គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៧
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានស្រ្ដីម្នាក់ជាអ្នកក្រ ថ្ងៃមួយទៅទទួលទឹកដោះគោ
បានហើយដាក់នឹងក្អមទូលដើរទៅ លុះដល់កណ្ដាលផ្លូវនាងនោះ កើតកាមវិតក្កគិតថា
កាលណាអញទៅលក់ទឹកដោះគោនេះបានប្រាក់ច្រើនហើយអញនឹងទិញមេមាន់មេទាមកចិញ្ចឹម
ដល់យូរទៅមេមាន់មេទាបង្កើតកូនសាយច្រើនឡើង អញលក់បានថ្លៃប្រមូលប្រាក់បានច្រើន
អញនឹងទិញមេគោមេពពែមកចិញ្ចឹមអោយបានច្រើនឡើង អញធ្វើជាដង្ខៅលក់ទឹកដោះ
កើតជាអ្នកមានធំ អញធ្វើផ្ទះពីរជាន់នៅ អញលោះខ្ញុំស្រីខ្ញុំប្រុសប្រើក្នុងការអញជានាយដង្ខៅ
អញលក់ក្នុងមួយព្រឹកៗ បានប្រាក់រាប់រយរាប់ពាន់ ញាតិទាំងឡាយសឹងកោតខ្លាចអញទាំងអស់ដល់មានការធ្វើបុណ្យអ្វីៗ
អញនឹងបរិច្ចាគទ្រព្យប្រដាប់ការបុណ្យនោះអោយសប្បាយ អញជួលល្ខោនជួលភ្លេងមកលេង
ហើយអញក៏រាំអោយគេមើលផង។
នាងនោះគិតបណ្ដើរ ដើរបណ្ដើរ ក៏ភ្លើសតិភ្លេចអាត្មាលើកដៃទាំងពីររាំចាក់ក្បាច់លោតយ៉ាងទំនងក្បាច់ល្ខោនបារាំង
តាំងរេករេខ្លួនទៅផ្សេងៗ អែក្អមទឹកដោះដែលទូលលើក្បាលនោះ ក៏ហក់ធ្លាក់ដល់ដីបែកកំពប់ទឹកដោះអស់ជាម្ដង
ទើបនាងនោះដឹងខ្លួនថាខ្លួនគិតហួសគិតផ្ដាស បង់ទឹកដោះអស់ដើមទុន កើតស្ដាយទឹកដោះនោះក្រៃពេក
ហើយក្ដៅក្រហាយចិត្ដ បន្ទោសខ្លួនអែងទៅផ្សេងៗហោង។
តំរាក្ដៅចិត្ដអែងនេះ កើតដោយអំណាចគិតចង់បានវត្ថុតាមកិលេសកាម
ហៅថាកាមវិតក្កមែនពិត វិតក្ក ៣ប្រការគឺ៖
កាម វិតក្ក១
ព្យាបាទវិតក្ក១
វិហឹង្សាវិតក្ក១
វិតក្ក ៣ប្រការនេះ បើមាននៅលើរូបបុគ្គលណាហើយ នាំរូបបុគ្គលនោះអោយដល់នូវក្ដីក្ដៅក្រហាយចិត្ដក្នុងកាលក្រោយ
ហើយជារោគដេកពុំលក់ ស៊ីពុំពិសា ធ្វើកាយាអោយស្គាំស្គមទ្រមចូលទៅក្នុងភ្លើងជរាជាឆាប់
គួរចូលចិត្ដចុះ។ មួយទៀត ការមិនគួរគិតហើយគិតនេះជាទីនាំចិត្ដអោយវង្វេងឆ្កួតទៅផ្សេងៗ
អ្នកប្រាជ្ញ លោកពោលទុកក្នុងគម្ពីរលោកនិតិថាដូច្នេះ។
អបត្ថេយ្យំ ន បត្ថេយ្យ អចិន្ដេយ្យំ ន ចិន្ដេយ្យ សភាវមេវ ចិន្ដេយ្យ
កាលំ មោឃំ អនិច្ឆេយ្យ។ប្រែថា កុំប្រាថ្នាការមិនគួរប្រាថ្នាបាន កុំគិតអានការមិនគួរបុគ្គលគិត
គួរគិតតែការសភាពរបស់ពិត កុំប្រាថ្នាកុំទៅគិតការទទេ។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment