ស្រីហិតោបទេស ការបំបែកមិត្ដ
ភាគទី២
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ការបំបែកមិត្ត
កាលនោះព្រះរាជកុមារទាំងឡាយ
ទ្រង់ត្រាស់សួរមហាបណ្ឌិតវស្ណុសម័នថា «បពិតលោកអាយិះ!
លោកបានបង្រៀនយើងខ្ញុំទាំងអស់គ្នាអោយបានចេះដឹងរឿងមិត្តលាភ
គឺការគប់មិត្តចប់ស្រេចហើយ អីលូវនេះ យើងខ្ញុំចង់ស្តាប់រឿង
សុហរិទភេទ គឺការបំបែកមិត្តជាលំដាប់តទៅ
សូមលោករៀបរាប់រឿងនេះអោយទានយើងខ្ញុំស្តាប់ទៀត»។
មហាបណ្ឌិតវិស្ណុសម័នបានស្តាប់ព្រះបន្ទូលព្រះរាជកុមារទាំងឡាយនោះ
ហើយក្រាបទូលថា «បើដូច្នោះ
សូមទ្រង់ទាំងឡាយរង់ចាំស្តាប់ទូលព្រះបង្គំ នឹងពណ៌នារឿងសុហរិទភេទ
គឺការបំបែកមិត្តថ្វាយ ដូចមានស្លោកខាងដើមបទថា៖
១ សេចក្តីស្នេហាស្និទ្ធស្នាលដ៏ប្រសើរ
កំពុងចំរើនឡើងរវាងសត្វសីហៈ និងគោឧសក នៅក្នុងព្រៃមួយ
ត្រូវចចកល្មោភជាអ្នកញុះញង់បំបែកអោយដល់សេចក្តីវិនាសអន្តរាយ
ព្រះរាជកុមារទាំងឡាយត្រាស់សួរថា «រឿងនោះតើដូចម្តេច?»។ មហាបណ្ឌិតវិស្ណុសម័នក្រាបទូលដូចតទៅនេះ
កថាទី១
រឿងគោឧសក ចចកពីរ និសត្វសីហៈ
រឿងគោឧសក ចចកពីរ និសត្វសីហៈ
នៅក្នុងប្រទេសទក្សិណបថ
មាននគរមួយឈ្មោះសុវណ្ណវតី ជាទីអាស្រ័យនៅនៃពាណិជម្នាក់ឈ្មោះវធមានៈ
ជាអ្នកមានទ្រព្យច្រើន។ ពាណិជវិធមានៈ
សូម្បីមានទ្រព្យស្រឹង្គារស្តុកស្តម្ភដូច្នេះក្តី
កាលបើឃើញញាតិសន្តានដទៃទៀត បរិបូណ៌ដោយទ្រព្យអនេកអន័គ្ឃ
ក៏មានគំនិតនឹងស្វះស្វែងរកទ្រព្យសម្បត្តិ កពូនអោយរឹងរឹតតែមានច្រើនថែមទៀត
ព្រោះថា៖
២ - នរជនដូចម្តេច
កាលក្រលេកមើលទៅខាងក្រោមឃើញជន ជាន់ទាបជាងខ្លួន
មិនឡើងជោរអួតអាងថាខ្លួនធំមហិមា តែកាលក្រលេកមើលទៅខាងលើឃើញជន
ជាន់ខ្ពាស់ជាងខ្លួន ទើបដឹងថាខ្លួនជាអ្នកកំសត់ក្រៃលែង។
៣ - នរជនណាមានទ្រព្យច្រើន
នរជននោះសូម្បីសំលាប់ព្រះព្រហ្មមួយ ក៏នៅតែមានគេគោរពបូជា
អែជនក្រីក្រ សូម្បីមានវង្សត្រកូលខ្ពង់ខ្ពស់ស្មើនឹងវង្សព្រះបាទចន្ទៈ(1) ក៏នៅតែគេមើលងាយ។
៤ - លកស្មី(2) មិនរត់ទៅរកជនដែលអិតសេចក្តីប្រឹងប្រែង ខ្ជិលច្រអូស
វង្វេងជឿ ព្រេងវាសនា និង មិនមានព្យាយាមទេ
ដូចប្រពន្ធក្មេងមិនអើពើប្តីចាស់ជរាដូច្នោះ។
៥- ភាវៈជាបុគ្គលខ្ជិល១
ការសេពគប់ស្រ្តីផ្កាមាស១ ភាវៈជាបុគ្គលមានទ្រព្យច្រើន១ ចិត្តជាប់
នឹង ស្រុកកំណើត១ ចិត្តសន្តោស១ ភាវៈជាបុគ្គលខ្លាចច្រើន១
ទោស៦ប្រការនេះ ជាគ្រឿងទំលាយបង់នូវភាវៈខ្លួនជាធំ។
៦ - នរជនណា មានទ្រព្យសម្បត្តិតិចតួច សំគាល់ថា
ខ្លួនមានទ្រព្យច្រើន មិនខំរកតទៅទៀត
ព្រះព្រហ្មដែលជាអ្នកសាងទ្រព្យសម្បិត្ត មិនព្រមចំរើនទ្រព្យសម្បត្តិអោយនរជននោះទេ។
៧ - កូនមិនអុស្សាហ៍ មិនជាទីគាប់ចិត្ត
មិនមានវិរិយៈ ជាទីឡកឡឺយនៃសត្រូវ
សូមកុំអោយស្រ្តីណាមួយបង្កើតកូនបែបនេះអោយសោះ។
៨
-បុគ្គលគប្បីស្វែងរកទ្រព្យសម្បត្តិដែលមិនទាន់បាន គប្បីរក្សាទ្រព្យសម្បត្តិដែល
រកបានហើយ កុំអោយរផាត់រទាំងអស់ទៅវិញ
គប្បីកពូនទ្រព្យសម្បត្តិដែលរក្សាទុកនោះ អោយចំរើនឡើងដោយប្រពៃ
គប្បីកប់ទុកទ្រព្យសម្បត្តិដែលចំរើនឡើងហើយក្នុងបុញ្ញខេត្ត។
បុគ្គលកាលប្រាថ្នាទ្រព្យសម្បត្តិដែលមិនទាន់បាន
តែងបានទ្រព្យសម្បត្តិនោះមក ដោយការយកទ្រព្យសម្បត្តិទៅទាក់
អែទ្រព្យសម្បត្តិដែលរកបានហើយ បើមិនរក្សាទុកដោយម៉ត់ចត់ទេ
សូម្បីមានទ្រព្យកប់ទុកជាកំណប់ច្រើនប៉ុណ្ណាក៏ដោយ ក៏នឹងវិនាសទៅអែង។
មួយទៀត ទ្រព្យសម្បត្តិដែលបុគ្គលមិនធ្វើអោយបានចំរើនច្រើនឡើងទេ
ក៏តែងតែអស់ទៅបន្តិចម្តងៗគ្រប់កាល
ដូចជាការអស់ទៅនៃថ្នាំបន្តក់ភ្នែក ទ្រព្យសម្បត្តិនេះអែង
បើបុគ្គលមិនចែកចាយជាទានអោយបានជាសាធារណសុខដល់ជនដទៃទេ
ក៏អសារបង់សោះសូន្យទទេ ព្រោះថា៖
៩ -ទ្រព្យដែលគេមិនអោយទាន រឺមិនបរិភោគខ្លួនអែង
មានប្រយោជន៏អ្វី? រេហ៍ពលដែលគេមិនយកទៅច្បាំងតស៊ូសត្រូវ
មានប្រយោជន៍អ្វី? ការចេះដឹងគម្ពីរដិកាធម៌អាថិ
បើគេមិនប្រតិបត្តិតាម តើមានប្រយោជន៏អ្វី? ខ្លួនយើងបើមិនទូន្មានឥន្រ្ទីយអោយបានបទទេ
តើមានប្រយោជន៍អ្វី?
១០ - ទឹកស្រក់មួយដំណក់ៗ ជាលំដាប់ អាចពេញក្អមបាន
នេះជាគ្រឿងឧបមានៃការរៀនសព្វវិជ្ជា ការប្រតិបត្តិធម៌ និង
ការសន្សំទ្រព្យសម្បត្តិ។
១១ ជីវិតនរជនណា
ដែលបណ្តោយអោយថ្ងៃប្រព្រឹត្តកន្លងទៅទទេ ដោយមិនបានបរិច្ចាគទ្រព្យខ្លួនជាទាន
និង បរិភោគបំពេញផ្ទៃខ្លួនអែងទេ ជីវិតនរជននោះ ដូចស្នប់ជាងដែក
សូម្បីរស់ដកដង្ហើមចេញចូលបាន ក៏ឈ្មោះថាស្លាប់។ ពាណិជវធមានៈ
គិតឃើញដូច្នេះហើយ ក៏ប្រមូលទំនិញផ្សេងៗ ផ្ទុកពេញរទេះ
ហើយយកគោឧសកទាំងពីរ គឺនន្ទកៈ និង សញ្ជិវកៈទៅទឹម
ធ្វើដំណើរចេញទៅប្រទេសកស្មីរ ដើម្បីធ្វើជំនួញ ព្រោះថា៖
១២ បុគ្គល កាលឃើញការអស់ទៅនៃថ្នាំបន្តក់ភ្នែក និង
ការកពូននៃកណ្តៀរហើយ គប្បីប្រឹងប្រែងអោយកើតប្រយោជន៍រាល់ៗថ្ងៃ
ដោយការអោយទាន ដោយការសិក្សាក្បួនខ្នាត និង ដោយការធ្វើការងារ។
១៣ - ភារៈដូចម្តេច ដែលហៅថាធ្ងន់ណាស់
សំរាប់អ្នកមានសមត្ថភាព? ទីណាដែលហៅថាឆ្ងាយណាស់សំរាប់អ្នកមានព្យាយាមច្រើន?
ប្រទេសណា ដែលហៅថា បរទេសសំរាប់អ្នកមានចំណេះវិជ្ជា?
ជនណាដែលហៅថាអ្នកកន្ទៀតសំរាប់អ្នកមានប្រីយវាទ?។
ខណដែលពាណិជវធមានៈ
ធ្វើដំណើរចរចេញទៅដល់ព្រៃធំទុរគមឋានស្ងាត់មួយ ជាគ្រោះថ្នាក់ គោឧសក
សញ្ជីវកៈ ភ្លាត់ជើងដួលបាក់ភ្លៅម្ខាង ដើរទៅមិនរួច ពាណិជវធមានៈ
ឃើញដូច្នេះហើយរំពឹងគិតថា៖
១៤ - ជនអ្នកចេះដឹងនិតិសាស្រ្ត
ល្បងធ្វើព្យាយាមខាងនេះខាងនោះលមើលទៅចុះ តែផលដែលត្រូវបាននោះ
ព្រះព្រហ្មលោកលិខិតទុកអោយដិតជាប់ក្នុងចិត្តរួចស្រេចហើយ។
១៥ សេចក្តីសង្ស័យស្ទាក់ស្ទើរចិត្ត
ជាការអន្តរាយដល់សារពើការងារ
បុគ្គលគប្បីលះបង់ចោលអោយស្រលះទៅព្រោះកាលបើលះបង់សេចក្តីសង្ស័យស្ទាក់ស្ទើរចិត្តហើយ
ការសំរេចផលប្រយោជន៏ នឹង កើតប្រាកដទៅតាមរបៀប។
លុះពិចារណាឃើញច្បាស់ដូច្នេះហើយ ពណិជវធមានៈ
ទុកគោឧសក សញ្ជីវកៈ ចោលនៅនាព្រៃនោះ
ដើរកាត់ទៅកាន់នគរធមរបុរីរកទិញគោសកមានរូបធាត់ធំមាំមួនបានមួយ យកមកទឹមរទេះជំនួស
ហើយធ្វើដំណើររហូតតទៅទៀត។ អែគោសញ្ជីវក
កាលដែលគេបោះបង់ចោលហើយទៅបាត់ ខំដើរខ្ចក់ខ្ចើចតែជើងបីខ្វានៗ
រកស៊ីស្មៅក្បែរទីនោះចិញ្ចឹមជីវិត ព្រោះថា៖
១៦ - សូម្បីលិចលង់ក្នុងមហាសមុទ្រ រឺ
ធ្លាក់ចុះពីលើកំពូលភ្នំ រឺ ក៏ត្រូវនាគតស្សកៈ(3) ចឹក បើមិនទាន់ដល់កាលស្លាប់ទេ
អាយុនៅតែរក្សាជីវិតឥន្រ្ទីយអោយរស់តទៅបាន។
១៧(4) - សត្វលោកសូម្បីត្រូវសរមួយរយផ្លែ
បើមិនទាន់ដល់កាល ក៏មិនស្លាប់
បើដល់កាលមរណៈហើយសព្វបើមុតដោយស្បូវបន្តិចក៏មិនរស់ដែរ។
១៨ អ្វីមួយមិនមានគេរក្សា
តែមានបុណ្យវាសនាជួយរក្សា ក៏អាចឋិតថេរទៅបាន
អ្វីមួយមានគេរក្សាល្អហើយ
តែបុណ្យវាសនាមិនជួយរក្សាផងក៏វិនាសអន្តរាយទៅបាន
ប្រៀបដូចនរជនអានាថា គេលះបង់ចោលកណ្តាលព្រៃជ្រៅគង់មានជិវិតរស់បាន
អែនរជនមានគេរក្សាប្រយ័ត្នប្រយែងនៅក្នុងផ្ទះក៏ស្លាប់ទៅបាន។
ក្នុងថ្ងៃដែលកន្លងទៅដោយលំដាប់ គោឧសក
សញ្ជវកៈដើរស៊ីស្មៅជាអាហារក្បែរមាត់ស្ទឹងតាមទំនើងចិត្ត ហើយ
អាស្រ័យនៅក្នុងទីនោះ ឡើងសាច់ឈាមធាត់មាំមួន មានកំលាំងក្លៀវក្លាហាន
បោលលោតលេងកញ្ឆាក់កញ្ឆេង រោទ៍លាន់លឺគឹកកងរំពងព្រៃ។
មានសត្វសិហៈមួយឈ្មោះបិង្កលកៈជាស្តេចសត្វចតុប្បាទអាស្រ័យនៅក្នុងព្រៃនោះ
សោយសេចក្តីសុខក្នុងរាជសម្បត្តិដែលខ្លួនតតាំងច្បាំងយកបានដោយកំលាំងដៃខ្លួន
ព្រោះថា៖
១៩ - ម្រឹគទាំងឡាយ មិនធ្វើពិធីបុណ្យអភិសេកអោយសីហៈទេ សីហៈបានរាជ្យបានជាធំលើពួកសត្វម្រឹគដោយកំលាំងព្យាយាមនៃខ្លួនអែង។ ថ្ងៃមួយ បិង្កលកៈស្រេកទឹក ដើរចេញទៅរកផឹកទឹកនៅត្រើយស្ទឹងយមុនា កំពុងតែដើរទៅ បានលឺសំលេងរោទ៍រំពងព្រៃ ហាក់ដូចជាមហាមេឃគ្រហឹមគ្អិល គគ្រឹកគគ្រេងរកកលនឹងស្រក់ធ្លាក់ចុះមក លុះលឺសំលេងរោទ៍នោះហើយ ភ័យតក់ស្លុតរន្ធត់ចិត្តមហិមា មិនហ៊ានចុះទៅផឹកទឹក ក៏វិលត្រលប់ទៅកាន់ទីលំនៅដើមខ្លួនវិញ គិតពិចារណា មើលមិនយល់ថា ជាសំលេងអ្វីសោះ ក៏អង្គុយនៅស្ងៀមស្ងាត់មិនមាត់កឡើយ។ កាលនោះមានចចក២ មួយឈ្មោះ ករដក មួយទៀតឈ្មោះទមនកៈ ជាកូនមន្រ្តីចាស់នៃសីហៈនោះ នៅក្នុងទីជិតនោះដែរ ឃើញបិង្កលកៈ កំពុងអង្គុយវិតក្ក ទ្រមឹងទ្រមើយដូច្នោះ ចចកទមនកៈសួរទៅកាន់ចចកករដកៈថា «នែសំលាញ់ករដកៈម្ចាស់យើងស្រេកទឹក មានរឿងអ្វីទៅហើយបានជាមិនផឹកទឹក ហើយវិលត្រលប់មកវិញ ស្រាប់តែញាប់ញ័ររន្ធត់ សញ្ជប់សញ្ជឹងអង្គុយនៅ ស្ងៀមស្ងាត់បាត់មាត់បាត់កដូច្នេះហ្ន៎?»។ ចចកករដកៈឆ្លើយប្រាប់ថា «ហៃមិត្តទមនកៈ! តាមចិត្តខ្ញុំ យើងមិនត្រូវសេពគប់ម្ចាស់នេះទេ បើទុកជារឿងដូច្នេះកើតឡើង មានប្រយោជន៍អ្វី នឹង ជួយយកអាសារ អីលូវនេះកុំទៅអោយប្រើល្អជាជាង ម្ចាស់យើងមិនមានលក្ខណៈធ្វើជាមេបាគេទេ យើងមិនមានទោសខុសអ្វីសោះ ស្រាប់តែមើលងាយ បណ្តេញបំបរបង់យើង មិនដែលនឹកនាយើងសោះ យើងរងទុក្ខធំបែបនេះមកអស់កាលយូរយាណាស់ហើយ ព្រោះថា៖
១៩ - ម្រឹគទាំងឡាយ មិនធ្វើពិធីបុណ្យអភិសេកអោយសីហៈទេ សីហៈបានរាជ្យបានជាធំលើពួកសត្វម្រឹគដោយកំលាំងព្យាយាមនៃខ្លួនអែង។ ថ្ងៃមួយ បិង្កលកៈស្រេកទឹក ដើរចេញទៅរកផឹកទឹកនៅត្រើយស្ទឹងយមុនា កំពុងតែដើរទៅ បានលឺសំលេងរោទ៍រំពងព្រៃ ហាក់ដូចជាមហាមេឃគ្រហឹមគ្អិល គគ្រឹកគគ្រេងរកកលនឹងស្រក់ធ្លាក់ចុះមក លុះលឺសំលេងរោទ៍នោះហើយ ភ័យតក់ស្លុតរន្ធត់ចិត្តមហិមា មិនហ៊ានចុះទៅផឹកទឹក ក៏វិលត្រលប់ទៅកាន់ទីលំនៅដើមខ្លួនវិញ គិតពិចារណា មើលមិនយល់ថា ជាសំលេងអ្វីសោះ ក៏អង្គុយនៅស្ងៀមស្ងាត់មិនមាត់កឡើយ។ កាលនោះមានចចក២ មួយឈ្មោះ ករដក មួយទៀតឈ្មោះទមនកៈ ជាកូនមន្រ្តីចាស់នៃសីហៈនោះ នៅក្នុងទីជិតនោះដែរ ឃើញបិង្កលកៈ កំពុងអង្គុយវិតក្ក ទ្រមឹងទ្រមើយដូច្នោះ ចចកទមនកៈសួរទៅកាន់ចចកករដកៈថា «នែសំលាញ់ករដកៈម្ចាស់យើងស្រេកទឹក មានរឿងអ្វីទៅហើយបានជាមិនផឹកទឹក ហើយវិលត្រលប់មកវិញ ស្រាប់តែញាប់ញ័ររន្ធត់ សញ្ជប់សញ្ជឹងអង្គុយនៅ ស្ងៀមស្ងាត់បាត់មាត់បាត់កដូច្នេះហ្ន៎?»។ ចចកករដកៈឆ្លើយប្រាប់ថា «ហៃមិត្តទមនកៈ! តាមចិត្តខ្ញុំ យើងមិនត្រូវសេពគប់ម្ចាស់នេះទេ បើទុកជារឿងដូច្នេះកើតឡើង មានប្រយោជន៍អ្វី នឹង ជួយយកអាសារ អីលូវនេះកុំទៅអោយប្រើល្អជាជាង ម្ចាស់យើងមិនមានលក្ខណៈធ្វើជាមេបាគេទេ យើងមិនមានទោសខុសអ្វីសោះ ស្រាប់តែមើលងាយ បណ្តេញបំបរបង់យើង មិនដែលនឹកនាយើងសោះ យើងរងទុក្ខធំបែបនេះមកអស់កាលយូរយាណាស់ហើយ ព្រោះថា៖
២០ ចូរមើល! គួរអនិច្ចាអ្នកបំរើ ចូលចិត្តធ្វើខ្ញុំបំរើគេ
ព្រោះតែចង់បានទ្រព្យ មនុស្សល្ងង់ចូលចិត្តបំរើគេរហូតដល់វិនាសអិស្សរភាពខ្លួនក៏មិនថា។
២១ អ្នកធ្វើបំរើគេ តែងធន់ទ្រាំលំបាកដោយត្រជាក់
ដោយខ្យល់ និង ដោយកំដៅថ្ងៃអិតបានប្រយោជន៍អ្វីសោះ អែអ្នកប្រាជ្ញខំបំពេញតបៈ
បើទុកជាលំបាក គង់បានសេចក្តីសុខជាផល។
២២(5) ការតាំងខ្លួនមិនអោយជាខ្ញុំគេ តែងបានផលជាសុខដល់ជីវិត
បើជនណាព្រមនៅក្នុងអំណាចគេ ជននោះឈ្មោះថាមានជីវិតរស់ ដូច្នោះតើជនបែបណាវិញហ្ន៎ដែលឈ្មោះថាស្លាប់?។ (5)ហិតោបទេសភាសាបារាំងរបស់លោកឡង់សឺរូ
មានគាថាលើសដូច្នេះ នរជនខ្លះប្រលែងជាមួយពស់ នរជនខ្លះបរិភោគកាមដោយប្រពន្ធជនដទៃ
និងនរជនខ្លះជាខ្ញុំបំរើស្តេច អោគួរអនិច្ចា! មនុស្សលោកយើងនេះ ជាសត្វកាចសាហាវណាស់តើ!។)
២៣ «មកណេះ! ទៅ! ក្រោកឡើង! និយាយទៅ! នៅអោយស្ងៀម!» នេះជា សំដីអ្នកធំមានទ្រព្យសម្បត្តិនិយាយលេងជាល្បែង
ចំពោះអ្នកក្រីក្រជាខ្ញុំបំរើដែល សេចក្តីប្រាថ្នាទ្រព្យចាប់ត្របាក់បានហើយ។
២៤ - ជនអប្បអិតប្រាជ្ញា សំរាំងខ្លួនហើយសំរាំងទៀត ទុកបំរុងគ្រាន់តែបំរើជនដទៃ
ជានាយព្រោះប្រាថ្នាទ្រព្យ ដូចស្រ្តីផ្កាមាសតុបតែងខ្លួនអោយល្អ ទុកសំរាប់តែបុរស។
២៥ ចៅហ្វាយនាយ តែងក្រលេកសំលឹងមើលការខុសឆ្គងមិនបរិសុទ្ធជាប្រក្រតីនៃខ្ញុំបំរើ
ដោយភ្នែកណា អ្នកបំរើតែងរំពៃមើលភ្នែកនោះនៃម្ចាស់ដោយច្រើន។
២៦ បើនៅត្រមឹងមិននិយាយច្រើន គេថាល្ងង់ បើនិយាយ គេថានិយាយច្រើនពេក
រឺ ថាឆ្កួត បើចេះអត់ធ្មត់ គេថាខ្លាច បើជេរមិនឈឺ គេថានាកិជាតិ (6)បើនៅជិត
គេថាហ៊ានពេក បើនៅឆ្ងាយដោយមានវិន័យគេថា ញញើតញញើមពេក សូម្បីព្រះយោគី(7) ក៏ផ្គាប់ចិត្តម្ចាស់អោយពេញបរិបូណ៍មិនបានដែរ
អោហ្ន៎នាទីជាខ្ញុំបំរើគេមានអាថិកំបាំងជ្រាលជ្រៅគួរតក់ស្លុតណាស់តើ!។
២៧ - អ្នកបំរើលើកដៃសំពះ ព្រោះតែម្ចាស់ក្រោក, លះបង់ប្រាណ
ព្រោះតែការពារជីវិតម្ចាស់ ទទួលរងសេចក្តីទុក្ខខ្លួនអែង ព្រោះតែរក្សាសេចក្តីសុខម្ចាស់, អោ!អនិច្ចា
ខ្ញុំបំរើគេ! មានអ្វីល្ងង់ខ្លៅថោកទាបជាងនេះទៅទៀតហ្ន៎!។ ចចកទមនកៈ និយាយកាត់ឡើងថា៖
«នែសំលាញ់!
ពាក្យនេះគេមិនត្រូវយកមកទុកដាក់ក្នុងចិត្តសោះទេ ព្រោះថា៖
២៨ - ហេតុដូចម្តេច ក៏គេមិនគប្បីសេពគប់អិស្សរជនម្ចាស់ដ៏ប្រសើរ
បើម្ចាស់គាប់ចិត្តហើយ មិនយូរប៉ុន្មាន ម្ចាស់នឹងបំពេញមនោរថមិនខាន។
២៩ បើមិនធ្វើជាសេវកាមាត្យ តើនឹងបានចាមរសែនត្វ័នស្វេតច្ឆត្រដោមដុងលើចុងដងក្លស់
មានពាជី គជេន្រ្ទ និង កងទ័ពចោមរោមរុងរឿងមកពីណា?»។
ចចកករដកៈ និយាយថា៖ «បើទុកជាដូច្នោះ យើងមិនត្រូវជួញរវល់ដែរ
មានប្រយោជន៍អ្វីសំរាប់យើង? ការជួញរវល់ក្នុងការមិនត្រូវជួញរវល់ មានតែសេចក្តីវិនាសសាបសូន្យ
ចូរមើល!។
៣០ នរជនណា ជួញចិត្តរវល់ ក្នុងការដែលមិនត្រូវរវល់
នរជននោះ នឹងត្រូវដេកស្លាប់លើផែនដី ដូចពានរ ថ្លស់ខ្លួនដល់ស្លាប់ ព្រោះចាប់ទាញឈើស្នៀត»។ ចចកទមនកៈ
សួរឡើងថា «ចុះរឿងនោះ
តើដូចម្ដេច?»។
ចចកករដកៈ និយាយរៀបរាប់ប្រាប់ថា៖
………………………………………………..
(1)រាជវង្សមួយក្នុងប្រទេសឥណ្ឌៀ
រាជធានីឈ្មោះប្រតិស្ឋាន ស្ថិតនៅចន្លោះទន្លេគង្គា និង យមុនា
សព្វថ្ងៃនៅក្នុងខេត្តដូអាប តមកព្រះរាជវង្សនេះផ្សាយអាណាខេត្ត
ទៅដល់កុរុក្សេត្រ ហើយតាំងរាជធានីជាលំដាប់នៅ អិន្រ្ទប្រស្ដ ហស្តិនាបុរៈ
និង កោសម្ភី។
(2) សំណាង ទ្រព្យសម្បត្តិ។
(3)ឈ្មោះស្តេចនាគមានរិទ្ធិខ្លាំងពូកែ។
(4)ហិតោបទេសភាសាបារាំងនៃលោក
ឡង់សឺរូ មានគាថាដូច្នេះ នរជនមិនទាន់ដល់បាលបាណៈ
សូម្បីធ្លាក់ពីលើកំពូលភ្នំលិចលង់ក្នុងមហាសមុទ្រក្តី ធ្លាក់ក្នុងភ្លើងក្តី
ប្រលែងជាមួយពស់ក្តី ក៏មិនស្លាប់។
(5)ហិតោបទេសភាសាបារាំងរបស់លោកឡង់សឺរូ
មានគាថាលើសដូច្នេះ នរជនខ្លះប្រលែងជាមួយពស់
នរជនខ្លះបរិភោគកាមដោយប្រពន្ធជនដទៃ និងនរជនខ្លះជាខ្ញុំបំរើស្តេច
អោគួរអនិច្ចា! មនុស្សលោកយើងនេះ ជាសត្វកាចសាហាវណាស់តើ!។
(6) ត្រកូលថោកទាប។
(7)ព្រះអីសូរ)
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment