ស្រីហិតោបទេស សន្ដិភាព ភាគទី៤
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាមុខ
នេះហិតោបទេសភាគ៤
ការដែលធ្លាក់មកដល់ដៃអ្នកអានទាំងឡាយ ខ្ញុំរីករាយសប្បាយចិត្ដិណាស់
ព្រោះបំណង ដែលខ្ញុំតាំងចិត្ដមកយូរយារណាស់ហើយនោះ
បានសំរេចក្នុងថ្ងៃនេះហើយ
បំណងនេះទោះជាយឺតយូរបន្ដិចក៏មិនឈ្មោះថាស្កុនដំណើរទេដែរ។ ខ្ញុំសូមអរគុណអ្នកអានដែលយកចិត្ដទុកដាក់អានក្នុងទីនេះផង។
អស់លោកអ្នកអានទាំងឡាយគង់បានជ្រាបហើយថា «ហិតោបទេសនេះ»
លោកចែកជា ៤ភាគ។ ការបែងចែកជា
៤ភាគនេះព្រោះលោកយល់ឃើញថា «ជីវិតមនុស្សម្នាក់ៗមានគ្រោះថ្នាក់ច្រើនបែបច្រើនយ៉ាង
ច្រូងច្រាងដូចបន្លាដែលនៅព័ទ្ធជុំវិញខ្លួនយើង
គ្រាន់តែភ្លាត់ងាកខ្លួនបន្ដិចក៏ប៉ះមុតបន្លា»។
ដើម្បីនឹងរក្សាខ្លួនអោយប្រព្រឹត្ដទៅដោយសុវត្ដិភាព រឺ
នឹងសន្លបខ្លួនអោយលុង កុំអោយប៉ះបន្លាគឺ អុបស័គ្គក្នុងជីវិតនោះៗ
ត្រូវមានក្បួនខ្នាតគ្រប់ប្រភេទ គ្រោះថ្នាក់
ទុកជាប្រទីបអុចទ្រោលបំភ្លឺអោយមើលឃើញផ្លូវ
អោយមើលឃើញច្រកល្ហកល្មមគេចដើរទៅអោយបានសុខស្រួល។
មុនដំបូង លោកពោលពីការគប់មិត្ដ
ព្រោះមិត្ដនៅក្នុងលោកនេះមានច្រើនណាស់ មានកល្យាណមិត្ដ និង
បាបមិត្ដជាដើម បើយើងស្គាល់ការគប់មិត្ដហើយ
លោកប្រដៅអោយស្គាល់ការបំបែកមិត្ដទៀត ព្រោះថា៖
បើយើងមិនស្គាល់ការបំបែកមិត្ដទេ
យើងនឹងត្រូវគេបំបែកសាមគ្គីអំពីកល្យាណមិត្ដយើងបាន
ខ្លួនយើងនឹងធ្លាក់ទៅក្នុងជ្រោះគឺសេចក្ដីទុក្ខ
ដែលកើតពីការបែកសាមគ្គីនោះ នាំអោយអន្ដរាយដល់ខ្លួន ដល់ត្រកូល និង
ប្រទេសជាតិ រួមសេចក្ដីអោយខ្លីមកគឺ លោកប្រដៅអោយមានសាមគ្គី និង
ស្គាល់ធម៌ជាសត្រូវដល់សាមគ្គី គឺការញុះញង់។
យើងច្រើនតែស្រែកប្រាប់គ្នាថា សាមគ្គីៗ!!
តែយើងច្រើនតែមិនស្គាស់ការញុះញង់បំបែកសាមគ្គី ហើយយើងត្រូវ
គេញុះញង់ពន្យុះអោយយើងបែកសាមគ្គីគ្នា ហេតុដូច្នេះហើយបានជាលោកពោល
ពីការគប់មិត្ដ ហើយលោកពោលពីការបំបែកមិត្ដទៀត
ព្រោះសាមគ្គីមានការញុះញង់ជាសត្រូវ។ ការញុះញង់បំបែកសាមគ្គីនេះ
តាមពាក្យបាលី លោកហៅថា «សង្ឃភេទ ការបំបែកពួក
បំបែកក្រុម បំបែកសង្គម អោយបែកចេញពីគ្នា» ជាធម៌រួបរួមគ្នាបង្កើតសេចក្ដីសុខអោយសាបសូន្យទៅបាន
ទើបបានជាលោកចាត់ថា ការញុះញង់មានទោសធ្ងន់ណាស់ ធ្ងន់ក្រៃលែងធ្ងន់។
តទៅទៀត លោកពោលពីការវិវាទទាស់ទែងគ្នា
ដោយលោកយល់ឃើញថា វិវាទនេះជាទោសធំមួយទៀត
ហើយមិនអាចចៀសវាងបានដោយងាយផងដោយប្រការទាំងពួង
ថាបើកើតមានវិវាទគ្នាហើយ
ត្រូវប្រញាប់ប្រញាល់ស្វែងរកមធ្យោបាយផ្សះផ្សាអោយបានរលត់ស្ងប់ទៅវិញឆាប់
ដើម្បីរក្សាសន្ដិភាពគឺសេចក្ដីសុខក្រជាក់ត្រជុំ
អោយមានជីវិតរស់នៅដោយប្រពៃ
ព្រោះការសំខាន់បំផុតនៅត្រង់សេចក្ដីសុខនេះអែង។
សន្ដិភាពគឺសេចក្ដីសុខ ត្រជាក់ត្រជុំនេះ នរណារៗក៏ពោលថា
ចង់បានគ្រប់គ្នាអិតប្រកែកបានឡើយ បានជាលោកពោលពីការវិវាទហើយ
លោកពោលពីគណសន្ធិ គឺការចងបាច់គ្នា
អោយកើតសុខទូលំទូលាយត្រលុងត្រលាយទៀត សមដូចជាពាក្យដែល លោកពោលទុកថា
«ហិតោបទេសនេះ មានដល់ទៅ ៤ភាគក៏ពិតមែន
ប៉ុន្ដែដែលជាបួនៗនេះ គ្រាន់តែជាតួលេខ
រាប់ចំនួនអោយឃើញច្រើនៗប៉ុណ្ណោះទេ អែសេចក្ដីពិតនោះមានតែមួយគត់
គឺគណសន្ធិ
ការចង់បាច់គ្នានាំអោយមានសន្ដិភាពសេចក្ដីសុខត្រជាក់ត្រជុំនេះតែប៉ុណ្ណោះអែង
ខ្ញុំជឿជាក់ថា
លោកអ្នកអានទាំងឡាយដែលបានមើលហិតោបទេសគ្រប់ទាំង ៤ភាគហើយ
នឹងបានឃើញព្រឹត្ដិការណ៍ក្នុងជីវិតមនុស្សម្នាក់ៗមានដូចម្ដេចខ្លះ
ហើយមុខជាចាំនូវនិទាន និងសុភាសិតទាំងឡាយនោះៗ
យកមកទុកជាគតិប្រចាំជីវិត ដើម្បីទុកប្រើជាប្រយោជន៍
ដោះទាល់ដោះអុបស័គ្គដែលនឹងកើតមានដល់ខ្លួនគ្រប់គ្នាទៅអនាគត។
ដោយខ្ញុំជឿជាក់ដូចេ្នះហើយ បានជាខ្ញុំមានបំណងថា
សៀវភៅនេះគួរមានប្រចាំគេហដ្ឋានប្រជាជនខ្មែរគ្រប់ៗគ្នា
តែកុំភ្លេចសុភាសិតមួយបទដែលបុរាណលោកពោលថា «ដាវមុតៗ មែនតែនៅក្នុងស្រោម វិជ្ជាចេះព្រមនៅតែក្នុងក្បួន»។
ទីបំផុតនេះ ខ្ញុំសូមអរគុណព្រះទេពសត្ថា សូរ ហាយ
ក្រុមជំនុំព្រះត្រៃបិដក ព្រះគ្រូសេក្ខ នាង ជា ទន់ ហៅឆាយសា
ស្រ្ដាចារ្យសាលាបាលីជាន់ខ្ពស់ ព្រមទាំងភិក្ខុ
សាមណេរអាស្រ័យនៅជាមួយភិក្ខុព្រាប ផុន (នេក្ខមរតោ) ភិក្ខុ វ៉ាន់ សាវ
(ធម្មសារោ) សាមណេរ ប៊ុត ប៊ូរ (ចក្ខុសំវរោ) សាមណេរអឿ ជួ (អង្កុរធម្មោ)
ដែលបានជួយសរសេរចំលង អោយបានត្រឹមត្រូវទុកក្នុងទីនេះផង។
ភាគ៤នេះ
ខ្ញុំទុកជាទីរលឹកការនៅចាំវស្សាអស់ត្រៃមាស ក្នុងឆ្នាំថោះត្រីស័ក ពស
២៤៩៤ ក្នុងពេលដែលខ្ញុំប្រែសៀវភៅនេះ
ប្រទេសកម្ពុជាកំពុងប្រសព្វសេចក្ដីទុក្ខគ្រប់ទីថាន
ខ្ញុំមានចិត្ដសៅហ្មងបំផុត
ខ្ញុំសូមអោយប្រជាជនខ្មែរទាំងមូលត្រលប់បានសេចក្ដីសុខ សេចក្ដីចំរើន
ដូចប្រក្រតីដើមវិញក្នុងពេលឆាប់នេះកុំបីឃ្លាតឡើយ!។
វត្ដ
អុណ្ណាលោមថ្ងៃទី ៧ ᧦ ១១ (អាទិត្យ ៦កើត អស្សុជ) ឆ្នាំថោះត្រីស័ក ពស ២៤៩៤
ត្រូវនិងថ្ងៃទី ៦ ខែ តុលា ឆ្នាំ ១៩៥១
ភិក្ខុ វិរយបណ្ឌិតោ ភិក្ខុ (ប៉ាង ខាត់)
ត្រូវនិងថ្ងៃទី ៦ ខែ តុលា ឆ្នាំ ១៩៥១
ភិក្ខុ វិរយបណ្ឌិតោ ភិក្ខុ (ប៉ាង ខាត់)
No comments:
Post a Comment