គតិលោក ភាគ៣: រឿង៖ ព្រះធនិយថេរ និងនាយសមុហបញ្ជី - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

គតិលោក ភាគ៣: រឿង៖ ព្រះធនិយថេរ និងនាយសមុហបញ្ជី


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៣
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងព្រះធនិយថេរ និងនាយសមុហបញ្ជី

    រឿង​នោះ​មាន​សេច​ក្ដី​ថា កាល​ណោះ​មាន​ព្រះ​មហា​ថេរ​១​អង្គ​ឈ្មោះ​ព្រះ​ធនិយ​ថេរ ជា​កូន​អ្នក​ស្មូន​ឆ្នាំង​ថ្ងៃ​មួយ​ព្រះ​ថេរ​​នោះ ទៅ​ឆ​យក​ឈើ​ រាជ​ការ​អំពី​នាយ​​សមុហ​​បញ្ជី​​ថា​ បណ្ដា​ឈើ​ព្រៃ​ព្រឹក្សា​លតា​វល្លិ​ទាំង​ឡាយ​នោះ ព្រះ​បាទ​ពិម្ពិ​សារ​រាជ ស្ដេច​ទ្រង់​ព្រះ​សទ្ធា​​បាន​វេរ​ថ្វាយ​ដល់​ព្រះ​ ភិក្ខុ​សង្ឃ មាន​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ប្រ​ធាន​ហើយ​ឥឡូវ​អាត្មា​ភាព​ត្រូវ ការ​ឈើ​ធ្វើ​កុដិ ចូរ​អ្នក​ឯង​ចាត់​ចែង​ឈើ​​គ្រឿង​ទព្វ​សម្ភារៈ​អស់​នេះ​ដល់​អាត្មា​ភាព​ចុះ​។
ឯនាយសមុហបញ្ជីនោះ ជា​មនុស្ស​ពុំ​មាន​សតិ​សម្ប​ជញ្ញៈ ពិចា​រណា​អោយ​យល់​ការ​ថា ឈើ​នេះ​គឺ​គេ​កាប់​ចាំង​អារ​កាត់ ជា​គ្រឿង​ទព្វ​​សម្ភារៈ​ស្រេច ជា​របស់​រាជ​ការ​ត្រូវ​ការ មួយ​ទៀត សូម្បី​នឹង​មាន​សំបុត្រ​១​ច្បាប់​ជំរាប​សួរ​ទៅ​ដល់​មហា​មាត្យ ជា​​ធំ​អោយ​ក្រាប​ទូល​ថា ឈើ​នោះ​ឥឡូវ​លោក​សង្ឃ​មក​យក​ទៅ​ធ្វើ​កុដិ ជា​ទ្រង់​ប្រ​គេន ឬ​ម្ដេច​យ៉ាង​នេះ​ពុំ​មាន និមិត្ដ​តែ​ព្រះ​ធនិយ​ថេរ​មក​ឆ​ដូច្នោះ ក៏​ឆោត​តាម លើក​យក​​ឈើ​អស់​នោះ អោយ​ទៅ​​ព្រះ​​ធនិយ​​ថេរ​ដោយ​អំពើ​ចិត្ដ​ឥត​ពិគ្រោះ​។ ឯ​ព្រះ​ធនិយ​ថេរ​ក៏​ដឹក​នាំ​យក​ឈើ​នោះ​ទៅ​​ធ្វើ​កុដិ​តាម​សេច​ក្ដី​ប្រាថ្នា​របស់​ខ្លួន​។
     លុះ​នៅ​មក នាយ​ជាង​ចៅ​ភ្នាក់​ងារ​ធ្វើ​រាជ​ការ​ជួស​ជុល​ព្រះ​រាជ​តំណាក់ អស់​ឈើ​នឹង​ធ្វើ​ត​ទៅ​ទៀត​ទើប​ជំរាប​ដល់​​មហា​​មាត្យ មហា​​មាត្យ​​ក៏​​អោយ​ចៅ​ភ្នាក់​ងារ​ទៅ​នាំ​យក​ឈើ​នោះ​។ ឯ​នាយ​សមុ​ហបញ្ជី​ក៏​តប​មក​ថា​ឈើ​អស់​នោះ​ពុំ​មាន​ទេ ត្បិត​ព្រះ​ធនិយ​ថេរ​លោក​​មក​យក​ទៅ​ធ្វើ​កុដិ​ផុត​អស់​ហើយ​។
     ពាក្យអស់នោះពុំស្ងាត់ ក៏លឺជ្រាបដល់ព្រះបាទពិម្ពិសាររាជ ព្រះបាទពិម្ពិសាររាជស្ដេចទ្រង់បន្ទោសនាយសមុហ​បញ្ជី ជា​នាយ​ស្មៀន​នោះ​ ជា​អនេក​បរិ​យាយ​ផ្សេង​ៗ ហើយទ្រង់នាំហេតុនោះ ឡើងក្រាបបង្គំទូលព្រះសម្មាសម្ពុទ្ធជាម្ចាស់ តាមរឿ ងព្រះធនិយ​ថេរ​ទៅ​ឆយក​ឈើ​រាជ​ ការ​មក​ធ្វើ​កុដិ​។ ទើប​សម្ដេច​ព្រះ​ជិនស្រីទ្រង់យកវត្ថុនិទាននោះថា បឋមអទិន្នាទាន បារាជិក បញ្ញត្ដសិក្ខាបទ​អទិន្នា​ទាន​បារា​ជិក​ដល់​ភិក្ខុ​ទាំង​ ឡាយ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ត​មក​។ រឿងនេះមានសេចក្ដីពិស្ដារ នៅក្នុងគម្ពីរព្រះវិន័យបិដកឯណោះ គួរចូលចិត្ដចុះ។ ក៏​ឯ​រឿង​និទា​នបុគ្គល​មាន​ បញ្ញា​ចេះ​ពិចា​រណា​មើល​ជុំវិញ​នោះ សឹងចំរើនរុងរឿងបាន ដូចនិទាន នាយតំរួត ទី៣ដែលវិនិច្ឆ័យរឿងក្ដីព្រះអជាត​សត្រូវ​ជា​រាជ​កុមារ​នោះ​ឯង​។
បណ្ឌិតវក្កោ និដ្ឋិតោ
     រឿងបណ្ឌិតវគ្គនេះមានវត្ថុនិទាននៅច្រើនណាស់ យើងពុំឈ្នះនឹងពណ៌នាអោយពិស្ដារទៅ បានសំដែងមកតែប៉ុណ្ណេះ ជា​ន័យ​សង្ខេប​ទុក​ ជា​បែប អោយ​ចៅ​ឯង​គិត​មើល​ជា​គតិ​លោកយោគតាមហេតុដែលកើតឡើងមានឡើងតទៅខាង មុខទៀតចុះ។
ក្នុងបណ្ឌិតវគ្គ សន្មតចប់តែប៉ុណ្ណេះហោង
     បងអើយបណ្ឌិត លោកត្រិះរិះគិត អាការរាក់ជ្រៅ ផ្លូវណាចំរើន ក្រវើនត្រាច់ទៅ ផ្លូវណាមិនត្រូវ មិនត្រាច់ទៅ ត្រាច់។ ផលណាមកពាល់ ហេតុណាកើតផល ប្រាជ្ញប្រៀបផ្សំសាច់ ឆ្លុះកិច្ចឈ្លេចកល យល់មួយរំពេច សតិមិន ភ្លេច មិនភ្លាត់តាមភ្លើន។
បងអើយបណ្ឌិត
លោកត្រិះរិះគិត
អាការរាក់ជ្រៅ
ផ្លូវណាចំរើន
ក្រវើនត្រាច់ទៅ
ផ្លូវណាមិនត្រូវ
មិនត្រាចទៅត្រាច់។
ហេតុណាកើតផល
ផលណាមកពាល់
ប្រាជ្ញប្រៀបផ្សំសាច់
ឆ្លុះកិច្ចឈ្លេចកល
យល់មួយរំពេច
សតិមិនភ្លេច
មិនភ្លាត់តាមភ្លើន។
     កូនសិស្សសួរគ្រូថា សូមទានរឿងគតិពាលគតិប្រាជ្ញ «ពាលនាំអោយកាច ប្រាជ្ញនាំអោយស្លូត»នោះខ្ញុំចូលចិត្ដ​ហើយ តែ​គតិ​មនុស្ស​ឆោត​ ល្ងង់​នោះ ក្ដី​ឃ្លាន​បាយ ឃ្លាន​មាន ឃ្លាន​ស្រលាញ់ ៣ប្រការនោះលោកគ្រូអធិប្បាយពុំទាន់ពិស្ដារ។ ក៏ឯកិរិយាឆោត​នោះ​អ្នកខ្លះ ពុំ​មាន​ក្ដី​ឃ្លាន ៣​ប្រការ​នោះ​ទេ តែ​នៅ​ឆោត​ក៏មានសូមទានអធិប្បាយតទៅទៀត។
     គ្រូតបថា «សេចក្ដីឆោតប៉ុន្មានៗនោះនៅរួមក្នុងគតិគ្មានសតិសម្បជញ្ញៈនេះឯង អ្នកគ្មានសតិបញ្ញានឹកពិចារណា​មើល​ហេតុ​មើល​បច្ច័យ​ មើល​ចុង មើល​ដើម​ផ្សំ​ហេតុ​ប្រើ​ផល អោយដល់គ្នាហើយ អ្នកនោះនៅក្នុងឆោតមិនលែង។ យើងសួរឯងវិញ បញ្ហា​ថា​អ្វី​ដែល​ជ្រៅ​ក្រៃ​លែង​ជ្រៅ អ្វី​រាក់​ក្រៃ​លែង​រាក់​នោះ​ ចូរ​ឯងសំដែងទៅមើល?
     កូនសិស្សតបថា «ជ្រៅក្រៃលែងជ្រៅនោះ បានខាងព្រះញាណព្រះពុទ្ធ ឬព្រះសទ្ធម្មគម្ពីរភាព ឯរាក់ហើយ​ក្រៃ​លែង​រាក់​នោះ​បាន​ខាង​បញ្ញា​កូន​ក្មេង​»​
     គ្រូឆ្លើយថា «អើ បញ្ញាកូនក្មេងតូចដូចទឹករាក់ពិត ក៏ឯជាតិទារកទាំងឡាយ បញ្ញានៅរាក់ សតិសម្បជញ្ញៈនៅពុំទាន់កើត​ឡើង​ក្លា​ហាន ទើប​ បាន​នៅ​ឆោត ឯង​ស្ដាប់​មើល​ចុះ ជាតិទារក ដែលយំកាលណាចាស់ៗ លោមបញ្ឆោតថា អាវ៉ាកុំយំ ភុយទឹកមាត់មក​លើបាត​ដៃ សឹម​ម៉ែ​វាយ​ អោយ​ ជួន​ណា​បញ្ឆោត​ថា​កុំ​យំ​ខ្លាចទីងមោងវាមកខាំ ជួនណាថា កុំដេកនៅលើគេ ក្រែងតាព្រេងចាក់ទឹកបាយលើ​ក្បាល ជួន​ណា​ថា កុំ​លេង​ អង្ករ​វា​មុខ​រឹង ចាស់​ៗ​បញ្ឆោត​យ៉ាង​នេះជាដើម។ ឯទារកគ្មានសតិសម្បជញ្ញៈយ៉ាងនេះ ទើបឆោតអោយចាស់ៗ បញ្ឆោត​បាន​។ ជាតិ​មនុស្ស​ ទាំង​ឡាយ​ដែល​ឆោត​នោះ ព្រោះ​ពុំមានសតិសម្បជញ្ញៈដូចទារកនោះឯង។ ក៏ឯក្ដីឃ្លាន ក្ដីប្រាថ្នារបស់មនុស្សនោះ ជា​ផ្លូវ​អោយ​អា​ពាល​វា បញ្ឆោត​បាន ដូច​សំដែង​មក​ហើយក្នុងពាល វគ្គខាងក្រោយ។



ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad