កាលពីដើម មានបុរសម្នាក់មានប្រពន្ធ ។ បុរសនោះតែងទៅកាប់ចម្ការសព្វថ្ងៃ
លុះកាប់ចម្ការទៅដល់ដើមជ្រៃមួយ ស្ដេចកណ្ដុរស ដែលនៅនឹងដើមជ្រៃនោះ មានសេចក្ដីភិតភ័យ ហើយហើយទៅអង្វរបុរសដែលកាប់ព្រៃធ្វើចម្ការនោះថា
"សុំឲ្យបុរសទុកតែដើមជ្រៃមួយនេះ ខ្ញុំនឹងឲ្យរង្វាន់ជាមាស ក្នុងមួយថ្ងៃមួយដុំ"
។ បុរសនោះ ក៏ព្រមទុកដើមជ្រៃឲ្យ ។ ស្ដេចកណ្ដុរស បានយកមាសមកប្រគល់ឲ្យបុរសនោះតែរាល់ថ្ងៃ
។ បុរសបានមាសហើយ យកទៅប្រគល់ឲ្យប្រពន្ធតែរាល់ថ្ងៃ ។ ប្រពន្ធសួរថា " អ្នកបានមាសពីណា? " ។ ប្ដីថា
"នាងកុំចង់ដឹងអី ចេះតែទុកទៅ" ។ ប្រពន្ធថា "បើអ្នកមិនប្រាប់ខ្ញុំ ខ្ញុំនឹងទៅប្ដឹងអ្នករាជការចៅទៃ
ឬទៅទូលស្ដេចថា អ្នកលួចព្រះរាជទ្រព្យ" ។ បុរសនោះ ឮប្រពន្ធថាដូច្នោះ ក៏ភ័យ ហើយបានថ្លែងប្រាប់ទៅប្រពន្ធ
តាមដំណើរដែលបានមាសពីស្ដេចកណ្ដុរសនោះ ។ នាងប្រពន្ធបានដឹងដូច្នោះហើយ ក៏ប្រាប់ទៅប្ដីវិញថា
" អ្នកនេះ ហៅពេញជាឆោត ចាញ់ប្រាជ្ញាសត្វ បើអ្នកកាប់ដើមជ្រៃនោះឲ្យ រលំហើយពុះបំបែកយកមាសពីក្នុងដើមជ្រៃនោះ
នឹងបានច្រើន ព្រោះស្ដេចកណ្ដុរស វាយកមាសតែពីក្នុងដើមជ្រៃនោះ " ។ បុរសបានឮសំដីប្រពន្ធហើយ
ក៏ជឿ លុះព្រឹកឡើង ទៅកាប់រលំដើមជ្រៃនោះរលំទៅ ហើយក៏ពុះមើល ពុំឃើញមានមាសអ្វីបន្តិចសោះ
។ ស្ដេចកណ្ដុរសក៏រត់ចោលដើមជ្រៃនោះទៅ ។ វេលាយប់ស្ដេចកណ្ដុរស នាំគ្នាទៅលួចយកមាស ពីផ្ទះបុរសនោះអស់មកវិញ
។
ចង់ស៊ីកុំតាមឃ្លាន
ចង់ស៊ីកុំតាមឃ្លាន
១-ដកស្រង់ពីទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ ១៩៣៧ ទំព័រ ២២៦ ។
ដកស្រង់ចេញពី៖ ប្រជុំរឿងព្រេងខ្មែរ ភាគ ២
No comments:
Post a Comment