គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៧
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានបុរសម្នាក់
ឈ្នោះចៅខែក និង កូនប្រុសគាត់ម្នាក់ បានចិញ្ចឹមកូនលា១ ជាសត្វពាហនៈ
លុះកូនលានោះចំរើនធំឡើង ប្រកបរូបធាត់ល្អ ចៅអាពុក និង កូនពិគ្រោះគ្នាថា
លាយើងធាត់ធំល្អហើយ បើនាំទៅលក់អោយគេក្នុងសម័យនេះយល់
ជានឹងបានថ្លៃច្រើន ព្រោះកំពុងធាត់ល្អ
តែថានឹងដឹកនាំទៅដល់ស្រុកកំពង់
ដែលមានគេត្រូវការទិញនោះឆ្ងាយណាស់ទំរាំដល់ទៅ
លាយើងនេះយល់ថាជានឹងស្គមប្រាកដ ដាក់លក់មុខជានឹងថោកបានថ្លៃតិចមិនខាន
បើដូច្នេះមានតែយើង
គិតសែងវាទៅកុំអោយវាដើរខ្លួនវាក្រែងស្គមទៅលក់មិនបានថ្ងៃ។
អាពុកនិងកូនគិតព្រមគ្នាហើយ ទើបចាប់លាមកចងជើងទាំង៤
យកឈើវែងស៊កជាស្នែង នាំគ្នាសែងចេញចាកគ្រិះស្ថាន លុះទៅដល់ទ្វារស្រុកពួកអ្នកស្រុកបានឃើញអ្នកទាំងពីរសែងលាដូច្នោះ
ក៏នាំគ្នាសើចកងរំពងឡើង ហើយតិះដៀលថា «សត្វលា សត្វសេះនេះ
ជាសត្វពាហនៈ គេតែងជិះតែងបរវា
មិនដែលមាននរណាទៅលីសែងវាដូចសត្វជ្រូកសត្វក្ដាន់នោះទេ
នេះហេតុអ្វីចៅអាពុក និង កូនមកនាំគ្នា សែងលាយ៉ាងនេះ
ធ្វើអោយខុសក្នុងលោកិយនេះ នែចៅទាំងពីរ ចៅអែងឆ្កួតរឺ
បានជាមកសែងលាយ៉ាងនេះ ម៉េចក៏មិនជិះបរវាទៅ?។ អែអាពុកនិងកូន
បានលឺអ្នកស្រុកគេនាំគ្នាតិះដៀលខ្លួនដូច្នាះ ទើបពិគ្រោះគ្នាថា «យើងសែងលានេះវាខុសគេទៅហើយ
បើដូច្នេះគួរស្រាយលាចេញ នាំគ្នាជិះបរទៅតាមពាក្យគេវិញចុះ តែនឹងជិះវាទាំងពីរនាក់មិនបាន
ព្រោះកូនលានៅតូច ក្រែងយោងទៅពុំរួច» គិតគ្នាដូច្នោះហើយចៅអាពុកក៏ថា
«ណ្ហើយចុះខ្លួនអញនឹងដើរពីក្រោយ
ចូរកូនអែងជិះបរវាទៅចុះ អែចៅកូនក៏ទទួលពាក្យអាពុក ហើយឡើងជិះលានោះបរទៅហោង។
លុះបរទៅដល់ភូមិស្រុកមួយ ពួកអ្នកស្រុកបានឃើញចៅលក់លាមកដល់
ក៏សួរទៅថា អ្នកអែងជិះបរលានេះនឹងទៅអែណា? អែអាពុកនិងកូនប្រាប់ថា ជិះបរនាំទៅលក់អែស្រុកកំពង់អែនោះ។
អ្នកស្រុកក៏សួរទៅវិញថា តាដែលស្ពាយទៃដើរពីខាងក្រោយលានេះ តើគាត់ជាអ្វីនឹងចៅអែងដែលជិះលានេះ។
ចៅកូនក៏ប្រាប់ទៅថា គាត់ជាអាពុកខ្ញុំអែងនេះ អ្នកសួរមានការអ្វីរឺ? អែពួកអ្នកស្រុកបានលឺចៅនោះប្រាប់ថា
អាពុកដូច្នោះ ក៏នាំគ្នាស្ដីត្មះតិះដៀលថា ចៅនេះជាមនុស្សមិនស្គាល់គុណបិតាខ្លួន
គួររឺ ខ្លួនជាកូនជិះលាធ្វើអាការជានាយ អោយអាពុកស្ពាយទៃដើរក្រោយដូចជាខ្ញុំកំដរខ្លួនយ៉ាងនេះ
ខ្លួនអែងក្មេងគួរតែដើរស្ពាយទៃ អោយអាពុកគាត់ជិះវិញនោះទើបគួរ ព្រោះគាត់ចាស់ជាងខ្លួនផង
ជាបិតាខ្លួនផង វ៉ឺយចៅកំលោះអែងជិះនោះមិនត្រូវទេ ចូរចុះចេញពីខ្នងលាអោយឆាប់អោយតាចាស់ជាអាពុកអែងជិះវិញទើបត្រូវល្អ។
អែចៅអាពុក និងកូនបានលឺពាក្យពួកអ្នកស្រុកតិះដៀលដូច្នោះហើយក៏ថា យើងធ្វើនេះត្រូវគេនិន្ទាហើយ
បើដូច្នេះគួរអាពុកឡើងជិះវិញចុះ កូននឹងដើរមុខនាំផ្លូវទៅវិញ កាលបើគិតព្រមព្រៀងគ្នាហើយ
ចៅកូនក៏ចុះពីខ្នងលា យកសំពាយទៃពីបិតាស្ពាយដើរមុខ ចៅអាពុកក៏ឡើងជិះលាបរចរទៅតាមមាគ៌ា
ឆ្ពោះស្រុកកំពង់នោះហោង។
លុះបរទៅដល់អណ្ដូងទឹក នៅចុងស្រុកមួយមានពួកស្រីក្រមុំទាំងឡាយ
វានាំគ្នាទៅដងទឹកអណ្ដូងនោះវាបានឃើញចៅកំលោះរូបល្អដើរមុខលា ឃើញតាចាស់ជិះលាបរដល់មក
វាក៏នាំគ្នាមើលងាយដោយជាតិស្រីក្រមុំគាប់ចិត្ដតែនឹងកំលោះ ត្រង់មនុស្សចាស់ជរានោះ
ពុំគាប់ចិត្ដឡើយ ហើយវានាំគ្នាត្មះតិះដៀលតាចាស់នោះថា រូបលានេះធាត់ល្អណាស់
សមគួរតែអ្នកកំលោះដែលដើរមុខនោះជិះវិញទើបល្អ នេះទៅអោយតាកញ្ចាស់មុខស្រមូមដូចស្វាឳជិះយ៉ាងនេះហៅពេញអាក្រក់ក្រៃពេកណាស់
នែតាកញ្ចាស់អើយ! ចុះចេញទៅកុំជិះមិនសមល្អទេ មើលទៅដូចពានរជិះលា ចូរអ្នកកំលោះគេ
ជិះវិញ ទើបគាប់ភ្នែកយើង ព្រោះរូបលាក៏ល្អត្រូវនឹងអ្នកកំលោះល្អដូចគ្នា។
ឯចៅកូនបានលឺស្រីក្រមុំថាដូច្នោះ ក៏បែរទៅនិយាយនឹងអាពុកថា
ឳអើយ ឥលូវវាខុសទៅទៀតហើយ គឺពួកមេអស់នេះវាត្មះតិះដៀលឳអែងថាដូចជាពានរជិះលា
ហើយវាថាអោយខ្ញុំជិះវិញទើបល្អយ៉ាងនេះ តើឳនឹងគិតយ៉ាងណាទៅទៀត?។ អាពុកតបថា
កាលមុនអែងជិះក៏ខុសម្ដងទៅហើយ ដល់ឥលូវអញជិះក៏ខុសទៅទៀត បើដូច្នេះចូរកូនអែងឡើងមកជិះខាងមុខ
ជាពីរនាក់នឹងអាពុកទៅទៀតមើល ជាមិនគាប់ចិត្ដមនុស្សពួកណាតទៅមុខទៀត។
ឯចៅកូនក៏ឡើងជិះលាអង្គុយខាងមុខអាពុកបរលាឆ្ពោះទៅហោង
លុះបរមកដល់ផ្ទះគយដែលតាំងនៅនាដើមផ្លូវ មេគយបែរមកឃើញអ្នកទាំងពីរជិះលា
ក៏ចុះទៅសួរថា អ្នកទាំងពីរជិះលានេះនឹងទៅអែណា? ចៅអាពុក
និង កូនក៏ប្រាប់ថា នឹងទៅលក់លានេះអែស្រុកកំពង់អែណោះ។ មេគយក៏ត្មះតិះដៀលថា
កូនលានេះគ្នានៅស្ទាវស្ទើរណាស់ ហេតុអ្វីចៅអែងព្រួតគ្នាជិះវាយ៉ាងហ្នឹង
បើព្រួតគ្នាជិះម្ល៉ឹងៗ តើគ្នានឹងធនបោលបរទៅម្ដេចបាន ទំរាំទៅដល់ស្រុកកំពង់លានេះឃើញជាស្គមបាក់កំលាំងលក់ពុំបានចំណេញប្រាកដពុំខាន
អ្នកអែងឆ្កួតទេរឺ កូនលាគ្នានៅតូចហើយមកព្រួតជិះគ្នាយ៉ាងនេះ ម្ដេចមិនដឹកនាំទៅវិញ?។
ចៅអាពុក និង កូនបានលឺមេគយបន្ទោសដូច្នោះ ក៏ចុះពីខ្នងលានាំគ្នាដឹកបណ្ដើរលានោះឆ្ពោះទៅកាន់ស្រុកកំពង់នោះហោង។
លុះមកដល់ព្រៃចំការមួយ ពុំមានផ្លូវនឹងដឹកទៅ ទើបអាពុក និង កូននាំគ្នាដឹកលាដើរកាត់ចំការដែលគេមិនទាន់ធ្វើស្រេច
ដើរកាត់រកផ្លូវនឹងទៅទៀត អ្នកកាប់ចំការបានឃើញចៅទាំងពីរ ដឹកលាដើរកាត់ចំការដូច្នោះ
ក៏ស្រែកហៅទៅថា នែអ្នកដឹកលា ទីចំការយើងនេះយើងមិនទាន់កាប់គាស់ដុតរំលីងអោយស្អាតទេ
សឹងប្រកបដោយបន្លាដំលូងខ្យា បន្លាឃ្លេ បន្លារិស្សីជាដើម អ្នកដើរទៅមកតោងប្រយ័ត្នបន្លាវាមុត
អើរូបអ្នកអែងមានលាជាពាហនៈសំរាប់ជិះ ម្ដេចឡើយមិនជិះវា ទៅនាំគ្នាដឹកវាវិញ
អ្នកអែងឆ្កួតទេ រឺ មានលាហើយមិនជិះ ស៊ូដឹកអោយបន្លាមុតដូច្នេះ នែអ្នកដឹកលាអើយ!
ចូរនាំគ្នាឡើងជិះវាទៅ ទុកវាធ្វើស្ដេចអី លាសេះគេតែងតែជិះវាជាធម្មតានៅនាលោកិយនេះអែង។
ចៅអាពុក និង កូនបានលឺអ្នកចំការតិះដៀលដូច្នោះក៏បែរមកនិយាយគ្នាថា
យើងផ្គាប់ចិត្ដមនុស្សលោកិយនេះមិនបានទេ កាលដើមយើងនាំគ្នាសែងនោះ គេនិន្ទាម្ដងទៅហើយដល់ក្រោយអោយកូនជិះក៏ត្រូវគេនិន្ទាថា
អែងរមិលគុណអាពុក ដល់ក្រោយអោយអាពុកជិះវិញ ត្រូវមេស្រីក្រមុំវាមិនគាប់ចិត្ដនឹងតាចាស់
វានាំគ្នានិន្ទាទៅផ្សេងៗ ដល់ក្រោយឡើងជិះទាំងពីរនាក់ ត្រូវមេគយនិន្ទាថា
លាស្ទាវស្ទើរជិះពីរនាក់មិនបានដល់ឥលូវនេះ យើងដើរដឹកវាវិញ ក៏ត្រូវអ្នកចំការនេះនិន្ទាតិះដៀលថា
មានលាហើយម្ដេចមិនជិះអើតំរាយ៉ាងនេះ តែរូបលាមួយនឹងផ្គាប់លោកិយមិនគាប់ទៅបាន។
រឿងនេះ បានគតិដល់បុគ្គលអ្នកគិតរកឧបាយកលអោយផុតអំពីពាក្យគេនិន្ទា
គឺទោះជាចេះយ៉ាងណាៗ ក៏ពុំមានអោកាសនឹងគេចអោយផុតពាក្យលោកិយទៅបាន មនុស្សក្នុងលោកិយនេះ
នរណានឹងទៅផ្គាប់អោយត្រូវចិត្ដគ្រប់រូបបាននោះ គឺគាប់អែណោះខុសអែណេះយ៉ាងនេះ
មានជាធម្មតា កុំថាយើងជាមនុស្ស និង មនុស្សផ្គាប់គ្នាឡើយ ទោះទេវតាទេវបុត្រផុតវិស័យពីមនុស្ស
ក៏ផ្គាប់ពួកមនុស្សមិនត្រូវដូចគ្នា ដូចយ៉ាងសុរិយទេវបុត្រ គឺថ្ងៃរះថ្ងៃលិចមានប្រក្រតីសព្វថ្ងៃនេះ
វេលាព្រឹកថ្ងៃរះឡើង ពីទិសខាងកើតមកលុះថ្ងៃល្ងាច ថ្ងៃលិចបាត់ពន្លឺទៅទិសខាងលិច
សុរិយគតិដើរស្មើដើរមានកំនត់ គឺមួយថ្ងៃ ១២ម៉ោង មួយយប់១២ម៉ោងដូចគ្នា
យប់ថ្ងៃមានកំនត់យ៉ាងនេះ នៅផ្គាប់ចិត្ដមនុស្សក្នុងលោកិយនេះមិនត្រូវ គង់មានពួកខ្លះថា
ថ្ងៃនេះយប់នេះម្ដេចយូរម្ល៉េះ ម្ដេចក្ដៅម្ល៉េះម្ដេចត្រជាក់ម្ល៉េះ ពោលតិះដៀលយ៉ាងនេះជាដើម។
ក៏ អែយប់ និង ថ្ងៃមិនគាប់ចិត្ដមនុស្សនោះ ព្រោះមនុស្សនោះមានប្រាថ្នាចង់ឆាប់ចង់យូរដោយចិត្ដខ្លួនអែង
ដូចយ៉ាងមនុស្សណាដែលត្រូវទោសលោកអោយដាក់គុក មានកំនត់ថា អ្នកអែងនៅ១០ថ្ងៃ
រឺ១ខែទៀត នឹងរួចចាកទោសនេះមនុស្ស នោះចង់រួចឆាប់ទន្ទឹងដល់ខែដល់ថ្ងៃនឹងរួច
ក៏តាំងរាប់តាំងគិតទៅការដែលរាប់ដែលគិតនោះ ថាថ្ងៃអ្វីក៏យូរម្ល៉េះ ខែអ្វីក៏យូរម្ល៉េះពាក្យថាថ្ងៃយឺតយូរ
ខែយឺតយូរនោះបានខាងមនុស្សដែលចង់រួចពីគុកនោះអែង។
មនុស្សពួកណា ជួលផ្ទះជួលទូកគេនៅលុះដល់ខែម្ចាស់គេទៅទារប្រាក់ឈ្នួល
មនុស្សពួកនោះសឹងពោលថាថ្ងៃខែអ្វីក៏ឆាប់ម្ល៉េះ រកតែនឹងរកអោយគេមិនទាន់។
ពាក្យថាថ្ងៃខែឆាប់នោះ បានខាងមនុស្សដែលចូលផ្ទះគេនៅនោះអែង។ ពាក្យអស់នេះសមដោយបទបាលីក្នុងគម្ពីរលោកនិតិថា
ទីឃា ជាគរតោ រត្ដិ ទីឃំ សន្ដស្ស យោជនំ ទីឃោ ពាលានសង្សារោ សទ្ធម្មំ ជវិជានតំ។ ប្រែថា
យប់យូរនៃអ្នកមិនលក់អែងយោជន៍យូរឆ្ងាយវែងនៃអ្នកចរសង្សារយូរឆ្ងាយនៃនិករ
ពាលពុំចេះធម៌ទៅនិព្វាន។ មួយទៀតលោកថា អ្នកដេកចង់ក្រោកថាយប់យូរអ្នកដើរគិតគូរថាយោជន៍ឆ្ងាយ
ពាលាពុំចេះធម៌ទាំងឡាយសង្សារវែងឆ្ងាយពីនិព្វាន។
ចប់តំរាគតិផ្គាប់លោកមិនត្រូវទី៣៧
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment