មាននិទានមួយថា : មានសត្វឥន្ទ្រីមួយនៅលើកោះ កណ្ដាលសមុទ្រ
ហើយមានក្រពើមួយធ្វើរូងនៅលើកោះនោះផង ។ សត្វឥន្ទ្រីនោះតែងទៅឆាបដំរីអំពីត្រើយសមុទ្រយកមកឆី
នៅខាងរូងក្រពើជាប្រក្រតី ។ ថ្ងៃមួយ ក្រពើមើលយល់ឥន្ទ្រីពាំដំរីនិងឆីហើយ ក្រពើនោះគិតគ្នាន់ក្នុងចិត្តថា
“ អញនឹងដណ្ដើមសាច់ដំរីអំពីឥន្ទ្រីឆី ។ លុះឥន្ទ្រីពាំដំរីមកដាក់ដល់ឋានដែលធ្លាប់តែបរិភោគរៀងរាល់ថ្ងៃនោះ
ក្រពើនោះវាចេញអំពីរូងឡើងទៅរកឥន្ទ្រីហើយសួរថា “ ម្នាលឥន្ទ្រី ! ម្ដេចក៏ព្រះស្ដែងមកលួចសាច់ដំរីជាអាហារអញ
? ” ។
ឥន្ទ្រីឆ្លើយថា “ ដំរីនេះអញឆាបយកមកអំពីត្រើយសមុទ្រជាប្រាកដទើបតែអម្បាញ់មិញនេះឯង ម្ដេចក៏ព្រះស្ដែងថាអញលួចអាហារព្រះស្ដែង
? ” ។
ក្រពើនិងឥន្ទ្រីវិវាទគ្នា ប្រាថ្នាចង់បានសាច់ដំរីទៅវិញទៅមក ពុំដាច់ស្រេចឡើយ ទើបនាំគ្នាទៅប្ដឹងពោធិសត្វជាតាបសនៅទីនោះ
។
ក្រពើនិងឥន្ទ្រីប្ដឹងដោយដំណើរទីទៃ ៗ ។ ក្រពើថា “ ខ្ញុំខាំដំរីនឹងឆីនៅរូងខាងរូងលំនៅខ្ញុំ
ឥន្ទ្រីនេះមកដណ្ដើមសាច់ដំរី នឹងយកឆីជាអាហារវា ” ។ ឥន្ទ្រីថា “ ដំរីនេះខ្ញុំឆាបអំពីត្រើយសមុទ្រជាប្រាកដ
ទើបតែមកដល់ ខ្ញុំគិតនឹងឆី ស្រាប់តែក្រពើនេះវាវារឡើងអំពីរូង ទៅថា “ ខ្ញុំលួចចំណីអាហារវា
” ទាំងនេះសូមព្រះអង្គពិចារណាឲ្យខ្ញុំហោង ” ។ ទើបតាបសមកមើលដល់ទីកន្លែងដំរីឃើញតែស្នាមក្រចកឥន្ទ្រី
ពុំឃើញចង្កូមក្រពើនោះឡើយ ព្រះអង្គយកក្រចកឥន្ទ្រីមកផ្ទាប់មើលយល់ថាមែន ។ តាបសថា “ឥន្ទ្រីនេះយល់ជាមានសាក្សីមែនពិត
ឯក្រពើឥតសាក្សីអ្វីឡើយ" ទើបកាត់សេចក្ដីនោះឲ្យក្រពើចាញ់ឥន្ទ្រី ។ តាបសកាត់សេចក្ដីដូច្នេះ
ហៅថាសុគតិគមនំហោង ។
ដកស្រង់ចេញពី៖ ប្រជុំរឿងព្រេងខ្មែរភាគ ៣
No comments:
Post a Comment