គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៣
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងសិង្ហតោចង់បានកូមក្រមុំដង្ខៅម្នាក់
មានរឿងតំរាឃ្លានស្រលាញ់ចុះឆោត
ដូចសត្វសិង្ហតោ១ បានឃើញកូនក្រមុំចៅនាយដង្ខៅ ម្នាក់ក៏កើតចិត្ដស្រលាញ់ ចង់បានជាភរិយា
ទើបចូលទៅនិយាយនឹងដង្ខៅជាមាតាបិតានៃនាងថា ខ្ញុំស្រលាញ់កូនក្រមុំលោក សូមលោកមេត្ដា
ដល់ខ្ញុំ ឯរឿងតែងអាវាហមង្គលនោះ សូមអោយលោកបង្គាប់មកចុះ ខ្ញុំនឹងរៀបមកជូនអោយពេញចិត្ដ
កុំអោយ លោក កោតញញើតឡើយ។ ឯដង្ខៅនោះលឺសិង្ហតោ មកពោលពាក្យចង់បានកូនខ្លួនជាប្រពន្ធដូច្នោះ
ក៏គិតថា អាសិង្ហតោនេះជាជាតិថយថោក មិនគួរនឹងលើកកូនក្រមុំអោយជាភរិយាអោយខូចវង្សកូនអញ
បើនឹងមិនអោយវាៗជាសត្វអង់អាចកាចឃោរឃៅ វាអាងចង្កូមនិងក្រចកជើងវាជាអាវុធ
វានឹងយាយីឯង អោយដល់នូវក្ដីវិនាសទៅផ្សេងៗ បើដូច្នេះមានតែគិតនិយាយលួង
កាត់អាវុធចេញទើបកែខៃសុខបាន គិតហើយនាយដង្ខៅនិយាយទៅថា អើសិង្ហតោ អ្នកឯងចង់បានកូនយើងជាភរិយានេះ
យើងគាប់ចិត្ដណាស់ ចង់បានបាឯងជាកូនជាចៅពិតៗ ព្រោះយើងឥតរិទ្ធអំណាចនឹង
រក្សាវង្សត្រកូលអោយមាំមួនតទៅ តែខាងចិត្ដកូនក្រមុំយើងនេះ ជាវាស្ម័គ្រព្រាក់ព្រមស្រលាញ់បាឯង
ឬយ៉ាងម៉េចនោះ យើងពុំទាន់ដឹង បើដូច្នោះចូរបាឯងនៅនេះសិនចុះ ចាំយើងចូលទៅនិយាយនឹងវាមើលសិន
ថាហើយទើបចូលទៅក្នុងផ្ទះបន្ដិច ក៏ចេញ មកវិញហើយនិយាយថា យើងបាននិយាយនឹងកូនយើងស្រេចហើយ
វាព្រមស្ម័គ្រនឹងអ្នកឯងដែរ តែថាអ្នកឯងមានក្រចកវែងស្រួចណាស់ ក្រែងបានគ្នាទៅ
អ្នកឯងលូកប្រលែងលេង បិចថ្ពាល់បិចដោះក្ដី វាខ្លាចក្រែងមុតថ្ពាល់មុតដោះ
មួយទៀតក្រែងអ្នកឯងថើបអោបជញ្ចប់ថ្ពាល់ ឬមុខមាត់ទៅប៉ះត្រូវ ចង្កូមនឹងមុតហេតុនេះបើអ្នកឯងអោយយើងកាត់ចង្កូម
កាត់ក្រចកចេញខ្លះនោះទើបកូនយើងវាព្រម។
ឯសិង្ហតោលុះអំនាចក្ដីឃ្លានស្រលាញ់គ្របសង្កត់
ក៏ឆោតទើបថា អញ្ជើញលោករកគេមកកាត់ក្រចកចង្កូមខ្ញុំចុះ ថាហើយក៏ដេកហាមាត់ លាត់ក្រចកអោយនាយដង្ខៅកាត់
នាយដង្ខៅក៏ហៅកូនក្មួយជួយគ្នាកាត់គ្រឿងអាវុធនៃសិង្ហតោនោះ។ ឯសិង្ហតោនោះ ក៏លុះត្រូវគេកាត់ក្រចក
ដកចង្កូមអស់ហើយក៏ស្បើយកំលាំងស្បើយរិទ្ធិចុះ ឯនាយដង្ខៅនោះ ដឹងថាសិង្ហតោអស់រិទ្ធិហើយ
ក៏ហៅពួកកូនក្មួយជួយគ្នាដេញវាយសិង្ហតោ អ្នកខ្លះបានដំបង ខ្លះបានដាវលំពែងតាំងដេញចាក់ដេញប្រហារសិង្ហតោ
សិង្ហតោអស់រិទ្ធិ នឹងតស៊ូក៏រត់ចូលព្រៃទៅ បានសេចក្ដីវេទនាផ្សេង ៗហោង។
រឿងនេះ ឯងស្ដាប់មើលចុះ
ហើយប្រៀបដោយមនុស្សយើងសព្វថ្ងៃនេះ មានលោកចៅអធិការ ឬលោកអ្នកឯណា ៗមានសម្បត្ដិ ត្រូវមេស្រីអ្នកលេងវាបញ្ឆោតដោយកលកាមរាគ
ថាវាដោយហើយលើកសម្បត្ដិអោយទៅវាមុនអស់ ដល់ខ្លួនសឹកទៅ វាគេចជាមិនស្នេហាវិញ នឹងទារយកទ្រព្យសម្បត្ដិវិញ
វាគេចកែប្រែពុំបានទទួលមិនបានដឹងលឺ ទ្រព្យនោះ នឹងយកវិញពុំបាន ដូចយ៉ាងសត្វសិង្ហតោអោយគេកាត់ក្រចកដកចង្កូមអស់
គួរគិតមើលទៅទៀតចុះ តាម រឿងឃ្លានស្រលាញ់ឆោតនេះឯង។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment