គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៨
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានសត្វក្រលេងក្រលោងមួយគូ
ធ្វើសំបុកភ្ញាស់កូននៅប្រគាបមែកឈើមួយ កាលនោះមានពានរមួយ
ត្រូវភ្លៀងអុរជោគជាំ កើតក្ដីរងាខ្លាំង
ក៏លោតទៅជ្រកក្រោមសំបុកគ្រលេងគ្រលោង ៗ ឃើញស្វាជ្រកដូច្នោះ
ក៏និយាយជាពាក្យអោវាទថា នែពានរអើយ រូបអ្នកអែងមានដៃមានជើងដូចមនុស្ស
ហេតុអ្វីអ្នកមិនធ្វើផ្ទះធ្វើសំបុកជាទីអាស្រ័យនៅ។ អែស្វាតបទៅថា
យើងមានដៃជើងដូចមនុស្សក៏ពិតហើយ តែយើងគ្មានប្រាជ្ញា
ឈ្លាសក្នុងការធ្វើផ្ទះធ្វើសំបុកដូចមនុស្សទេ ហេតុនោះបានជាយើងអិតផ្ទះអិតសំបុកជ្រកនៅយ៉ាងនេះ
គឺយើងធ្វើមិនកើត។
អែក្រលេងក្រលោងក៏ឆ្លើយឡើងថា
សព្វបើការធ្វើសំបុក ចាំមានបញ្ញាវិសេសនឹងរចនាអ្វី តែពួកសកុណបក្សី
យ៉ាងចាប លលក រឺ រូបខ្ញុំអែងនេះក៏អាចធ្វើតាមភាព ជ្រកភ្លៀងទៅបាន
ពួកសកុណជាតិមានតែចំពុះមួយ នឹង មានដៃជើងដូចបងពានរអែងក៏ទេ
ម្ដេចគេធ្វើជ្រកអាស្រ័យបាន គួរបងអែងគិតមើលទៅចុះ
ក៏វិស័យសត្វទាំងឡាយដែលកើតមកនេះ
តោងមានទីមានលំនៅដាក់កូនដាក់ប្រពន្ធ
ដើម្បីជ្រកកោនអោយផុតអន្ដរាយគឺភ្លៀងខ្យល់កំដៅថ្ងៃ ទើបបានក្ដីសុខក្ដីសប្បាយទៅបាន
ទោះជាធ្វើផ្ទះល្អពុំបាន ក៏គ្រាន់តែយកមែកឈើស្លឹកឈើ
បិទបាំងប្រគែងប្រគងទៅតាមភាពល្មមតែជ្រកអាស្រ័យការពារភ្លៀងផ្គរម្ដងៗ
អែនឹងទៅគិតថា ចាំជ្រកកោនដោយសារគេ រឺ ចាំជ្រកដោយគុម្ពឈើ គុម្ពព្រៃនោះជាការលំបាកកាយកូនប្រពន្ធណាស់
បងពានរអែមានដៃមានជើងល្មមធ្វើបានហើយ គួរតែធ្វើទៅអេះ នឹងទៅគិតថា
ចាំមានបញ្ញាសឹមធ្វើនោះ បញ្ញាអែណានឹងមានមកជាថ្មីទៀត
កំណើតនៃសត្វតិរច្ឆានទាំងឡាយ សឹងមានចិត្ដមានវិញ្ញាណ ចេះរកអាហារចិញ្ចឹមជីវិតដូចគ្នាទាំងអស់
នឹងបានចាំរក ធ្វើស្រែធ្វើចំការដូចមនុស្សនោះក៏ទេ ម្ដេចគេអែទៀតៗ
ដោយហោចទៅ សូម្បីតែសត្វដង្កូវ រឺ កន្ដូបកន្ដៀរ ក៏ចេះធ្វើសំបុកនៅបាន
ត្រង់បងពានរអែងម្ដេចធ្វើពុំបាន សត្វអែទៀតនោះ តើនឹងមានបញ្ញាលើសបងអែងកាលណា
គេក៏ឧស្សាហ៍ធ្វើទៅកើត
ខ្ញុំយល់ថាបងអែងមិនធ្វើនោះព្រោះខ្ជិលមួយនេះអែង អែពាក្យបងអែងថា
ធ្វើមិនកើតព្រោះគ្មានបញ្ញាដូចមនុស្សនោះ
ខ្ញុំអែងមិនយល់ផងទេបងពានរ។
អែស្វានោះ
លុះលឺគ្រលេងគ្រលោងថាដូច្នោះ ក៏កើតក្ដីខ្មាសក្ដីទោសោខឹង នឹង
ពាក្យគ្រលេងគ្រលោង
ទើបស្ទុះទៅចាប់បោចរោចសំបុកគ្រលេងគ្រលោងទំលាក់ចោល
អំពីប្រគាបមែកឈើអស់ជាម្ដង ហើយក៏លោតទៅកាន់ដើមឈើអែទៀតហោង។
រឿងនេះបានគតិដល់បុគ្គលអ្នកកោងឌឺ
តពាក្យអោវាទ គឺគេតឿនសតិអោយខ្លួនធ្វើលំនៅ ៗជាសុខរបស់ខ្លួនអែង
ត្រលប់ជាខឹងនឹងគេវិញ ហើយបំផ្លាញលំនៅគេផង មួយទៀតមានអ្នកខ្លះ
នៅជិតគុម្ពស្បូវគុម្ពរិស្សីតែខ្ជិលមិនជួសជុលផ្ទះ
បណ្ដោយអោយភ្លៀងលេច ជញ្ជាំងធ្លុះរហែករហោកស៊ូជ្រកនៅត្រូវភ្លៀងត្រូវថ្ងៃ
ក៏ទ្រាំនៅទៅ ដល់មានគេតឿនអោយជួសជុល ក៏ត្រលប់ខឹងនឹងគេវិញ
យ៉ាងនេះក៏មាន មួយទៀតមានអ្នកខ្លះខ្ជិលធ្វើផ្ទះនៅ
ស៊ូនៅដោយសាឆ្នៀងតាកផ្ទះគេ
ស៊ូទ្រាំសំដីម្ចាស់ផ្ទះដែលគេមិនគាប់ចិត្ដចង់អោយនៅនោះ យ៉ាងនេះក៏មាន
មួយទៀតអ្នកខ្លះនៅជិតខាងគេ មានដីទំនេរខ្ជិលមិនដាំដំណាំទុកអាស្រ័យ
តែដល់ពេលខ្លួនត្រូវការ ដូចយ៉ាងស្លឹកគ្រៃ រឺ ស្លឹកជីរជាដើម
ក៏ទៅសុំគេ ដល់សុំគេរឿយ ៗណាស់ ម្ចាស់ដំណាំគេទញ់ទាល់ចិត្ដមិនចង់អោយ
គេក៏ស្ដីថា ម៉េចអែងមិនដាំស៊ីខ្លះ ចេះតែរកគេយ៉ាងនេះ
គេបានដាស់តឿនអោយខ្លួនដាំដំណាំទុកជាប្រយោជន៍ខ្លួនអែង មិនដាំឡើយ
ត្រលប់ទៅខឹងនឹងគេ ទៅលួចកាប់គាស់បំផ្លាញដំណាំគេចោលបង់
ដូចយ៉ាងស្វាទៅរោចសំបុកគ្រលេងគ្រលោងនោះអែង គួរចូលចិត្ដហោង។
ស្វាអើយចៅស្វា
|
ជាសត្វសាវា
|
ខ្ជិលធ្វើសំបុក
|
តែភ្លៀងធ្លាក់ត្រូវ
|
ទ្រាំនៅកោនកុក
|
រង់រងក្ដីទុក្ខ
|
គ្រាអស់សម័យ។
|
||
កូនចៅពិបាក
|
រងារង៉ាក
|
រងោកដោយព្រៃ
|
ម្ដេចស្វាមិនស្វះ
|
ធ្វើផ្ទះអាស្រ័យ
|
ហាលភ្លៀងហាលថ្ងៃ
|
មិនខ្មាសបក្សី។
|
ចប់តំរាកោងអោវាទ
ជាគតិទី៤៧
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment