គតិលោក ភាគ៧: រឿង៖ ហង្ស និង អណ្ដើក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៧: រឿង៖ ហង្ស និង អណ្ដើក


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងហង្ស និង អណ្ដើក
មាន​ហង្ស​មួយ​គូ តែង​នាំ​គ្នា​ទៅ​លេង​ទឹក​ស្រះ​១​ ជា​និរន្ដរ៍ បាន​យក​អណ្ដើក​មួយ​ជា​សំលាញ់​។ អែ​អណ្ដើក​នោះ តែ​ហង្ស​មក​លេង​ទឹក​កាល​ណា ក៏​វា​ចេញ​មក​និយាយ​ចរ​ចា​ប្រស័យ​ជា​មិត្ដ​នឹង​គ្នា លុះ​នៅ​យូរ​មក ស្រះ​នោះ​កើត​រីង​ខះ​គោក​អណ្ដើក​នឹង​នៅ​ពុំ​បាន ទើប​និយាយ​នឹង​ហង្ស​ថា សំ​លាញ់​អើយ​! ខ្ញុំ​អែង​ នឹង​នៅ​អាស្រ័យ​ក្នុង​ស្រះ​នេះ​ត​ទៅ​ទៀត​ពុំ​បាន​ឡើយ​ ព្រោះ​អិត​ទឹក​ដូច​សំលាញ់​ឃើញ​ស្រាប់​ហើយ​។ អែ​ហង្ស​ទាំង​គូ​ក៏​ថា បើ​ដូច្នេះ​មាន​តែ​យើង​នាំ​គ្នា​ទៅ​អាស្រ័យ​អែ​ម​ហា​បោក្ខ​ណី​នៅ​ខាង​ជើង​ព្រៃ​ហិ​មពាន្ដ​អែ​នោះ​វិញ​ចុះ ត្បិត​ស្រះ​នោះ​ជ្រៅ​ធំ​ទូលាយ​សប្បាយ​ ទាំង​ផលា​ផល​ទាំង​​ឡាយ​ជា​ភត្ដា​ហារ​ក៏​បរិបូណ៌​ គួរ​សំលាញ់​អែង​ទៅ​នៅ​អែ​មហា​ស្រះ​នោះ​ចុះ​។ អណ្ដើក​លឺ​ហង្ស​ថា​ដូច្នោះ​ ក៏​តប​ថា​ខ្លួន​ខ្ញុំ​អែង​ជា​សត្វ​ជើង​ខ្លី វារ​លូន​ដោយ​ផែន​ដី ធ្វើ​ម្ដេច​នឹង​ទៅ​​ដល់​មហា​ស្រះ​នោះ​បាន​?​ហង្ស​ទាំង​គូ​ក៏​ថា ការ​នាំ​សំលាញ់​ទៅ​កាន់​មហា​ស្រះ​ ជា​ភ្នាក់​ងារ​យើង​នាំ​ទៅ​ដោយ​ផ្លូវ​អាកាស​ គឺ​យើង​ខាំ​ពាំ​ឈើ​ស្នែង​ អោយ​សំលាញ់​អែង​ខាំ​តោង​ពី​ក្រោម​អោយ​ជាប់ យើង​ទាំង​គូនឹង​ហើរ​នាំ​ទៅ​។ អណ្ដើក​បាន​ស្ដាប់​លឺ​ដូច្នោះ​ ក៏​ព្រម​តាម ទើប​ហង្ស​ទាំង​គូ​ទៅ​កាត់​ឈើ​ស្នែង​បាន​ ក៏​ពាំ​ទាំង​សង​ខាង​អោយ​អណ្ដើក​ខាំ​តោង​ពី​ក្រោម ហើយ​ហង្ស​បាន​ហាម​អណ្ដើក​ថា ចូរ​សំលាញ់​រក្សា​មាត់​អោយ​ជិត ទោះ​ទៅ​ឃើញ​អ្វី​ៗ​ក្ដី​ រឺ​បាន​លឺ​​ស​ព្ទ​អ្វី​ៗ​ក្ដី កុំ​បី​ហាមាត់​សួរ​ រឺ​ និយាយ​ពី​អ្វី​ៗ​ឡើយ ព្រោះ​ការ​ដើរ​ដោយ​ផ្លូវ​អាកាស​នោះ​ក្រ​លំបាក​ណាស់ តែ​ភ្លាត់​មាត់​កាល​ណា ក៏​វិនាស​ក្នុង​កាល​នោះ​ ហេតុ​នោះ​ចូរ​សំលាញ់​ប្រយ័ត្ន​មាត់​ក​អោយ​មែន​ទែន​។ ហង្ស​ទាំង​ពីរ​ហាម​ប្រាម​អណ្ដើក​ស្រេច​ហើយ ក៏​នាំ​គ្នា​ពាំ​ឈើ​ស្នែង​ជា​បង្គង​ហើរ​ហោះ​ផ្លោះ​ ឡើង​លើ​អាកាស​វេ​ហាស៍ មាន​ភក្រ្ដា​តំរង់​ទៅ​ឧត្ដរ​ទិស​។

លុះ​មក​ដល់​កណ្ដាល​នគរ​ពារាណ​សី បណ្ដា​ក្មេង​ទាំង​ឡាយ​បាន​ឃើញ​ហង្ស​ហើរ​ពាំ​នាំ​អណ្ដើក​ដូច្នោះ​ វា​ក៏​បង្កូក​ហៅ​គ្នា​គឹក​កង​រំពង​ឡើង​ទាំង​ស្រុក ស្រែក​ប្រាប់​គ្នា​ថា វ៉ឺយ​គ្នា​យើង អែង​មើល​ហង្ស​វា​ពាំ​អណ្ដើក​នោះ យ៉ាង​ជា​វា​យក​ទៅ​ស៊ី​អែ​លំ​នៅ​វា​ហើយ​អែង​។ អែ​អណ្ដើក​បាន​លឺ​ពាក្យ​កូន​ក្មេង​ថា ហង្ស​ពាំ​នាំ​អណ្ដើក​យក​ទៅ​ស៊ី​ដូច្នោះ​ ក៏​ខឹង​នឹង​កូន​ក្មេង គិត​ថា​អា​ក្មេង​អស់​នេះ វា​ស្ដី​ប្រមាថ​មាក់​ងាយ​អញ​ពេញ​ទី​ជា​ម្ដង​គួរ​ រឺ ហង្ស​ជា​សំលាញ់​វា​នាំ​អញ​ទៅ​ទុក​អែ​មហា​ស្រះ​អែ​ណោះ​ទេ នេះ​វា​មក​នាំ​គ្នា​ពោល​ថា​ហង្ស​ពាំ​អញ​ទៅ​ស៊ី​វិញ អណ្ដើក​គិត​ដូច្នោះហើយ​ក៏​កើត​ទោ​សោ​នឹង​ពួក​ក្មេង​ ហា​មាត់​ឡើង នឹង​ជេរ​ពួក​ក្មេង​ទាំង​នោះ និមិត្ដ​តែ​ហា​មាត់​ឡើង​កាល​ណា ក៏​ធ្លាក់​អំ​ពី​ឈើ​បង្គង​ចុះ​មក​ដល់​ផែន​ដី ត្រូវ​នឹង​ដី​រឹង​ដី​ថ្ម បែក​ស្នូក​ជា​ភាគ​តូច​ភាគ​ធំ​ដល់​នូវ​ក្ដី​មរណ​កាល កណ្ដាល​ព្រះ​នគរ​ពារាណ​សី បណ្ដា​ក្មេង​ប្រុស​ស្រី ក៏​នាំ​គ្នា​រើស​សាច់​អណ្ដើក​នោះ យក​ទៅ​អោយ​ម៉ែ​ឳ​​វា​ស្លបរិភោគ​ហោង​។ អែ​ហង្ស​ទាំង​ពីរ​ កាល​ណា​បើ​អណ្ដើក​របូត​មាត់​ភ្លាត់​ចាក​ឈើ​ស្នែង​ធ្លាក់​ស្លាប់​ហើយ​ ក៏​នាំ​គ្នា​ចោល​ឈើ​ស្នែង​នោះ​ចេញ​ចាក​មាត់​នៃ​អាត្មា​ពោល​ថា អា​អណ្ដើក​វា​មិន​ដំកល់​នៅ​ក្នុង​អោ​វាទ​ខ្លួន​ហាម​ បាន​ជា​ដល់​នូវ​ក្ដី​វិនាស​យ៉ាង​នេះ ថា​ហើយ​ក៏​នាំ​គ្នា​ហើរ​ទៅ​កាន់​លំ​នៅ​នៃ​អាត្មា​វិញ​ហោង​។

រឿង​នេះ​ បាន​គតិ​ដល់​បុគ្គល​អ្នក​មិន​សង្រួម​មុខ​ទ្វារ គឺ​មិន​រក្សា​មាត់​អោយ​ល្អ​ បាន​នូវ​ក្ដី​ទុក្ខ​ទោស​វិនាស​ប្រាណ ដូច​អណ្ដើក​នោះ​អែង គួរ​ចូល​ចិត្ដ​ចុះ​។ អនិច្ចា​អណ្ដើក​ អណ្ដាត​ខ្វើក​ៗ បើក​មាត់​ជេរ​ក្មេង និមិត្ដ​ហា​មាត់ ភ្លាត់​ចាក​ឈើ​សែង​ ធ្លាក់​ស្លាប់​ខ្លួន​អែង​ ព្រោះ​មាត់​រពិស​។

ចប់តំរារពិសមាត់ជាគតិទី៣៩


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad