា
   
ក្នុងកាលកន្លងទៅហើយ (គ.ស. ១៣៧២) មានយាយចាស់ម្នាក់ឈ្មោះ " ពេញ " ជាអ្នកមានភោគសម្បត្តិបរិបូណ៌ មានទីលំនៅៗ ក្បែរមាត់ច្រាំងទន្លេបួនមុខ ។ ផ្ទះគាត់សង់នៅលើទួលមួយខាងកើតភ្នំតូចមួយ ។ ថ្ងៃមួយ ទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិចរហាចរហឹម ដូនពេញគាត់ចុះទៅកំពង់ទឹកស្រាប់តែឃើញដើមគគីរមួយធំអណ្ដែតមកក្បែរច្រាំង ហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្ដែតវិលវល់ នៅក្បែរមាត់ច្រាំងនោះ ។លុះដូនពេញឃើញដូច្នោះ ក៏ប្រញាប់រត់ទៅអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញយកគគីរនោះ ។ អ្នកជិតខាងក៏នាំគ្នាយកពួរទៅចង ហើយអូសរំកិលបន្តិចម្ដងៗ ទាល់តែមកដល់លើមាត់ច្រាំង ។ ពេលដែលដូនពេញ យកកំណាត់ឈើទៅកោសកៀរសំអាតភក់ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូប ៤ ព្រះអង្គតូចៗ ធ្វើអំពីសំរឹទ្ធិ នឹងទេវរូបមួយអង្គទៀត ធ្វើអំពីថ្ម ទេវរូបនោះទ្រង់ឈរ ព្រះហស្តម្ខាងទ្រង់ដំបង ព្រះហស្តម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។ ដូនពេញនឹងអ្នកជិតខាងដែលទៅជួយមានសេចក្ដីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរព ក៏នាំគ្នាដង្ហែព្រះបដិមាករទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទមមួយតូច តម្កល់ជាបណ្ដោះអាសន្ន ។ ថ្ងៃក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតខាង ជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះឲ្យទៅភ្នំធំមែនទែន ។ បន្ទាប់ពីនោះគាត់ឲ្យអារឈើគគីរធ្វើជាសសរវិហារ ដែលគាត់បម្រុងនឹងសង់លើភ្នំនោះ ។ ក្នុង គ.ស. ១៣៧២ ដូនពេញនឹងអ្នកស្រុកជាច្រើនអ្នកស្រុះស្រួលបបួលគ្នាសាងវិហារមួយខ្នង ប្រក់ស្បូវភ្លាំង នៅលើកំពូលភ្នំនោះ ហើយគាត់ដង្ហែព្រះពុទ្ធរូបសំរឹទ្ធិ ៤ ព្រះអង្គ ទៅតម្កល់ទុកក្នុងវិហារនោះ ។ ចំណែកទេវរូបថ្ម ១ អង្គ គាត់ដង្ហែទៅតម្កល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើត ហើយដោយគាត់យល់ថា ទេវរូបនោះអណ្ដែតទឹករសាត់មកពីស្រុកលាវ នឹងមានបែបភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា " អ្នកតាព្រះចៅ " ។ នាមចាប់មកដល់សព្វថ្ងៃនេះ ។
   
កាលសាងវិហាររួចហើយ គាត់និមន្តព្រះសង្ឃមកគង់លើជើងភ្នំនោះក្នុងទិសខាងលិច ទើបកើតមានឈ្មោះថា " វត្តភ្នំដូនពេញ " ដែលសព្វថ្ងៃនេះ ហៅកាត់ខ្លីថា " វត្តភ្នំ " ហើយទីភូមិនោះ គេហៅថា " ភ្នំពេញ " តាំងពីពេលនោះមក រហូតដល់សព្វថ្ងៃ ។
   
ឯព្រះពុទ្ធរូប ៤ ព្រះអង្គ និងអ្នកតាព្រះចៅនោះបានបញ្ចេញឥទ្ធិឫទ្ធីឲ្យឃើញពូកែស័ក្ដិសិទ្ធណាស់ អ្នកណាបន់ស្រន់ក៏បានសម្រេចដូចបំណងពិត ( នេះជំនឿរបស់អ្នកស្រុក ) ។
   
នេះហើយជាដើមកំណើតក្រុងភ្នំពេញ ដែលក្រោយពីនោះរវាង ៦០ ឆ្នាំ បានកើតជាទីក្រុងរបស់ស្ដេចខ្មែរយ៉ាងស្ដុកស្ដម្ភ ។
ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញ លើកទី ១
   
ព្រះរាជពង្សាវតារប្រទេសកម្ពុជា ចែងថា ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់គ្រប់គ្រងរាជសម្បត្តិគង់នៅក្នុងព្រះបរមរាជវាំង មហានគរ (នគរធំ) បាន ១៥ ឆ្នាំ លុះមកដល់ឆ្នាំគម្រប់ ១៦ នៃរជ្ជកាលរបស់ព្រះអង្គ ទើបទ្រង់មានព្រះយោបល់ថា នឹងទ្រាំនៅក្នុងមហានគរនេះតទៅទៀតពុំបាន ក៏មានព្រះបញ្ជាឲ្យកសាងព្រះរាជវាំងថ្មីនៅទួលបាសាណ ក្នុងខេត្តស្រីឈរ ដែលសព្វថ្ងៃហៅថាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
   
នៅថ្ងៃទី ១៣រោច ខែមិគសិរ ឆ្នាំជូត ចត្វាស័ក ព. ស. ១៩៧៦ ច.ស. ៧៩៤ គ. ស. ១៤៣២ ព្រះបាទសម្ដេចបរមរាជា (ពញាយ៉ាត) ទ្រង់ស្ដេចយាងចេញចាកមហានគរ មួយអន្លើដោយរាជសេវកាមាត្យ នាហ្មឺនសព្វមុខមន្ត្រីជាដើម ដោយព្រះទីន័ងនាវាតាមជលមាគ៌ាមក លុះថ្ងៃ ១៥ កើត ខែបុស្ស ឆ្នាំជូតចត្វាស័ក ស្ដេចយាងដល់ទួលបាសាណ ស្ដេចគង់នៅជាសុខសម្រាន្តក្នុងព្រះរាជវាំងបាសាណនោះ បានត្រឹមតែជាង ១ ឆ្នាំប៉ុណ្ណោះ ដោយទឹកទន្លេចេះតែឡើងលិចទីនោះរាល់ឆ្នាំ ទើបព្រះអង្គមានព្រះរាជបញ្ជាឲ្យសម្ដេចចៅពញា កែ នឹងឧកញ៉ាហោរាធិបតី ខៀវ ព្រមដោយមន្ត្រីឯទៀតខ្លះផង ដែលស្គាល់ទីដីមានជយភូមិ ឲ្យទៅពិនិត្យមើលទីដីនៅជិតភ្នំដូនពេញ ឃើញថា ទីដីនៅទិសអាគ្នេយ៍ភ្នំដូនពេញមានជយភូមិល្អ ព្រះអង្គក៏មានព្រះរាជបញ្ជា ឲ្យកសាងព្រះរាជវាំងថ្មីនៅត្រង់នោះ ។
   
នៅថ្ងៃ ៩ កើត ខែពិសាខ ឆ្នាំ ខាលឆស័ក ព. ស. ១៩៧៨ ច. ស. ៧៩៦ គ. ស. ១៤៣៤ ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ស្ដេចយាងចាកចេញព្រះបរមរាជវាំងបាសាណ, នៅថ្ងៃ ១៥ កើត ខែពិសាខ នុ៎ះឯង ស្ដេចយាងចូលគង់ក្នុងព្រះរាជវាំងថ្មីនាទិសអាគ្នេយ៍ ភ្នំដូនពេញ 
   
នៅថ្ងៃ ១១ រោច ខែពិសាខ ឆ្នាំម្សាញ់ នព្វស័ក ព. ស. ១៩៨១ ច. ស. ៧៩៩ គ. ស. ១៤៣៧ ព្រះប្រទានក្រុងថ្មីនេះថា ក្រុងចតុម្មុខមង្គល ។ ឯទន្លេ ៤ មុខ ដែលគេធ្លាប់ហៅថា ទន្លេច្រាបឈាម មកយូរហើយនោះ ទ្រង់ប្រទានឈ្មោះថា ទន្លេចតុម្មុខបូព៌ា វិញ ។ល។ ព្រះអង្គមានព្រះរាជបញ្ជាឲ្យឧកញ៉ាតេជោ ស្រីចៅហ្វាយស្រុកសំរោងទង ជាអ្នកកាន់ការលើកដីចាប់លុបបំពេញភ្នំដូនពេញឲ្យរីកធំខ្ពស់ឡើងផង ។ ទីក្រហូងជ្រៅដែលកើតពីការជីកយកដីនោះជាប់មានឈ្មោះថា បឹងតេជោ រៀងមក គឺទីដីត្រង់ផ្សាថ្មីសព្វថ្ងៃនេះ ។ល។ ទ្រង់មានព្រះរាជបញ្ជាឲ្យឧកញ៉ា ផ្លុង ចៅហ្វាយស្រុកបាទីកាន់ការជីកព្រែក១ នៅខាងត្បូងភ្នំដូនពេញ ដែលជាប់មានឈ្មោះថា ព្រែកឧកញ៉ាផ្លុង ហើយចំណេរកាលតមកហៅថា ព្រែកពាមផ្លុង គឺត្រង់កន្លែងសួនវែងសន្លឹមនៅខាងកើតព្រះសក្យមុនីចេតិយសព្វថ្ងៃនេះ ។ល។
   
ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវិហារលើទីដីខ្ពស់ដែលចាក់ថែមថ្មី ត្រង់កន្លែងវិហារចាស់របស់ដូនពេញ ឲ្យកសាងព្រះចេតិយធំៗ ពីខាងក្រោយវិហារ ។ល។ ទ្រង់បញ្ញត្តឲ្យហៅវត្តភ្នំដូនពេញថា វត្តព្រះចេតិយបព៌ត ដូច្នេះវិញ (លុះចំណេរកាលតមកមហាជនបែរជាហៅវត្តនេះថា វត្តភ្នំដូនពេញ អ្នកខ្លះហៅថាវត្តភ្នំពេញ ឬថា វត្តភ្នំ ជាប់តរៀងមក ) ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវត្ត ៦ ដទៃទៀត គឺ ៖
   
១- វត្តកោះ    នៅត្រង់ទិសខាងកើតឆៀងអាគ្នេយ៍ភ្នំដូនពេញ,
   
២- វត្តលង្កា    នៅត្រង់ទិសខាងកើតឆៀងឦសានភ្នំដូនពេញ,
   
៣- វត្តព្រះពុទ្ធឃោសា នៅត្រង់ទិសខាងត្បូងព្រែកចិនដំដែកនាទិសខាងជើងភ្នំពេញ
   
បានជាទ្រង់ព្រះរាជទាននាមវត្តទាំង ៣ នេះដូច្នេះ ដើម្បីឲ្យសមនឹងដំណើររឿងដែលថា ព្រះឃោសាចារ្យទៅចម្លងគម្ពីរអំពីកោះលង្កា ។
    ៤- វត្តពាមផ្លុង នៅត្រង់ទិសអាគ្នេយ៍ភ្នំពេញ ជិតជាប់នឹងមាត់ព្រែកឧកញ៉ាផ្លុង ឆ្ងាយបន្តិចពីវត្តកោះ ។ ព្រះពុទ្ធរូបអង្គធំដែលតម្កល់ក្នុងវិហារវត្តពាមផ្លុងនោះ មានព្រះនាមថា ព្រះស្រកាលេញ ព្រោះគេបិទមាសរំលេចមានសណ្ឋានស្រដៀងនឹងស្រកាត្រីលេញ ។
   ៥- វត្តឧណ្ណាលោម ដែលមាននាមនេះស្រេចស្រាប់មកពីយូរហើយ ជានាមនៃព្រះចេតិយ ដែលបញ្ចុះព្រះឧណ្ណាលោម (រោមប្រជុំចិញ្ចើម) នៃព្រះអស្សជិតត្ថេរ នៅចំកណ្ដាលព្រះចេតិយទាន ៥ ខាងលិចវត្តឧណ្ណាលោមសព្វថ្ងៃនេះ
   
៦- វត្តខ្ពបតាយ៉ង ដោយយកនាមតាម្នាក់ឈ្មោះយ៉ង ដែលជាអ្នកនៅនឹងខ្ពបនោះមុនគេ លុះចំណេរកាលមក វត្តខ្ពបតាយ៉ង គឺវត្តបទុមវតីសព្វថ្ងៃនេះ ។
   
បន្ទាប់ពីនោះ ព្រះបរមរាជា (ពញាយ៉ាត) ព្រះអង្គមានព្រះរាជបញ្ជាឲ្យជីកព្រែកមួយទៀតនៅទិសខាងត្បូងព្រះបរមរាជវាំង ហើយឲ្យលើកកំពែងព័ទ្ធជុំវិញក្រុង ។ ព្រែកនៅខាងត្បូងនោះឲ្យឈ្មោះថា ព្រែកតាកែវ នៅខាងលិចព្រែកនោះ មានអូរ ១ ហៅថា អូរគរ ។ មានព្រែក ១ នៅខាងជើងភ្នំហៅថា ព្រែកពុំពាយ ប៉ុន្តែដោយហេតុត្រង់កន្លែងនោះ មានរោងចិនដំដែកវិញ ។
   
នៅតាមមាត់ទន្លេ ៤ មុខ ព្រះរាជាទ្រង់មានព្រះរាជបញ្ជាឲ្យលើកដីជាកំពែងដើម្បីការពារទឹកទន្លេកុំឲ្យឡើងលិចទីក្រុង ។ ខាងក្នុងកំពែងទីក្រុងថ្មីនេះ ពួកអ្នករាជការនិងអ្នកស្រុកសង់ផ្ទះសម្បែងបានតាមចិត្ត ។ ឯភូមិភាគខាងលិចទីក្រុងសុទ្ធតែជាវាលស្រែ ។
   
បួនឆ្នាំក្រោយមក ព្រះនារាយណ៍រាជាជាព្រះរាជបុត្រច្បងនៃព្រះបរមរាជា (ពញាយ៉ាត) បានត្រូវតាំងជាព្រះឧបរាជ ហើយទ្រង់ទៅសាងប្រាសាទគង់នៅឯជ្រោយរលួស ។ ក្នុងពេលជាមួយគ្នានោះ ព្រះស្រីរាជា ជាព្រះរាជបុត្របន្ទាប់នៃព្រះបរមរាជា (ពញាយ៉ាត) ទ្រង់ទៅគង់នៅទីខាងលិចអូរគរ លើទួលមួយដែលជាប់នាមហៅថា ទួលព្រះស្រី នៅខាងជើងវត្តព្រះពុទ្ធមានបុណ្យ ។
ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើកទី ២
   
នៅថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំឆ្លូវសប្ដស័ក ព. ស. ២៤០៩ ម. ស. ១៧៨៧ ច. ស. ១២២៧, គ. ស. ១៨៦៥(១) ម៉ោង ៩ ព្រឹក ព្រះបាទសម្ដេចព្រះនរោត្តម បរមរាមទេវាវតារ (ព្រះសុវណ្ណកោដ្ឋ) ស្ដេចយាងចេញចាកព្រះបរមរាជវាំងស្រះសារពើយុត្ត ក្រុងឧត្តុង្គមានជ័យ មកគង់ក្រុងភ្នំពេញ ចតុម្មុខនគរ ។
   
ការកសាងក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះករុណានរោត្តមនេះ ជាការកសាងលើកទី ២ តពីទី ១ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) បានប្រកបដោយជោគជ័យ សិរីមង្គល រុងរឿង ចម្រើន ឋិតថេររហូតមកដល់សព្វថ្ងៃសម័យបច្ចុប្បន្ន ។


១- សៀវភៅពង្សាវតារនៃប្រទេសកម្ពុជា របស់ក្រសួងសិក្សាធិការ បោះពុម្ពក្នុងឆ្នាំ ១៩២៥ ទំព័រ ទី ១០ ថា ទ្រង់ព្រះនាមព្រះបាទសម្ដេចព្រះបរមរាជាធិរាជរាមាថិបតី ព្រះស្រីសុរិយោពណ៌ ធម្មិកមហារាជា បរមនាថបរមបពិត្រ ។
២- ព្រះស្រីសុរិយោពណ៌ ឡើងគ្រងរាជពី គ. ស. ១៣៨៤, តែ ១២ ឆ្នាំក្រោយមកទើបអភិសេកនៅ គ. ស. ១៣៩៦ ។ ព្រះក្នុងរាជ្យថា ព្រះបាទសម្ដេច ស្ដេចព្រះរាជឱង្ការព្រះបរមរាជាធិរាជ រាមាធិបតី ព្រះស្រីសុរិយោពណ៌ ធម្មិកមហារាជាធិរាជព្រះបរមនាថបរមបពិត្រ ( សូមអាន : Histoire du cambodge, A. Leclère P. 218 )
៣- សៀវភៅប្រវត្តិឧណ្ណាលោម របស់សម្ដេចព្រះសង្ឃរាជ ជួន ណា គណមហានិកាយ បោះពុម្ពក្នុងឆ្នាំ ១៩៦៣ ទំព័រ បញ្ជាក់ពីរឿងព្រះបាទ ពញាយ៉ាត ថាជាស្ដេចចេញចាកមហានគរនៅ គ. ស. ១៤៣២ ដូចខាងលើនេះ, សៀវភៅកម្ពុជាវតាររបស់ក្រសួងអប់រំជាតិ បោះពុម្ពក្នុងឆ្នាំ ១៩២៩ ទំព័រ ៤៨ ថា នៅ គ. ស. ១៤២១ ។
៤- ព្រះស្រកាលេញអង្គនេះហើយដែលចៅពញាភក្តីសង្គ្រាមហុក ជាមេទ័ពមានកេរ្តិ៍ឈ្មោះ បានចូលទៅបួងសួងនៅពេលយប់មុននឹងចុះហែលទឹកទន្លេទៅលបអញ្ជើញស្ដេចសម្ដេចព្រះទាវក្សត្រីជាព្រះជននីនាថ នៃព្រះបាទសម្ដេចព្រះជ័យចេស្ដាឲ្យបានរួចផុតកណ្ដាប់ដៃសត្រូវនៅជ្រោយចង្វាក្នុងពុទ្ធសតវត្ស ទី ២៣ ។ លុះចំណេរមកខាងមុខ ព្រះពុទ្ធរូបស្រកាលេញអង្គនេះបានប្រតិស្ឋានក្នុងវត្តឧណ្ណាលោម គឺព្រះពុទ្ធរូបអង្គធំ ក្នុងវិហារវត្តឧណ្ណាលោមសព្វថ្ងៃនេះ ដែលត្រូវបានជួសជុលអស់វារៈ ៣ ដងហើយ ។ ឯព្រះនាមថា ព្រះស្រកាលេញនោះកំពុងរលុបបាត់ទៅឥតមានលេចឮឡើយ ។
៥- សៀវភៅប្រវត្តិឧណ្ណាលោម របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត គណមហានិកាយ បោះពុម្ពក្នុង គ. ស. ១៩៦៣ ទំព័រ ៩ បញ្ជាក់រឿងស្ថាបនាក្រុងភ្នំពេញលើកទី ២ ថា នៅ គ. ស. ១៨៦៥ ដូចខាងលើនេះ ។ សៀវភៅកម្ពុជាវតាររបស់ក្រសួងអប់រំជាតិ បោះពុម្ពក្នុង គ. ស. ១៩២៩ ទំព័រ ១១០ ថា នៅ គ. ស. ១៨៦៧ ។ សៀវភៅពង្សាវតារនៃប្រទេសកម្ពុជា របស់ក្រសួងសិក្សាធិការ បោះពុម្ពក្នុង គ. ស. ១៩៥២ ទំព័រ ១៨៨ ថា នៅ គ. ស. ១៨៦៣ ។



ប្រជុំរឿងព្រេងខ្មែរភាគ ៥

No comments:

Post a Comment

Post Top Ad