ស្រីហិតោបទេស ការបំបែកមិត្ដ
ភាគទី២
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី៩ រឿងសីហៈ និងទន្សាយ
នៅភ្នំមន្ទរ មានសីហៈមួយឈ្មោះទុទាន្ត។
ទុទាន្តតែងចាប់បសុសត្វទាំងឡាយច្រើន
សំលាប់ស៊ីជាចំណីអាហាររាល់ៗថ្ងៃ។ សព្វសត្វទាំងឡាយភិតភ័យណាស់
បបួលគ្នាមកប្រជុំរិះគិតរកអុបាយ ហើយចូលទៅអង្វរករសីហៈថា «បពិត លោកជាស្តេចម្រឹគ
ហេតុអ្វីក៏លោកចាប់សំលាប់បំផ្លាញបសុសត្វបរិភោគជាអាហារម្តងៗ
ច្រើនដល់ម្លេះ? បើលោកជ្រះថ្លាយល់ព្រមតាមគំនិតយើង
យើងខ្ញុំនឹងបញ្ជូនបសុសត្វមួយរាល់ៗថ្ងៃ
ជាគ្រឿងបណ្ណាការមកជូនដើម្បី ជាអាហារលោក»។
ពេលនោះ ទុទាន្តឆ្លើយឡើងថា «បើអែងទាំងឡាយមានប្រាថ្នាដូច្នោះ
អញត្រេកអរណាស់ ហើយអែងធ្វើតាមបំណងអែងចុះ តាំងពីពេលនេះតទៅ»។ ចំណេរកាលមក
សីហលែងរវល់ចេញទៅបរបាញ់ចាប់សត្វដូចកាលសព្វដងទៀត
នៅតែនឹងកន្លែងចាំទទួលបណ្ណាការ គឺបសុសត្វមួយៗដែលម្រឹគទាំងឡាយបញ្ជូនមកអោយរាល់ថ្ងៃ។
ថ្ងៃតមកដល់វេនទន្សាយចាស់មួយ ទន្សាយចាស់នោះគិតថា៖
១២៣ - បុគ្គលធ្វើសេចក្តីគោរពអោនលំទោន
ព្រោះហេតុតែខ្លាចគេផង ព្រោះតែចង់អោយមានជីវិតរស់នៅផង
ថាបើអាត្មាអញទៀងតែដល់បញ្ចភាពដដែល ប្រយោជន៍អ្វី
អាត្មាអញត្រូវធ្វើសេចក្តីកោតក្រែងសីហៈនេះ។
ទន្សាយគិតបណ្តើរដើរបណ្តើរ ទៅសន្សឹមៗបន្តិចៗចូលទៅរកទុទាន្ត។ ពេលនោះ ទុទាន្តដែលមានសេចក្តីស្រេកឃ្លានបៀតបៀនខ្លាំងក្រោធច្រលោតខឹង និយាយទ្រគោះបោកបោះទៅអោយទន្សាយថាៈ «យីអានេះ! អាអែងអាល័យដើរទៅលេងជាប់នៅអែណាអោយយឺតយូរក្របានមកដល់ហ៎ះ!»។ ទន្សាយលោមទោមអង្វរថា «ទេវៈ! ខ្ញុំបាទមិនមានកំហុសទេ កាលខ្ញុំបាទកំពុងដើរមកតាមផ្លូវមានសីហមួយធំណាស់ មកចាប់ឃាត់ខ្ញុំបាទទាំងអំណាច ខ្ញុំបាទនិយាយអង្វរករស្បថស្បែចំពោះសីហៈកំណាចនោះថា នឹង ត្រលប់ទៅជួបវិញ សូមតែអនុញ្ញាតិអោយខ្ញុំបាទ ចូលមកជំរាបលោកម្ចាស់ក្នុងទីនេះ អោយបានជ្រាបជាមុនសិន ព្រោះហេតុនេះ បានជាយឺតយូរក្របានមកដល់ឆាប់»។ ទុទាន្តបានស្តាប់ហើយ ក្រេវក្រោធឆេវសួរតបទៅវិញទាំងកំរោលថា «បើដូច្នោះ អាអែងនាំអញទៅបង្ហាញអោយឆាប់អីលូវនេះ តើអាព្រហើនកោងកាចនោះវានៅអែណា?»។ ពេលនោះទន្សាយក៏នាំសីហៈ ទ្រនង់នោះ ទៅបង្ហាញអណ្តូងជ្រៅស្រលូងមួយ លុះដើរទៅដល់អណ្តូងនោះហើយ និយាយប្រាប់ថា «សូមលោកម្ចាស់អញ្ជើញទៅមើលខ្លួនអែងចុះ វានៅក្នុងអណ្តូងនោះអែង»។ អែទុទាន្ត ដើរចូលទៅជិតក្រលេកមើលក្នុងអណ្តូងឃើញស្រមោលខ្លួន សំគាល់ថាជាសីហៈមួយធំសំបើមអស្ចារ្យ ក្នាញ់ខ្លាំងណាស់ ដំឡើងប្រែងសំដែងរិទ្ធដ៏ឃោឃៅលោតចុះទៅសង្រ្គុបក្នុងអណ្តូងដោយក្តីទ្រនង់យង់ឃ្នង ក៏ដល់នូវបញ្ចភាព(2) ស្លាប់អៃដ៏កាលនោះទៅហោង។ ហេតុនោះហើយបានជាបង (ក្អែកឈ្មោល) និយាយប្រាប់ថា «នរជនណាមានប្រាជ្ញា នរជននោះឈ្មោះថា មានកម្លាំង» ដូច្នេះជាដើម(លេខ១២២)។
ទន្សាយគិតបណ្តើរដើរបណ្តើរ ទៅសន្សឹមៗបន្តិចៗចូលទៅរកទុទាន្ត។ ពេលនោះ ទុទាន្តដែលមានសេចក្តីស្រេកឃ្លានបៀតបៀនខ្លាំងក្រោធច្រលោតខឹង និយាយទ្រគោះបោកបោះទៅអោយទន្សាយថាៈ «យីអានេះ! អាអែងអាល័យដើរទៅលេងជាប់នៅអែណាអោយយឺតយូរក្របានមកដល់ហ៎ះ!»។ ទន្សាយលោមទោមអង្វរថា «ទេវៈ! ខ្ញុំបាទមិនមានកំហុសទេ កាលខ្ញុំបាទកំពុងដើរមកតាមផ្លូវមានសីហមួយធំណាស់ មកចាប់ឃាត់ខ្ញុំបាទទាំងអំណាច ខ្ញុំបាទនិយាយអង្វរករស្បថស្បែចំពោះសីហៈកំណាចនោះថា នឹង ត្រលប់ទៅជួបវិញ សូមតែអនុញ្ញាតិអោយខ្ញុំបាទ ចូលមកជំរាបលោកម្ចាស់ក្នុងទីនេះ អោយបានជ្រាបជាមុនសិន ព្រោះហេតុនេះ បានជាយឺតយូរក្របានមកដល់ឆាប់»។ ទុទាន្តបានស្តាប់ហើយ ក្រេវក្រោធឆេវសួរតបទៅវិញទាំងកំរោលថា «បើដូច្នោះ អាអែងនាំអញទៅបង្ហាញអោយឆាប់អីលូវនេះ តើអាព្រហើនកោងកាចនោះវានៅអែណា?»។ ពេលនោះទន្សាយក៏នាំសីហៈ ទ្រនង់នោះ ទៅបង្ហាញអណ្តូងជ្រៅស្រលូងមួយ លុះដើរទៅដល់អណ្តូងនោះហើយ និយាយប្រាប់ថា «សូមលោកម្ចាស់អញ្ជើញទៅមើលខ្លួនអែងចុះ វានៅក្នុងអណ្តូងនោះអែង»។ អែទុទាន្ត ដើរចូលទៅជិតក្រលេកមើលក្នុងអណ្តូងឃើញស្រមោលខ្លួន សំគាល់ថាជាសីហៈមួយធំសំបើមអស្ចារ្យ ក្នាញ់ខ្លាំងណាស់ ដំឡើងប្រែងសំដែងរិទ្ធដ៏ឃោឃៅលោតចុះទៅសង្រ្គុបក្នុងអណ្តូងដោយក្តីទ្រនង់យង់ឃ្នង ក៏ដល់នូវបញ្ចភាព(2) ស្លាប់អៃដ៏កាលនោះទៅហោង។ ហេតុនោះហើយបានជាបង (ក្អែកឈ្មោល) និយាយប្រាប់ថា «នរជនណាមានប្រាជ្ញា នរជននោះឈ្មោះថា មានកម្លាំង» ដូច្នេះជាដើម(លេខ១២២)។
ក្អែកញីសួរថា «អើខ្ញុំស្ដាប់អស់អាថិសេចក្តីហើយ
តើអ្នកបងគិតធ្វើអុបាយនោះដូចម្តេច? ចូរប្រាប់អុបាយនោះ
អោយខ្ញុំដឹងមើល!»។ ក្អែកឈ្មោលនិយាយប្រាប់ថា «នៅស្រះបោក្ខណីទឹកថ្លាយល់ដី ជិតឋានយើងនេះ
មានព្រះរាជបុត្រទាំងឡាយតែងយាងចូលមកប្រពាតក្រសាលស្រង់
អុទកវារីលេងសប្បាយរាល់ៗថ្ងៃ ក្នុងស្នានសម័យ(3)ស្តេចតែងដោះខ្សែព្រះសូរងជាវិការៈនៃមាសសំរាប់តែព្រះអង្គ
ទុកនៅលើផែនថ្មនាឆ្នេរស្រះហើយទើបចុះទៅស្រង់
ចូរប្អូនហើរចុះទៅឆក់លួចយកនូវខ្សែព្រះសូរងជាវិការៈនៃមាសនោះដោយចំពុស
ហើយនាំយកមកទំលាក់ទុកក្នុងព្រង់ដែលពស់ចង្រៃវាអាស្រ័យនៅ»។ ថ្ងៃមួយព្រះរាជបុត្រទាំងឡាយស្តេចយាងមកស្រង់ក្រសាល
អុទកវារី មេក្អែកក៏ធ្វើដូចបានគិតគូរគ្នាទុកមុន។ គ្រានោះអែង
ព្រះរាជបុត្រទាំងឡាយ បានទតឃើញមេក្អែកលបឆក់យកខ្សែព្រះសូរងដូច្នេះ
ស្តេចដេញតាមមេក្អែក ដើម្បីដណ្តើមយកខ្សែព្រះសូរងនោះរហូតទៅដល់ព្រង់
ទៅប្រទះឃើញពស់វែកនោះ ហើយក៏បបួលគ្នាវាយសំលាប់ចោលបង់សៀតទៅហោង។
ព្រោះហេតុនោះបានជាខ្ញុំ (ចចកទមនក)ពោលថា៖ «កិច្ចការណាដែលគេអាចធ្វើអោយសំរេចបានដោយអុបាយ»
ដូចច្នេះជាដើម(១២០)
ចចកករដកៈនិយាយចាក់បណ្តាយថា «បើដូច្នោះចូរអែងទៅចាត់ចែងធ្វើការក្នុងកាលអីលូវនេះទៅ
ហើយសូមអោយបានសំរេចសមប្រកបតាមក្តីប្រាថ្នាកុំបីខានឡើយ»។ លំដាប់នោះអែង ចចកទមនកៈដើរចូលទៅរកបិង្គលកៈ
លុះចូលទៅដល់ហើយ លើកទសករប្រណម្យ ទើបពោលពាក្យថា «ទេវៈ!
ខ្ញុំបាទសង្កេតឃើញហេតុការណ៍ប្រកបដោយភ័យធំគួរអោយវិតក្កខ្លាំង
ទើបចូលមកជួបលោកជាម្ចាស់ ដោយប្រញាប់ប្រញាល់ព្រោះថា៖
១២៤ - ក្នុងគ្រាអន្តរាយ រឺក្នុងការដើរខុសគន្លងផ្លូវ
រឺ ក៏ក្នុងការប្រព្រឹត្តិកន្លង
អោកាសជាកាលគួរនរជនជាអ្នកធ្វើប្រយោជន៍ទូទៅ សូម្បីគេមិនសាកសួរ
ក៏គប្បីស្នើណែនាំផ្លូវដោយពាក្យជាកល្យាណធម៌។
១២៥ - ព្រះរាជា ជាភាជន៍សំរាប់ត្រងរងនូវភោគសុខ(4) មិនមែនជាភាជន៍សំរាប់ ត្រងរងនូវរាជការទេ
កាលបើរាជការវិនាសខូចខាតហើយ មន្រ្តីត្រូវជាប់ទោស។
ក្នុងករណីនេះ សូមលោកជាម្ចាស់ពិចារណាមើលចុះ
ក្រមនេះជាវិធីដំណើរការ នៃអាមាត្យទាំងឡាយលោកថា៖
១២៦ ការស៊ូលះបង់ជីវិត ពុំនោះការកាត់សិរសាអាមាត្យអោយដាច់ចេញ ជាការគាប់ប្រសើរណាស់ តែអាមាត្យមានភក្តីធ្វើព្រងើយកន្តើយចំពោះអាមាត្យក្បត់ដែលប្រុងសំលាប់ម្ចាស់របស់ខ្លួន ដើម្បីធ្វើជាម្ចាស់ផែនដីមិនគាប់ប្រសើរសោះឡើយ។
១២៦ ការស៊ូលះបង់ជីវិត ពុំនោះការកាត់សិរសាអាមាត្យអោយដាច់ចេញ ជាការគាប់ប្រសើរណាស់ តែអាមាត្យមានភក្តីធ្វើព្រងើយកន្តើយចំពោះអាមាត្យក្បត់ដែលប្រុងសំលាប់ម្ចាស់របស់ខ្លួន ដើម្បីធ្វើជាម្ចាស់ផែនដីមិនគាប់ប្រសើរសោះឡើយ។
បិង្គលកៈត្រេកអរសាទរណាស់ សួរទៅវិញថា «បើដូច្នោះតើអែងត្រូវការនិយាយដូចម្តេចខ្លះ?»។ ចចកទមនកៈនិយាយឡើងថា «ទេវៈ! គោសញ្ជីវកៈ
សំដែងអាការកិរិយាចំពោះមុខខ្ញុំបាទ
មើលទៅហាក់មិនគួរគប្បីដល់លោកម្ចាស់សោះ
មានពោលពាក្យនិន្ទាទ្រគោះបោកបោះមើលងាយព្រះចេស្តាសក្តានុភាពបីប្រការ(5)
ប្រាថ្នាលោភលន់ប្រុងដណ្តើមយករាជសម្បត្តិ»។ បិង្គលកៈបានស្តាប់ពាក្យញុះញង់នេះហើយ
ភ័យតក់ស្លុតនឹកអស្ចារ្យក្នុងចិត្តស្ថិតនៅស្ងៀមមិនចេញស្តីសោះ។
ចចកទមនកៈនិយាយបន្ថែមទៀតថា «ទេវ!
លោកជាម្ចាស់ដកដាលបោះបង់ចោលអ្នករាជការចាស់មុនចោលអស់
ហើយតាំងសញ្ជីវកនេះអោយកាន់ដំណែងធំអភិបាលសំរេចរាជការផែនដីទាំងអស់
អំពើនេះ ជាទោសធំសំបើមណាស់ ព្រោះថា៖
១២៧ ស្រី(6)ទ្រទ្រង់នូវមន្រ្តីដែលមានសក្តានុភាពខ្លាំង
និង ម្ចាស់ផែនដីអោយ រឹងជំហរ ហើយយកជើងទាំងពីរទប់ជ្រែង
អែស្រីនោះជាស្រ្តីភាពមានសមត្ថភាព
មិនអាចទប់ទល់នូវភារៈដ៏ធ្ងន់ទាំងពីរអោយប្រព្រឹត្តទៅបានទេ
ម្ល៉ោះហើយតោងទំលាក់ភារៈណាមួយចោល ក្នុងភារៈទាំងពីរនោះគឺ
ខ្ញុំបាទរឺលោកម្ចាស់។
១២៨ - ក្នុងកាលណាព្រះភូមិបតី
ទ្រង់តែងតាំងមន្រ្តីណាមួយជាអែកអគ្គផ្តាច់ការ
ក្នុងរាជ្យក្នុងកាលនោះ
ក្តីស្រវឹងយសតែងហូរចូលទៅគ្របសង្កត់ចិត្តមន្រ្តីនោះដោយអំណាចមោហធម៌
មន្រ្តីនោះអែងរមែងទំលាយបង់នូវការងារ អោយវិនាស ដោយអំណាចស្រវឹងយស
និង ក្តីខ្ជិលច្រអូសមិនខាន កាលបើការងារវិនាសហើយ
សេចក្តីល្មោភអន្ទះអន្ទែង និង បង្កក្តីចង់បាន
កាន់អំណាចដាច់ខាតខ្លួនអែងអោយកើតឡើងក្នុងចិត្តលំដាប់តទៅ
ដោយសេចក្តីល្មោភអន្ទះអន្ទែង
ចង់បានកាន់អំណាចដាច់ខាតខ្លួនអែងនេះជាមូលហេតុមន្រ្តីនោះនឹងទ្រុស្តធ្វើគតម្ចាស់ខ្លួនអោយដល់ក្តីក្ស័យប្រាណមិនខាន។
១២៩ - អាហារទទឹកជ្រាបដោយពិសពុល ធ្មេញដែលរង្គើ និង
អាមាត្យប្រទុស ទាំងអស់នេះត្រូវកកាយដកចោល
អោយទាល់តែអស់ដល់បាទដល់រិសគល់ ទើបបានសុខ។
១៣០ - ព្រះរាជាអង្គណាប្រគល់ព្រះរាជស្រី(7)អោយជាអាយ័តដាច់ខាតដល់មន្រ្តីណាហើយ
ក្តីវិនាសអន្តរាយនឹងកើតមានប្រាកដក្នុងរឿងនេះព្រះរាជាអង្គនោះ
នឹងទ្រង់ផ្ទំកើតទុក្ខសោកសៅក្តៅក្រហាយ
ដូចមនុស្សខ្វាក់អិតអ្នកដឹកដៃ។
សញ្ជីវកៈនេះធ្វើកិច្ចការសារពើបរិហារផែនដី
តាមតែទំនើងចិត្តវា លោកម្ចាស់ជាបន្ទាល់សាក្សីក្នុងរឿងនេះស្រាប់ហើយ
បានទាំងជ្រាបច្បាស់នូវកិច្ចការទាំងអស់នេះសព្វគ្រប់ផង ព្រោះថា៖
១៣១ បុរសណាមិនចង់បានទ្រព្យ
បុរសនោះមិននៅក្នុងលោកនេះទេ ក្នុងលោកនេះ
នរណាមួយមិនក្រលេកមើលដោយសាទរ
ចំពោះប្រពន្ធក្មេងដែលមានរូបល្អគួរជាទីពេញចិត្តនៃជនដទៃ?។
សីហៈពិចារណាមើលមួយស្របក់ ឆ្លើយតបទៅវិញថា «នែសំលាញ់! ពាក្យដែលអែងនិយាយនេះ
ពិតមែនហើយទោះបីដូច្នោះគួរនឹកដល់ការកំសត់កម្រដែលយើង និង
សញ្ជីវកៈនេះបានធ្វើក្តីស្និទ្ធស្នេហាយ៉ាងខ្លាំងមកយូរយាណាស់ហើយផង
អែងចូរមើល! លោកថា
១៣២ - មិត្រណាជាទីស្រលាញ់ពេញចិត្ត
បើទុកជាកុហកបោកប្រាសយើងខ្លះ
មិត្តនោះនៅតែជាទីស្រលាញ់ពេញចិត្តដដែល ដូចរាងកាយយើង ទោះបីមានរោគាព្យាធិប្រទុសសព្វទាំងអស់
អ្នកណាមួយមិនស្រលាញ់រាងកាយខ្លួន។
១៣៣ - មិត្តណាជាទីស្រលាញ់ពេញចិត្ត
សូម្បីធ្វើអោយយើងមិនពេញចិត្តច្រើនយ៉ាង
មិត្តនោះនៅតែជាមិត្តជាទីស្រលាញ់ពេញចិត្តដដែល
ដូចភ្លើងសូម្បីឆេះមន្ទីរមហាសាល អ្នកណាមួយលែងនិយមរាប់អានភ្លើងទៀត?។
ចចកទមនកៈ និយាយថែមទៀតថា «ទេវៈ! រឿងនេះជាទោសកំហុសធំខ្លាំងណាស់ព្រោះថា៖
១៣៤ -ព្រះរាជា ទតព្រះនេត្រដោយក្រៃលែង ចំពោះជនណា
ទោះជាព្រះរាជបុត្រក្តី ទោះជាអាមាត្យក្តី រឺក៏ជាជនបរទេសក្តី
លក្ស្មី (ទ្រព្យ) តែងរត់ចូលទៅជាសិរីនៃជននោះ។
សូមលោកម្ចាស់ស្តាប់ពាក្យនេះតទៅទៀតថា៖
១៣៥ -ការរលត់បង់នូវពាក្យជជែក
ដែលមិនជាទីពេញចិត្តតែងនាំមកនូវសេចក្តីសុខ ទីណាមានអ្នកនិយាយ
ហើយមានអ្នកស្តាប់ទីនោះ ក្តីសំរេចផលគួរជាទីពេញចិត្តតែងកើតឡើង។
ពេលនោះព្រះបាទជាម្ចាស់ដកដាល
ខ្ញុំរាជការចាស់ជារិសគល់ចោលអស់ហើយ ទៅតាំងបន្តុបលើកដំកើងជនបរទេសអាគន្តុកជាត្រីមុខអោយជាធំជាងពួកខ្ញុំរាជការចាស់វិញ
អំពើនេះមិនត្រឹមត្រូវតាមធម៌ទេ ព្រោះថា៖
១៣៦ -ព្រះភូមិបាល
មិនគួរគប្បីរាប់អានលើកដំកើងជនបរទេសអាគន្តុកដោយអាងហេតុថា «ខ្ញុំរាជការចាស់ប្រព្រឹត្តខុស» ទេ
អំពើនេះជាទោសធំណាស់ព្រោះថា
ជនបរទេសយើងនឹងជឿទុកចិត្តបានថាមិនទំលាយរាជសម្បត្តិអោយវិនាសរឺអ្វី?។
សីហៈនិយាយទទឹងទាស់ថា «ពាក្យអែងនេះ
ប្លែកអស្ចារ្យណាស់មិនមែនរឺអ្វី? សញ្ជីវកៈនេះយើងបានអោយអភ័យហើយនាំយកមកទំនុកបំរុងអោយធ្វើការ
អោយមានកិត្តិយស ហេតុដូចម្តេចក៏អែងសំគាល់យល់ថា
វាគិតប្រទូសក្បត់រាជ្យយើងវិញ?»។
ចចកទមនកៈនិយាយបញ្ជាក់ថា«ទេវៈ!»
១៣៧ -មនុស្សទុរជន
បើទុកជាលើកតំកើងអោយមានយសសក្តិជានិច្ចក៏ដោយ
ក៏នៅតែមិនក្តីស្មោះត្រង់ មិនលះបង់ប្រក្រតីដើម ដូចកន្ទុយឆ្កែ
សូម្បីគេយកប្រលោប រឹតអោយត្រង់
ក៏មិនលះបង់ចុងងស្ទើតទៅលើដូចប្រក្រតីវាឡើយ។
១៣៨ -ធម្មតាកន្ទុយឆ្កែ ទោះជាគេកែ យកប្រេងលាប
យកខ្សែចង យកសំពត់រុំ ចងទុកអស់១២ឆ្នាំក៏អិតអំពើ កាលណាគេស្រាយចំណងចេញ
ក៏ត្រលប់កងកន្ទុយង ក្ងក់ឡើងវិញដូចប្រក្រតីដើម។
១៣៩ -ការបណ្តុះបណ្តាលអោយចំរើន
រឺការរាប់អានលើកតំកើងអោយប្រសើរ នឹងអាចញ៉ាំងមនុស្សខ្ជិលខូច
ចិត្តអាក្រក់អោយត្រេកអរពេញចិត្តដូចម្តេចកើត? ដូចដើមឈើ មានពិសពុល សូម្បីយកទឹកអម្រឹតទៅស្រោចស្រពក៏មិនអាចត្រលប់ចេញផ្លែគួរជាទីប្រាថ្នាបានដូច្នោះដែរ។
ព្រោះហេតុនោះបានជាខ្ញុំនិយាយថា៖
១៤០ -នរជនមិនចង់អោយកល្យាណមិត្តបានសេចក្តីវិនាស
សូម្បីកល្យានមិត្តនោះ មិនសួរមុន ក៏គួរគប្បីប្រាប់អុបាយ អោយកើតប្រយោជន៍ដែរ
នេះជាធម៌នៃលោកសប្បុរសទាំងឡាយ បើពុំនោះទេ
នរជននោះនឹងធ្លាក់ក្នុងគតិនៃជនមានមតិថោកទាប
(សេចក្តីដូចលេខ១២៤)។
១៤១ -នរជនណាឃាត់ហាមមិនអោយធ្វើអំពើអកុសល
នរជននោះឈ្មោះថាជាមិត្តនាំអោយរិតតែរុងរឿង កម្មណាប្រាសចាកមន្ទិល
គឺពាក្យតិះដៀល កម្មនោះឈ្មោះថាជាកម្មបរិសុទ្ធប្រពៃ
ស្រីណាប្រព្រឹត្តកាមឆន្ទៈស្វាមី ស្រីនោះឈ្មោះថាជាភរិយា
នរជនណាមានសប្បុរសទាំងឡាយគោរពបូជាសរសើរ នរជននោះឈ្មោះថាបណ្ឌិត
ធម្មជាតិណាមិនធ្វើអោយស្រវឹងសៅហ្មង ធម្មជាតិនោះឈ្មោះថាជាសិរី
នរជនណារួចពីខ្ញុំតណ្ហា នរជននោះឈ្មោះថាជា បុគ្គលមានសេចក្តីសុខ
នរជនណាស្មោះត្រង់តាមប្រក្រតី នរជននោះឈ្មោះថាជាមិត្ត
នរជនណាទូន្មានអិន្រ្ទីយបាន នរជននោះឈ្មោះថាជាបុរស។
រឿងនេះ ថាបើលោកម្ចាស់មិនព្រមត្រលប់ស្មារតី
បណ្តោយអោយសញ្ជីវកៈធ្វើ គតអោយរលត់ផុតជីវិតវិនាស
ទាំងដែលទ្រង់បានជ្រាបរួចហើយ
កំហុសដូច្នេះមិនមែនជាទោសអាមាត្យមុខមន្រ្តីខ្ញុំបំរើទេ ព្រោះថា៖
១៤២ - ព្រះនរបតី ជាប់ព្រះទ័យស្អិតក្នុងកាម
មិនគយគន់មើលកិច្ចការរាជការ
និងផលប្រយោជន៏ប្រទេសជាតិប្រព្រឹត្តធ្វើតាមតែទំនើងព្រះទ័យ
ស្រវឹងពន់ពេក ក្រៃដូចដំរីចុះប្រេង
កាលតមកទ្រង់កើនមានៈក្ស័ត្រគ្របសង្កត់ធ្លាក់
ព្រះអង្គទៅក្នុងជ្រោះជ្រៅ គឺសេចក្តីសោកសល្យហើយ ទ្រង់តែងដាក់ទោសទំលាក់ខុសមកលើអាមាត្យមុខមន្រ្តី
មិនបាននឹកនាដល់ទោសពៃរ៍កំហុសកន្លងវិន័យព្រះអង្គឡើយ។
បិង្គលកៈនឹកតែក្នុងចិត្តថា៖
១៤៣ - ព្រះរាជា
មិនត្រូវជាក់ទណ្ឌកម្មដល់ជនដទៃៗដោយអាងយកតែពាក្យពាល
បង្ខុសនៃជនអែទៀតឡើយ គួរគប្បីសាកសួរអោយឃើញទោសប្រច័ក្សដោយខ្លួនសិន
សឹមត្រូវចាប់ចងដាក់ទោស រឺពុំនោះត្រូវបូជា។
១៤៤ - នរជន មិនបានពិចារណាគុណ និង ទោសអោយឃើញម៉ត់ចត់តាមវិធីមុនសិនទេ មិនគួរអាណិតលើកលែង រឺ ដាក់ទោសទ័ណ្ឌទេ ដូចការមើលងាយយកដៃលូកទៅក្នុងមាត់ពស់ ឈ្មោះថា យកក្តីវិនាសមកអោយខ្លួនអែងពិតអិតសង្ស័យឡើយ។
១៤៤ - នរជន មិនបានពិចារណាគុណ និង ទោសអោយឃើញម៉ត់ចត់តាមវិធីមុនសិនទេ មិនគួរអាណិតលើកលែង រឺ ដាក់ទោសទ័ណ្ឌទេ ដូចការមើលងាយយកដៃលូកទៅក្នុងមាត់ពស់ ឈ្មោះថា យកក្តីវិនាសមកអោយខ្លួនអែងពិតអិតសង្ស័យឡើយ។
នឹកឃើញដូច្នេះហើយ ទើបបិង្គលកៈប្រកាសខ្លាំងៗថា «បើដូច្នោះត្រូវហៅសញ្ជីវកៈអោយចូលមកនឹងប្រាប់អោយដឹងខ្លួនរឺអ្វី?»។ ចចកទមនកៈ ឆ្លើយដោយប្រញាប់ថា «ទេ!ទេ!
មិនបានទេ!ធ្វើដូច្នេះនាំអោយគេអែងដឹងលឺច្រើន បែកការសំងាត់
អស់ហើយព្រោះលោកថា៖
១៤៥ ពូជគឺការសំងាត់នេះសូម្បីតែបន្តិច
បុគ្គលគប្បីលាក់ទុកដោយប្រពៃ គប្បីរក្សាដោយម៉ឺងម៉ាត់តាមដែល នឹង
អាចម៉ឺងម៉ាត់បាន បុគ្គលត្រូវប្រយ័ត្នកុំអោយបែកការឡើយ
ការសំងាត់នោះបើបែកធ្លាយហើយ មិនដុះដាលបានផលសំរេចទេ។
១៤៦ -ការងារ ដែលត្រូវចាប់ធ្វើ រឺ
ដែលត្រូវបង្គាប់គេ រឺ ដែលត្រូវធ្វើខ្លួនអែង
បើបុគ្គលមិនគប្បីប្រញាប់ប្រញាល់ ធ្វើអោយបានរួសរាន់ទាន់ពេលទេ
កាលវេលា នឹង ជញ្ជក់ក្រេបផឹកស៊ីរសជាតិការងារនោះអស់រលីង។
ព្រោះហេតុនោះ
ការងារអ្វីមួយដែលនរជនប្រារព្ធធ្វើហើយត្រូវតែចាត់ការភ្លាមៗ
ដោយការប្រយ័ត្នម៉ឺងម៉ាត់ដែលអាចនឹងប្រយ័ត្នបាន ព្រោះថា៖
១៤៧ -ការសំងាត់ ដូចទាហានមិនមានទឹកមាំមួន
សូម្បីមានគ្រឿងក្រោះការពារសព៌ាង្គកាយបរិបូរណ៌ហើយ
ក៏មិនអាចធន់ទ្រាំ នឹង នៅក្នុងកន្លែងអស់កាលយូរបាន
ព្រោះក្តីរង្គៀសខ្លាចក្រែង អាចអោយសត្រូវតយុទ្ធទំលាយបាន។
បើទុកជាសញ្ជីវកៈនេះមើលឃើញទៅកំហុសខ្លួន ហើយចូលមកលោកម្ចាស់
សូមអោយលោះលាត្រាប្រណីអភ័យទោស ក៏មិនគួរគប្បីសំដែងមេត្រីយកជាមិត្ត
តទៅមុខទៀតដែរ ព្រោះថា៖
១៤៨ នរជនណា
ចង់ចងសម្ពន្ធមេត្រីម្តងទៀតចំពោះមិត្តដែលបានប្រទូសរួចម្តងហើយ
ជរជននោះអែងឈ្មោះថា ទៅកាន់យកម្រឹត្យុតែម្តង ដូចមេសេះ
ពផ្ទៃសេះអស្សតរដូច្នោះអែង។ សីហៈនិយាយដោយក្លាហានថា៖ «យើងចង់ដឹងដែរ
តើសញ្ជីវកៈនេះវាអាចហ៊ានធ្វើគតដណ្តើមរាជ្យយើងម្ល៉ាទៅ។
ចចកទមនកៈឆ្លើយតមទៅវិញថា៖
១៤៩ នរជន
មិនដឹងភាវៈនៃការទាក់ទងនឹងជនដទៃហើយមិនត្រូវគេ្នរចុះមតិសំគាល់សមត្ថភាពគេថាដូចម្តេចឡើយចូរមើល!
សមុទ្រក៏ចាលចាញ់តេជដៃសព្វបើត្រដេវវិចដែរ។ សីហៈសួរថា «ចុះរឿងនោះតើដូចម្តេច»។
ចចកទមនកៈនិយាយរឿងដូចតទៅថា៖
………………………………………………….
(2) សេចក្ដីស្លាប់។ (3)ពេលមុជទឹក។ (4)សេចក្តីសុខដែលកើតមានពីទ្រព្យសម្បត្តិ)
។
(5)រាជភណ្ឌ៣ប្រការគឺៈ ប្រភាវៈ
មហាអំណាច (ពលានុភាព អំណាចគ្រប់គ្រង តេជានុភាព គុណានុភាព) ១ មន្រ្ទៈ
មន្រ្ទចំណេះវីជ្ជា១ និង អុស្សាហៈ កំលាំងសក្តានុភាព១។
(6)ពាក្យនេះមានន័យច្រើន បាលីថា សិរី
ប្រែថា សេចក្ដីរុងរឿង សោភាលំអ សេចក្ដីចំរើន ទ្រព្យ សេចក្ដីសុខ
សម្បត្ដិឃ្លាំងទ្រព្យ តេជានុភាព សក្ដានុភាព និង
លក្សីដែលជាឈ្មោះទេពតា ទ្រព្យសម្បត្ដិ ។
(7)បាលីរាជសិរិ អធិបតេយ្យព្រះរាជ។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment