គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៣
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងព្រានព្រៃ
នឹងសត្វសេក
មានចៅព្រានព្រៃម្នាក់ តែងដើរបរបាញ់សត្វម្រឹគបក្សី
យកមកចិញ្ចឹមជីវិតនៅជាប្រក្រតី
ថ្ងៃ១ចៅព្រានព្រៃទៅស្វែងបរបាញ់ក្នុងព្រៃលុះពេលល្ងាចក៏ត្រលប់វិលមកផ្ទះ
ដើរមកដល់ព្រៃមួយមានដើមឈើធំ១ដើមដុះនៅខាងផ្លូវ
មានមេសេក១ធ្វើសំបុកភ្ញាស់កូននៅលើចុងឈើនោះឯង។ ចៅព្រានព្រៃដើរមកជិតនោះ ហើយក៏ពោលពាក្យថា
ថ្ងៃនេះពេលក៏ចួនល្ងាចណាស់
អញនឹងឡើងយកកូនសេកនៅសំបុកនេះពុំទាន់បើដូច្នោះចាំព្រឹកស្អែកចុះ
នឹងមកយកវាទៅ ស្លស៊ី ថាហើយចៅព្រានព្រៃក៏ដើរហួសទៅផ្ទះ។
ឯមេសេក
នៅលើសំបុក លុះបានលឺពាក្យព្រានព្រៃគុំនឹងយាយីដូច្នោះ ក៏កើតក្ដីភិតភ័យសោកស្ដាយបុត្រ
និងជីវិតអាត្មាថា ឱអញអើយ! កើតមកជាសេកនេះ ជាសត្វឥតពិសឥតអាវុធ
នឹងតនឹងមនុស្សនោះសោះ ឥឡូវវាថាព្រឹកស្អែកនេះ វានឹងមកយកកូនអញទៅអាស្រ័យ ឱ!
បើកូនអញដល់នូវសេចក្ដីវិនាសហើយ តើជិវិតអញឯណាក៏នឹងតាំងនៅបាន
គង់អញស្លាប់តាមកូនអញមិនលែងឡើយ ឱកូនអញអើយ! តូចៗ ពេកពុំទាន់ដុះក្រាសដុះស្លាបអោយមាំមួន
នឹងបាននាំបង្ហើរចេញអោយផុតអំពីសត្រូវនេះ មួយទៀតអញនឹងគិតរកសត្វណា
អាចនឹងជួយបានអេះ!។ ឱ! បើគិតទៅឃើញឧបាយ១ ល្មមកែខ្លួនបាន
គឺអញមានសត្វពស់វែក១ នៅឯដំបូកខាងនោះ ពស់នោះជាសំលាញ់នឹងអញមកយូរហើយ
ចាំអញទៅនិយាយអោយសំលាញ់ជួយដោះទុក្ខនេះទើបបាន កាលដែលសេកនោះគិតដូច្នោះ
ក៏ហើរទៅកាន់សំណាក់ពស់ ដល់ហើយក៏និយាយប្រាប់ពស់
តាមរឿងចៅព្រានព្រៃវានឹងមកចាប់កូនខ្លួន ក្នុងវេលាថ្ងៃព្រឹក។
ឯពស់វែកលឺដូច្នោះ
ក៏អានិតសេកជាសំលាញ់ ទើបទទួលជួយដោះទុក្ខសេក ទើបផ្ដាំសេកថា បើព្រាននោះ វាឡើងនឹងយកកូនសេកឯងកាលណា
អោយសេកឯងនិយាយអង្វរសូកវាថា លែងតែមេត្ដាកុំយកកូនខ្ញុំចុះ
ខ្ញុំនឹងប្រាប់ទីកំណប់មាសប្រាក់កែវកងនៅទីដំបូកនោះអោយអ្នក
ក៏ឯជាតិមនុស្សនោះ តែលឺត្រង់កំណប់មាសប្រាក់ហើយ គង់ចង់បាន
លើសកូនសេក១-២នោះជា ១០០គុណ គង់អោយសំលាញ់ឯងនាំផ្លូវមកដំបូកនេះ
សំលាញ់ឯងចូរប្រាប់វាថា ទីត្រង់នោះហើយវានឹងលូកដៃមកក្នុងរន្ធនេះមិនខាន
បើវាលូកដៃមកកាលណាហើយ ខ្ញុំនឹងចឹកវាអោយលុះដល់មរណកាល នាទីនោះឯង
ឯសំលាញ់ឯងក៏នឹងរួចអំពីអន្ដរាយ។
មេសេកនោះ
បានស្ដាប់ឧបាយពស់ប្រាប់ដូច្នោះហើយ ក៏ត្រេកអរក្រៃពេក ទើបលាពស់ហើរវិលឆ្ពោះមកទ្រនំវិញ
ចូលក្រាបគ្រប់គ្រងកូននៅអស់មួយរាត្រីកាល លុះអរុណរឿងរះស្រលះមេឃា
ចៅព្រានព្រៃក៏ម្នីម្នារៀបអាត្មាទៅ កាន់ដើមឈើធំ
ដល់ហើយក៏លាត់សំពត់វ័ណ្ឌគាតខ្ជប់ឡើងដើមឈើ ដើម្បីយកកូនសេក។ ឯមេសេក
ឃើញចៅព្រានឡើងជិតដល់ប្រគាបឈើកាលណា ក៏ស្ទុះហើរមកទំមែក១ហើយនិយាយទៅថា
បពិត្រអ្នកជាជាតិមនុស្ស អ្នកឯងខំព្យាយាមឡើងឈើនេះ ដើម្បីសាច់កូនសេក
និងសាច់ខ្ញុំជាមេនេះ សេចក្ដីប្រាថ្នាអ្នកនឹងសំរេចហើយ តែសាច់កូនសេក
និងសាច់ខ្ញុំនេះ ដល់ថ្ងៃស្អែកខានស្អែក អ្នកនឹងឃ្លានវិញ ហេតុនោះចូរអ្នកកុំប្រាថ្នាសាច់សេកស៊ី១ពេលនេះឡើយ
ចូរអ្នកចុះទៅយកកំណប់ឯទីជើងដំបូកឯណោះវិញ មានប្រយោជន៍លើសលែងសាច់សេកនេះជា
១០០គុណ។ បើអ្នកចង់បាន ខ្ញុំឯងហើរនាំអ្នកទៅកាន់ទីកំណប់នោះ។
ឯចៅព្រានព្រៃ
បានលឺសេកប្រាប់ទីកំណប់ដូច្នោះក៏ត្រេកអរក្រៃពេកណស់ ទើបថា អើសេក
បើឯងប្រាប់ទីកំណប់អញបានមាសប្រាក់ដូចឯងថានេះហើយ អញលែងយកកូនសេកឯង
មកយើងទៅឥលូវនេះ ថាហើយក៏ចុះចាកឈើ លុះដល់ដី មេសេកបក្សី
ក៏ហើរនាំផ្លូវទៅត្រង់ដំបូកអសិរពិសពស់វែក
ដល់ហើយក៏ស្រែកប្រាប់អំពីលើថា អ្នកព្រាន ព្រៃនោះហើយទីរន្ដៅ កំណប់មាសប្រាក់
តាមចិត្ដអ្នកប្រាថ្នាកកាយយកចុះ។ ឯចៅព្រានចង់មានខ្លាំង
ក៏តាំងលូកដៃចុះទៅក្នុងរន្ធពស់ដោយឥតពិចារណា
ឯពស់វែកនោះក៏ចឹកដៃព្រានព្រៃមួយរំពេច ពិសពស់នោះ
ក៏ផ្សព្វផ្សាយកាយចៅព្រានព្រៃដល់ក្ដីមរណកាលនៅជើងដំបូកនោះឯង។ ឯមេសេក
ឃើញចៅព្រានព្រៃដល់ក្ដីមរណក៏អស់ក្ដីសត្រូវខ្លួន
ពីថ្ងៃនោះឯងហើយក៏ហើរវិលទ្រនំ ទំគ្រប់គ្រងព្យាបាលកូន
ដរាបចំរើនធំនាំទៅរកស៊ីតាមនិស្ស័យហោង។
ចប់តំរាឆោតឃ្លាន
មានអន្ដរធានប្រាណ។
ចប់ភាគ៣ តែប៉ុណ្ណេះ
ចប់ភាគ៣ តែប៉ុណ្ណេះ
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment