គតិលោក ភាគ៤: រឿង៖ ព្រះចំរើនពលទិព្យ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

គតិលោក ភាគ៤: រឿង៖ ព្រះចំរើនពលទិព្យ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងព្រះចំរើនពលទិព្យ
   គ្រាកាលនោះលោក ចំរើន​ពល​ទិព្យ មាន​តួទាសា​ម្នាក់​ឈ្មោះ​អា​ម៉ូត​ៗ នៅ​នឹង​លោក​ជា​ថ្លៃ​ប្រាក់​មួយ​រយ​បាទ​សៀម លុះ​នៅ​យូរ​មក​អាម៉ូត​ទៅ​ចូល​ទៅ​លួច​បោះ​ប្រាក់​ប្លម​ជា​មួយ​នឹង​ម្ដាយ​អាពុក​វា លោក​ព្រះ​ចំរើន​ពល​ទិព្យ​ជា​ម្ចាស់​ប្រាក់ ក៏​ពុំ​ដឹង​​ជា​អា​ម៉ូត​ប្រ​​ព្រឹត្ដ​​ការ​ខុស​ជាប់​ទោស​ហ្លូង​ លុះ​នៅ​យូរ​បន្ដិច​មក អាម៉ូត​ចង់​ចេញ​ទើប​វា​ទៅ​រក​ប្រាក់​អ្នក​មាន​ឈ្មោះ​ៗ ក៏​ព្រម​នឹង​លោះ​តួ​អាម៉ូត ៗ​ក៏​នាំ​អ្នក​ម្ចាស់​ថ្មី​យក​ប្រាក់​១០០​បាទ​សៀម​ទៅ​ជូន​​លោក​ព្រះ​ចំរើន​ពល​ទិព្យ​នោះ ចួន​លោះ​ក្នុង​ថ្ងៃ​សៅរ៍ ឯ​លោក​ព្រះ​ចំរើន​ពល​ទិព្យប្រកាន់​តំរា ទទួល​ប្រាក់​ថ្ងៃ​ចន្ទ​ទើប​មិន​ទទួល​ហើយ​និយាយ​ណាត់​សញ្ញា​ថា​បង្អង់​ដល់​ថ្ងៃ​ចន្ទ​ខាន​ស្អែក​សិន​ចុះ សឹម​យក​ប្រាក់​មក​បង់ សឹម​បើក​អោយ​។ ឯ​អ្នក​​ម្ចាស់​​ថ្មី​លឺ​ថា​លោក​ព្រះ​ចំរើន​ពល​ទិព្យ ពុំ​ទទួល​ប្រាក់​ដូច្នោះ ក៏​នាំ​យក​ប្រាក់​នោះ​វិល​មក​ផ្ទះ​វិញ នៅ​រង់​ចាំ​ដល់​ថ្ងៃ​ចន្ទ​នឹង​យក​ប្រាក់​ទៅ​បង់​លោះ​តួ​អាម៉ូត​​នោះ​ឯង​​។ លុះ​ដល់​ថ្ងៃ​អាទិត្យ​ពួក​អ្នក​រាជ​ការ​ចាប់​មេ​សៅ ចៅ​ប៉ែន​ជា​ម្ដាយ​អាពុក​អា​ម៉ូតព្រម​ទាំង​តួ​អាម៉ូត​ជា​កូន​ មួយ​អន្លើ និង​គ្រូ​ដែល​បោះ​ប្រាក់​ប្លម​ជា​ទោស​ហ្លូង​ នាំ​ទៅ​ជូន​លោក​ចៅ​ពញា​គទា​ធរ​ឈុម​ចៅ​​ហ្វាយ​ស្រុក លោក​ក៏​អោយ​ចាប់​អាពុក​អ្នក​ទោស​នោះ​ដាក់​គុក​តាម​ទោ​សា​នុ​​ទោស ឯ​​តួ​​អា​ម៉ូត​ក៏​ត្រូវ​ក្ដី​​ជាប់​ទោស​​ហ្លូង​​។

     ឯហ្លូងវោហារជាម្ចាស់ថ្មី បានដឹងថាអាម៉ូតត្រូវទោសហ្លូងដូច្នោះ ក៏ខានយកប្រាក់ទៅបង់អោយលោកចំរើនពលទិព្យ លោក​ចំរើន​ពល​ទិព្យ​ក៏​ខាន​បាន​ប្រាក់​១០០​បាត​អំពី​តួ​អា​ម៉ូត ព្រះចំរើនពលទិព្យកើតក្ដៅក្រហាយស្ដាយប្រាក់១០០បាត ដែលគេយកមកអោយ​ដល់​ផ្ទះ ហើយ​ខ្លួន​មិន​ទទួល​ព្រោះ​មិន​ចំ​ថ្ងៃ​ចន្ទ ដែល​ខ្លួន​ប្រ​កាន់​តាម​តំរាសៃយ៍នោះឯង ម៉្លោះហើយព្រះចំរើនពលទិព្យ តាំងជេរប្រទេច​ក្បួន​ចាស់​បុរាណ​នោះ​ជា​អនេក​បរិ​យាយ​។ រឿង​នេះ​ឯង​ស្ដាប់​មើល​ចុះ​ អ្នក​កាន់​តំរា​សៃយ៍ ដល់ក្ដីឆោតខូចប្រាក់១០០បាតសៀម ដូចលោកព្រះ​ចំរើន​ពល​ទិព្យ​ជា​បែប​ អ្នក​រើស​ថ្ងៃ​ល្អ​យាម​ល្អ ត្រលប់​ទៅ​ជា​ខុស​វិញ ឯអ្នកហ្លូងវិចិត្ដវោហារម្ចាស់ថ្មី យកប្រាក់ចេញទៅលោះអាម៉ូត ហើយ​ប្រាក់​នោះ​មិន​ត្រូវ​បង់​ ក៏​ មិន​ខាត​ខូច​ទៅ​បាន ទុក​ថា​ជា​ប្រាក់​គេ​ត្រ​ជាក់​មែន បានជាបណ្ដាលចិត្ដលោកចំរើនពលទិព្យមិនអោយទទួលយក គួរ​ឯង​ស្ដាប់​យក​ទុក​ជា​គតិ​លោក​ហោង​។​

សំដែងមកក្នុងវិធីមនុស្សឆោតល្ងង់វង្វេងដោយប្រាសចាកសតិបញ្ញាដោយសង្ខេបប៉ុណ្ណេះ។
គ្រានេះនឹងសំដែងគតិរាយហៅថាបកិណ្ណកគតិតទៅទៀត

     កូនសិស្ស​តប​គ្រូ​វិញ​ថា សូម​ទាន តំរា​មនុស្ស​ឆោត​ខ្លៅ​នេះ លោក​គ្រូ​បាន​អធិប្បាយ​បរិ​យាយ​នា​រូប​បុគ្គល​ប្រៀប​ជា​ឧទាហរណ៍​មក​សំដែង​នេះ ខ្ញុំ​ព្រះ​ករុណា​ស្ដាប់​បាន​ហើយ តែ​ត​អំពី​នេះ​សូម​អោយ​លោក​គ្រូ​សំដែង​រឿង​ប្រៀប​ជា​ទិទាន​ៗ​ ដល់​ចប់​និទាន​មួយ​ៗ លោក​គ្រូ​កុំ​ចាំ​បាច់​អធិប្បាយ​ប្រាយប្រៀប​ទៀត​ឡើយ ទុក​ឱកាស​អោយ​ខ្ញុំ​ព្រះ​ករុណា​នឹង​ប្រាយ​ប្រៀប​ដោយ​បញ្ញា​ខ្លួន​ខ្ញុំ​ព្រះ​ករុណា​វិញ គ្រូ​ទទួល​ពាក្យ​នាំ​ឧទា​ហរណ៍​ជា​បកិណ្ណក​និទាន​ត​ទៅ​។

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad