គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៣
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងនាងអមរាទេវី និងអាចារ្យ៤នាក់
និទានក្នុងទសជាតកថា
កាលមហោសថបណ្ឌិតរត់ចោលនាងអមរាទេវី ភៀសអាត្មាជាមនុស្សសាមញ្ញទៅនៅអាស្រ័យ
នឹងពួកស្មូនឆ្នាំងនោះ ក្រោយនោះអាចារ្យទាំង៤នាក់ គឺអាចារ្យសេនក១
អាចារ្យបុក្កស១ អាចារ្យកាមិន្ទ១ អាចារ្យទេវិន្ទ១ អាចារ្យទាំង៤នោះដឹងថា ព្រះ
មហោសថបណ្ឌិតរត់ចេញចាកលំនៅ ដោយកលឧបាយរបស់ខ្លួនដែលទូលញុះញង់
អោយព្រះបាទវិទេហរាជកើតស្អប់ចៅមហោសថនោះ
សមក្ដីប្រាថ្នាខ្លួនហើយក៏មានចិត្ដត្រេកអរក្រៃពេក
កើតចិត្ដប្រមាថនាងអមរាទេវីជាភរិយានៃពោធិសត្វ ចង់បាននាងជាភរិយាទីទៃៗ
តែកាលអាចារ្យទាំង៤ គិតទៅចង់នាងអមរាទេវីនោះសឹងគិតគំនិតរៀងខ្លួននឹងបានដឹងគ្នាក៏ទេ។ ថ្ងៃមួយ អាចារ្យទាំង៤
ប្រើមេអណ្ដើកអោយនាំយកមាសប្រាក់ទៅជូននាង
ហើយនិយាយផ្លូវលោកិយផ្សារស្រីមេម៉ាយប្ដីបង់ចោល។ ឯនាងអមរា
កាលណាបើដឹងថា អាចារ្យទាំង៤ ចង់បាននាងដូច្នោះហើយ ក៏និយាយប្រាប់ទៅ
មេអណ្ដើកទាំង៤នាក់នោះថា ខ្លួននាងជាស្រី មេម៉ាយប្ដីរត់ចោល
នៅកណ្ដែងឯកាឥតទីពឹង ឥឡូវបើលោកអាចារ្យមេត្ដាប្រោសនាង
អោយបានទីពឹងនោះនាងក៏សែនត្រេកអរនឹងគុណ លោកអាចារ្យណាស់
ហើយនាងព្រមតាមអធ្យាស្រ័យ តែឯងទៅប្រាប់នាយឯងទីទៃៗថា
បើលោកចង់មកផ្ទះនាងនោះ អោយអញ្ជើញមក វេលាយប់ស្អែកនេះ ថាហើយទើបសរសេរ
ជាសំបុត្រកំនត់សញ្ញាពេលអោយមក ស្រេចហើយប្រគល់អោយមេអណ្ដើកទាំង៤
អោយនាំ ទៅអោយនាយនៃខ្លួនទីទៃៗ ក្រោយនោះ នាងអមរាចាត់ប្រើទាសាទាសីអោយជីករណ្ដៅ១
ជំរៅលិចក្បាលហើយអោយយកលាមកមក ចាក់ទឹកអោយរលាយចំនួនត្រឹមចង្កាមាត់
ហើយអោយធ្វើជាយន្ដគន្លិះ បិទបាំងតាំងនូវពាងទឹក
ហើយទាសីចាំនៅរក្សានាងអោយសញ្ញាដល់
ទាសីទាំងឡាយតាមឧបាយនាងគិតនោះឯង។
ឯអាចារ្យសេនក
លុះបានទទួលសំបុត្រនាងបានអានមើលដឹងសេចក្ដីហើយ ក៏ត្រេកអរក្រៃពេក
លុះដល់រាត្រីយប់ម៉ោង៨ អាចារ្យក៏រៀប ចាត់ចែងតែងកាយស្លៀកពាក់សមគួរ
ហើយក៏ចេញចាកគ្រឹះស្ថានដើរឆ្ពោះទៅកាន់ផ្ទះនាងអមរា ដល់ហើយក៏ឈរនៅមាត់ទ្វារ
គោះទ្វារជា សញ្ញា។ ឯពួកទាសីទាសានាងអមរា ឃើញអាចារ្យសេនកមកដល់
ក៏នាំគ្នាចេញទៅទទួលហើយនាំចូលទៅក្នុងបន្ទប់ទឹក និយាយប្រលោមថា «លោកនាយខ្ញុំម្ចាស់ផ្ដាំថា
បើលោកតាមកដល់សូមអោយលោកតាងូតទឹកជំរះសរីរកាយ បំព្រំប្រោះទឹកអប់សិន
សូមអញ្ជើញឡើងតំណាក់ព្រះនាង»។
ឯអាចារ្យសេនក
ត្រូវមេទាសីវាប្រលោម ក៏ព្រមផ្លាស់សំពត់ ដោះអាវចិញ្ជៀនពេជ្រអោយមេទាសីវាកាន់អោយ
មេខ្លះនាំចូលទៅក្នុង ល្វែងបន្ទប់អោយអង្គុយលើក្ដារយន្ដ មេខ្លះយកផ្ដិល
ប្រាក់ដងទឹកស្រោច មេខ្លះធ្វើជាជួយដុសក្អែ លអោយ លុះងូតបន្ដិចមេអស់នោះទាញ
យន្ដឡើង ឯក្ដារនោះក៏ភ្លាត់ចាកទីបះឡើង អាចារ្យសេនក ក៏ធ្លាក់ចុះទៅ
ក្នុងរណ្ដៅអាចម៍នោះ ងើបតែក្បាលឡើងអោយផុតអំពីលាមកនៅ
រងទុក្ខដូចសត្វនៅគូថនរកនោះឯង។
ថ្លែងឯអាចារ្យបុក្កុសនោះលុះដល់យប់ម៉ោង៩ក៏ចាត់ចែងតែងខ្លួនទៅផ្ទះនាងអមរា
ឯពួកមេទាសីវាក៏ប្រលោមដូចបទអាចារ្យសេនក
ហើយវាទាញយន្ដទំលាក់អាចារ្យបុក្កុសនោះ
ទៅក្នុងរណ្ដៅគូថជាមួយនឹងអាចារ្យសេនកនោះឯង។ លុះដល់ពេលម៉ោង១០ អាចារ្យកាមិន្ទទៅ
ចុះកលដូចអាចារ្យទាំង២ជាន់មុន។ លុះដល់ម៉ោង១១
អាចារ្យទេវិន្ទទៅចុះកលដូចអាចារ្យទាំងអស់ អាចារ្យទាំង៤នៅក្នុងរណ្ដៅគូថរងទុក្ខវេទ
នាដោយលាមកជោរពោរឡើងដល់ត្រឹមចង្កាមាត់ បានដឹងគ្នាថា ចុះកលនាងអមរាទេវី
នៅរងទុក្ខអស់១រាត្រី លុះព្រឹកឡើងនាងអមរាប្រើ ពួកទាសីទាសា
យករងកទាក់កអាចារ្យទាំង៤ទាញឡើង ចាករណ្ដៅ
ហើយអោយយកទឹកចាក់លាងសព្វសព៌ាង្គកាយនៃអាចារ្យ អោយយកដុំ ឥដ្ឋដុសក្បាលអាចារ្យទាំង៤។
ឯអាចារ្យទាំង៤
បានសេចក្ដីឈឺចាប់ ដោយមេទាសីវារូសកោសដុសដោយដុំឥដ្ឋនោះឯង
លុះជំរះលាងកាយអាចារ្យទាំង៤ហើយ នាង
អមរាអោយយកកន្ទេលយ៉ាងធំរុំអាចារ្យភ្ជាប់គ្នា ហើយអោយអ្នកបំរើសែងអាចារ្យ
ដូចគេសែងខ្មោច នាងក៏ចូលទៅក្នុងព្រះរាជវាំង នាំយក
អាចារ្យទាំងនោះទៅថ្វាយដល់ព្រះបាទវិទេហរាជ ស្ដេចអោយស្រាយសំំណុំកន្ទេលមើល
ស្រាប់តែឃើញអាចារ្យទាំង៤ នៅក្នុងនោះទើបទ្រង់ ត្រាស់សួរនាងអមរាៗ
ក៏ក្រាបទូលតាមដំណើរអាចារ្យទៅកំហែងប្រមាថនាង តាំងអំពីដើមដល់ចប់សព្វប្រការ។
ព្រះបរមរាជាបានទ្រង់ស្ដាប់ ដូច្នោះ ក៏ទ្រង់ព្រះពិរោធខ្ញាល់
នឹងអាចារ្យទាំង៤ ហើយទ្រង់ត្មះតិះដៀលដោយពាក្យអាក្រក់ផ្សេងៗ
ទ្រង់បន្ដេញអោយទៅផ្ទះរៀងខ្លួនទីទៃៗ។
ឯអាចារ្យទាំង៤
បានសេចក្ដីអប្បយស ខ្មាស់អស់បណ្ដាមហាជនទាំងឡាយ
ពុំអាចនឹងទៅកាន់ទីជំនុំប្រជុំជនានុជនផង បានខានចូលព្រះរាជវាំង
អំពីថ្ងៃនោះមក។ ឯនាងអមរាទេវី
លុះសំរេចកិច្ចខ្លួនហើយក៏ក្រាបថ្វាយបង្គំលាស្ដេច នាំពួកបរិវារនាងវិលទៅ
កាន់គ្រឹះស្ថាននាងវិញហោង។
រឿងទាននេះមានសេចក្ដីពិស្ដារក្នុងគម្ពីរទសជាតកឯណោះ
មានសេចក្ដីទៅទៀតយើងទាញយកតែបទត្រង់នេះ មកសំដែងដើម្បីអោយឃើញសេចក្ដីត្រង់តំរាឆោត
កើតដោយសេចក្ដីឃ្លានស្រលាញ់នេះឯង។
ចប់តំរាឃ្លានស្រលាញ់ឆោត
អាចារ្យបាំងឈើ
|
ភ្លើៗទៅលើ
|
នួននាងអមរា
|
ជាកល្យាណី
|
ស្ដ្រីមានបញ្ញា
|
បំពានអោយអា-
|
ចារ្យធ្លាក់រណ្ដៅ។
|
||
ទោសគឺក្ដីស្នេហ៍
|
ឆោតលុះទាល់តែ
|
បង់ប្រាណបាននូវ
|
ក្ដីធ្លាក់ថ្លស់យស
|
ខុសនឹងព្រះចៅ
|
តំរានេះហៅ
|
ឆោតឆៅព្រោះស្រី។
|
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment