គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងលោកគ្រូចៅអធិការវត្ដកោះ
កាលនោះមានបុរសម្នាក់វាដឹងថា
លោកចៅអធិការវត្ដកោះស្រុកទន្លេធំ លោកនោះបរិបូណ៌ដោយលាភសក្ការៈច្រើន
ចំរើនចិត្ដប្រព្រឹត្ដទៅក្នុងលោក បង្កើតសេចក្ដីលោភរឿយៗ។
ថ្ងៃមួយបុរសពាលម្នាក់វាស្លៀកពាក់រៀបរយសុភាពរាបសា
ប្រើអាការកិរិយាដូចជាឧបាសកអ្នករក្សាសីល ដែលមានសទ្ធាក្នុងព្រះពុទ្ធសាសនា
ចូលទៅរកលោកចៅអធិការ លោកចៅអធិការ ក៏ធ្វើបដិសណ្ឋារៈទទួលតាមសមគួរ។
ចៅពាលក៏និយាយថា ខ្ញុំករុណានឹងគិតធ្វើបុណ្យម្ដាយក្នុង
ខែប្រាំងនេះឯគ្រឿងទេយ្យទានគឺត្រៃចីវរ ចំណែកខាងលោកឡើងខ្នាតមាតិកានោះ
ក៏បានជាវគេស្រេចអស់ហើយ ត្រៃចីវរខាងលោកទេសនាសង្គាយនាគ្រែ៣នោះ
ក៏បានចាត់ចែងស្រេចបាច់អស់ហើយ នៅតែត្រៃចំណែកអភិធម្មនោះ ពុំទាន់ធ្វើនៅឡើយ
ព្រោះបងប្អូនកូនប្រពន្ធខ្ញុំកុរុណាពិគ្រោះយល់ព្រមគ្នាថា លោកឡើងព្រះអភិធម្មនោះ
គួរដល់ព្រះតេជគុណជាម្ចាស់នេះ ខ្ញុំករុណាមកនេះសូមអារាធនានិមន្ដព្រះតេជគុណឡើងព្រះអភិធម្ម
នាំផ្លូវឲ្យមាតាខ្ញុំករុណា ក្នុងការបុណ្យនោះឲ្យទាន ឯត្រៃសំរាប់ប្រគេននោះ
ចាំមកមើលត្រៃព្រែរបស់ព្រះតេជព្រះគុណឯនេះ ជាព្រះ គុណសព្វព្រះហរិទ័យព្រែបែបណា
ក៏នឹងទិញព្រែខ្នាតនោះឲ្យត្រូវព្រះហរិទ័យ សូមទានព្រែត្រៃគំរូមើលនឹងបាន
ចាត់ចែងតាម។ ឯលោកចៅអធិការលឺចៅពាលពោលត្រូវចិត្ដ ដូច្នោះហើយក៏តបថា
ចំរើនពរ តៃ្រព្រែអាត្មាភាពមានខ្លះដែរ តែមិនសូវត្រូវចិត្ដអាត្មាប៉ុន្មានទេ
បើឧបាសកមានសទ្ធាយ៉ាងនេះ មានតែទៅមើលត្រៃឯផ្សារត្រើយម្ខាង ព្រែយ៉ាងណាក៏មាន
សូមទានបើដូច្នោះ និមន្ដព្រះតេជគុណជូនខ្ញុំព្រះករុណាទៅមើល បើត្រូវព្រះហរិទ័យព្រែបែបណា
ខ្ញុំព្រះករុណា នឹងជាវបែបនោះ មកធ្វើប្រគេន ចំរើនពរបានមិនអីទេ ថាហើយ
ចៅអធិការហៅប្រើកូនសិស្ស ឲ្យទៅរៀបទូកក្ដារ ឯក្មេងកូនសិស្ស ក៏នាំគ្នារៀបទូកបញ្ចុះលោកគ្រូ
នឹងចៅពាលនោះ ចែវឆ្ពោះត្រង់ ទៅដល់ត្រើយម្ខាង ទំនងយ៉ាងផ្សារស្រុករកាកោង
ទើបចាត់ឲ្យអ្នកចែវនៅចាំទូក លោកចៅអធិការ ក៏នាំចៅពាល និងក្មេងស្ពាយយាមឡើងទៅផ្សារ
ដើរទៅដល់ផ្ទះចិន ចិនក៏និមន្ដឲ្យចូលទៅ ចិនឃើញលោកគ្រូធំមកផ្ទះខ្លួន ក៏ត្រេកអររៀបអាសន
និមន្ដលោកអោយគង់ហើយសួរថា លោកគ្រូម្ចាស់ និមន្ដមកដោយត្រូវការអ្វី ចំរើនពរ
អាត្មាភាពជូនឧបាសកនេះមកទិញព្រែធ្វើត្រៃ ព្រែសៀងហៃយ៉ាងល្អនោះតើជាមានខ្លះដែរឬអ្នកដង្ខៅ។
ករុណាម្ចាស់មានខ្លះដែរ
លោកគ្រូម្ចាស់ត្រូវការខ្ញុំករុណានឹងយកមកប្រគេនទតមើល។ ចំរើនពរយកមកមើលអ្នកដង្ខៅ។ ចិនក៏រើព្រែច្រើនក៏ស្រាយលាតឲ្យលោកគ្រូនិងចៅពាលនោះមើល
លុះរើសមើលទៅ បានព្រែល្អ២កី លោកចៅអធិការក៏និយាយទៅកាន់ចៅពាលនោះថា ព្រែ២កីនេះត្រូវចិត្ដអាត្មាហើយបើអ្នកត្រូវការនឹងសាងត្រៃគ
ប្បីយកព្រែខ្នាតនេះចុះ។ ចៅពាលក៏តបថា ករុណាម្ចាស់បើព្រះតេជគុណសព្វព្រះហរិទ័យហើយ
ខ្ញុំករុណានឹងជាវចុះ ថ្លៃថ្នូរប៉ុន្មានអ្នកដង្ខៅ។ ចិនក៏កាត់ថ្លៃ៥០រៀលជាការដាច់ខាតចៅពាលក៏ថា
បាទខ្ញុំបាទយកហើយ ធ្វើម្ដេចឯងប្រារព្ធធ្វើបុណ្យចំពោះព្រះតេជគុណព្រះគុណហើយ
ទោះថ្លៃយ៉ាងណាក៏ចេះតែយក តែប្រាក់ខ្ញុំជាប់មកនេះមានតែ២០រៀលទេ មិនគ្រប់គ្រាន់
បើដូច្នេះសូមនិមន្ដព្រះគុណនៅគង់រង់ចាំ ខ្ញុំព្រះករុណានឹងទៅយកប្រាក់អំពីបងនៅភូមិលើមកបង្រ្គប់
លោកចៅអធិការក៏ថាចំរើនពរ អញ្ជើញទៅឲ្យឆាប់ចុះ អាត្មានៅរង់ចាំនៅនេះ។
ឯចៅពាលក៏លាលោកនិងចិនចេញទៅភូមិលើដើរអមទៅកំពង់ដែលចតទូក
ហើយប្រាប់កូនសិស្សដែលចែវទូកមកនោះថា ឥឡូវព្រះតេជគុណប្រើឲ្យយើងនាំចៅឯងទៅយកប្រាក់៥០រៀលឯកុដិលោក
ឯពួកកូនសិស្សនោះ ក៏ជឿតាម ទើបចុះចែវទូកឆ្លងមកដល់វត្ដកោះហើយក៏ឡើងទៅប្រាប់លោកសង្ឃដែលរក្សាកុដិកាន់កូនសោនោះថា
ព្រះតេជគុណប្រើឲ្យមកយកប្រាក់៥០រៀល ទៅឲ្យថ្លៃទំនិញចិន ឯលោកសង្ឃរក្សាកុដិក៏ជឿ
ទើបចាក់សោ ហិបបើកយកប្រាក់៥០រៀលប្រគល់ឲ្យទៅដៃចៅពាល ចៅពាលក៏នាំកូនសិស្សចុះចែវទូកឆ្លងវិលទៅត្រើយវិញ
លុះដល់ហើយចៅពាលថា ចៅឯងទាំងអស់គ្នានៅចាំទូកចុះខ្ញុំឯងនឹងយកប្រាក់នេះទៅប្រគេនលោកគ្រូ
ថាហើយក៏ឡើងម្នីម្នាទៅទិសបូព៌ មានមុខឆ្ពោះត្រង់ចូលព្រៃ យកប្រាក់នោះទៅកែខៃបរិភោគតាមប្រាថ្នា។
ថ្លែងឯលោកចៅអធិការនៅរង់ចាំចៅពាលតាំងតែពីពេលថ្ងត្រៃង់
លុះដល់ពេលល្ងាចចិនក៏បំរុងទឹកតែស្ករសអស់ ៣-៤ប៉ាន់ ក៏ពុំឃើញចៅពាលនោះមក ម៉្លោះហើយរំខានព្រះទ័យយ៉ាងខ្លាំង
ក៏ឲ្យចិននោះយកព្រែទៅទុក ចំរើនពរ លាចិនចុះមកកាន់កំពុងទឹកហៅសិស្សឲ្យចែវទូកឆ្លងវិលទៅវត្ដកោះ
តាំងពោលជេរចៅពាលនោះថា អាឧបាសក ចង្រៃឲ្យឯងជូនមកទិញព្រែធ្វើត្រៃ តថ្លៃចិនស្រេចហើយវាវេះទៅឯណាបាត់
ឲ្យឯងលំបាកចាំផ្លូវវាអស់១ ថ្ងៃទទេទៅ ឯកូនសិស្សអ្នក ចែវទូកលឺលោកគ្រូពោលដូច្នោះ
ក៏ទូលថាឧបាសកនោះគាត់មកឲ្យពួកយើងខ្ញុំនេះ ចែវទូកបញ្ជិះគាត់ឆ្លងទៅយកប្រាក់៥០
រៀលអំពីលោកបងដែលចាំកុដិ គាត់ថាព្រះតេជព្រះគុណប្រើឲ្យទៅយកប្រាក់នោះបានហើយ គាត់ក៏ឡើងពីកំពង់ទៅ
ថាយកប្រាក់ទៅប្រគេនព្រះតេជគុណឯផ្សារ ព្រះករុណាមិនឃើញគា ត់ទៅដល់ព្រះតេជព្រះគុណទេឬ
លោកចៅអធិការថា
អោអីចុះអា អញមានប្រើឲ្យវាទៅយកប្រាក់កាលណា វាលាអញមកថា វាទៅយកប្រាក់អំពីបងប្អូនវាឯភូមិលើទេ
នេះវាប្រែថាអញប្រើវាមកយកប្រាក់ឯកុដិអញវិញ អើបើដូច្នោះវាអស់ហើយ ប្រាក់អញ នោះ
អាឯងទាំងអស់គ្នាមិនគួរទៅជឿវា ខំចែវទូកពីរបីត្រលប់ ប្រាក់ក៏បង់ថង់ក៏ដាច
ហើយពួកអ្នកចែវទូកថា នឹងមិន ជឿវាឯណាបានព្រោះវាឡើងទៅជាមួយនឹងព្រះតេជគុណ លោកចៅអធិការក៏ទាល់សំដីនឹងពួកកូនសិស្ស
ថាអើបើ ដូច្នោះខំចែវទៅឲ្យឆាប់ ត្បិតពេលជិតយប់ហើយក្រែងត្រូវខ្យល់ព្យុះខ្លាំងផាត់មកលិចទូកក្ដារណាអា
អ្នកចែវក៏គ្នាខំចែវទូក ត្រាតែដល់កំពង់វត្ដ ល្មមពេលម៉ោង៨-៩ យប់ លោកចៅអធិការទៅដល់កុដិហើយ
ក៏រឹតតែកើតទោសោបន្ទោសទៅលោកដែលនៅចាំកុដិថា មិនគួរទៅជឿមនុស្ស និងដល់ចាក់សោយកប្រាក់ឲ្យទៅអាមនុស្សពាលនោះសោះលោកដែលនៅចាំកុដិឆ្លើយថា
មិនជឿឯណាបានព្រោះក្មេងចែវទូកវាមកផង លោកគ្រូក៏ទញ់ទាល់នៅ ៗនោះ ទៀតមានសេចក្ដីពុំសប្បាយ
ដោយចាញ់កលមនុស្សដោយប្រការយ៉ាងនេះ។
ចប់រឿងលោកគ្រូវត្ដកោះអស់សេចក្ដីត្រឹមនេះ។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment