កាលពីព្រេងនាយមានហោរម្នាក់ជាអ្នកទាយ គន់គូរមើលឆុតណាស់ ហោរនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់
។ មានកាលថ្ងៃ ១ តាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរភូមិគាត់
។ ពេលនោះគាត់រុតបានត្រីរស់ ១ ហើយនិងបានទន្សាយលង់ទឹក១ ដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញ គាត់យកទន្សាយគ្របនឹងអង្រុតទុកនៅកណ្ដាលច្បារបន្លែ
ខាងមុខផ្ទះគាត់, ត្រីរ៉ស់
គាត់ដាក់ទ្រុងប្រោះ ទុកក្នុងត្រពាំងនៅជិតច្បារបន្លែគាត់ ក្បែរកន្លែងទុកទន្សាយ ។ ដល់ព្រឹកឡើង
តាចាស់យាយចាស់គិតគ្នាថា «យើងទៅរកហោរទាយមើល
ថាព្រឹកនេះយើងបានម្ហូបអ្វីស៊ី? បើហោរនោះទាយត្រូវ សឹមជឿថាពូកែមែន ព្រោះចាប់បានត្រីរ៉ស់១ ទន្សាយ១
បម្រុងនឹងទុកធ្វើម្ហូបអាហារស៊ីព្រឹកនេះហើយ» ។ ដល់ព្រមព្រៀងគ្នាស្រេចហើយ ក៏ដើរទៅលុះទៅដល់មុខផ្ទះហោរនោះ
តាចាស់ក៏ស្រែកសួរទៅម្ចាស់ផ្ទះថា « អើអ្នកអើយ! លោកគ្រូនៅៗ ហ្នឹងឬ? ។ ម្ចាស់ផ្ទះក៏ប្រាប់មកតាចាស់ដូនចាស់ថា
«គាត់នៅនេះ
មានការអ្វី? តាយាយអញ្ជើញចូលមក!
» ។
តាចាស់យាយចាស់នោះគ្នាចូលទៅ បន្តិច ហោរដណ្ដឹងសួរមកតាយាយថា «ចុះអញ្ជើញមកនេះ
មានការអ្វី?» ។
តាចាស់យាយចាស់ ជម្រាបទៅហោរវិញថា «ខ្ញុំមកនេះ មានការបន្តិច សូមលោក គ្រូមេត្តាករុណាចុះ» ។ ហោរសួរថា
«មានការអ្វី? ចូរថាមកចុះ!
» ។
តាចាស់យាយចាស់ថា «ឱលោកគ្រូអើយ!
យើងខ្ញុំទាំងពីរនាក់នេះ អត់ម្ហូបអាហារទទួលទាន ពីរបីថ្ងៃហើយ, តើព្រឹកនេះ
នឹងបានអ្វីទទួលទានឬទេ?»
។
ហោរចាប់ក្ដារឆ្នួនឡើង វាយលេខមើលឲ្យតាយាយ មើលរួចស្រេច ក៏ជម្រាបតាយាយថា
«ព្រឹកនេះ
តាយាយឯង មុខតែលិទ្ធប្រហុកក្នុងពាង!» ។ តាយាយឮហោរថាដូច្នោះ ក៏នឹកក្នុងចិត្តថា
«ហោរនេះ
គ្មានពូកែទេ ទាយផ្ដេសផ្ដាសសោះ, យើងកុំជឿ!» គិតតែប៉ុណ្ណោះក៏នាំគ្នាលាហោរមកផ្ទះវិញ
ហើយយាយក៏ប្រើតាឲ្យទៅចាប់យកត្រីពីទ្រុង ទៅធ្វើក្បែរត្រពាំងជិតផ្ទះ តាលូកចាប់ត្រីយកមកក្រៅ
ត្រីវាបម្រះរួច លោតចុះត្រពាំងទៅ ។ តាក៏ស្ទុះទៅយកអង្រុត ដែលគ្របទន្សាយមកដេញរុតត្រី ។
ឯទន្សាយនៅក្នុងអង្រុតនោះ ក៏ផ្អើលរត់បាត់ទៅទៀត ។ យាយមើលពីលើមកឃើញទន្សាយរត់ចូលទៅក្នុង
ព្រៃ ក៏ស្រែកប្រាប់ថា «តា
ៗ! ទន្សាយរួចទៅហើយ!»
។ តាប្រាប់ទៅវិញថា "យាយអើយ ! ត្រីវាបម្រះរួចពីដៃទៅហើយដែរ"
។ យាក៏បន្ទោសតាថា "តាឯង សមតែស៊ីប្រហុកក្នុងពាង ដូចគេទាយពីព្រឹកមិញនោះឯង » ។ តាឮយាយថាដូច្នោះ
ក៏នឹកឃើញថា «គ្រូទាយឆុតមែន» ដល់ពេលបាយព្រឹក
តាមចាស់ដូនចាស់ក៏នាំគ្នាស៊ីប្រហុកក្នុងពាងដូចហោរទាយឲ្យនោះឯង ។ ទើបតាចាស់ ដូនចាស់ដូនចាស់ជឿថា
«ហោរចេះដឹងត្រឹមត្រូវតាមក្បួនតម្រាប្រាកដមែន» ។
កុំអាងអួតអាត្មា ត្មះតម្រាប្រាជ្ញព្រេងនាយ
១- ដកស្រង់ពីទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ ១៩៣៩ លេខ ១០ ទំព័រ
២៨០ ។
No comments:
Post a Comment