ស្រីហិតោបទេស ការបំបែកមិត្ដ
ភាគទី២
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី ២
រឿងពានរ និង សសរ
រឿងពានរ និង សសរ
នៅក្នុងប្រទេសមគធៈ មានជនត្រកូលកាយស្ថ(1) ម្នាក់ឈ្មោះសុភទត្ត
បានចាត់ចែងជាងអោយកសាងវិហារជិតធមារណ្យមួយ។ នៅវិហារនោះ
មេជាងបង្គាប់អោយកូនជាង អារពុះចុងសសរចំកណ្តាល
ហើយអោយយកស្នៀតទៅស៊កទុកត្រង់កណ្តាលសសរដែលអារនោះ។
មានស្វាមួយហ្វូងធំ តែងវារលោតលេងតាមទំនើងចិត្ត
ពីទីនេះទីនោះរហូតដល់ទីឋាននោះ។ មានពានរមួយកាលមរណមកដល់
ក៏ទៅអង្គុយលើសសរដែលគេអារពុះជាពីរនោះ
យកដៃទាំងពីរចាប់ទាញស្នៀតលេងជាល្បែងអិតពិចារណា។ ស្វាសវាទាំងពីរ
សំយុងស្តោកធ្លាក់ទៅចំចន្លោះសសរដែលគេអារពុះជាពីរនោះ។
រីចុងទាំងពីរនៃសសរនោះ កាលពានរទាញស្នៀតចេញផុតហើយ
ក៏ក្តោបមកវិញកៀបស្វាសទាំងពីរខ្ទេចល្អិតជាផង់ធូលី
ដល់ក្តីស្លាប់ទៅហោង ហេតុនោះបានជាខ្ញុំ (ករដកៈ) និយាយថា «នរជនណាជួញចិត្តរវល់ ក្នុងការដែលមិនត្រូវរវល់» ដូច្នេះជាដើម(លេខ ៣០)។
ចចកទមនកៈនិយាយអួតអាងថា៖ «មែនពិតហើយ
តែសេវកាមាត្យត្រូវតែយកចិត្តទុកដាក់មើលការងារម្ចាស់ និង
ខានពុំបាន»។ ចចកករដកៈ ឆ្លើយកាត់ថា៖ «មុខក្រសួងត្បូងការទាំងពួង អ្នកណាមាននាទីជាប្រធានមន្រ្តី
អ្នកនោះត្រូវធ្វើការងារនោះ
ចុះអ្នកតូចតាចដូចយើងមិនគួរគប្បីទៅជែងជួយព្រួយយកការងារគេដទៃមកធ្វើជំនួសទេ
ចូរមើល!
៣១ - នរជនណាព្រួយជួសគេ
ទៅជែងយកការងារជនដទៃមកធ្វើជំនួស
ព្រោះតែប្រាថ្នាប្រយោជន៍អោយនាយចៅហ្វាយ នរជននោះត្រូវគេសំលាប់ចោលបង់លើផែនដី
ដូចលាត្រូវគេវាយសំលាប់ចោលបង់សៀតព្រោះតែបញ្ចេញសំលេង»។ ចចកទមនកៈ សួររឿងនោះថា «តើរឿងនោះដូចម្តេច»។ ចចកករដកៈនិយាយរឿងនោះប្រាប់ថា៖
………………………………………………….
1) ត្រកូលនេះតាមយោជ្វវល្កយ្យ
ជាវណ្ណសូទ្រៈតែមានឋានៈជាក្សត្រ.
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment