ស្រីហិតោបទេស សន្ដិភាព ភាគទី៤
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
៤ សន្ដិភាព
ក្នុងពេលដែលចាប់ផ្ដើមនិយាយរឿងតទៅទៀត ព្រះរាជកុមារទាំងឡាយមានព្រះបន្ទូលត្រាស់ថា
«បពិតលោកអា
យិៈ! យើងខ្ញុំបានស្ដាប់រឿងសង្រ្គាមចប់ហើយ, ពេលនេះ សូមលោកមេត្ដានិយាយរឿងសន្ដិភាពតទៅទៀត»។ បណ្ឌិតវិស្ណុសម៌ន៍ក្រាបបង្គំទូលតបថា
«បើដូច្នោះសូមទ្រង់តាំងព្រះទ័យព្រះសណ្ដាប់ទូលព្រះបង្គំនឹងពណ៌នារឿងសន្ដិភាពថ្វាយ
ដូចមានស្លោកជាដើមបទថាដូច្នេះ ៖
១ - ក្នុងមហាសង្គ្រាមនៃស្ដេចទាំងពីរនេះ សេនារេហ៍ពលទាំងពីរស្លាប់អន្ដរាយខ្ទេចខ្ទី
ក្នុងខណៈនោះ, ការចរចារដើម្បីសន្ដិភាពក៏កើតមានឡើងដោយប្រធានរដ្ឋមន្រ្ដីពីរនាក់គឺ
ត្មាតទុរទសី និងចាក្រពាកសវិជ្ញៈ។ ព្រះរាជបុត្រទាំងឡាយមានបន្ទូលត្រាស់សួរឡើងថាៈ«រឿងនោះតើដូចម្ដេច?។ មហា បណ្ឌិតវិស្ណុសម៌ន៍ក៏រៀបរាប់
ថ្វាយដូចសេចក្ដីតទៅថា៖
ក្នុងលំដាប់នោះ រាជហង្សហិរណ្យគភ៌សួរឡើងដោយសេចក្ដីឆ្ងល់ថា
«ចុះអ្នកណាដុតបំផ្លាញបន្ទាយយើង
សត្រូវ រឺ ប្រជាជនក្នុងបន្ទាយដែលចូលដៃជាមួយសត្រូវ?»។ ចាក្រពាក
សវិជ្ញៈជាប្រធានរដ្ឋមន្ដ្រីឆ្លើយប្រាប់ថា «ទេវបាទ! ក្អែកមេឃពណ៌ព្រមទាំងបរិវារដែលលោកម្ចាស់ជាប់ចិត្ដអិតហេតុផលនេះអែង
បាត់មុខមិនឃើញនៅទីនេះទេ បើដូច្នោះប្រហែលជាក្អែកក្បត់នេះអែងដុតបន្ទាយយើង»។ រាជហង្សហិរណ្យគភ៌រំពឹងទ្រឹងមួយស្របក់និយាយតបថា៖
«អើរឿងនេះបើពិតដូច្នេះមែន
គឺវាសនាអាក្រក់នៃយើងនេះអែងតែម្ដង ព្រោះថា៖
២ - កំហុសកើតពីគ្រោះអាក្រក់ មិនមែនកើតមកពីមន្រ្ដីទេ
ការងារដែលបានប្រុងប្រៀបរៀបរយល្អហើយ អាចហិនហោចទៅបាន កាលណាទៅជួបគ្រោះថ្នាក់។
ចាក្រពាកថ្លែងតបថា «
លោកពោលទុកដូច្នេះ»
៣ - នរជនដែលធ្លាក់ខ្លួនទៅក្នុងគ្រោះកាច តែងតែបន្ទោសព្រេងវាសនា, មនុស្សល្ងង់មិនព្រមទទួលកំហុសដែលខ្លួនធ្វើទេ។
៤ - នរជនណា មិនត្រេកអរចំពោះពាក្យដាស់តឿននៃមិត្រដែលប្រាថ្នាប្រយោជន៍អោយ
នរជននោះ នឹងត្រូវវិនាស ដូចអណ្ដើកល្ងង់ កាលហាមាត់និយាយក៏របូតចេញពីឈើភ្លាត់ខ្លួនធ្លាក់ស្លាប់ហិនហោចទៅ។
៥ - ពាក្យសំដី បុគ្គលគប្បីរក្សាទុកគ្រប់កាលទាំងពួង
ព្រោះសេចក្ដីវិនាសមកពីពាក្យសំដី ដូចជាអណ្ដើក កាលដែលហង្សហើរពាំនាំយកទៅ
ភ្លាត់ហាមាត់និយាយក៏ធ្លាក់ស្លាប់ទៅហោង។ រាជហង្សហិរណ្យគភ៌ៈសួររឿងនោះថា
«រឿងនោះតើដូចម្ដេច?» ចាក្រពាកសវិជ្ញៈ
ពោលរៀបរាប់ថា៖
កថាទី១ អណ្ដើក.ហង្ស
នៅក្នុងប្រទេសមគធៈ មានស្រះមួយឈ្មោះផុល្លោត្បលៈ
ជាទីអាស្រ័យនៅនៃហង្សពីរ មួយឈ្មោះសំកដៈ មួយទៀតឈ្មោះវិកដៈ, មានអណ្ដើកមួយឈ្មោះកម្ពុគ្រីព ជាមិត្ដនៃហង្សទាំងពីរនោះ
ក៏អាស្រ័យក្នុងស្រះនោះដែរ។ ថ្ងៃមួយពួកព្រានប្រមង់ចរមករកចាប់ត្រីក្នុងស្រះនោះ
មកដល់និយាយគ្នីគ្នារញ៉ថាៈ «យើងដេករង់ចាំនៅក្នុងទីនេះចុះដល់
ព្រឹកឡើងពីព្រលឹម យើង នឹង ចាប់ត្រីអណ្ដើកទាំងឡាយ» កាលនោះអណ្ដើកបានលឺពាក្យព្រានប្រមង់ទាំងឡាយនិយាយយ៉ាងនេះហើយ
ភិតភ័យខ្លាំងណាស់ ខំវារទៅជួប នឹង
ហង្សទាំងពីរជាសំលាញ់ហើយនិយាយប្រាប់ថាៈ «នែមិត្ដមានចិត្ដល្អអើយ!
ខ្ញុំបានលឺពាក្យពួកព្រានប្រមង់វានិយាយ គ្នាថា
នឹងចាប់អណ្ដើកក្នុងស្រះដល់ព្រឹកឡើង ពេលនេះតើយើងគិតធ្វើដូចម្ដេច?»។ ហង្សទាំងពីរឆ្លើយឡើងថា «មុនដំបូង
ត្រូវយើងដឹងរឿងនោះអោយជាក់លាក់ល្អសិន ថាជាក្រ រឺ ងាយសឹមយើង នឹង
គិតអានថា ត្រូវធ្វើ ដូចម្ដេចតទៅ»។
អណ្ដើកឆ្លើយកាត់ឡើងថាៈ «ទេ! ទេ! មិនបានទេ
ព្រោះខ្ញុំធ្លាប់ឃើញភ័យក្នុងទីនេះមកច្រើនដងច្រើនគ្រាហើយ
បានជាលោកពោលថា៖
៦ - ត្រីឈ្មោះអានាគតវិធាតា
និងត្រីឈ្មោះប្រត្យប្បន្នមតិ
ទាំងពីរនេះរត់រួចពីភ័យបានដោយសុវត្ថភាព
អែត្រីឈ្មោះយ័ទភវិស្យុតិដល់នូវក្ដីវិនាសអន្ដរធានទៅ»។ ហង្សទាំងពីរសួររឿងនោះថាៈ «រឿងរ៉ាវនោះតើដូចម្ដេច?»
អណ្ដើកឈ្មោះកម្ពុគ្រីពនិយាយរៀបរាប់ប្រាប់ថាៈ
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment