គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១០
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានយក្ខមួយឈ្មោះនន្ទកៈ
ជាអ្នករក្សាខ្លោងទ្វារវាំងព្រះអីសូរ នៅលើភ្នំកៃលាស
នន្ទកៈនោះរូបអាក្រក់ ក្បាលទំពែក សក់មាននៅតែជាយគ្រែង
ជាទីនាំអោយអស់ពួកទេវបុត្រទេវតា នាគយក្ខទាំងឡាយចូលចិត្ដលេងចំអកចំអន់ទៅផ្សេង
ៗ ពួកទេវបុត្រ ទេវតា នាគ យក្ខ តែឡើងមកកាន់ព្រះអីសូរកាលណា
សឹងនាំគ្នាទះក្បាល ត្បកក្បាលនន្ទកៈនោះ
ហើយសើចចំអកចំអន់លេងទៅតាមភាសា
ហើយទើបចូលទៅកាន់ព្រះអីសូរអែក្នុងព្រះរាជមន្ទីរ
តែយ៉ាងនេះសព្វៗកាលមក អែនន្ទកៈនោះ ជាយក្ខអិតរិទ្ធីចេស្ដា
ត្រូវពួកទេវតាទះក្បាល ត្បកក្បាលដូច្នោះ ក៏ខឹងចិត្ដគិតថា
បណ្ដាពួកទេវតាទាំងឡាយ ដែលមាក់ងាយអញយ៉ាងដូច្នេះ
ក៏ព្រោះអញជាអ្នកថោកទាប អិតរិទ្ធានុភាពដូចគេ បើដូច្នេះគួរអញចូលគាល់
សូមពរព្រះអីសូរជាម្ចាស់អោយព្រះអង្គប្រោសប្រសិទ្ធីចង្អុលដៃអញ
អោយកើតជាចង្អុលដៃពេជ្រឡើង អញនឹងចង្អុលពួកអាអស់នេះ
អោយវាធ្លាក់ទៅអៃដ៏ចក្រវាឡក្រៅ
ទើបសមមុខវាដែលវាមាក់ងាយអញត្បកក្បាលអញនេះ គិតហើយនន្ទក
ក៏ចូលទៅគាល់ព្រះអីសូរ ដល់ហើយក៏ក្រាបបង្គំទូលថា «ខ្ញុំព្រះករុណាចូលមកជាបាវ
រក្សាទ្វារព្រះរាជវាំងល្អងធូលីព្រះបាទនេះ ក៏យូរឆ្នាំណាស់ហើយ
ពុំដែលបានរបស់ព្រះរាជទានអ្វីមួយយ៉ាងឡើយ អីលូវនេះពួកទេវបុត្រ
ទេវតា នាគ យក្ស ទាំងឡាយ គាមាក់ងាយទះក្បាល ត្បកក្បាល
ខ្ញុំល្អងធូលីព្រះបាទតែរាល់ៗកាល
ខ្ញុំល្អងធូលីព្រះបាទបានក្ដីក្ដៅក្រហាយពេកណាស់
សូមទានម្ចាស់ប្រោសប្រាណប្រទានពរដល់ខ្ញុំព្រះករុណាបានមួយយ៉ាង
គឺប្រោសប្រសិទ្ធីចង្អុលដៃស្ដាំខ្ញុំព្រះករុណានេះ
អោយកើតជាម្រាមពេជ្រសំរេចសំរេចដោយរិទ្ធីអាចនឹងចង្អុលពួកអាសាមាន្យអស់នោះអោយវាគេចខ្ចាត់ខ្ចាយ
ទៅឆ្ងាយអំពីកាយខ្ញុំព្រះករុណានេះ
ទើបខ្ញុំករុណានេះបានទៅធ្វើរាជការការបំរើល្អងធូលីជាសុខសប្បាយតទៅ។
អែព្រះមហិស្សរាធិបតី
កាលបើបានស្ដាប់ពាក្យនន្ទកដូច្នោះហើយ
ក៏អាណិតនន្ទកនោះទើបទ្រង់ចាប់ចង្អុលដៃស្ដាំនន្ទក
លើកឡើងសូត្រប្រសិទ្ធីដោយរិទ្ធិព្រះសយម្ភូមួយរំពេចឡើង
អែចង្អុលដៃនោះក៏កើតជាពេជ្រដូចចិត្ដប្រាថ្នានន្ទកនោះអែង។ អែនន្ទកនោះកាលសំរេចក្ដីប្រាថ្នាខ្លួនហើយក្រាបលាព្រះអីសូរ
ចេញមកនៅរក្សាទ្វារដូចប្រក្រតីមុន ហើយតាំងចង្អុលពួកទេវបុត្រទេវតា
ដែលមកលលេងត្បកក្បាលខ្លួននោះ
អោយអណ្ដែតខ្ចាត់ទៅចក្រវាឡនាយតែរឿយៗរាល់ៗថ្ងៃ។
ពួកទេវតានាគយក្ខទាំងឡាយ សឹងខ្លបខ្លាចចង្អុលដៃនន្ទកនោះគ្រប់ៗគ្នា
អែនន្ទកសោតក៏ចេះតែចង្អុលមិនថាទេវតាអង្គណាឡើយ
និមិត្ដតែឃើញហោះមកពីចំងាយ ក៏ចង្អុលអោយធ្លាក់ទៅចក្រវាឡទាំងអស់
អែពួកទេវតាអស់នោះ សឹងភិតភ័យខ្លាចនន្ទកគ្រប់ប្រាណ ពុំហ៊ានមកគាល់ព្រះអីសូរសោះឡើយ
ទីជំនុំព្រះអីសូរក៏ស្ងាត់សូន្យឈឹង ចាប់ដើមអំពីថ្ងៃនោះមក។
ការនោះពុំស្ងាត់បាត់ឡើយ ក៏លឺជ្រួតជ្រាបដល់ព្រះអីសូរ
ៗក៏កើតក្ដីតក់ស្លុតព្រួយព្រះហរិទ័យដោយក្ដីគិតឃើញថា
អាត្មាអោយពរដល់នន្ទកនោះ ជាការហួសប្រមាណណាស់
នេះនន្ទកវាចង្អុលតែពួកទេវតាក្រៅៗ
ប្រសិនណានន្ទកវាគិតក្បត់នឹងអាត្មាវាចង្អុលរូបអញកាលណា
អញក៏នឹងអណ្ដែតខ្ចាត់ទៅអែចក្រវាឡនាយពុំខាន
សម្បត្ដិរាជស្ថានអញក្នុងភ្នំកៃលាសនេះ
នឹងបានទៅនន្ទកវាយកជារបស់វាប្រាកដអេះ ការនេះនឹងស្ងៀមនៅពុំបាន
ចាំគិតអានយករូបវាចេញ ទើបក្ដីសុខអញនឹងមានតទៅ។
ព្រះអីសូរគិតដូច្នោះហើយ
ទើបអោយអញ្ជើញព្រះនរាយណ៍ជាព្រះអនុជចូលមកគាល់ខាងក្នុង ព្រះនារាយណ៍
ក៏ឡើងទៅគាល់ព្រះអីសូរ ៗក៏ត្រាស់ប្រាប់រឿងនន្ទក បានចង្អុលដៃពេជ្រជាអាវុធវិសេសនោះសព្វប្រការ
ព្រះនារាយណ៍បានស្ដាប់ដូច្នោះក៏ទូលថា ព្រះជេដ្ឋាមានពរហើយ
មិនពិចារណាអោយយល់ការអន្ដរាយ នឹងមានដល់ខ្លួន
អីលូវនឹងទៅដកទៅស្រូបយកវិញអែណាក៏បាន ត្បិតវាហួសទៅហើយ
ដូច្នេះមានតែគិតកែអុបាយសំលាប់វាចេញទើបបាន ទូលហើយព្រះនារាយណ៍
ក៏ទទួលយកអាសា ទើបបង្គំលាព្រះមហិស្សរាធិបតី
ចេញមកខាងក្រៅព្រះរាជមន្ទីរ
ហើយនិម្មិតកាយប្លែងកាយក្លាយជាស្រីក្រមុំសមសោភា
លីលាកែក្រាយដើរចូលទៅកាន់សំណាក់នៃចៅនន្ទកនោះអែង ដល់ហើយក៏ប្រើរិកពាកិរិយាឆៀងចុងភ្នែកដើមភ្នែក
ក្រលេកគន់មុខនន្ទកៈធ្វើអាការដូចជាស្រីអ្នកលេងគប់ប្រុស
ញ៉ាំងនន្ទកអោយស្នេហាក្នុងលោកិយ ដោយប្រការផ្សេងៗ
អែនន្ទកបែរទៅឃើញនារាយណ៍នារីគួរជាទីស្នេហានោះ ក៏ពុំដឹងជានារាយណ៍កាលា
នឹកស្មានថានារីពួករបាំជាប្រាកដ
ទើបកើតកួចចិត្ដប្រតិព័ទ្ធស្រលាញ់ខ្លាំងក្នុងរូបនាយរាយណ៍កាលានោះ
ហើយក៏ប្រើកិរិយាញញឹមរីករាយនិយាយប្រលោមលួងលោម
ដោយពាក្យកំនាព្យឆ្លើយឆ្លងថា៖
|
កែវអើយកែវស្នេហ៍បែរមកណេះ
|
បងសូមសំណេះសំណាលផង
|
|
ទៅណាមកណា ណាកែវបង
|
រូបចៅគួរចងចិត្ដមេត្រី។
|
|
បងអើយបងសួរគួរតបសង
|
គួរស្នាលគួរស្នងគួរបេតី
|
|
ប្អូនមកនេះគឺស្វែងរកប្ដី
|
ត្រូវចិត្ដប្អូនស្រីនឹងរ៉ាប់រង។
|
|
កែវអើយកែវកបកល្យាណី
|
ចៅមករើសប្ដី នឹងស្នាលស្នង
|
|
រើសរូបយ៉ាងណាៗនួនល្អង
|
យ៉ាងបងតើគាប់ចិត្ដរឺទេ។
|
|
ប្រុសអើយប្រុសាប្រស់ស្រស់ប្រិមប្រិយ៍
|
ប្អូនស្វែងរកប្ដីចេះរាំរេ
|
|
បើប្រុសចេះរាំបានដូចគេ
|
ប្អូនក៏រាប់ស្នេហ៍យកជាប្ដី។
|
|
មាសអើយមាសមានរូបល្អអែក
|
ត្រង់ការរាំរែកក្បាច់ម្ដេចក្ដី
|
|
បងរាំបានទេប្អូនស្រី
|
ក្រអ្វីចូរស្រីរាំទៅរ៉ា។
|
|
សឹមបងរាំតាមមិនអោយខុស
|
បំនាច់ជាប្រុសមានបញ្ញា
|
|
រៀនមកពីគ្រូអស់តំរ៉ា
|
អញ្ជើញកល្យាណ៍រាំទៅអើយ
|
អែព្រះនារាយណ៍កាលា បានលឺនន្ទកទទួលរាំតាមដូច្នោះ
ក៏រេកាយរាយក្បាច់ចាក់លាត ហើយគួចចង្អុលដៃស្ដាំចង្អុលចុះ
ចំត្រង់ដើមភ្លៅនៃអាត្មា។ អែនន្ទកក៏រាំតាមចង្អុលតាម
និមិត្ដតែចង្អុលដៃពេជ្រនោះត្រូវចំភ្លៅកាលណា
ភ្លៅនន្ទកក៏បាក់ដួលធ្លាក់ចុះក្នុងទីនោះមួយរំពេច។
អែព្រះនារាយណ៍
ក៏ប្រែកាយជានារាយណ៍រឿងរិទ្ធិចតុករ គឺមានហត្ថា៤កាន់ចក្រ
ស្ទុះទៅចាប់ក្បាលនន្ទកៈសង្កាត់ចុះ ងាចក្រឡើងប្រហារនន្ទកនោះអែង
អែនន្ទកបែរទៅឃើញព្រះនាយរាយណ៍ដូច្នោះ ក៏ទោមនស្សតូចចិត្ដគិតថា
អាត្មាចាញ់ព្រះនារាយណ៍បញ្ឆុកបញ្ឆោតប្លែងជារូបស្រីអោយអាត្មាលុះលង់បង់គំនិត។
នន្ទកៈខឹងខាំមាត់បែរពោលទៅថា «យើៗ
យើងខុសស្នៀតសត្រូវចូលបៀតបាន អោព្រះអង្គអើយ ណ្ហើយចុះ
ធ្វើម្ដេចអែងមានដៃតែពីរ នឹងទៅតស៊ូនឹងព្រះអង្គ ៤ព្រះករអែណាបាន
បើប្រសិនជាដៃពីរដូចគ្នាខ្ញុំមិនទទួលចាញ់ព្រះអង្គទេ»។
អែព្រះនារាយណ៍បានលឺពាក្យនន្ទកដូច្នោះ ក៏ត្រាស់ថា
«ជាតិនេះយើងដៃ៤ ចៅដៃតែពីរទើបចាញ់យើង
បើដូច្នេះចៅអែងទៅកើតនាស្ថានមនុស្សលោកនាយអោយមានមុខ១០ ដៃ២០ចុះ
យើងចុះទៅកើតជាមនុស្សមានដៃតែពីរវិញ នឹងតស៊ូគ្នាខាងមុខទៀត»។ ព្រះនារាយណ៍ត្រាស់ហើយ
ក៏ប្រហារជីវិតនៃនន្ទកៈនោះដោយកង់ចក្រវិសេសហោង។ ដោយលឺថា
នន្ទកនោះមកកើតជាក្រុងរាពណាសូរ ជាស្ដេចយក្ខនៅកោះលង្កា
ព្រះនារាយណ៍បែងភាគចាករូបចាស់នៅឆ្នេរមហាសាគរ មកកើតជាអង្គព្រះរាមា
បានធ្វើសឹកនឹងគ្នាជាអធិកខ្លាំងក្រៃ មានសេចក្ដីពិស្ដារនៅក្នុងសាស្រ្ដារឿងរាមកេរ្ដិ៍អែណោះអញ្ជើញទៅមើលចុះ។
ខ្ញុំបាទទាញរឿងដើមតែប៉ុណ្ណោះនេះ
ដើម្បីអោយឃើញជាគតិថា នន្ទកៈនោះស្លាប់ដោយចង្អុលដៃរបស់ខ្លួន
បានគតិដូចបុគ្គលអ្នកប្រាជ្ញព្រោកនិយាយអួតតែខ្លួនអែង ចង្អុលតែខ្លួនអែង
សរសើរតែខ្លួនអែង បុគ្គលណាអួតសរសើរតែខ្លួនអែងហើយ
បុគ្គលនោះនឹងលុះសេចក្ដីនិន្ទាអ្នកដទៃ
បានសេចក្ដីវិនាសដូចនន្ទកនោះអែង ប្រាជ្ញមានបញ្ញាគួរគិតទៀតចុះ។
|
នន្ទកអើយនន្ទក
|
បានព្រះនាយក
|
ជ្រលក់អង្គុលី
|
|
កើតជាម្រាមពេជ្រ
|
សំរេចរិទ្ធី
|
ចង្អុលពួកនី-
|
|
ករទេពខ្ចាត់ខ្ចាយ។
|
||
|
ចៅអាងម្រាមដៃ
|
អិតអធ្យាស្រ័យ
|
ដល់ទេពទាំងឡាយ
|
|
កៅដល់សូលី
|
កោសីចៅហ្វាយ
|
ប្រើអោយព្រះនារាយណ៍
|
|
កំចាត់ចៅបង់។
|
||
|
ចៅបង់ជីវិត
|
ព្រោះដោយអិទ្ធិរិទ្ធិ
|
ភ្លើងរាគរោលអង្គ
|
|
ឃើញតែរូបស្រី
|
ចំណីនៃសំ
|
សារត្រូវក្ដីបង់
|
|
ប្រាណព្រោះមិនឈ្វេង។
|
||
|
លុះលង់ភ្លើងកាម
|
ទៅរេរាំតាម
|
នារាយណ៍រាំក្លែង
|
|
រាំក្បាច់ផ្កាផ្ដុល
|
ចង្អុលភ្លៅអែង
|
ដួលបាក់ច្រខែង
|
|
ចៅអែង ក្សិណក្ស័យ។
|
ចប់តំរាស្លាប់ដោយម្រាមដៃអែងជាគតិទី
៦៨
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment