គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៤
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងយាយព្រាហ្មណី
កាលនោះ ព្រះពោធិសត្វទៅកើតជាកូននាងព្រាហ្មណី
បិតាដល់នូវមរណកាល ពោធិសត្វចំរើនធំឡើងបានរៀនចេះដឹងក្បួនត្រៃភវេទចប់ ឡើងជាអាចារ្យទិសាបាមោក្ខ
មានកូនសិស្សទៅរៀនវិជ្ជានោះជាច្រើន ឯមាតានៃពោធិសត្វ នោះចំរើនអាយុដល់៨០ប្លាយ រូបកាយក៏ទុព្វលភាពចាស់ជរា
សាច់ស្វិតយុរយារ នេត្រាមើលមិនយល់ព្រឹលៗគ្រាកាល នោះមានមាណពកំលោះម្នាក់មានរូបសោភា
ចូលទៅសូមរៀនវិជ្ជាសិល្បសាស្រ្ដនឹងបរមពោធិសត្វ ពោធិសត្វបានបង្ហាត់បង្រៀនអស់កាល៣ឆ្នាំ
ចៅមាណពនោះរៀនចេះចប់ហើយ ក៏លាពោធិសត្វជាគ្រូទៅស្រុកអាត្មា ដល់ហើយក៏សំដែងវិជ្ជានោះប្រាប់មាតាបិតារបស់ខ្លួនសព្វប្រការ
ឯមាតានៃចៅមាណពនោះសួរថា សិស្បសាស្រ្ដទាំងពួងនេះចៅរៀនចប់ហើយ ចុះឯវិជ្ជាមាយាស្រ្ដីនោះតើកូនឯងរៀនចេះខ្លះហើយឬ?។
ចៅមាណពជំរាបម្ដាយថា
នៅពុំទាន់បានរៀនទេ ទើបមាតាបញ្ជូនមាណពនោះ អោយវិលទៅរៀនវិជ្ជាមាយាស្រ្ដី នឹងពោធិសត្វវិញ
ចៅមាណពក៏ចូលទៅកាន់សំណាក់ពោធិសត្វនិយាយសូមរៀនវិជ្ជាមាយាស្រ្ដី ឯពោធិសត្វក៏ប្រាប់ថា
វិជ្ជាមាយាស្រ្ដីនោះ គឺមាតាយើងគាត់ចេះ បើច្នេះចៅឯងចូលទៅរៀនតពីមាតាយើង
ឯក្នុងផ្ទះចុះ។
ចៅមាណពក៏ចូលទៅប្រតិបត្ដិយាយចាស់សូមរៀនមាយាស្រ្ដីតាមក្ដីប្រាថ្នា
ឯមាតាពោធិសត្វបានឃើញចៅមាណព រូបល្អមកប្រតិបត្ដិខ្លួន ក៏កើតភ្លើងកាមរាគរោលប្រាណ
មានចិត្ដស្នេហាស្រលាញ់ចៅមាណពប្រារព្ធចង់បានជាប្ដី ទើបនិយាយប្រស្រ័យលួងលោមដោយផ្លូវលោកិយ
ប្រើកិរិយាស្រ្ដីនោះផ្សេងៗ ហើយថា ខ្ញុំឯងស្រលាញ់អ្នកឯងណាស់ ចូរអ្នកឯងទទួលផ្លូវមេត្រីជាប្ដីខ្ញុំនេះចុះ។
ឯចៅមាណពនោះក៏ឆ្លើយថា ការនេះខ្ញុំបាទពុំហ៊ានទេ ព្រោះលោកគ្រូជាកូនលោកយាយ
លោកជាអាចារ្យលើខ្ញុំ ៗតែងគោរពប្រតិបត្ដិលោក ដូចលោកយាយឃើញស្រាប់ ពុំគួរខ្ញុំបាទជាសិស្សទៅប្រព្រឹត្ដកន្លងយ៉ាងនេះសោះ
យាយចាស់នោះក៏តបវិញថា ការនោះមិនអីទេ លែងតែអ្នកឯងព្រមចិត្ដព្រមគំនិតនឹងយើងនេះចុះ
ឯត្រង់រូបកូនយើងនេះយើងនឹងគិតសំលាប់បង់ កុំអោយមានក្ដីរង្គៀសដល់អ្នកឯងឡើយ។
ចៅមាណពក៏ឆ្លើយថា
បើលោកយាយហ៊ានសំលាប់កូនដូច្នោះ ខ្ញុំបាទក៏ព្រមតាម ថាហើយចៅមាណពក៏ស្ទុះចេញមកក្រៅ ហើយនាំពាក្យនោះទៅជំរាបពោធិសត្វៗ
ក៏និយាយថា បើមាតាយើងគាត់គិតសំលាប់យើងដូច្នោះ ចូរបាឯង ទៅសួរគាត់វិញថា គាត់ប្រារព្ធនឹងសំលាប់នោះ
តើសំលាប់ក្នុងថ្ងៃណាក្នុងពេលណា សំលាប់ដោយឧបាយដូចម្ដេច។ ឯចៅមាណពទទួលពាក្យពោធិសត្វហើយ
ក៏ចូលក្នុងផ្ទះ និយាយសាកសួរយាយនោះ តាមពាក្យនៃពោធិសត្វគ្រប់ប្រការ ឯយាយចាស់ក៏ប្រាប់ថា
យើងនឹងសំលាប់កូនយើងក្នុងវេលារាត្រីយប់នេះ គឺយើងចាំមើលកូនយើងដេកលក់កាលណា
យើងនឹងកាន់ដាវដ៏មុតលបចូលទៅប្រហារអោយដាច់កមួយរំពេចក្នុងកាលនោះ ការអស់នេះចូរអ្នកឯងកុំនិយាយចេញទៅអោយអ្នកដទៃក្រៅគេដឹងលឺឡើយ
មែនណាបើការយើងពីរនាក់នឹងបាននៅជាមួយគ្នាជាប្ដីប្រពន្ធតទៅ។ ឯចៅមាណពក៏ធ្វើជាទទួលពាក្យហើយក៏ក្រោកដើរចេញមកខាងក្រៅ
នាំសេចក្ដីនោះទៅប្រាប់ពោធិសត្វជាគ្រូសព្វប្រការ។ ពោធិសត្វបានស្ដាប់ហើយ ក៏កំណត់ទុកក្នុងចិត្ដលុះដល់វេលារាត្រី
ទើបកាត់ដើមចេកមួយកំណាត់ប្រមាណ ៤ហត្ថ នាំយកទៅដាក់ផ្ដេកនៅទីដំនេកអាត្មា ហើយយកសំពត់គ្របពីខាងលើ
ដើមចេកនោះធ្វើអាការដូចជាមនុស្សដេកលក់ ស្រេចហើយពោធិសត្វនាំចៅមាណពជាកូនសិស្សនៅរង់ចាំមើលកិរិយានៃមាតានោះ។
ឯយាយចាស់នោះលុះដល់យប់ស្ងាត់
ក៏រៀបអាត្មាកាន់ដាវដើរលបចូលទៅក្នុងដំនេកនៃពោធិសត្វ ដល់ហើយ លូកដៃស្ទាបទៅបះលើសំពត់ដន្ដប់
ក៏កំណត់ថា នេះខាងក្បាល នេះខាងជើង យាយចាស់ក៏លើកដាវងាឡើងនឹងកាប់ ដោយគិតថាប្រហារតែម្ដងអោយដាច់កក្នុងកាលនោះ
យាយចាស់ប្រឹងលើកដាវហើយប្រហារចុះ ដោយកំលាំងប្រឹងនោះខ្លាំង និមិត្រតែដាវធ្លាក់ដល់ដើមចេកកាលណា
យាយចាស់ក៏ដួលចុះដាច់ខ្យល់ដល់មរណកាលក្នុងកាលនោះឯង។ ពោធិសត្វនឹងចៅមាណព
លបមើលកិរិយាដឹងថា យាយនោះដួលស្លាប់ដូច្នោះ ក៏កើតធម្មសង្វេគ ហើយចាត់ចែងក្ដាមឈូសដាក់សព
នាំទៅធ្វើឈាបនកិច្ចតាមប្រពៃណីជាតិជាព្រាហ្មណ៍។
រឿងនិទាននេះ មានសេចក្ដីពិស្ដារនៅក្នុងគម្ពីរដិកាព្រះធម្មចក្កឯណោះ
យើងទាញយកមក សាធកៈទុកក្នុងតំរាគតិ លោកនេះ ដើម្បីអោយឃើញក្ដីឆោតរបស់បុរសស្រ្ដីក្នុងលោកិយ
ដែលមានសន្ដានចិត្ដប្រព្រឹត្ដឆោតទៅតាមភ្លើង កាមរាគរោល ដល់នូវក្ដីវិនាសមានសភាពដូចសំដែងមកនេះឯង
ចូរឯងចូលចិត្ដចុះ។
កូនសិស្សតបថា ករុណាលោកគ្រូទាញនិទានបុគ្គលឆោតលុះដោយអំណាចភ្លើងកាមនោះ
ខ្ញុំករុណាស្ដាប់បានយកជា គតិលោកហើយ មួយទៀតបុគ្គលឆោតល្ងង់ជឿគេផ្ដាសៗនោះ
គឺអាស្រ័យឥតសតិឥតបញ្ញានឹងពិចារណាអោយយល់ចុងយល់ដើម កើតឆោតដោយភ្លើងកាមរាគរោលរឹតបិទសតិបញ្ញា
ដូចនិទានយាយព្រាហ្មណីដែលលោកគ្រូសំដែងមកនេះ សូមទានសេចក្ដីឆោតល្ងង់នេះមានកើតដោយហេតុឯទៀតខ្លះដែរទាន។
គ្រូតបថា ក្ដីឆោតល្ងង់ដោយហេតុឯទៀតក្រៅអំពីភ្លើងកាមរាគនោះ
សឹងមានជាច្រើនណាស់ពុំឈ្នះនឹងពណ៌នា ឯងចូលចិត្ដចុះ មានខ្លះឆោតដោយខ្លាចរូបកាយសង្ខាខ្លួនឯង
ដូចបុគ្គលគិតខុសប្រមាណខុស គឺអ្នកខ្លះឥតកូនឥតចៅកើតខ្លាចថា ដល់អាត្មាស្លាប់ទៅពុំមាននរណាកាន់ឆ្អឹង
ម្លោះហើយស្វែងសុំកូនចៅគេមកចិញ្ចឹមទុក ដើម្បីអោយកូននោះកាន់ឆ្អឹងខ្លួន ជួនពុំសមតាមប្រាថ្នា
ក៏កើតវិប្បដិសារីសេចក្ដីក្ដៅក្រហាយជាក្រោយ ប្រព្រឹត្ដទៅផ្សេងៗយ៉ាងនេះក៏មាន។
មានអ្នកខ្លះខ្លាចភ្លើងផ្ដាំគេថា ដល់ខ្លួនស្លាប់ទៅកុំអោយគេដុតរូប ខ្លាចក្រែងរលាកភ្លើងយ៉ាងនេះក៏មាន
មានអ្នកខ្លះគិតខ្លាចទាក ជន្លេន ផ្ដាំគេថា ដល់ខ្លួនស្លាប់ទៅកុំអោយគេយករូបទៅកប់ក្នុងដី
ខ្លាចជន្លេនវារុកដូច្នេះក៏មាន មានអ្នកខ្លះ ខ្លាចខ្មោច ផ្ដាំគេថា ដល់ខ្លួនស្លាប់ទៅកុំអោយយករូបទៅកប់ទុកក្នុងព្រៃស្មសានស្ថានស្ងាត់ជិតនឹងខ្មោចគេ
ក្រែងខ្មោច គេវាលងយ៉ាងនេះក៏មាន មានអ្នកខ្លះឆ្កួតយស កាលខ្លួននៅរស់ពុំបរិច្ចាគទ្រព្យសម្បត្ដិធ្វើបុណ្យអោយទាន
សន្សំទ្រព្យទុកផ្ដាំគេថា ដល់ខ្លួនស្លាប់ទៅអោយធ្វើក្ដារបិទមាស អោយធ្វើកោដ្ឋដាក់តំកើងខ្មោចខ្លួន
ដើម្បីអួតលោកិយយ៉ាងនេះក៏មាន។ មានអ្នកខ្លះស្វែងរកទីដីល្អមានហុងស៊ុយបញ្ចុះធាតុម្ដាយអាពុកដើម្បីរកស៊ីធូរសុខសប្បាយយ៉ាងនេះក៏មាន
អ្នកខ្លះកាន់តំរាសៃយ៍មានក្បួនរើសថ្ងៃល្អយាមល្អ ថ្ងៃកាឡកណ្ណី ថ្ងៃខ្មោចស៊ីមនុស្ស
ថ្ងៃលិច ថ្ងៃអណ្ដែត ថ្ងៃជីពចរ មើលទិសដង្ហើមរស់ដង្ហើមស្លាប់យ៉ាងនេះក៏មាន មានអ្នកខ្លះកាន់រើសថ្ងៃចន្ទជាថ្ងៃទទួលយកប្រាក់ដាក់ថង់
គឺថាជាប្រាក់មាន ស្រីសួស្ដីមង្គល ទោះបីអ្នកឯណាដែលជំពាក់ខ្លួន ឬតួទាសាទាសី នឹងចេញនាំប្រាក់ទៅជូន
តែមិនត្រូវត្រង់ថ្ងៃចន្ទ១ ហើយក៏ពុំទទួលយកនៅរង់ចាំដល់ថ្ងៃចន្ទទើបទទួលយកប្រាក់នោះ
អ្នកកាន់ក្បួនថ្ងៃចន្ទទទួលប្រាក់ថា ជាប្រាក់ត្រជាក់ក៏មាន ចួនណាប្រែជាកើតក្ដីក្ដៅក្រហាយជាក្រោយវិញក៏មាន
ដូននិទានលោកព្រះចំរើនពលទិព្យនៅស្រុកព្រះតំបង លោកនោះជាអ្នកកាន់ក្បួនថ្ងៃចន្ទ។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment