គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៤
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងក្អែកគោក នឹងក្អែកទឹក
មានក្អែកគោកមួយ អាស្រ័យនៅក្នុងដងព្រៃមួយអន្លើដោយក្អែកមេជាភរិយា
ថ្ងៃមួយចៅបក្សាលានាងភរិយាចេញ ទៅរកអាហារបរិភោគតាមមាត់បឹង លុះទៅដល់បឹង១
បានឃើញនូវហ្វូងក្អែកទឹកនឹងស្មោញទាំងឡាយ ហែលមុជចា ប់ត្រីបរិភោគតាមដោយសភាពដូច្នោះ
ក្អែកគោកនោះគិតថា ក្អែកទឹកអស់នេះ គេក៏ជាជាតិបក្សីដូចអញដែរ ហេតុអ្វី
ក៏គេមុជចាប់ត្រីអាស្រ័យបាន អញសោតជាក្អែកដូចគេដែរ គួរខ្មាសគេណាស់ បើដូច្នេះគួរតែចុះមុជចាប់ត្រីនឹងគេអាស្រ័យ
កុំអោយពួកក្អែកទឹកនោះមើលងាយបាន គិតហើយក្អែកគោកក៏សំលបស្លាបចុះមុជទឹកធ្វើអាការដូចក្អែកទឹក
ខំប្រឹងមុជទៅប៉ះលើសារាយណែនណាន់ សារាយនោះក៏ព័ន្ធកក្អែក ស្រោបកាយជិតជុំរុំព័ទ្ធប្រាណ
ក្អែករើខ្លួនពុំបាន ក៏ឈ្លក់ទឹកដល់នូវមរណកាលកណ្ដាលគង្គាក្នុងគ្រានោះហោង។
រឿងនិទាននេះមានសេចក្ដីពិស្ដារនៅក្នុងកាកជាតកឯណោះ ឯងស្ដាប់មើលចុះរឿងក្អែកគោកនេះ
តើឯងដាក់ទុកជាគតិដូចម្ដេច មានឧទាហរណ៍យ៉ាងណាចូរថាទៅមើ ល។
កូនសិស្សអធិប្បាយថា
ជាតិក្អែកទឹក ជាសត្វធ្លាប់ហែលធ្លាប់មុជទឹកតាមសន្ដានវា អាចដឹងកាលដឹងការស្វែងរកអាហារ
ខាងជើងទឹក ប្រព្រឹត្ដទៅបានឥតទាស់ តាមភាពធម្មតាវាជាសត្វមុជទឹក ទើបវារកស៊ីជើងទឹកអិតអន្ដរាយ
ក៏ក្អែកគោកឯណោះជាសត្វធ្លាប់រកស៊ីតាមជើងគោក តាមសភាពធម្មតាវាជាសត្វគោក
ដល់ខ្លួនទៅរកស៊ីខាងជើងទឹកឯណាក៏បាន ព្រោះខ្លួនមិនធ្លាប់ នេះប្រៀបដូចមនុស្សយើងដែលកើតក្នុងវង្សអ្នកស្រែអ្នកចំការ
ធ្លាប់ស្ទាត់ក្នុងការងារខាង ជើងគោក ហើយដល់ខ្លួនពុំចេះអក្សរពុំចេះលេខពុំចេះដឹងក្នុងក្បួនដើរទូកក្ដារឡើយ
ហើយទៅឃើញគេរកស៊ីជួញប្រែ ដើរទូកថ្វែ ទូកប៉ុកចាយ កើតនឿយណាយចោលការស្រែចំការដែលខ្លួនធ្លាប់ប្រព្រឹត្ដនោះបង់
ទៅប្រកបការផ្លូវជួញប្រែ ដែលខ្លួនមិនធ្លាប់ប្រព្រឹត្ដនោះវិញ ការអស់នោះឯណាឡើយនឹងសំរេចបាន
ព្រោះខ្លួនមិនធ្លាប់។ តែខំប្រព្រឹត្ដទៅ គង់ជាប់សារាយដូចក្អែកគោកនោះឯង
គួរគិតមើលទៅទៀតចុះ។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment