គតិលោក​ ភាគ៨: រឿង៖ ខ្លាឃ្មុំ និង ដើមពង្រ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក​ ភាគ៨: រឿង៖ ខ្លាឃ្មុំ និង ដើមពង្រ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងខ្លាឃ្មុំ និង ដើមពង្រ

មាន​ខ្លា​ឃ្មុំ​ទៅ​ដេក​ក្រោម​ដើម​ពង្រ​១ លុះ​ដេក​លក់​បន្ដិច​ទៅ​ មែក​ពង្រ​បាក់​ធ្លាក់​មក​ត្រូវ​ក្បាល​ខ្លា​ឃ្មុំ​នោះ​ ខ្លា​ឃ្មុំ​ក៏​ភ្ញាក់​ឡើង​ម្នី​ម្នា បាន​ក្ដី​ឈឺ​ក្បាល​ពន់​ពេក​ណាស់​ ក៏​ដើរ​ចេញ​ចាក​ទី​នោះ​ ហើយ​ខឹង នឹង ដើម​ពង្រ​ចង​អាឃាត​ថា​ អា​ដើម​ពង្រ​នេះ​ អញ​កំពុង​ដេក​លក់​សុខ​សប្បាយ​ វា​ទំលាក់​មែក​មក​លើ​ក្បាល​អញ​ បាន​ក្ដី​ទុក្ខ​វេទ​នា​មាន​សភាព​យ៉ាង​នេះ​ អើ​បើ​អញ​បាន​អោកាស​កាល​ណា អញ​នឹង​រំលំ​រំលើង​វា​អោយ​អស់​ពូជ​ជា​ម្ដង​ ខ្លា​ឃ្មុំ​ចង​គំនុំ​ចង​ពៀរ​ នឹង ពង្រ​​ដូច្នេះ​ហើយ​ ក៏​ត្រាច់​តាម​​ជើង​ព្រៃ​ ទៅ​កាន់​ទី​តាម​ក្ដី​ប្រាថ្នា​។ គ្រា​កាល​នោះ​មាន​អ្នក​រទេះ​ម្នាក់​បរ​ទេះ​មក​ត្រង់​ទី​នោះ​ ចួន​ជា​ភ្លៅ​រទេះ​បាក់​ក៏​ឈប់​ ហើយ​កាន់​ពូថៅ​ដើរ​ចូល​ព្រៃ​ ដើម្បី​នឹង​កាប់​ឈើ​ធ្វើ​ភ្លៅ​រទេះ​ លុះ​ដើរ​ទៅ​បាន​ជួប​ខ្លា​ឃ្មុំ​ក៏​សួរ​ថា​ អ្នក​អែង​ដើរ​រក​អ្វី​ ចៅ​នោះ​ក៏​ប្រាប់​ថា យើង​ដើរ​រក​កាប់​ឈើ​ធ្វើ​ភ្លៅ​រទេះ​ ខ្លា​ឃ្មុំ​បាន​លឺ​ដូច្នោះ​ បាន​អោកាស​ ទើប​ប្រាប់​ទៅ​ថា ឈើ​សំរាប់​ធ្វើ​ភ្លៅ​រទេះ​ គ្មាន​ឈើ​អ្វី​អោយ​ជាប់​ស្វិត​ដូច​ដើម​ពង្រ​ទេ​ ចូរ​អ្នក​អែង​ទៅ​កាប់​ដើម​ពង្រ​អែ​នោះ​ចុះ​ ចំពោះ​ជា​ធ្វើ​ភ្លៅ​រទេះ​ជាប់​ល្អ​ហើយ​ ថា​​ហើយ​ក៏​នាំ​ផ្លូវ​ចៅ​នោះ​ទៅ​កាន់​ដើម​ពង្រ​ ហើយ​ដើរ​ចេញ​អំពី​នោះ​ទៅ​ហោង​។
អែ​អ្នក​បរ​រទេះ​ក៏​ចូល​ទៅ​កាប់​ដើម​ពង្រ​នោះ​ តាម​ពាក្យ​ខ្លា​ឃ្មុំ​ប្រាប់​ អែ​ដើម​ពង្រ​នោះ​ជា​លំ​នៅ​នៃ​រុក្ខ​ទេវ​តា ទេវ​តា​កាល​បើ​ឃើញ​មនុស្ស​កាប់​លំ​នៅ​ខ្លួន​ដូច្នោះ​ក៏​ចេញ​មក​សួរ​ថា អ្នក​អែង​កាប់​ដើម​ពង្រ​នេះ​តើ​ដើម្បី​ការ​អ្វី​?​។ ចៅ​នោះ​ប្រាប់​ថា យក​ទៅ​ធ្វើ​ភ្លៅ​រទេះ​ ត្បិត​ខ្លា​ឃ្មុំ​បាន​ប្រាប់​ថា​ឈើ​នេះ​ជាប់​ល្អ​ណាស់​ រុក្ខ​ទេវ​តា​ដឹង​ថា​ខ្លា​ឃ្មុំ​ចង​គំនុំ​នឹង​ដើម​ពង្រ​ ព្រោះ​តែ​មែក​ពុក​បាក់​ធ្លាក់​លើ​ក្បាល​វា​ដូច្នោះ​ ក៏​ចង​ពៀរ​តប​ខ្លា​ឃ្មុំ​វិញ​ ទើប​តប​ទៅ​ថា អើ​អ្នក អែ​ដើម​ពង្រ​ធ្វើ​ភ្លៅ​រទេះ​នោះ​ជាប់​មែន​ តែ​ស្រួយ​ឆាប់​បាក់​ទេ​អ្នក​ បើ​បាន​ខ្លាញ់​ខ្លា​ឃ្មុំ​មក​​លាប​នោះ ទើប​ស្វិត​ជាប់​ល្អ​បរ​ទៅ​សប្បាយ​ បើ​ដូច្នេះ​ចូរ​អ្នក​អែង​ ទៅ​សំលាប់​ខ្លា​ឃ្មុំ​យក​ខ្លាញ់​វា​ទុក​លាប​ភ្លៅ​រទេះ​អ្នក​ទៅ​ហោង​។ អែ​អ្នក​បរ​រទេះ​បាន​លឺ​ដូច្នេះ​ក៏​ចេញ​ចាក​ទី​ម្នី​ម្នា​ត្រាច់​​ទៅ​តាម​ខ្លា​ឃ្មុំ​នោះ​ លុះ​ទៅ​ទាន់​ហើយ​ ក៏​ប្រហារ​ខ្លា​ឃ្មុំ​នោះ​ដោយ​ពូ​ថៅ​ធំ ខ្លា​ឃ្មុំ​ក៏​ដល់​នូវ​ក្ដី​ស្លាប់​ក្នុង​កាល​នោះ​អែង ដូច​ខ្លា​ឃ្មុំ​ស្អប់​ដើម​ពង្រ​ ដែល​បាន​សំដែង​ទុក​មក​នេះ​ ប្រាជ្ញ​គប្បី​ដឹង​ហោង​។
ខ្លាអើយខ្លាឃ្មុំ
ចងចិត្ដគំនុំ
នឹងដើមពង្រ
ព្រោះមែកត្រូវក្បាល
បន្ដាលតាំងត
អាឃាដបង្ក
ជាពៀរនឹងគ្នា។
ខឹងបាញ់ព្រោះស្អប់
បាញ់បែរត្រលប់
មកត្រូវអាត្មា
អំពើចងពៀរ
ពំនៀរលោកថា
មិនស្រាយកាលណា
មិនត្រានឹងផុត។
ចប់តំរាស្អប់កុំអោយចាញ់ ជាគតិ៤៦

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad