គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងលោកសង្ឃសាងវិហារ
ថ្ងៃមួយមានបុរសពាលម្នាក់វាដឹងថា លោកគ្រូនោះមានប្រាក់៨០រៀល
ទើបវាតែងកាយស្លៀកពាក់ហាក់ដូចជាដង្ខៅឈើ មានចៅពាលម្នាក់ទៀតធ្វើជាកូនឈ្នួល
ដើរតាមក្រោយចូលទៅវត្ដនោះ ដល់ហើយវាឡើងទៅឯទីវិហារចាស់ ធ្វើកិរិយា
ពុំនាំពាក្យចរចានឹងអ្នកណា១ឡើយ វាឲ្យកូនឈ្នួលនោះទាញខ្សែម្ខាងវាទាញម្ខាងវាវាស់ទទឹងបណ្ដោ
យវិហារហើយ
វាធ្វើសរសរខ្នាតដាក់សៀវភៅវាស់ព្រះវិហារនោះទៅមកតែពីរនាក់នឹងកូនឈ្នួល។
ឯបណ្ដាភិក្ខុសា មណេរទាំងឡាយ ឃើញអាពីរនាក់ទាញខ្នាត វាស់ព្រះវិហារខ្លួនដូច្នោះ
ក៏សង្ស័យទីទៃៗ លោកខ្លះទៅពិតទូលលោកចៅអធិការ ចៅអធិការក៏នឹកសង្ស័យថា
ឧបាសកគេមកវាស់វិហារ យើងនេះហេតុអ្វីអេះ! ទំនងគេនឹងចង់ជួយសាងវិហារយើងដឹង
បើដូច្នេះគួរតែទៅស៊ើបសួរមើលឲ្យដឹងការ ថាហើយលោកចៅអធិការរៀបអាត្មាសុភាពដើរទៅ
រកចៅពាលនោះ ឯចៅពាលយល់លោកគ្រូចៅអធិការមកដល់ ក៏ធ្វើជាឈប់វាស់ តាំងសរសេរកត់ដាក់សៀវភៅ
ហើយបែរទៅលើកដៃសំពះថា៖។
លោកម្ចាស់នេះឬ
ជាចៅអធិការវត្ដនេះ? ចំរើនពរ អាត្មានេះឯង ជាចៅអធិការ
ករុណាម្ចាស់ព្រះវិហារនេះ ជាមានលោកអ្នកឯណាគិតធ្វើហើយ ឬពុំមានទេ? ចំរើនពរ ពុំមានលោកអ្នកឯណា មានសទ្ធាធ្វើទេ តែរូបអាត្មាភាពនេះ
ឃោសនាញាតិញោមជើងវត្ដបានបច្ច័យបន្ដិចបន្តួច នឹងធ្វើពុំទាន់បាន ចំរើនពរ
អោបើដូច្នោះករុណាម្ចាស់ប្រោសមេ ត្ដាខ្ញុំករុណាសាងទៅដឹងវិហារនេះ
ព្រោះខ្ញុំព្រះករុណាជាដង្ខៅក្បូនឈើបាននាំមកហើយ តែពុំទាន់ដល់ទីនេះនៅឡើ
យខ្ញុំព្រះករុណាចុះមក មើលទី នឹងដាក់ក្បូនឈើជាមុនឥឡូវ ឃើញទីកំពង់វត្ដលោកគ្រូម្ចាស់នេះទីទូលាយ
សប្បាយគួរដាក់ចំណាយបាន មួយទៀតរឿងឈើធ្វើវិហារនោះ
ខ្ញុំព្រះករុណាបានចាត់មកនឹងក្បូនជាស្រេច
បើខ្វះខាតទៀតសូមលៃលកយកឈើក្បូននោះថែមថយត្រាតែឲ្យគ្រប់
ករុណាម្ចាស់កុំព្រួយព្រះទ័យឡើយសូមតែកំលាំងជួយលើកជួយដាក់សែងលីប៉ុណ្ណោះចុះ
ត្បិតខ្ញុំព្រះករុណាតិចគ្នានឹងធ្វើ។ ចំរើនពរ បានទេឯខាងកំលាំងសែងលីនោះជាភារៈ
លើអាត្មាភាពចុះ។ ករុណាម្ចាស់បើលោកគ្រូម្ចាស់ជួយផងនោះ ការនោះយល់ជាកើតឆាប់។
ចៅពាលនិយាយប្រៀប ប្រាយបណ្ដើរ
ធ្វើជាប្រើអាការៈបន្ដិចបើកនាឡិកាដកមើលម៉ោងបន្ដិចធ្វើជារើយកក្រដាសប្រាក់អំពីថង់ស្បែកមក
រាប់ លោកចៅអធិការឃើញចៅពាលវាសំដែងចេញដូច្នោះក៏រឹតតែជឿពេញចិត្ដហើយថា
ចំរើនពរ អញ្ជើញញោមដង្ខៅទៅឯកុដិសិន ករុណាមិនអីទេ
ថាហើយក៏នាំកូនឈ្នួលទៅឯកុដិលោកចៅអធិការ ឲ្យក្មេងយកកន្ទេល ថ្មីខ្នើយថ្មី
រៀបទទួលហើយអញ្ជើញចៅពាលឲ្យអង្គុយ សមគួរហើយ ឲ្យក្មេងសិស្សដាំតែល្អស្ករល្អតាំងលៀង
ចៅពាលនោះ ឯចៅពាលក៏សន្ទនាប្រស្រ័យនិយាយពីរឿងធ្វើវិហារនោះ
ជាអនេកបរិយាយផ្សេងៗ។
លោកចៅអធិការក៏រួសរាយសប្បាយចិត្ដព្រោះត្បិតត្រូវអារម្មណ៍ដែលសន្សំមកយូរហើយ
លុះពេលល្ងាចចៅពាល ក៏ថ្វាយបង្គំលាចុះម្នីម្នាដើរចេញមកបន្ដិច
ក៏គេចចូលទៅវិញ ហើយថា ករុណាម្ចាស់ ឥឡូវនេះកូនឈ្នួលវាសូមបើកប្រាក់
ខ្ញុំព្រះករុណាមានតែក្រដាសប្រាក់១០០ នឹងចែកចាយពុំបាន
សូមទានប្រាក់ដែលឃោសនានោះ សូមខ្ចីចាយសិន ទំរាំ តែខ្ញុំព្រះករុណាទៅប្ដូរពីផ្សារបាន
ឬលោកគ្រូម្ចាស់មិនជឿចិត្ដ ក៏សូមនិមន្ដយកប្រាក់ក្រដាស
១០០របស់ខ្ញុំព្រះករុណា ទុកជាសំខាន់ចុះ។ ឯលោក ចៅអធិការនោះ លុះអំណាចជឿជាប់ហើយ
ទើបឆ្លើយថា ចំរើនពរបានទេ។ ថាហើយក៏ ចូលទៅក្នុងកុដិចាក់សោហិបបើកយកប្រាក់៨០
រៀលចេញមកឲ្យទៅដៃចៅពាល ចៅពាលក៏ទទួលមួយរំពេច វេចដាក់ក្នុងថង់ស្បែកហើយថា ករុណាម្ចាស់យកប្រាក់ក្រដាស១០០
របស់ខ្ញុំព្រះករុណាទុកជាដំណាងឬដូចម្ដេច។ ចំរើនពរមិនអីទេ អញ្ជើញយកទៅចុះ
ទុកនៅលើញោមដង្ខៅក៏ដូចជាទុកនៅលើអាត្មាភាពដដែល
ការវិហារសីមានោះក៏ស្រេចនៅលើញោមដង្ខៅហើយ អញ្ជើញទៅ ហើយសូមមកវិញកុំយូរពេក។
ចៅពាលបានអោកាសហើយ
ក៏ម្នីម្នាចេញទៅខាងផ្លូវមាត់ទន្លេ ដើរកាត់ភូមិក្រោម ត្រាដល់ភូមិជ្រោយចង្វា
ចៅពាលនាំគ្នាចុះនាវា(គឺទូកដ) ឆ្លងដល់ត្រើយក្រុងភ្នំពេញ
តាំងទិញស្រាបាយចំនី ឬ អាភៀនញៀនដល់ចូលរោងនាងកិន្នរីស្រីផ្កា មាស ដោយអំពើពាលហោង។
ឯលោកចៅអធិការនោះនៅរង់ចាំមើលក្បូនឈើជាយូរថ្ងៃ ក៏ពុំឃើញមានធ្លាក់មក ដល់១ឡើយ
ម៉្លោះហើយរឹងជាទុក្ខទោមនស្សនៅ លុះកន្លងខែ១-២ ទៅ ក៏កើតវិប្បដិសារី
រំលឹកឃើញសេចក្ដីដែលខ្លួន ឆោតខ្លៅ ឲ្យអាពាលដង្ខៅខ្ចីប្រាក់៨០ទៅស៊ីបាត់ជាម្ដង
ទាំងពួកញាតិញោមផង ក៏នាំគ្នាគឹកកងស្ដីបន្ទោសលោក ចៅអធិការថា លោកអិតប្រាជ្ញាស្មារតីទៅជឿមនុស្សពាលអប្រីយ
ឲ្យវាបញ្ឆោតយកប្រាក់អស់ ខានសាងព្រះវិហារ ខ្លះក៏អស់សទ្ធា លែងចេញ
ប្រាក់ចូលឃោសនាទៀត លោកចៅអធិការ
ក៏រឹងជាទុក្ខសល់សែនណែនឱរាព្រោះពុំសមក្ដីប្រាថ្នាដោយប្រការយ៉ាងនេះហោង។
ពាក្យក្មេងវាច្រៀងថា ពាលអើយចៅពាល ចេះវាស់វិហារ ឲ្យសង្ឃសង្ស័យ សង្ឃសាងវិហារ
មានមារចង្រៃ កន្លង វិស័យ បង់ប៉ែតសិបរៀល។
អើរឿងពាលនេះឯងស្ដាប់មើលចុះ
សុទ្ធសឹងមានឧបាយផ្សេងៗ ធ្វើឲ្យអ្នកស្រុកទាំងលោកសង្ឃ នូវឧបាសកអោ
យលុះក្នុងអំណាចវាបាននូវសេចក្ដីក្ដៅក្រហាយដូចបាននិយាយមកនេះ ហេតុនោះទើបថា
មនុស្សពាលនេះ គួរខ្លាចវា ណាស់ ពាលនេះមានពុតអំពើធ្វើពុំតែម្យ៉ាងទេ
សឹងមានច្រើនយ៉ាងណាស់ពុំឈ្នះនឹងពណ៌នា មានពាលខ្លះប្រើមារយាទ យ៉ាងស្និទ្ធ
ពាលខ្លះប្រើអំណាចកាច់កិនសង្កត់កំហែងលក់ព្នៃអ្នកស្រុក
ដោយអាងខ្លួនថាជាញាតិនិងអ្នកធំ។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment