គតិលោក ភាគ៧: រឿង៖ បុរសចេះវាយគង - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៧: រឿង៖ បុរសចេះវាយគង


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងបុរសចេះវាយគង
មាន​ឧបាសក​ម្នាក់​នៅ​ក្នុង​ជន​បទ​មួយ គិត​បំបួស​កូន​ក្នុង​ខែ​បឋម​សាធ បាន​ទៅ​និយាយ​ជួល​ភ្លេង​​ពិណ​ពាទ្យ​គេ​ជា​ដាច់​ខាត លុះ​ដល់​ថ្ងៃ​ចូល​រោង​ប្រជុំ​ញាតិ នឹង ចំរើន​ពុទ្ធ​មន្ដ​ហៅ​ព្រលឹង​នាគ​នោះ​ ពួក​អ្នក​ភ្លេង​នាំ​គ្រឿង​ភ្លេង​ចូល​មក​ព្រម​គ្នា​ទាំង​អស់​ តែ​អ្នក​ចេះ​វាយ​គង​មក​ពុំ​បាន ព្រោះ​ប្រពន្ធ​ឆ្លង​ទន្លេ​ ផ្ដាំ​តែ​ពាក្យ​នឹង អ្នក​ភ្លេង​ផង​គ្នា​ថា អោយ​ជំរាប​អ្នក​ដើម​បុណ្យ​ផង​ថា មក​ពុំ​បាន​ទេ ព្រោះ​ប្រពន្ធ​ឆ្លង​ទន្លេ​ អោយ​អ្នក​ដើម​បុណ្យ​គិត​រក​ជួល​គេ​អែ​ទៀត​ចុះ​។

អែ​អ្នក​ដើម​បុណ្យ ​និង បណ្ដា​មហា​ជន​ទាំង​ឡាយ​បាន​លឺ​ថា អ្នក​វាយ​គង​នោះ​ ខាន​ពុំ​បាន​មក​ដូច្នោះ​ក៏​ប្រជុំ​ពិគ្រោះ​គ្នា​ថា នឹង​ ទៅ​រក​ជួល​មនុស្ស​ចេះ​វាយ​គង​ជួស​ចៅ​នោះ ពិគ្រោះ​ទៅ​រក​ពុំបាន​ ព្រោះ​ស្រុក​ក្រៅ​មនុស្ស​ចេះ​ភ្លេង​មាន​តិច​នាក់ ហើយ​ពេល​នោះ​ក៏​ជួន​ល្ងាច​ណាស់​ហើយ នឹង​ទៅ​រក​អ្នក​ចេះ​អែ​ណា​ៗ​ក៏​ពុំ​ទាន់​ ម៉្លោះ​ហើយ​ពួក​អ្នក​ធ្វើ​បុណ្យ​ទាំង​នោះ ពុំ​សូវ​រីក​រាយ​សប្បាយ​ ព្រោះ​មិន​ពេញ​ក្ដី​ប្រាថ្នា​នៃ​អាត្មា​ទី​ទៃ​ៗ​។

គ្រា​កាល​នោះ​ មាន​អា​ម្នាក់​មាន​នាម​ពុំ​ប្រាកដ​សន្មត​ហៅ ចៅ​ប្លម​បាយ​បុណ្យ ចៅ​នោះ​ដើរ​ទៅ​ដល់​យល់​រោង​គេ​ធ្វើ​បុណ្យ​ក៏​គិត​ថា អ្នក​ស្រុក​នេះ​គេ​ធ្វើ​បុណ្យ គួរ​អញ​ចូល​ទៅ​ប្រ​ចុប​ប្រ​ចែង​យក​បាយ​ចំណី​បារី​ស្លា​អាស្រ័យ​ គិត​ហើយ​ក៏​ចូល​ទៅ​ ក្នុង​រោង​បុណ្យ អង្គុយ​នៅ​ទី​ដ៏​សម​គួរ​សួរ​ថា​ «​អ្នក​បង​ អ្នក​ប្អូន​អើយ​! ចុះ​គេ​ធ្វើ​បុណ្យ​អី​នេះ​អ្នក​? ពួក​អ្នក​រោង​ប្រាប់​ថា «​គេ​ធ្វើ​បុណ្យ​បំបួស​នាគ​ណា​អ្នក​» ចុះ​អ្នក​អែង​មក​ពី​ស្រុក​ណា​ទៅ​ណា​? ចៅ​នោះ​ក៏​ប្រាប់​ថា​ ខ្ញុំ​មក​ពី​ក្រុង​ភ្នំពេញ​ នឹង​ទៅ​សួរ​បង​ប្អូ​នអែ​ស្រុក​លើ​ ចុះ​ខ្ញុំ​លឺ​គេ​និយាយ​ពិគ្រោះ​គ្នា​អ៊ូ​ៗ​នោះ តើ​គេ​ពិគ្រោះ​ពី​រឿង​អ្វី​? ពួក​អ្នក​រោង​ប្រាប់​ថា «អោ​អ្នក​អើយ ការ​បុណ្យ​នេះ​បាន​ទៅ​និយាយ​ជួល​ភ្លេង​ពិណ​ពាទ្យ​គេ​ជា​ការ​ស្រេច​ហើយ ឥលូវ​ចូល​រោង​ថ្ងៃ​នេះ ស្រាប់​តែ​អ្នក​ដែល​វាយ​គង​ គ្នា​មាន​ធុរៈ​ដោយ​ប្រពន្ធ​ឆ្លង​ទន្លេ​មក​ពុំ​រួច ហេតុ​នោះ​ទើប​គេ​នាំ​គ្នា​ពិគ្រោះ​ឆោ​ឡោ ដើម្បី​នឹង​រក​អ្នក​ចេះ​វា​យ​គង​ អើ​ អ្នក​អត់​​ទោស​ចុះ​ ខ្លួន​អ្នក​នេះ​តើ​ចេះ​វាយ​គង​ដែរ​រឺ​ទេ​?​

អែ​ចៅ​នោះ​ក៏​ទទួល​ថា «ក្រ​អ្វី​បើ​វាយ​គង ខ្ញុំ​អែង​ក៏​ចេះ​វាយ​បាន​»។ អែ​ពួក​អ្នក​រោង​បាន​លឺ​ពាក្យ​ចៅ​នោះ​​ថា​ចេះ​ដូច្នោះ​ ក៏​ត្រេក​អរ​គឹ​ក​កង​ឡើង​ ប្រាប់​គ្នា​ថា «អ្នក​វាយ​គង​នោះ​បាន​ហើយ​»​។ ខ្លះ​សួរ​ថា «អ្នក​យក​ថ្លៃ​ប៉ុន្មាន​ក្នុង​រវាង​បុណ្យ​នេះ​»​។ ចៅ​នោះ​ថា «ខ្ញុំ​បាទ​យក​កំលាំង​ចូល​ចាប់​កុសល​ផង​ ត្រង់​ថ្លៃ​ថ្នូរ​នោះ​ខ្ញុំ​មិន​យក​ទេ សូម​ទាន​តែ​បាយ​ចំណី​អាស្រ័យ​ជា​កំលាំង​ចុះ​»​

អ្នក​ដើម​បុណ្យ​លឺ​ដូច្នោះ​ ក៏​ត្រេក​អរ​ពេញ​ចិត្ដ ដោយ​គិត​ថា​សម​ក្ដី​ប្រាថ្នា​ ទើប​រៀប​បាយ​ចំណី​ស្លា​បារី​ អញ្ជើញ​ចៅ​នោះ​បរិ​ភោគ​តាម​ក្ដី​រាប់​អាន​ ចៅ​នោះ​បាន​បរិ​ភោគ​បាយ​ចំណី​បរិបូណ៌​ លុះ​សូរេច​កិច្ច​បាយ​ហើយ​ អ្នក​ដើម​បុណ្យ​ក៏​ថា​អញ្ជើញ​អ្នក​ទៅ​អែ​ទី​ភ្លេង ត្បិត​ពេល​នេះ​ល្មម​ហ៊ុំ​រោង​ហើយ​។​ ចៅ​នោះ​ក៏​ស្រវា​យក​ស្លា​បារី​អំពី​ជើង​ពាន​ដាក់​ថ្នក់​ដាក់​ហោ​ប៉ៅ​អាវ ហើយ​ក្រោក​ដើរ​ទៅ​ជា​មួយ នឹង​អ្នក​ដើម​បុណ្យ​។ អ្នក​ដើម​បុណ្យ​នាំ​ទៅ​ដល់​ក៏​ប្រាប់​អ្នក​ភ្លេង​ថា ខ្ញុំ​បាន​អ្នក​វាយ​គង​ហើយ​ចូរ​កុំ​មាន​ក្ដី​រង្កៀស​អ្វី​ឡើយ​ ដោយ​ពុំ​មាន​វង់​ជា​មួយ​គ្នា សូម​មេត្ដា​លេង​យក​តែ​បុណ្យ​ទៅ​ ត្រង់​ពីរោះ​​ មិនពីរោះ​នោះ​គ្មាន​នរ​ណា​ថា​អ្វី​ទេ​។ អែ​អ្នក​ភ្លេង​ទាំង​៤​ នាក់​ក៏​ព្រម​តាម​អធ្យា​ស្រ័យ​ ទើប​ថា​អញ្ជើញ​អ្នក​ចូល​មក​ចុះ អែ​អ្នក​ដើម​បុណ្យ​ថា អញ្ជើញ​អ្នក​ចូល​ក្នុង​វង់​គង​នេះ​ចុះ​។

អែ​ចៅ​នោះ​បែរ​មើល​នាយ​មើល​អាយ ហើយ​លើ​ដៃ​ឡើង​ថា «ខ្ញុំ​បាទ​ចេះ​តែ​វាយ​គង​ធំ​ៗ លឺ​មូង​ៗ​នោះ​ទេ ត្រង់​គង​វង់​ផ្លែ ​តូច​ៗ​នេះ​ខ្ញុំ​មិន​ចេះ​ទេ»​។ អែ​បណ្ដា​មហា​ជន​ទាំង​ឡាយ បាន​លឺ​ពាក្យ​ចៅ​នោះ​ថា​ដូច្នោះ​ ក៏​សើច​កង​រំពង​ឡើង​ អ្នក​ខ្លះ​ខឹង​លួច​ជេរ​ថា ខ្មោច​អា​ចង្រៃ​កោង​ឆ​យក​បាយ​មួយ​ថាស​ស៊ី​តែ​ម្ដង​ ថា​វា​ចេះ​វាយ​គង អែង​នឹក​ស្មាន​ថា​វា​ចេះ​វាយ​គង​ភ្លេង​នេះ ឥលូវ​វា​ថា​ចេះ​វាយ​តែ​គង​មូង​ៗ​មួយ​ៗនោះ​វិញ អាណា​ត្រូវ​ការ​អី​នឹង​វាយ​គង​មូង​នោះ តែ​កូន​ក្មេង​ក៏​ចេះ​វាយ​បាន​ទួ​ទៅ​ទាំង​ស្រុក អោ​ពុទ្ធោ​អើយ​ពួក​យើង​នេះ​ចាញ់​កល​អានេះ​ជា​ម្ដង អែ​អ្នក​ដើម​បុណ្យ​ក៏​ថា ណ្ហើយ​ចុះ​ការ​នេះ អែង​សួរ​ដេញ​គេ​មិន​អស់​ចុង​អស់​ដើម គេ​ក៏​គេច​កែ​ប្រែ​ទៅ​បាន​យ៉ាង​នេះ នឹង​បន្ទោស​ រឺ​នឹង​អូស​យក​បាយ​ចំណី​វិញ​អែ​ណា​​ក៏​បាន​ គឺ​ក្ដី​ខុស​មាន​នៅ​លើ​ខ្លួន​អែង​តែ​ម្ដង ថា​ហើយ​អ្នក​ដើម​បុណ្យ​ក៏​អោយ​អ្នក​ភ្លេង​៤​នាក់​លេង​ភ្លេង​តាម​ទំនៀម​ទៅ​ហោង​។ អ្នក​ធំ​ខូច​ អ្នក​តូច​ក៏​ខិល​ រំកិល​ផុត​បន្ទោស ហេតុ​នោះ​នឹង​ប្រើ​ត្រូវ​ប្រយ័ត្ន​សព្ទ​ស្រប​ កុំ​អោយ​អ្នក​តូច​វា​ប្រកប​គេច​កែ​ប្រែ​ទៅ​បាន​។

ចប់តំរាគតិប្រើមិនអស់ការទី៣៦


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad