គតិលោក ភាគ៣: លោកធម៌៨ប្រការ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

គតិលោក ភាគ៣: លោកធម៌៨ប្រការ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៣
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
លោកធម៌៨ប្រការ

    មួយទៀតមនុស្សឆោតនោះ ព្រោះពុំស្គាល់លោកធម៌ទាំង៨ប្រការគឺ៖
- លាភ១
- អលាភ១
- យស ១
- អយស១
- សុខ១
- ទុក្ខ១
- សរសើរ១
- និន្ទា១
ធម៌៨ប្រការនេះជាធម៌របស់លោក សត្វលោក សឹងវិលទៅតាមធម៌ទាំង៨ ប្រការជាប្រក្រតីក្ដី លោភ​ក្ដី​យស​សក្ដា​ក្ដី សុខ​សំរាន​ក្ដី សរ​សើរ​តំកើង​តំកល់ ធម៌​៤​ប្រ​ការ​នេះ​សត្វ​លោក​ប្រារព្ធ​ចង់​បាន។
     ឯក្ដីអលាភ គឺខាតលាភ ក្ដីអយសគឺថយយសសក្ដា ក្ដីទុក្ខរំខាន ក្ដីនិន្ទាគរហាតិះដៀល ធម៌៤ ប្រការនេះសត្វ​លោក​សឹង​ស្អប់ សឹង​ខ្ពើម​ពុំ​ចង់​ បាន​ឡើយ តែ​នឹង​គេច​កែ​រត់​អោយ​ផុត​ចេញទៅពុំបាន ទោះជាមិនចង់បាន ក៏គង់បានដដែល ព្រោះ សភាវធម៌ជាគូៗ​នឹង​គ្នា បុគ្គល​ណា​ប្រា​ថ្នា​តែ​ លាភ​យស សុខ​សរ​សើរ​ចំណែក​១ ធ្វើម្ដេចបានធម៌៤ យ៉ាងនេះស្ថិតស្ថេរ នៅជាប្រក្រតីបាន សភាវធម៌៨ប្រការ​នេះ​ជា​របស់​សំរាប់​លោក​ លោក​តែង​វិល​ទៅ​តាម ធម៌​៨​ប្រការ​នេះ​ឯង​។
     បុគ្គលណាប្រាថ្នាតែលាភ យស សុខ សរសើរ ៤ប្រការនេះហើយ គង់នៅក្នុងឆោតមិនលែងឡើយ ឯងស្ដាប់​មើល​ចុះ រឿង​គ្រូ​កណ្ដាញ់​ នៅ​ស្រុក​មាត់​ជ្រូក​១ គ្រូ​ហម​ជើង​បាក់នៅស្រុកមង្គលបុរី ល្បីដល់ស្រុកបាត់ដំបង១ គ្រូបង់បទ១ គ្រូអស់នេះ អា​អ្នក​លេង​វា​ក្លែង​តែង​កល​ ឧបាយ​ផ្សាយ​ពាក្យ​អួត​ថា ពូកែ​ឆុត​ឆាប់​អាច​រំងាប់​សព្វ​រោគ​អ្នក​នគរ​បាន​។
     ឯអ្នកនគរណាលុះអំណាចធម៌៤ យ៉ាងខាងលើហើយសឹងដ៏ផ្អើល គឺនាំគ្នាយកទៀនធូប ប្រាក់កាសជួលកប៉ាល់ជិះទៅ​រក​គ្រូ​ពូកែ​នោះ​។ ពួក​ ចិន​នាយ​កប៉ាល់​បាន​ប្រាក់​ថ្លៃ​កប៉ាល់​ដ៏​បរិបូណ៌ កាលអ្នកនគរគេត្រូវការទៅស្រុកមាត់ជ្រូកក្នុងកាលនោះឯង។
រឿងសក្ការបូជាទឹកបឹង
     មួយទៀតមានទឹកបឹងទី១ នៅខែត្រស្រុកទឹកជោរ កាលនោះមានក្របីឈឺភ្នែក១ វាចុះទៅត្រាំទឹកបឹងនោះរឿយៗ លុះ​យូរ​ថ្ងៃ​មក​ភ្នែក​ក្របី​ នោះ​ជា​ឡើង​ដូច​ប្រ​ក្រតី​។ ឯអ្នកស្រុកនោះឃើញក្របីនោះជាភ្នែក ហើយក៏កើតសេចក្ដីជឿថា ទឹកបឹងនោះពូកែ នាំ​គ្នា​ទៅ​ងូត​ទៅ​ដង​យក​មក​ ផឹក កើត​មាន​គ្រឿង​សក្ការ​បូជា​អុជ​ទៀន​ធូបបូជាទឹកបឹងនោះ កិត្ដិសព្ទក៏លឺខ្ចរខ្ចាយសុសសាយដល់ អ្នកស្រុក​សៀម​រាប ស្រុក​បាត់​ដំបង កើត​ ជឿ​នាំ​គ្នា​ទៅ​បូជា​សូម​ទឹក យក​ទឹក​នោះជាកោលា ហល ដល់ជ្រាបទៅលោករាជការ លោករាជការអោយ​ទៅ​ហាម​​ឃាត់​​បណ្ដា​ពួក​រាស្រ្ដ​ឆោត​ទាំង​នោះ​។
រឿងសក្ការបូជាដើមដង្កោ
     មានរឿងមួយទៀត គឺមានដើមដង្កោ១ដើមរលើងរិស រលំចុងចុះដល់ដី នៅមកជាយូរខែ អ្នកស្រុកដើរទៅមកក៏បាន​យល់​តែ​រាល់​គ្នា ថ្ងៃ​ មួយ​មាន​ចៅ​ម្នាក់​ទៅ​កាប់​ចុង​មែកដង្កោនោះចេញខ្លះ ឯដើមដង្កោនោះ កាលគេកាប់ចុងស្រាលចេញហើយ ក៏​ងើប​ឡើង​ដោយ​កំលាំង​រិស​ ទាញ​បន្ដិច​។ ឯ​អ្នក​ស្រុក​បាន​ឃើញ​ដើម​ដង្កោនោះហើយ ក៏ចូលចិត្ដជឿថា ពូកែ ទើបនាំគ្នាយកទៀនធូប ទៅអុជ​បូជា​សូម​ស្ទោះ​សំបក​យក​ ជា​ថ្នាំ​កែ​រោគ​ផ្សេង​ៗ អ្នក​ខ្លះ​កាត់​យករិសយកមែក ធ្វើជាថ្នាំជាកូនសង្កាត់ចងដៃ ចងចង្កោះផ្ដេសផ្ដាសទៅ ឯ​ដើម​ដង្កោ​នោះ​ត្រូវ​អ្នក​ស្រុក​ ស្ទោះ​សំបក​អស់​រស​ជាតិ​ផែន​ដី ផ្សាយ​មិន​ដល់​ចុង​ក៏​វិនាស​រូបកាយតាយហោងបង់។
រឿងសក្ការបូជាគោស្ទាវខ្មៅ
     មានរឿងមួយទៀត គឺអ្នកស្រុកនៅទិសខាងលិច ថ្ងៃ១មានគោខ្មៅកេ្មងស្ទាវ១ ជារបស់អ្នក ឯណាពុំដឹងគោនោះ​ដើរ រក​ស៊ី​ទៅ​តាម​ហ្វូង​វា​។​ ឯ​អ្នក​ស្រុក​ឃើញ​គោ​ខ្មៅ​នោះ​មានរូបល្អក៏សំគាល់ថា ព្រះគោរត់មកអំពីស្រុកសៀម ទើប នាំគ្នាដេញ ចាប់ក៏ពុំបាន អ្នក​ខ្លះ​រត់​តាម​ពី​ក្រោយ​ ស្រែក​ដង្ហោយ​ថា ព្រះ​អង្គ​ម្ចាស់​អើយ​ឈប់ប្រោសសត្វដែលខាត់ក្រ អ្នកខ្លះបានចេកទុំ បានស្មៅ ស្រូវ រត់តាមទៅ​អោយ​គោ គោ​នោះ​មិន​ឈប់​ នៅ ចេះ​តែ​ទៅ​តាម​កំលាំង​វា​។​ ឯបណ្ដា​អ្នក​ស្រុក​ទាំង​ប្រុស​ស្រី នាំ​គ្នា​រៀប​គ្រឿង​បូជា​ផ្សេង​ៗ ហើយ​ត្រាច់​ទៅ​តាម​គោ​នោះ​ឯង ឯ​គោ​នោះ​លុះ​ឃើញ​មនុស្ស​គេ​មក​ចោម​ ជុំ​ខ្លួន នឹង​រក​ចន្លោះ​ច្រក​បោល​ចេញ​ពុំ​រួច ដូច្នោះ​ក៏​ដាល​បោល​សំរុក​ពារ​ត្រង់​មក​ជំនុំ​មនុស្ស​ច្រើន មនុស្ស​ទាំង​ឡាយ​ក៏​ផ្អើល​រត់​ជ្រៀត​គ្នា​ទៅ​ទី​ ទៃ​ៗ អ្នក​ខ្លះ​ដួល​បែក​ដៃ​បែក​ជើង អ្នក​ខ្លះ​ដួល​ផ្កាប់​មុខ កំពប់​ទៀន​ធូប​ជិះ​ជាន់​ទៅ​លើ​គ្នា ដោយ​ក្ដី​ភ័យ​នឹង​ស្នែង​គោ​​នឹង​ក្រចក​ជើង​គោ​នោះ គោ​ នោះ​បោល​បោះ​ផ្លោះ​កន្លង​មនុស្ស​រួច​ចេញ​បាន ក៏​បោល​ទៅ​រក​ហ្វូង​វា​ដែល​ធ្លាប់​នៅ​ជា​មួយ​គ្នា​អំពី​ដើម​។ ឯ​មនុស្ស​ទាំង​ឡាយ​បាន​ក្ដី​ទុក្ខ​វេ​ទនា​ ពិការ​ដៃ​ជើង​ជា​ដើម ក៏​នាំ​គ្នា​​វិល​ទៅ​ស្រុក​វិញ​។

     រឿងនេះឯងស្ដាប់មើលចុះ មនុស្សឥតសម្បជញ្ញៈ ត្រិះរិះអោយឃើញហេតុឃើញវត្ថុជាទីអែបអាងបាន គួរឬទៅជឿ ទៅ​បូជា​សត្វ​តិ​រច្ឆាន​ អោយ​បាន​នូវ​ក្ដី​ទុក្ខ​វេ​ទនា​ដូចព៌ណនាមកនេះ ទាំងនេះក៏ព្រោះគ្មានសតិសម្បជញ្ញៈ ពិចារណាអោយយល់ដើមហេតុគឺ​គោ​នោះ តើ​ជា​គោ​មាន​ ជីវិត​ពិត​ដូច​គោ​ធម្មតា​ឬ​យ៉ាង​ណា កាលគោនោះនៅស្រុកខ្មែរយើងនេះ តើមានបុណ្យបារមីរិទ្ធិ ជួយដោះទុក្ខខ្មែរយ៉ាង​ណា​ខ្លះ កាល​ស្ដេច​នរេ​ សូរ​សៀម​លើក​ទ័ព​មក​វាយ​ស្រុក​ខ្មែរយើង គឺបន្ទាយលង្វែកបែកបាននាំយកគោនោះ តើពីឆ្នាំណា? ពីចុល្លសករាជប៉ុន្មាន?។ បើ​គិត​ទៅ​តាំង​ អំពី​ឆ្នាំ​រាជ្យ​នរេ​សូរ​វាយ​បន្ទាយ​លង្វែក​មក​ដល់​សម័យនេះកន្លងទៅជាង២០០ឆ្នាំទៅហើយ គោនោះនឹងរស់នៅដល់ឥលូវ​នេះ​ម្ដេច​បាន​ គោ​ ឯ​ណា​អាយុ​វែង​ម្លេះ?​។ មួយ​ទៀត​បើ​គោនោះ ជាងគេធ្វើដោយថ្ម ឬដោយសំរិទ្ធវិចិត្រដោយមាសដោយប្រាក់ទេ អើ​ហេតុ​អ្វី គោ​រូប​នោះ​ម្ដេច​ ចេះ​បោល ចេះ​បរ​ចរ​ចេញ​រត់​មក​ស្រុក​ខ្មែរ​វិញបាន។ មួយមានពាក្យពីព្រេងថា គោនោះគឺសៀមគេយកទៅ​បោះ​ភ្ជាប់​ជើង​ទាំង​៤ ដោយ​ដែក​ គោល យក​ច្រ​វាក់​ចង​គ្រៀក​ដោយ​ជុំ​វិញ ពុំអោយរត់ចេញទៅណាបាន ហើយហាមមិនអោយពួកខ្មែរយើងនេះចូល​ទៅ​មើល​ជិត ថា​បើ​ខ្មែរ​ ទៅ​ជិត​ហើយ ក្រែង​ខ្មែរ​និយាយ​ជា​ភាសា​ខ្មែរ គោ​នោះ កាល​លឺ​ភាសា​ខ្មែរហើយក៏កញ្រ្ជោលបំរះស្រែកយំកងរំពងខ្លាំង។ ពាក្យ​ពី​ព្រេង​នេះ​ឯង​ ស្ដាប់​មើល​ចុះ គួរ​ឬ​គោ​សំរិទ្ធ​ទេ ម្ដេច​ចេះ​យំ​ស្រែក ខាងសៀមសោត ម្ដេចចាំទៅបោះដែកគោលចងក្រៀកនោះ ឆ្កួត​ឬ រូប​គោ​សំរិទ្ធ​ទេ (ពាក្យ​ ពី​ព្រេង​នេះ មិន​គួរ​នឹង​ជឿ​ស្ដាប់​សោះ​)​។

    ​ ឯជាតិអ្នកកាន់គោជាព្រះនោះក៏មានខ្លះ ដូចយ៉ាងសាសន៍ព្រាហ្មណ៍ជំពូក១ គឺជាតិឥណ្ឌូធានី គេកាន់សាសនាឥសូរនា​រាយណ៍ ខ្លះ​កាន់​សំពះ​ យោនី​នាង​ឧមា​ភគ​វតី ខ្លះ​កាន់​សំពះ​អង្គជាតិព្រះសយម្ភូគឺលិង្គព្រះឥសូរ ខ្លះកាន់សំពះគោដែល ជាយានរបស់ព្រះឥសូរ ពួក​អស់​នេះ​សឹង​មាន​ សទ្ធា​សាង​ព្រះ​វិហារ​តំកល់​គោ​ខ្មៅ តាំងជាព្រះអង្គថាព្រះគោ នាំគ្នាយកអាចម៍គោនោះដុត ហើយលាបថ្ងាស លាប​មុខ​ទុក​ជា​ស្រី​សួស្ដី​មង្គល​ ។​ ចុះ​ពួក​ខ្មែរ​យើង​នេះ​កាន់​សំពះ​សាសនា ព្រះសម្មាសម្ពុទ្ធ គឺគោតមបរមគ្រូទេ ហេតុដូចម្ដេចក៏ទៅសំពះបូជាគោ តាំង​នាម​ជា​ព្រះ​គោ​ហើយ​ មាន​សេច​ក្ដី​សៅ​សោក​អាល័យ​ដល់​ព្រះគោ ដែលនគរសៀមគេយកទៅនោះ ខ្មែរយើង នឹងបានទៅកាន់ព្រះគោជា​យាន​របស់​ព្រះ​ឥសូរ ដូច​ ពួក​ឥណ្ឌូ​នោះ កាល​ណា​ក៏​នឹង​ទៅ​អាល័យ ព្រះគោនោះ រីកាន់ថាគោសព្ទនេះ ជានាមព្រះគោតម ព្រះពុទ្ធជាម្ចាស់យើង ជា​វង្ស​គោ​តម គោត្រ​ ត្រូវ​គ្នា​នឹង​គោ​សព្ទ​នេះ បាន​ជា​រាប់អានគោរពគោ ទើបតាំងសតិសាងជារូបគោ តាំងជាទីបូជា របស់ខ្មែរដែលកាន់ព្រះពុទ្ធ​សាសនា អើ​បើ​ដូច្នោះ​ សត្វ​គោ​ក្នុង​ស្រុក​ខ្មែរ​នេះ​ក៏​មាន​ទូ​ទៅ ហេតុម្ដេចខ្មែរក៏នៅនាំគ្នា ប្រើគោជាពាហនៈ ជាយានបររទេះភ្ជួរស្រែ ហើយព្រម​ទាំង​សំលាប់​ស៊ី​សាច់​ផង​ ហេតុ​ម្ដេច​ក៏​មិន​នាំ​គ្នា​សំពះ​បូជា​គោ សព្វ​ថ្ងៃ​នេះ​ទៅផង គោជាគោដូចគ្នា។

រឿងសក្ការបូជាយាយទែព
     ន័យមួយទៀត មានពួកខ្លះជឿសំពះរូបយាយទែព បន់ស្រន់យាយទែព ដោយក្ដីប្រាថ្នា អ្នកកាន់សំពះយាយទែពនេះ ក៏​ពុំ​ដឹង​ដើម​ហេតុ​រឿង​ ប្រ​វត្ថិ​នៃ​យាយ​ទែព​នោះ​ជា​អ្វី រូប​យាយ​ទែពនោះ កាលរស់នៅ តើគាត់ជាទេវតា ឬជាមនុស្សយើងនេះ គាត់ជាប្រពន្ធ​តា​ណា តា​នោះ​ឈ្មោះ​អ្វី​ កាល​រស់​នៅ​មាន​បុណ្យ​បា​រមី​អាច​ជួយដោះទុក្ខខ្មែរយ៉ាងណាខ្លះ ឬបានជួយការពារសព្វរោគយ៉ាងណាខ្លះ មានគុណនឹង​ផែន​ដី​យើង​នេះ​ដូច​ម្ដេច​ ខ្លះ តំរា​រឿង​ប្រ​វត្តិ​យាយ​ទែព​នោះ​តើ​មាននៅក្នុងតំរាពង្សាវតារ ឬក្នុងគម្ពីរសាស្រ្ដាបាលីឯណា បានជាពួកនេះទៅជឿទៅ​បូជា​អួត​ថា​ពូ​កែ​នោះ​។ អើ​បើ​ដូច​ជា​រូប​នាង​សណ្ដារ្ក៍ មាន​ក្នុង​ពង្សាវតារបារាំងសេស គេគោរពបូជា ព្រោះនាងកាលរស់នៅនោះ បានជួយអាសា​មហា​ក្សត្រ ចេញ​ជា​ នាយ​ទាហាន​លើក​ពល​យោ​ធា​ច្បាំង​នឹងពួកបច្ចាមិត្ដ វាយយកខេត្ដដែនរបស់ជាតិខ្លួនបានមកវិញ ដល់ក្រោយនាងអស់​បុណ្យ ដោយ​ដៃ​ពួក​ បច្ចា​មិត្ដ​ចាប់​ទៅ​ដុត​ភ្លើង​ទាំង​រស់ ពួកអ្នកនគរគេនឹកដល់គុណនាងដែលជួយយកអាសាផែនដីនោះ ទើបគេនាំគ្នាសិត​សាង​រូប​នាង​ទុក គឺ​ជា​ស្រី​ អស្ចារ្យ​តំកល់​អោយ​ពួក​ជាតិ​ដូច​គ្នា​គោរពបូជារបស់គេត្រាលុះដល់ មកសម័យឥលូវនេះ។

     ឯយាយទែពនោះ តើកាលគាត់រស់នៅ បានជួយដោះទុក្ខជាតិខ្មែរយើងយ៉ាងណា ទើបបាន បុរាណចាស់គេសាង​រូប​យាយ​ទែព​នេះ​ទុក​ អោយ​ពួក​ខ្មែរ​យើង​គោ​រព​បូជា​រូប​គាត់ត្រាដល់មកឥឡូវនេះ។ មួយទៀតពាក្យទែពសព្ទនេះជាភាសាក្លាយមកពីភាសា​សំស្រ្កឹត​ថា​«ទៃត្យ» ប្រែ​ថា ខ្មោច​យក្ស អើ​រឿង​ខ្មោច​យក្ស​នោះ សឹង​ជាសត្រូវនឹងជាតិមនុស្សយើងនេះទេ ហេតុម្ដេចក៏គេទៅជឿ ទៅ​បូជា​វា​នោះ​ទៀត ឬ​ពាក្យ​ ទែព​សព្ទ​នោះ ពុំ​មែន​ជា​ទែព​នោះ​ទេ គឺថាសព្ទទេព ហៅថា នាងធីតា សំដៅយករូបនាងឧមាភគវតី ជាអគ្គមហេសីនៃព្រះ​ឥសូរ​នោះ​ទេ​ដឹង​?​ ព្រោះ​មនុស្ស​ជាន់​ដើម កាន់​សាសនា​ព្រះ​ឥស្ស​រា​ធិបតី រាប់​អាននាងឧមាភគវតី ព្រោះនាងជាមហេសីនៃព្រះឥសូរនោះ ទើប​គេ​សិត​សាង​រូប​ នាង​តាំង​ទុក​មក ហៅ​ថា​យាយ​ទែព​យ៉ាង​នេះ​ទេ​ដឹង? អើបើទុកជារូបនាងឧមាភគវតីក្ដី យើងជាអឧបាសកឧបាសិការាប់​អាន​ព្រះ​ពុទ្ធ​សាសនា​ នេះ​មិន​ត្រូវ​ទៅ​គោរព សំពះ​បូជា​រូប​យាយទែពនោះទេ ធ្វើអោយសៅហ្មងខាតបង់ត្រៃសរណគមន៍របស់ ខ្លួនសោះ ទទេយ៉ាងនេះ។



ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad