មាននិទានមួយដំណាលថា : នៅក្នុងស្រុកមួយមានសេដ្ឋី ៣ នាក់ ។ សេដ្ឋីមួយនៅទិសខាងកើត
សេដ្ឋីមួយនៅកណ្ដាល សេដ្ឋីមួយទៀតនៅទិសខាងលិច ។ សេដ្ឋីនៅកណ្ដាលមានកូនក្រមុំមួយរូបឆោមល្អល្អះ
សេដ្ឋីនៅទិសខាងលិច ចាត់ចែងបណ្ដាការឲ្យមនុស្សទៅដណ្ដឹងកូនក្រមុំសេដ្ឋីនោះ ចួនជាថ្ងៃដែលទៅដណ្ដឹងនោះ
សេដ្ឋីជាឪពុកមិននៅ ៗ តែម្ដាយៗ ក៏ស្រុះស្រួលឲ្យកូនទៅសេដ្ឋីនៅទិសខាងលិច។ ក្រោយមកសេដ្ឋីនៅទិសខាងកើត
ចាត់ចែងបណ្ដាការឲ្យមនុស្សទៅនិយាយដណ្ដឹង កូនក្រមុំសេដ្ឋីនោះដែរ តែចួនជាថ្ងៃនោះនៅតែឪពុក
ម្ដាយទៅកាន់ទីទៃ ឪពុកក៏យល់ព្រមឲ្យកូន ទៅសេដ្ឋីនៅទិសខាងកើត ។ ប្រពន្ធមិនដឹងជាប្ដីលើកកូនក្រមុំឲ្យទៅ
សេដ្ឋីនៅទិសខាងកើតទេ ។ លុះដណ្ដឹងស្រេចហើយ ក៏កំណត់ថ្ងៃរៀបមង្គលការជាមួយគ្នា
ហើយសេដ្ឋីទាំង ២ នាក់ ចាត់ឲ្យអ្នកផ្លូវចៅមហារៀបគ្រឿងបណ្ដាការ មានក្រយាសំពះសព្វគ្រប់
នាំទៅជូនឪពុកក្មេកម្ដាយក្មេក ស្រាប់តែទៅជួបប្រទះគ្នានៅផ្ទះឪពុកម្ដាយក្មេក ហើយក៏ដណ្ដើមគ្នាមួយថា
“ស្រីនេះជាប្រពន្ធអញ ម្ដាយលើកឲ្យអញ” ។ សេដ្ឋីមួយទៀតថា “ ស្រីនេះជាប្រពន្ធអញ ឪពុកអញលើកឲ្យអញ
” ។ សេដ្ឋីទាំង ២ នាក់ដណ្ដើមគ្នាដូច្នោះហើយ ក៏នាំគ្នាទៅប្ដឹងចៅក្រម សូមឲ្យកាត់សេចក្ដីនេះ
តើត្រូវបានទៅខាងណា?
។ ចៅក្រមអាកាត់សេចក្ដីនោះពុំបាន ទើបសេដ្ឋីទាំង ២ នាក់នាំគ្នាឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រ
ៗ ព្រះអង្គមានព្រះបន្ទូលថា “នែសេដ្ឋី ! មានហេតុដំណើរអ្វីបានជាព្រះស្ដែងនាំគ្នាមកប្ដឹងយើង
?” ។
សេដ្ឋីនៅទិសខាងកើតក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់បានឲ្យគេ ទៅដណ្ដឹងកូនក្រមុំសេដ្ឋីនេះដល់ម្ដាយឪពុក
តែពេលនោះពុំចួបនឹងម្ដាយឃើញតែឪពុក ៗ ក៏ព្រមឲ្យកូនមកខ្ញុំព្រះបាទអម្ចាស់ដាច់ស្រឡះហើយ
ខ្ញុំព្រះបាទអម្ចាស់រៀបគ្រឿងបណ្ដាការក្រយាសំពះ នាំចូលទៅប្រទះគ្នា នៅមុខផ្ទះម្ដាយឪពុកនោះ
ទើបដណ្ដើមគ្នាកើតជាក្ដី
ហើយនាំគ្នាមកក្រាបបង្គំទូល សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ ” ។ ព្រះអង្គទ្រង់ដណ្ដឹងទៅសេដ្ឋីមួយនៅទិសខាងលិច
ៗ ក៏ក្រាបបង្គំទូលថា “ខ្ញុំព្រះបាទអម្ចាស់ឲ្យគេទៅដណ្ដឹងកូនក្រមុំសេដ្ឋីនេះដល់ម្ដាយឪពុក
តែចួនជាពុំឃើញឪពុក ឃើញតែម្ដាយ ៗ លើកកូនឲ្យខ្ញុំព្រះបាទអម្ចាស់ជាជ្រះស្រឡះហើយ ទើបខ្ញុំព្រះបាទអម្ចាស់រៀបរណ្ដាប់ទៅធ្វើមង្គលការស្រាប់តែប្រទះគ្នានៅមុខផ្ទះម្ដាយឪពុក
ក៏ដណ្ដើមគ្នាកើតជាក្ដីឡើងនាំគ្នាមកក្រាបបង្គំទូល សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ”
។ ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាថា "គួរឲ្យសេដ្ឋីដែលម្ដាយលើកប្រគល់ឲ្យ ត្បិតម្ដាយបានបីបមថ្នមដោយសេចក្ដីនឿយហត់ជាងឪពុក"
ទើបទ្រង់ព្រះវិនិច្ឆ័យថា "ត្រូវឲ្យកូនក្រមុំទៅជាប្រពន្ធសេដ្ឋីទិសខាងលិច ឯសេដ្ឋីខាងកើតដែលឪពុកលើកឲ្យនោះ
មិនត្រូវបានទេ ព្រោះកូនស្រីឪពុកមិនសូវបានថែទាំដូចម្ដាយ ហើយព្រះអង្គទ្រង់ផ្សះផ្សាឲ្យសេដ្ឋីទាំង
២ នោះចងមេត្រីនឹងគ្នារៀងទៅ ។ សេដ្ឋីទាំង ២ នាក់ ក៏ក្រាបថ្វាយបង្គំលាទៅកាន់លំនៅខ្លួនហោង
។
No comments:
Post a Comment