គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១០
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានស្វាព្រាមមួយ
ទៅបានមេស្វាឳជាភរិយាស្វាព្រាមនោះ
នាំមេភរិយាចេញចាកពួកស្វាឳទាំងឡាយ ដែលជាញាតិ ទៅនៅទីជើងភ្នំ
ស្វាព្រាមនោះស្រលាញ់មេភរិយាក្រៃពេក
តាំងថ្នាក់ថ្នមពុំអោយទៅរកស៊ីនៅទីអែណាឡើយ ស៊ូទៅបេះផ្លែឈើ រឺអាហារអែណាដែលមេនោះចង់ស៊ី
ហើយក៏អុស្សាហ៍នាំមកចិញ្ចឹមភរិយានោះតែសព្វថ្ងៃ។
លុះនៅយូរមកមានស្វាឳឈ្មោលមួយវង្វេងព្រៃ
ដើរទៅដល់ទីស្វាព្រាមនោះអែង
ថ្ងៃនោះស្វាព្រាមទៅស្វែងអាហារអែព្រៃភ្នំ នៅតែមេភរិយាចាំទី
អែមេនោះកាលឃើញស្វាឈ្មោលជាជាតិខ្លួនមកដល់ដូច្នោះ
ក៏កើតក្ដីស្នេហាស្រលាញ់ចង់រួមផ្លូវបវេណី តាមជាតិខ្លួន
ទើបសាកសួរដោយមាយាទៅថា «ហៃអ្នកកំលោះ អ្នកដើរមកនេះតើមកអំពីស្ថានណា
អ្នកមកនេះតើមានបើប្រាថ្នារកអ្វីហៈ?។
អែស្វាឈ្មោលបានលឺពាក្យមេនោះសួរដូច្នោះ ក៏គិតថា
មេនេះជាជាតិជាមួយនឹងអញ អញមកដល់ទីនេះ ពុំមានស្គាល់នរណាមួយឡើយ
គួរហើយនឹងនិយាយប្រលោមអោយស្និទ្ធទុកជាមិត្ដជាញាតិ
នឹងបានជាទីពឹងទៅខាងមុខ គិតហើយក៏ពោលតបទៅថា «អោនាងអើយ! ខ្លួនខ្ញុំនេះវង្វេងផ្លូវព្រៃ
ដើរស្វែងរកពួកញាតិមិត្ដជាជាតិដូចគ្នា ក៏ពុំប្រទះនរណាមួយឡើយ
ទើបតែថ្ងៃនេះ ជាបុញ្ញលាភបានមកប្រទះលើនាងជាជាតិដូចគ្នានៅនេះ
អើនាង! ហេតុម្ដេចបានជានាងនៅតែអែង អ្នកជាប្រុសតើគាត់អញ្ជើញទៅអែណា
មួយទៀតនាងជាជាតិស្វាឳ តែងនៅដោយព្រៃរនាមនេះ ហេតុអ្វីមកនៅ
នៅទីនេះតែអែងដូច្នេះ?»។
មេស្វាឆ្លើយថា «ខ្ញុំមានប្ដីជាជាតិស្វាព្រាមបានជាតាមមកនៅក្នុងទីនេះ
អីលូវគាត់ទៅស្វែងរកអាហារហើយ ចុះអ្នកកំលោះអែងនឹងគិតទៅអែណា?។ ស្វាឳក៏ឆ្លើយប្រាប់ថា «ខ្ញុំនេះមិនកំនត់ទេ
ចិត្ដចង់នៅនាទីនេះដែរ
តែខ្លួនម្នាក់អែងពុំមានញាតិមិត្រអែណាមួយជាទីពឹងពាក់អាស្រ័យសោះ
គិតថាបើមានទីពឹងពាក់អាស្រ័យបាន ក៏នឹងនៅរកស៊ីនឹងគេតទៅ
ថាបើពុំមានទេ នឹងវិលទៅលំនៅដើមខ្លួនវិញ។
អែមេស្វានោះ
មានចិត្ដស្រលាញ់ស្វាឳនោះខ្លាំងណាស់ ក៏ទទួលពាក្យថា «អ្នកអែងចូរនៅទីខ្ញុំនេះចុះ តែអ្នកអែងឆ្លើយថា ជាក្មួយខ្ញុំ
មកសួរសុខទុក្ខខ្ញុំយ៉ាងនេះទើបអិតក្ដីរង្កៀស អីលូវនេះប្ដីខ្ញុំទៅព្រៃស្វែងរកអាហារពុំទាន់មក
បើគាត់មកកាលណា ចូរបាអែងហៅគេលោកមាៗចុះយើងប្រាប់ប្ដីយើងថា
បាអែងជាក្មួយមកតាមយើង មកសួរយើង ៗនឹងអោយចៅអែងនៅជាមួយផង
កុំអោយប្ដីយើងគាត់មានចិត្ដរង្កៀសសង្ស័យនឹងចៅឡើយ ថាហើយមេស្វាប្រាប់ឈ្មោះម្ដាយឳពុក
នឹងឈ្មោះញាតិសន្តានអែណោះអោយចៅពានរនោះចាំឈ្មោះទាំងអស់
ដើម្បីប្ដីសួរសុខទុក្ខដល់វង្សញាតិ នឹងប្រាប់អោយត្រូវ
អោយប្ដីជឿចិត្ដថា ជាកូនក្មួយខាងប្រពន្ធមែន
មេស្វាប្រាប់ការនោះស្រេចហើយ ក៏នាំចៅពានរនោះចូលទៅក្នុងរូងភ្នំជាលំនៅខ្លួន
ហើយសំដែងករិយាមាយាញ៉ាំងចិត្ដចៅពានរអោយទប់ពុំបាន
ចៅពានរក៏ចូលរួមសង្វាសសេពមេថុន នឹងមេនោះអែង លុះរួចកិច្ចនោះហើយ
ចៅពានរក៏ចេញមកខាងក្រៅ។
លុះដល់ពេលល្ងាច ស្វាព្រាមជាប្ដីមកដល់មេនោះ
ក៏ធ្វើជាមាយាប្រើកិរិយាដូចជាគេត្រេកអរនឹងប្ដីក្រៃពេក
គឺស្ទុះទៅទទួលប្ដីហើយស្រដីថា ថ្ងៃនេះខ្ញុំនឹកដល់អ្នកណាស់
ព្រោះក្មួយយើងទើបនឹងមកដល់ បានដំណឹងពីពួកញាតិយើងថា
សុខសប្បាយជាទាំងអស់គ្នាទេ។ អែស្វាព្រាមពុំដឹងកលមាយាមេប្រពន្ធក៏នឹកស្មានថាមែនពិត
ទើបសួរទៅថា ចុះក្មួយនោះនៅអែណា ទៅហៅវាមកមើល
មេស្វាក៏ចេញទៅហៅអាសហាយនោះមក អានោះមកក៏សំពះសួរតាមភាសា
ទើបស្វាព្រា មសួរដំណឹងពីពួកញាតិខាងប្រពន្ធនោះ
តាមក្ដីដែលប្រាសមកនៅឆ្ងាយ អែចៅពានរនោះ ក៏ប្រាប់តាមសេចក្ដី
គឺស្វាព្រាម នោះសួរដល់ឈ្មោះណា
ចៅពានរក៏ប្រាប់តាមឈ្មោះនោះពុំអោយខុសឡើយ។
ចៅស្វាព្រាមបានលឺចៅពានរប្រាប់ឈ្មោះវង្សញាតិត្រកូលចំឈ្មោះដូច្នោះ
ក៏អស់ក្ដីសង្ស័យ ជឿថាជាញាតិខាងប្រពន្ធខ្លួនពិត ទើបនិយាយថា «អើក្មួយអែងបានមកដល់ទីយើងនេះហើយ ក៏ចូរនៅរកស៊ីនឹងយើងចុះ
បើចង់ទៅស្រុកវិញកាលណាចូរប្រាប់មា ៗជូនទៅ» ថាហើយក៏រៀបចំទីអោយចៅពានរនោះនៅក្នុងរូងថ្មជាមួយអាត្មា
ហើយតែងនាំស្វាឳនោះ ទៅស្វែងរកចំណីព្រៃ នាំមកចិញ្ចឹមគ្នាតាមភាពសត្វពានរហោង។
អែមេស្វានោះក៏លបលាក់សហាយនឹងអាស្វាឳនោះ
ជាប្រក្រតី ចៅស្វាព្រាមជាប្ដីពុំដឹងកលមាយានោះឡើយ
ដោយការទុកចិត្ដថាជាញាតិជាក្មួយខ្លួនអែ
ស្វាទាំងពីរតាំងពីបានរួមសេពកាមសង្វាសនឹងគ្នា ក៏កើតចិត្ដស្អប់ប្ដី
គិតនឹងលួចទ្រព្យរបស់អោយបានច្រើនហើយនាំគ្នារត់ចោលស្វាព្រាម ទៅ
នៅព្រៃរនាមវិញ។
មានកាលថ្ងៃមួយ
មេនោះក្លែងធ្វើជាឈឺពុំសប្បាយ តាំងដេកនៅពុំនាំពា
ក្លែងមាយាប្រាប់ប្ដីថា «ខ្ញុំ
នេះតាំងពីកូនក្មួយមកនៅផង ក៏ពុំចេះជាឡើយ តែងក្ដៅក្រហាយរសាប់រសល់
ស៊ីពុំបានដេកពុំបានកើតរំខានខ្លាំង ខ្ញុំបានទៅរកហោរគន់គូរមើល
គេថាត្រូវខ្មោចដូនតាមេបាខឹង
ព្រោះកូនក្មួយមកដល់មិនគិតសែនព្រេនទទួលខ្មោច
ហេតុដូច្នេះចូរអ្នកមេត្ដាប្រពន្ធចុះ ចូរអ្នកទៅព្រៃស្វែងរកឃ្មុំផ្លិតបានមួយសំបុកយកមកសែនដូនតាអោយខ្ញុំ
ព្រោះដូនតាខ្ញុំគាប់ចត្ដិ នឹងឃ្មុំផ្លិត
ទាល់តែមានឃ្មុំផ្លិតទើបទទួលសំនែននោះ
នឹងធ្វើអោយបានជាសុខសប្បាយតទៅ ហើយថ្ងៃនេះកុំអោយ
ក្មួយវាទៅព្រៃផងឡើយ ទុកអោយនៅជួយមើលជំងឺខ្ញុំ»។
អែស្វាព្រាមពុំដឹងកលមាយាព្រពន្ធឡើយ ក៏ជឿតាម
ហើយអោយអាក្មួយនៅរក្សាមីង ខ្លួនអែក៏ចេញទៅស្វែងរកឃ្មុំហោង។
អែមេនោះ កាលប្ដីទៅបាត់ហើយ
ក៏សប្បាយនឹងសហាយតាមកាលស្ងាត់ វានាំគ្នារើយករបស់ទ្រព្យយ៉ាងល្អៗ
វេចស្ពាយហើយនាំគ្នារត់ចោលប្ដីទៅនៅអែព្រៃរនាម
តាមក្ដីប្រាថ្នាវាហោង។ លុះដល់ពេលល្ងាច ស្វាព្រាមមកដល់បាត់អស់រលីង
ស្វាព្រាមក៏ដឹងថា អានោះមេនោះវាពង្រត់គ្នាទៅចោលខ្លួនហើយ
ស្វាព្រាមបានក្ដីក្ដៅក្រហាយដោយចាញ់កលមាយាស្រ្ដី
ជាការធ្វើអោយបុរសដឹងមិនដល់បាន ជាការធ្វើអោយបុរសលង់បង់ប្រាណ
មានសភាពដូច្នេះហោង។
រឿងនេះបានគតិដល់ស្រីជួ
បានប្ដីជាតិដទៃអំពីជាតិខ្លួន
ហើយទោះប្ដីនោះស្រលាញ់ថ្នាក់ថ្នមអោយសម្បត្ដិយ៉ាងណាក៏ដោយ
តែឃើញប្រុសជាតិខ្លួនហើយក៏កើតត្រេកអរនឹងជាតិខ្លួនវិញ
គឺបែរទៅស្រលាញ់ប្រុសជាតិជាមួយ ដូចមេស្វាឳ
ទៅសហាយនឹងអាស្វាឳចោលស្វាព្រាមប្ដីដើមនោះអែង។
មួយទៀតមាយាស្រីខូចនោះជាការជ្រៅពេកណាស់
កំរបុរសជាប្ដីនឹងដឹងដល់ ដូចយ៉ាងមេស្វាឳវាប្រចុបប្ដីអោយជឿចៅជាកូន
ជាក្មួយ ជាញាតិសន្ដានធ្វើអោយប្ដីអស់ក្ដីរង្កៀស អស់ក្ដីសង្ស័យ
យកអាសហាយអោយនៅជាមួយផងបាន
មួយទៀតស្រីខ្លះវាចេះបង្រ្គបទៅលើម៉ែឳវិញក៏មាន
ដូចនិទានបុរាណមានមកថា៖
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment