រឿង ភូមិស្ដីបិទមាស (នៅខេត្តកំពង់ធំ) ប្រជុំរឿងព្រេងខ្មែរ
ភាគ ៦ ទំព័រ ៩៣ - ៩៦ នៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានភូមិមួយ
ឈ្មោះភូមិស្ដីបិទមាស តាំងនៅតាមមាត់ស្ទឹង, បានជាមាននាមថា ភូមិស្ដីបិទមាស
ដោយមានរឿងព្រេងដំណាលថា ៖ កាលកន្លងជាយូរអង្វែងឆ្នាំមកហើយ មានមេធ្នស់មួយគ្រួ
គឺប្ដីប្រពន្ធ និង កូនក្រមុំមួយ មានរូបស្រស់ឆើតឆាយ, សំចតនៅព្រែក
ធ្វើនេសាទនៅក្បែរខ្ទមអ្នកតាដើមស្ដី ។ ការនេសាទ របស់មេធ្នោះនេះ ចេះតែចម្រើនរៀងរាល់ឆ្នាំ
រហូតទាល់តែបានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដោយរបរនេសាទរបស់ខ្លួន
។ តំបន់នោះ ជាតំបន់មានមូសច្រើនជាអនេក, ថ្ងៃមួយ នៅពេលទៀបពេលយប់មេធ្នស់
បានជួបជុំនឹងគ្រួសារខ្លួនផង និង កូនឈ្នួលខ្លួនផង ក៏និយាយទៅកាន់កូនឈ្នួលជាពាក្យលេងថា
: ក្នុងបណ្ដាអ្នកទាំងអស់គ្នា មានអ្នកណាអាចហ៊ានដេកហាលមូស ១ យប់ទេ ។ ពេលនោះ
មានកូនឈ្នួលកំលោះម្នាក់ ប្រកបដោយរូបឆោម និង ប្រាជ្ញាឈ្លាសវៃ បានឆ្លើយទទួលខ្លួនថា
: "ខ្ញុំហ៊ាន" បើខ្ញុំដេកហាលមូស ១ យប់បាន តើលោកដង្ខៅឲ្យអ្វីខ្ញុំ
។ មេធ្នស់ បែបអន់ចិត្ត ក៏និយាយតបទៅវិញថា : អាចោលម្សៀត ឯងចេះតែអួត គេនិយាយសួរឯណានោះក៏ឯងរ៉ាប់រងដែរ
។ កូនឈ្នួលកំលោះនោះក៏និយាយតបវិញថា : "បើខ្ញុំអួតនោះ សុំឲ្យដង្ខៅភ្នាល់ជាមួយខ្ញុំទៅ
ហ៊ានដាក់អ្វីក៏ហ៊ានដែរ" ។ ដង្ខៅ រឹតតែខឹង និយាយថា "អញដាក់របស់ទ្រព្យដែលអញមានទាំងអស់
អញចុះចេញតែខ្លួនទេ ឲ្យតែឯងហ៊ានឲ្យអញចងឯង ទុកហាលមូសអស់ ១ យប់ទល់ភ្លឺ, ចុះបើឯងពុំហ៊ាន
ឬ ទ្រាំមិនបានវិញ តើឯងសុខចិត្តនៅបម្រើអញអស់មួយជីវិតឬ ? កូនឈ្នួលឆ្លើយថា
ខ្ញុំសុខចិត្តធ្វើ,
តែបើដង្ខៅសុខចិត្ត ត្រូវឲ្យកូនក្រមុំដង្ខៅមកខ្ញុំទៀតផង
កាលបើខ្ញុំឈ្នះ ។ ដង្ខៅ ថា អញសុខចិត្ត, មិនខ្លាចទេ, បើដូច្នេះ
ត្រូវពពួកកម្មករទាំងអស់ ចាប់វាចងភ្លាមឲ្យជាប់នឹងដើមស្ដី ក្រោយខ្ទមអ្នកតានេះចុះ
អញសុខចិត្តហើយ, អញចង់ឈ្នះអានេះម្ដង, កម្មករទាំងអស់គ្នាត្រូវធ្វើបន្ទាល់អញផង
។ កូនឈ្នួលនោះ ក៏សុខចិត្តឲ្យគេចងនឹងដើមស្ដី ។ ដល់គេទាំងអស់គ្នា ត្រឡប់មកលំនៅវិញ
កូនឈ្នួលកំលោះនោះ ក៏បន់ស្រន់អ្នកតា ដែលនៅទីនោះថា "សូមឲ្យលោកតាជួយខ្ញុំផង
ខ្ញុំបានជាជ្រុលភ្នាល់ជាមួយដង្ខៅធ្នស់ទៅហើយ សូមកុំឲ្យមានមូសខាំខ្ញុំឲ្យសោះ
សូមឲ្យខ្ញុំបានរស់ជីវិត ហើយឲ្យបានកូនក្រមុំមេធ្នស់ និង មានទ្រព្យសម្បត្តិ, បើបានដូចប្រាថ្នាមែន
ខ្ញុំសន្យាថា នឹងទិញមាសមកបិទដើមស្ដីនេះ តាំងពីគល់រហូតដល់ចុង ហើយធ្វើខ្ទមគ្រឿងឈើប្រក់ក្បឿងថ្វាយលោកអ្នកតាទៀតផង"
។ ចំណែកមេធ្នស់ នឹកថា ៖ អាកូនឈ្នួល ដែលវាហ៊ានឲ្យចងវាហាលមូសនេះ មុខជានឹងស្លាប់ដោយមូសខាំ
ដោយសោះឈាមមិនខាន ។ តែបើវាទ្រាំមិនបាន វាហៅឲ្យស្រាយពាក់កណ្ដាលអាធ្រាត្រនោះ
វាមុខជានៅធ្វើខ្ញុំបម្រើអញអស់មួយជីវិតមិនខាន ។ នៅពេលយប់នោះ អ្នកតាដើមស្ដី
លេងបៀចាញ់អ្នកតាឯទៀត យកមូសទៅសងគេអស់, មូសដែលធ្លាប់តែមាន ដូចជាគេបាចអង្កាម
ក្លាយទៅជាស្ងាត់ឈឹង ឥតសេសសល់បន្តិចបន្តួចឡើយ ហើយឈ្នួលនេះទៀត ក៏គ្មានមូសខាំបន្តិចសោះដែរ
ដោយហេតុតែវាមាននិស្ស័យ ត្រូវជាគូព្រេងជាមួយកូនក្រមុំមេធ្នស់ ហើយត្រូវវាឡើងធ្វើជាអ្នកមានផង
។ លុះភ្លឺឡើង ដង្ខៅធ្នស់ និង កូនឈ្នួលឯទៀតនឹកថា "អាកូនឈ្នួលដែលចងនៅដើមស្ដីនោះ
វាស្លាប់ស្រេចទៅហើយ" ក៏បបួលគ្នាដើរទៅមើល ស្រាប់តែឃើញអានោះ សើចដាក់ដង្ខៅ
និង កូនឈ្នួលឯទៀតទៅវិញ ។ ពេលនោះ អ្នកឃើញទាំងប៉ុន្មានក៏កោតស្ញប់ស្ញែង ខ្លាចអំណាចកូនឈ្នួលនោះគ្រប់គ្នា
។ ដង្ខៅ នឹកអស់សង្ឃឹម និយាយនឹងកូនឈ្នួលឯទៀតថា : កិច្ចសន្យាដែលអញបាននិយាយគ្នាពីល្ងាចនោះ
ឥឡូវនេះ ទុកជាកូនឈ្នួលនេះឈ្នះអញហើយ ត្រូវអញលើកទ្រព្យសម្បត្តិ និង កូនក្រមុំអញផ្សំផ្គុំឲ្យវា"
។ ក្នុងថ្ងៃដដែលនោះ មេធ្នស់ ឲ្យកាប់ជ្រូក មាន់ ទា ធ្វើម្ហូបអាហាររៀបការកូនឈ្នួល
និង កូនក្រមុំរបស់ខ្លួន រួចប្រគល់ទ្រព្យសម្បត្តិ និង មុខរបរដង្ខៅធ្នស់ ឲ្យកូនប្រុស-ស្រីកាន់កាប់តទៅ
។ ដង្ខៅនោះ ក៏នាំប្រពន្ធចុះចេញទៅនៅលំនៅដើមវិញ ។ ដង្ខៅធ្នស់ថ្មី (ប្ដីប្រពន្ធ)
និយាយគ្នាថា : "យើងត្រូវឲ្យគេទិញមាសសន្លឹកមកបិទដើមស្ដី ហើយធ្វើខ្ទមឲ្យអ្នកតា
តាមដែលបងបានបន់ស្រន់បួងសួង" ។ លុះធ្វើស្រេចហើយ អ្នកតាទីនោះ ក៏មានឫទ្ធានុភាពពូកែ
ហើយមិនត្រឹមតែមេធ្នស់ប៉ុណ្ណោះទេ ដែលគោរព ទោះបីអ្នកស្រុក ឬអ្នកដំណើរនានាតាមដងស្ទឹង
ក៏គោរពអ្នកតានោះ យកជាទីពឹងពំនាក់ដែរ ។ អ្នកតានោះក៏មានឈ្មោះថា "អ្នកតាដើមស្ដីបិទមាស"
តាំងពីត្រឹមនោះមក ។ តែសម័យឥឡូវនេះ ដើមស្ដីនោះ ងាប់បាត់ទៅហើយ, ឯខ្ទម ដែលមេធ្នស់ធ្វើនោះ
ក៏ពុកបាក់បែកបាត់ទៅហើយដែរ, នៅសល់តែកន្លែងដើមស្ដី និង ខ្ទមអ្នកតាប្រក់ស្បូវប៉ុណ្ណោះ
។ ព្រោះហេតុដូចរៀបរាប់នេះ បានជាភូមិនៅតាមមាត់ស្ទឹង ក្បែរខ្ទមអ្នកតាទាំងអស់
បានជាប់ឈ្មោះថា : "ភូមិដើមស្ដីបិទមាស" ហៅក្លាយមកត្រឹមតែ
"ភូមិស្ដីបិទមាស,
ជាប់រហូតមកដល់សព្វថ្ងៃនេះឯង ។
ដកស្រង់ចេញពី៖ ប្រជុំរឿងព្រេងខ្មែរ
No comments:
Post a Comment