រឿង ប្រាសាទបន្ទាយឆ្មារ1 (នៅខេត្តបាត់ដំបង) ប្រជុំរឿងព្រេងខ្មែរ
ភាគ ៦ ទំព័រ ៦៤ - ៧៥ ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកបន្ទាយឆ្មារ
ខេត្តបាត់ដំបង នៅចម្ងាយផ្លូវប្រមាណ ១២០ គ.ម. ទិសខាងជើងនៃក្រុងបាត់ដំបង ។ ពីដើមមក
តំបន់នេះ ស្ថិតនៅក្នុងអាថ៌កំបាំងណាស់ ព្រោះផ្លូវទៅមក ជាផ្លូវរទេះ រថយន្តពុំអាចធ្វើដំណើរបានឡើយ
មានតែអ្នកស្រាវជ្រាវខ្លះៗ ដែលខិតខំតស៊ូ ធ្វើដំណើរឲ្យបានទៅដល់ទីនោះ
តែទៅបានដោយលំបាក គឺត្រូវប្រើរទេះគោ ឬ ជិះសេះ ។ នៅគ្រាសព្វថ្ងៃ, ទីតំបន់នេះ
ក៏បានពង្រីកមុខមាត់ស្រស់បស់ដែរ ក្រោមការរៀបចំនៃរដ្ឋាភិបាលសង្គមរាស្ត្រនិយម
ដែលមានសម្ដេចឪទ្រង់ដឹកនាំ គឺរាជការបានចែកតំបន់នេះជាស្រុកមួយ ហៅថា ស្រុកបន្ទាយឆ្មារ
ដែលពីដើម នៅជាឃុំតូច ស្ថិតនៅដាច់ស្រយាល ។ ទីកន្លែងនេះ រាប់បានថាជាភូមិភាគព្រៃភ្នំ
ព្រោះនៅចម្ងាយតែ ២៥ គ.ម. ប៉ុណ្ណោះ ពីជើងភ្នំដងរែក ។ ការស្រាវជ្រាវរកប្រវត្តិពង្សាវតារ
និង រឿងព្រេង ដែលទាក់ទងដោយប្រាសាទបុរាណនេះ ឃើញមាននៅរដាច់រដោច តាមសាស្ត្រាស្លឹករឹតខ្លះ
តាមមាត់អ្នកស្រុកខ្លះ ។ យើងលើកយកមកពោលក្នុងទីនេះ តាមឯកសារក្រុមជំនុំទំនៀមទម្លាប់
ដែលសមាជិកខេត្តក្រៅសរសេរមកខ្លះ តាមសាស្ត្រាស្លឹករឹតនៅវត្តថ្មពួក2ខ្លះ និងតាមសាស្ត្រាបុរាណ
រឿងព្រះបាទយសកេរ ដែលមានតម្កល់នៅបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ3ខ្លះ ល្មមឲ្យប្រមូលសេចក្ដីបាន
ដូចតទៅនេះ ៖ មានសេចក្ដីនិទានថា កាលពីអង្វែងព្រេងនាយឆ្ងាយមកហើយ មានក្សត្រមួយព្រះអង្គ
គ្រងរាជ្យនៅចម្បាកបុរី (ត្រង់បន្ទាយឆ្មារសព្វថ្ងៃ) មានព្រះនាមថាព្រះបាទ
"យសកេរ" ។ ព្រះអង្គមានព្រះទ័យសន្ដោសមេត្តាណាស់, នគរជិតខាង
ក៏ព្រះអង្គមិនដែលទ្រង់មានហេតុអ្វី ជាមួយឡើយ ។ ប្រជានុរាស្ត្ររបស់ព្រះអង្គ
ក៏បានក្សេមក្សាន្តសន្តិភាពយ៉ាងរៀបរយ ។ ព្រះកិត្តិនាមដ៏ខ្ពង់ខ្ពស់នេះ បានលេចឮដំណឹងទៅដល់ព្រះរាជាមួយព្រះអង្គទៀត
ព្រះនាមព្រះបាទ ហ៊ូលូ ដែលគ្រងរាជ្យនៅប្រាសាទព្រៅ នាំឲ្យចង់រំលោភអំណាចមកលើដែនចម្បាកបុរី
ទើបថ្លែងសារមួយ ទារយករាជសម្បត្តិពីព្រះបាទយសកេរ ។ ដោយព្រះអង្គសព្វព្រះទ័យ
តែងនឹងការស្ងប់សន្តិភាព ព្រះបាទយសកេរ ទ្រង់ពុំព្រមតសង្គ្រាមទេ ភៀសព្រះអង្គចេញពីព្រះរាជវាំងឲ្យផុត
កុំឲ្យកើតសឹកសង្គ្រាមបាន ព្រោះនាំឲ្យលំបាកដល់ប្រជាពលរដ្ឋព្រះអង្គ ។ ដូច្នេះ
ចាប់តាំងពីពេលនោះមក បន្ទាយឆ្មារ ក្នុងដែនចម្បាកបុរី ត្រូវឋិតនៅក្នុងការឃុំគ្រងនៃព្រះបាទ
ហ៊ូលូ រហូតមក ។ លុះពេលជាចំណេរតមក ព្រះបាទ ហ៊ូលូ មានបំណងចង់ពង្រីកទឹកដីថែមទៀតផង
និងខ្លាចក្រែងព្រះមហាក្សត្រអង្គមុន មកដណ្ដើមយកស្រុកវិញផង ព្រះអង្គក៏ប្រកាសដល់មហាជនថា
ឥឡូវនេះ បើនរណាមួយ អាចយកការណ៍ឲ្យច្បាស់ ពីទីកន្លែងព្រះបាទយសកេរបាន ព្រះអង្គនឹងប្រទាននូវមាស
១០០០ តម្លឹង ។ ពេលនោះ មានពួកព្រានដែលដើរបាញ់ តាមព្រៃផ្សៃឆ្ងាយៗ ក៏ទៅលបមើលឃើញព្រះបាទយសកេរ
ជាមួយព្រះនាងបទុម ជាអគ្គមហេសី និង រាជកុមារវិបុលកេរ ទ្រង់គង់នៅប្រាសាទតាមាន់
ដែលឋិតនៅលើខ្នងភ្នំដងរែក ។ ដោយសារចង់បានរង្វាន់ជាមាស ១០០០ តម្លឹងនោះ
ពួកព្រានកំណាច នាំគ្នាលបចាប់ព្រះបាទយសកេរ នៅពេលដែលព្រះអង្គគង់ស្មឹងស្មាធិ៍
តែមួយអង្គឯងនៅក្នុងព្រៃស្ងាត់, នាំយកទៅថ្វាយព្រះបាទហ៊ូលូ ដើម្បីបើកយករង្វាន់
។ ពេលនោះ ព្រះបាទហ៊ូលូ ក៏ទ្រង់ត្រាស់បញ្ជាឲ្យពេជ្ឈឃាដ នាំយកព្រះអង្គទៅដាក់ទោស, យ៉ាងទម្ងន់
។ នឹងចាប់ថ្លែងពីព្រះនាងបទុម និង ព្រះរាជបុត្រាវិញម្ដង ។ ព្រះនាងសោយសោកសង្រេងសង្រៃដោយបាត់ស្វាមី
ហើយថែមទាំងបានទទួលដំណឹងថា ព្រះបាទហ៊ូលូ កំពុងតែដាក់ក្ដីជាទម្ងន់ទៀត ។
ព្រះនាងរក្សាបុត្រាបណ្ដូលហឫទ័យ នៅក្នុងព្រៃអស់រយៈវេលាយ៉ាងយូរ រហូតដល់ព្រះរាជបុត្រា
មានព្រះជន្ម ១២ វស្សា ។ ព្រះកុមារ ដេញដោលពីរឿងរ៉ាវនៃព្រះបិតា, ឯព្រះនាងបទុម
ជាមាតា ក៏រាយរាប់សព្វគ្រប់ប្រទានបុត្រស្ដាប់ ។ តាំងពីជ្រាបរឿងហេតុនេះពិតមក
ព្រះកុមារស្រីវិបុលកេរ តែងតែនឹករលឹកព្រះបិតា ចង់តែសងសឹក ឲ្យឃើញទាន់ហន់តាមកំហឹង, តែព្រះមាតាចេះតែព្រមានរំលឹកដាស់តឿន
ឲ្យបំភ្លេចរឿងនេះចោលទៅ ព្រោះយើងឥតគ្នីគ្នា នៅក្នុងព្រៃដូចនេះ គ្មានសង្ឃឹមនឹងបានវិលត្រឡប់ទៅកាន់ស្រុក
រកខុសត្រូវវិញបានឡើយ ។ ទោះបីព្រះមាតា ឃាំងឃាត់យ៉ាងណាក្ដី, ព្រះរាជកុមារ
នៅតែពុំសុខព្រះទ័យឡើយ ពេលមួយ ព្រះអង្គលាព្រះមាតា ទៅស្វែងសព្វទិសទី រកស៊ើបដំណឹងព្រះបិតា
។ ការស្វែងនេះប្រព្រឹត្តទៅអស់ពេលដ៏យូរ ស្រាប់តែទៅប្រទះឃើញ នៅត្រង់ចន្លោះនៃបន្ទាយឆ្មារនូវក្បួនហែអ្នកទោសទៅសម្លាប់
។ ព្រះរាជកុមារ ក្រឡេកទៅស្គាល់អ្នកទោសនេះជាក់ជាបិតាព្រះអង្គ, ទ្រង់ក៏ជែកពពួកហ្វូងមនុស្ស
ឆ្ពោះទៅដល់ទីចំពោះព្រះភក្ត្រនៃព្រះបាទហ៊ូលូ ដែលកំពុងតែគង់ទតក្បួននេះដែរ
។ ព្រះរាជកុមារ មានព្រះបន្ទូលខ្លាំងៗ ថា ៖ - អ្នកទោសនេះ ជាបិតាខ្ញុំ លោកគ្មានទោសខុសអ្វីទេ
។ ការដែលបញ្ជូនទៅសម្លាប់នេះ គ្មានហេតុផលអ្វីជាសំអាងឡើយ, ដូច្នេះ សុំឲ្យលែងភ្លាម
បើចង់សម្លាប់ណាស់ ខ្ញុំស៊ូឲ្យសម្លាប់ខ្លួនខ្ញុំជំនួសវិញ ! ព្រះបាទហ៊ូលូ
ទ្រង់បានឮហើយ ក៏ភ្ញាក់យ៉ាងខ្លាំង ហើយត្រាស់សួរទៅវិញថា ៖ - អ្នកឯងមកពីណា
បានជាហ៊ានមកនិយាយយ៉ាងនេះ ? យើងនឹងឲ្យសម្លាប់ចោលក្នុងរឿណរង្គឥឡូវនេះ រាជកុមារតបភ្លាមថា
៖ - ខ្ញុំជារាជបុត្រនៃព្រះបាទយសកេរ គឺអ្នកទោសនេះឯង ខ្ញុំមិនខ្លាចស្លាប់
ដោយសារអយុត្តិធម៌ដូច្នេះទេ ! ខ្ញុំហ៊ានស្លាប់ជំនួសបិតាខ្ញុំ ។ ព្រះបាទហ៊ូលូ
ទ្រង់ត្រាស់ទៀតថា - កុមារក្លាហាន ! អ្នកនេះ ពិតជាឪពុកអ្នកឬ ? បើដូច្នេះ
អ្នកចូលមក យើងនឹងដាក់ក្ដីលើរូបអ្នកវិញ ! រាជកុមារក្លាហាន ក៏យាងចូលទៅទទួលទោស
ជំនួសព្រះបិតាមួយរំពេច ។ ពេលនោះ ព្រះបាទហ៊ូលូ ត្រាស់បញ្ជាឲ្យពេជ្ឈឃាដប្រហារព្រះរាជកុមារ
នៅចំមុខបណ្ដាជន ដែលកំពុងតែមកអ៊ូអរ ដើម្បីទុកជាបម្រាមដល់ជនទូទៅ ។ អ្នកស្រុក
ដែលឈរមើលទាំងប៉ុន្មាន សឹងផ្អើលឈូឆរដោយសារហេតុការណ៍ចម្លែកនេះ។ ភ័យរន្ធត់
នឹកអាសូររាជកុមារ ខ្លះស្ញប់ស្ញែងនឹងចិត្តក្លៀវក្លា របស់ព្រះរាជកុមារនេះ
។ ដោយអានុភាពកតញ្ញុតាធម៌របស់ព្រះអង្គ ចំពោះអ្នកដ៏មានគុណ ដាវដ៏មុតរបស់ពេជ្ឈឃាដ
ប្រែត្រឡប់ជាមូរមុខអស់រលីង ជាហេតុអស្ចារ្យណាស់ ។ ព្រះបាទហ៊ូលូ ទ្រង់ពិរោធយ៉ាងខ្លាំង
ស្រែកសន្ធាប់ឲ្យពេជ្ឈឃាដប្ដូរដាវខ្មូរមុខនោះចេញ យកដាវសំលៀងមុត ហើយចូលមកកាប់ម្ដងទៀត
។ ជាច្រើនលើកច្រើនគ្រា ដាវនៅតែមូរមុខ ពុំបានមុតដាច់សាច់កុមារ សូម្បីបន្តិចឡើយ
។ ឃើញថា ចាញ់ចេះហើយ ព្រះបាទហ៊ូលូ ឲ្យពេជ្ឈឃាដគរភ្នក់ភ្លើងនោះ យ៉ាងសន្ធៅ
ហើយចាប់រាជកុមារ បោះទៅកណ្ដាលភ្នក់ភ្លើងនោះ, ប៉ុន្តែឥតប្រយោជន៍ទៀត ភ្លើងប្រែជាត្រជាក់ល្ហឹម
ឥតមានសៅហ្មង ដល់សាច់ឈាមព្រះអង្គកុមារបន្តិចឡើយ ។ ព្រះរាជកុមារ ទ្រង់ក្រោកចេញពីភ្នក់ភ្លើង
ដោយព្រះភក្ត្រញញឹមប្រិមប្រិយ ឆ្ពោះទៅរកព្រះបាទហ៊ូលូ និង អាណាប្រជានុរាស្ត្រទាំងអស់
។ ធ្វើប៉ុណ្ណេះហើយ ក៏ពុំទាន់អស់ព្រះទ័យទៀត ព្រះបាទហ៊ូលូ ត្រាស់បញ្ជាឲ្យអមាត្យនាំយកដំរីចម្បាំង
ដែលកាចសាហាវមួយហ្វូង នាំមកឲ្យព្រេចព្រះរាជកុមារទៀត ។ ពួកហ្ម បានបំផាយហ្វូងដំរីយ៉ាងលឿនស្លៅ
ចូលតម្រង់ព្រះរាជកុមារ,
តែអស្ចារ្យណាស់ ដំរីទាំងអស់ លុតជង្គង់ស្មើគ្នា នៅចម្ងាយពីរជំហានពីមុខកុមារ
។ មិនតែប៉ុណ្ណោះ ដំរីច្បងនៅមុខគេ បានលើកត្រកងព្រះអង្គ យ៉ាងថ្នាក់ថ្នម ដាក់លើក្បាលខ្លួនថែមទៀត
។ ពេលនោះ អ្នកស្រុកទាំងអស់ ផ្អើលឆោឡោ ចូលទៅចោមរោមព្រះរាជកុមារ ថ្វាយវរវន្ទាគ្រប់ៗ
គ្នា ។ ឃើញមហិទ្ធិឫទ្ធិព្រះរាជកុមារដូច្នោះ ព្រះបាទហ៊ូលូ លួចភៀសព្រះអង្គចេញបាត់ពីហ្វូងមនុស្ស
ដែលកំពុងតែជ្រួលច្របល់ ។ ម្ល៉ោះហើយ នៅពេលដែលអ្នកផងរួចពីការជ្រួលជ្រើមវិញ
ស្រាប់តែរកស្ដេចហ៊ូលូមិនឃើញសោះ ក៏យល់ថា ព្រះអង្គភៀសចេញបំបាត់ដាន ដោយខ្លាចឫទ្ធិបារមីព្រះរាជកុមារវិបុលកេរ
ដែលឃើញជាក់ស្ដែងអស្ចារ្យយ៉ាងនេះ ។ បន្ទាប់មក ព្រះរាជកុមារវិបុលកេរ បាននាំព្រះបិតាគង់លើព្រះទីន័ងគជេន្ទ្រ
យាងដំណើរទៅដល់ប្រាសាទតាមាន់លើភ្នំដងរែក រួបរួមសុខទុក្ខជាមួយព្រះនាងបទុមយ៉ាងសុខសាន្តទៅ
។ ប៉ុន្តែ មិនយូរប៉ុន្មាន ដោយសារគ្រាំគ្រាក្នុងទារុណកម្មផង ព្រះបាទយសកេរជាព្រះបិតា
ក៏សុគតនៅទីនោះ ។ នៅពេលបន្ទាប់មក, ព្រះរាជកុមាររៀបចំថ្វាយព្រះភ្លើង
បញ្ចុះព្រះធាតុ យ៉ាងស្រួលបួលក្នុងទីនោះឯង ។ នៅពេលបន្ទាប់មកទៀត អ្នកស្រុកបន្ទាយឆ្មារ
មាននាម៉ឺនសព្វមុខមន្ត្រីជាអាទិ បាននាំគ្នារៀបក្បួន ទៅដង្ហែព្រះរាជកុមារវិបុលកេរ
នាំយកមកអភិសេកជាក្សត្រពេញយស នៅវាំងបន្ទាយឆ្មារ, ឯព្រះនាងបទុម
ក៏រស់នៅយ៉ាងសុខសាន្ត ជាមួយរាជបុត្ររហូតទៅ ។ រឿងព្រេងនេះ ប្រហែលគ្នានឹងរឿងព្រេងនៅភ្នំស្រីវិបុលកេរ្តិ៍
នៅខេត្តសៀមរាប ប្លែកគ្នាតែខាងចុង ដែលរឿងភ្នំស្រីវិបុលកេរ្តិ៍ នៅសៀមរាបថា
ព្រះរាជកុមារនេះ និង ព្រះវរមាតាសុគតទៅវិញ ។ ប៉ុន្តែបើដេញដោលរកឲ្យឆ្ងាយទៅទៀត
គេឃើញរឿងនេះ មានក្នុងគម្ពីរ "បញ្ញាសជាតក" ដែលជាគម្ពីរបាលីតែងស្រុកអាយ
នៅជ្រោយសុវណ្ណភូមិយើងនេះ ។ ដូច្នេះអ្នកស្រាវជ្រាវ អាចយល់បានពីរផ្លូវថា
៖ ១- ទំនងជាអ្នកស្រុកខ្មែរយើង បានឃើញរឿងនេះ មាននៅក្នុងគម្ពីរបញ្ញាសជាតករួចហើយ
ទើបគេស្រង់មកដំណាល ភ្ជាប់នឹងទីភ្នំនេះទៅ ។ ២- ប្រហែលជាមានរឿងព្រេងបុរាណនេះ
ជាប់ដិតដោយនឹងភ្នំនេះ ភ្នំនោះ រួចមកហើយ ទើបអ្នកប្រាជ្ញចេះភាសាបាលី នាំយកទៅតែងបញ្ចូលក្នុងបញ្ញាសជាតក
ជាក្រោយ ។ មតិទី ២ នេះ សមច្រើនដែរ ព្រោះមានរឿងព្រេងប្រចាំភ្នំ ភូមិ ស្រុក
យើងច្រើនណាស់ ដែលក្លាយទៅជារឿងក្នុងបញ្ញាសជាតក ដូចជារឿង វរវង្សសូរវង្ស (ជួរភ្នំគិរីរម្យសព្វថ្ងៃ), ភ្នំនាងកង្រី
(នៅកំពង់ឆ្នាំង) ជាដើម ។ ចំពោះពាក្យថា "បន្ទាយឆ្មារ" នេះវិញ ក៏នាំឲ្យមានការដេញដោលសន្ធឹកណាស់ដែរ
។ តាមការយល់របស់អ្នកស្រាវជ្រាវខ្លះ ថាបន្ទាយឆ្មារនេះបានន័យថា "បន្ទាយតូច"
ឬ "វាំងតូច" ផ្ទុយគ្នាអំពីបន្ទាយធំ ឬ នគរធំ ។ មតិនេះ ឃើញថា សមហេតុផលដែរ
ព្រោះតាមប្រវត្តិសាស្ត្រយើង ក៏ឃើញមានបន្ទាយធំជារាជធានី ដែលហៅថា "មហានគរ"
ប្រែថា ក្រុងធំ ។ ដូច្នេះ កាលបើមានបង្កើតក្រុងមួយទៀតដែលតូចល្មម ឬ ជារាជធានីតូច
ដែលសម្រាប់ស្ដេចអនុជ ឬ ស្ដេចត្រាញ់គង់នៅ, ក៏អ្នកស្រុកអាចសំគាល់ហៅទីនោះថា
ក្រុងតូច ឬ បន្ទាយតូច ឬ បន្ទាយឆ្មារ4 ដូច្នេះក៏បានដែរ ។ ឯកន្លែងនេះ
ពិតជាមានទីក្រុងចាស់ប្រាកដមែន ដូចជាការស្រាវជ្រាវ របស់លោកហ្គុសលីយ៉េរ សរសេរថា5 មានទីប្រជុំជនមួយឈ្មោះ
ក្បាលអន្សោង នៅចម្ងាយ ២ គ.ម. ពីទីនេះ ធ្លាប់មានមនុស្សរស់នៅដល់ទៅប្រមាណជា
២០០.០០០ នាក់ សុទ្ធតែជាពួកអ្នកមានមុខងារ មកកសាងប្រាសាទពីជំនាន់នោះ ។ ប៉ុន្តែ
ដោយចំណេរតមក នៅតំបន់នោះ មានទឹកជំនន់ជន់លិច, មានកើតជំងឺដង្កាត់ច្រើន, ពួកអ្នកស្រុកទាំងនេះ
ក៏រត់ទៅនៅឯទីឆ្ងាយ ពីនេះបន្តិចទៅវិញ ដែលល្មមរស់នៅបានស្រួល គឺទីរួមស្រុកសុរិន្ទ
សព្វថ្ងៃនេះ ។ ហេតុនេះហើយបានជាសុរិន្ទ ឡើងទៅជាទីប្រជុំជនសំខាន់មួយ តាំងពីគ្រានោះមក
។ មិនតែប៉ុណ្ណោះ តាមយោបល់លោក អៃម៉ូនិញេ ថា មកដល់ឆ្នាំ ១៨៨៤ ដែលខេត្តសុរិន្ទ
បានទៅសៀមហើយ ក៏ចៅហ្វាយខេត្តនេះ នៅតែមានងារថា ៖ ពញាសុរិន្ទភក្ដីធីននគរបន្ទាយសេមារ6 ។ យោបល់នេះ
ក៏បញ្ជាក់ថែមទៀតថា ពួកអ្នកស្រុកសុរិន្ទ មានដើមកំណើតពីបន្ទាយឆ្មារនេះមែន
។ តាមការស្រាវជ្រាវ របស់លោក សឺដែស7 បានបញ្ជាក់ថា ប្រាសាទបន្ទាយឆ្មារ
កសាងឡើង ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័ន ទី ៧ គឺព្រះអង្គសាង ឧទ្ទិសចំពោះវិញ្ញាណក្ខន្ធ
នៃព្រះរាជបុត្រាព្រះអង្គ ព្រះនាមស្រិន្ទកុមារ ព្រមទាំងអ្នករួមអាវុធរបស់ព្រះអង្គ
៤ នាក់ទៀត ដែលស្លាប់បាត់បង់ជីវិតនៅក្នុងសមរភូមិ នៅគ្រាប្រយុទ្ធជាមួយកងទ័ពចម្ប៉ា
ដែលចូលមករុករាន ។ តែបើតាមឯកសារផ្សេងទៀត ថា ព្រះបាទជ័យវរ្ម័ន ទី ២ បានសាងក្នុងដើមសតវត្សទី
៩8
។ ដូច្នេះ សរុបសេចក្ដីទៅ តាមរឿងព្រេងក្ដី សិលាចារឹកក្ដី ក៏បង្ហាញបញ្ជាក់ថា
ទីប្រាសាទបន្ទាយឆ្មារនេះ ជាទីប្រជុំជនចាស់ក្នុងសម័យអង្គរ ល្មមសមគួរតាមពាក្យអ្នកស្រុកហៅ
តាមទម្លាប់ពាក្យជាន់នោះ ហៅថា "បន្ទាយឆ្មារ" ដែលបានន័យថា "វាំងតូច"
។ ឯរឿងព្រេងបន្ថែមលើរឿងរ៉ាវដ៏វែង ដូចបានរៀបរាប់មកខាងលើនេះ គ្រាន់តែជាការប្រឌិតយកទីកន្លែង
ទៅភ្ជាប់ជាមួយអក្សរសាស្ត្រ ឲ្យបានន័យពីរោះពិសាតែប៉ុណ្ណោះ ។
ប្រជុំរឿងព្រេងខ្មែរ
No comments:
Post a Comment