ការគប់មិត្ដ ភាគទី១: កថាទី៧ រឿងព្រះរាជា បុត្រពាណិជ និង ភរិយា - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, March 20, 2018

ការគប់មិត្ដ ភាគទី១: កថាទី៧ រឿងព្រះរាជា បុត្រពាណិជ និង ភរិយា


ស្រីហិតោបទេស
ភិក្ខុក ប៉ាង ខាត់ វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ការគប់មិត្ដ ភាគទី១
កថាទី៧ រឿងព្រះរាជា បុត្រពាណិជ និង ភរិយា
នៅ​ក្នុង​ប្រទេស​កាន្យ​កុព្វ​ (សព្វ​ថ្ងៃ​ហៅ ​កាណោដ​ ស្ថិត​នៅ​ត្រើយ​ខាង​ជើង​ទន្លេ​គង្គា​ និង ស្ទឺង​​ជម្នា​ក្នុង​ខេត្ត​អគ្រៈ​ ប្រែ​ថា​ ព្រះ​រាជ​បុត្រី​គម​ ជា​បុត្រី​ព្រះ​បាទ​កុស​នាក​ ព្រោះ​ព្រះ​នាង​មិន​ព្រម​យក​ព្រះ​ពាយ​ជា​ស្វាមី​) មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ​ នាម​វិសេន​រាជ​ព្រះ​រាជា​អង្គ​នេះ​ ទ្រង់​បាន​ប្រគល់​រាជ​សម្បត្ដិ​ថ្វាយ​ព្រះ​រាជ​អោ​រស​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ តុង្គ​ពល​រាជ​ អោយ​គ្រប់​គ្រង​វីរ​បុរី​រាជ​ធានី​ ថែ​រក្សា​ប្រ​ទេស​ជាតិ​មាតុ​ភូមិ​។ ព្រះ​រាជ​បុត្រ​អង្គ​នេះ​ទ្រង់​តាំង​នៅ​ក្នុង​បឋម​វ័យ​ អុត្ដម​សម្បូណ៌​ដោយ​ស្រី​ស្រឹង្គារ​បរិវារ​ និង ភោគ​សម្បត្ដិ​ទាំង​ឡាយ​។ ថ្ងៃ​មួយ​កាល​ព្រះ​បាទ​តុង្គ​ពល​រាជ​ ស្ដេច​ទ្រង់​ប្រពាត​តាម​វិថី​ក្នុង​ព្រះ​រាជ​ធានី​ ទ្រង់​ទត​ព្រះ​នេត​ទៅ​ប្រទះ​ឃើញ​ភរិយា​នៃ​បុត្រ​ពាណិជ​ម្នាក់​ ឈ្មោះ​នាង​លាវ​ណ្យ​វតី​ ជា​ស្រ្ដី​នៅ​ក្មេង​កំពុង​ពេញ​រូប​ល្អ​អិត​ខ្ចោះ​ទាស់​ត្រង់​ណា​។ លុះ​ស្ដេច​ទ្រង់​ត្រលប់​ទៅ​កាន់​ព្រះ​រាជ​វាំង​វិញ​ ព្រះ​រាជ​ហរិ​ទ័យ​នៅ​ចង​ចាំ​រូប​សោភា​នៃ​នាង​លាវណ្យ​វតី​មិន​ភ្លេច​ដូច​ជា​ត្រូវ​សរ​កាម​ទេព​ ទ្រាំ​មិន​បាន​ទល់​តែ​ទ្រង់​ត្រាស់​ បង្គាប់​អោយ​ហៅ​មេ​អណ្ដើក​ទៅ​នាំ​នាង​នោះ​មក​ថ្វាយ ​ព្រោះ​ថា​៖
១៩៤ សរ​គឺ​កិរិយា​ក្រលេក​មើល​ កើត​ក្ដី​ស្នេហា​ស្រ្ដី​មាន​រូប​ល្អ​ទាំង​ឡាយ​ បាញ់​ចេញ​អំពី​កិរិយា​យឺត​កៅ​ទ័ណ្ឌ​ គឺ​រោម​ចិញ្ចើម​ក៏​មាន​ពណ៌​ខ្មៅ​និល​ស្រិល​ កោង​ទ្រទួយ​វែង​ដល់​គុម្ព​ត្រចៀក​ បើ​មិន​ទាន់​មក​ប៉ះ​ដល់​ចិត្ដ​បុរស​ដ៏​រាប​ណា​បុរស​អាច​តំកល់​ចិត្ដ​មាំ​ក្នុង​ធម៌​ លោក​សប្បុ​រស​អាច​គ្រប​សង្កត់​អិន្រ្ទី​ទាំង​ឡាយ​ អាច​រក្សា​សេច​ក្ដី​អៀន​ខ្មាស់​នឹង​អាច​ តាំង​នៅ​ក្នុង​វិន័យ​បាន​ដរាប​នោះ​។
អែ​នាង​លា​វណ្យ​វតី​ តាំង​ពី​បាន​ប៉ះ​ភ្នែក​ដោយ​ព្រះ​នេត​ព្រះ​បាទ​តុង្គ​ពល​រាជ​ ក៏​មាន​ចិត្ដ​ប្រតិ​ព័ទ្ធ​នឹក​មមៃ​មិន​ភ្លេច​ហាក់​ ដូច​ជា​ត្រូវ​របួស​ដោយ​សរ ​ដែល​ព្រះ​កាម​ទេព​បាញ់​មក​ ត្រូវ​ចំដួង​ចិត្ដ​ចាប់​ពើ​ត​ស្អិត​គិត​តែ​ផ្លូវ​មួយ​ ព្រោះ​ថា​៖
១៩៥ មិន​មាន​សច្ចៈ​ ចិត្ដ​រហ័ស​ មាយា​អិច្ឆា​ លោភ​ក្រៃ​ពេក​ មិន​មាន​គុណ​សម្បត្ដិ​ល្អ ​និង លាមក​ទាំង​អស់​នេះ​ជា​ទោស​នៃ​ស្រ្ដី​កើត​ពី​សភាព​ខ្លួន​អែង​។ គ្រា​កាល​នាង​លា​វណ្យវ​តី ​ស្រី​ចិត្ដ​ចើក​បាន​ស្ដាប់​ពាក្យ​និយាយ​ដឹក​នាំ​បញ្ចុក​បន្ស៊ី​នៃ​ នាង​មេ​អណ្ដើក​ហើយ​ក៏​ធ្វើ​មាយា​ឆ្លើយ​តប​ថា​ ខ្ញុំ​ចិត្ដ​ស្មោះ​ត្រង់​និង​ស្វាមី​ អោយ​ខ្ញុំ​ប្រព្រឹត្ដ​ដូច​ស្រី​អាក្រក់​ល្មើស​កន្លង​ចិត្ដ​ស្វាមី​ខុស​គន្លង​ធម៌​ដូច​ម្ដេច​កើត​? ព្រោះ​ថា​៖
១៩៦(1) ស្រី​ណា​ឆ្លៀវ​ឆ្លាត​ប្រសប់​វាង​វៃ​ក្នុង​ការ​ផ្ទះ​ ស្រ្ដី​នោះ​ជា​ភរិយា​មែន​ទែន​ ស្រ្ដី​ណា​សាយ​កូន​ ស្រ្ដី​នោះ​ជា​ភរិយា​​មែន​ទែន​ ស្រ្ដី​ណា​ស្មោះ​ត្រង់​ចំពោះ​ស្វាមី​ ស្រ្ដី​នោះ​ជា​ភរិយា​មែន​ទែន​។ (1) ហិ​តោប​ទេស​សេច​ក្ដី​ប្រែ​ជា​ភាសា​បារាំង​របស់​លោក​ឡង់​សឺ​រ៊ូ និង ភាសា​សៀម​នៃ​លោក​នាគ​ប្រ​ទីប​ មាន​​គាថា​លើស​ដូច្នេះ​ ​ សំលេង​ពីរោះ​ ជា​លំអ​នៃ​សត្វ​តាវ៉ៅ​ ចិត្ដ​ស្មោះ​ត្រង់​ចំពោះ​ស្វាមី​ ជា​លំ​អ​នៃ​ស្ដ្រី​ ចំណេះ​វិជ្ជា​ ជា​លំអ​នៃ​បុរស​ និង​ ខន្ដី​ ជា​លំអ​នៃ​អ្នក​ប្រព្រឹត្ដ​ព្រត​។
១៩៧ ស្រ្ដី​ណា​មិន​ធ្វើ​អោយ​ភស្ដា​រីក​រាយ​សប្បាយ​ ស្រ្ដី​នោះ​បុគ្គល​មិន​គប្បី​ហៅ​ភរិយា​ទេ​ បើ​ភស្ដា​ពេញ​ចិត្ដ​ចំពោះ​នារី​ណា​ជា​ភរិយា​​ហើយ ​សូម្បី​ពួក​ទេវ​តា​ក៏​ជួយ​រីក​រាយ​ដែរ​។
កាល​បើ​ដូច្នេះ ស្វាមី​ជា​ម្ចាស់​ប្រាណ​របស់​ខ្ញុំ​ គាត់​មាន​បំណង​យ៉ាង​ណា​ ខ្ញុំ​ប្រតិ​បត្ដិ​តាម​បំណង​យ៉ាង​នោះ​ អិត​ពិចារ​ណា​រេ​រា​ចិត្ដ​ទេ​។ នាង​មេ​អណ្ដើក​នោះ​ បញ្ចាក់​សួរ​ថា៖ «ពាក្យ​នេះ​ជា​ពាក្យ​សច្ចៈ​ដូច​នាង​និយាយ​មែន​រឺ​អ្វី​?​»​។ នាង​លាវ​ណ្យ​វតី​ឆ្លើយ​តប​វិញ​ថា «ចា៎​! ពាក្យ​នេះ​ជា​ពាក្យ​សច្ចៈ​ពិត​ប្រាកដ​មែន​»​។ កាល​នោះ​នាង​មេ​អណ្ដើក​ក៏​លា​ត្រលប់​ ចូល​ទៅ​កាន់​ព្រះ​រាជ​វាំង​វិញ​ នាំ​យក​សេច​ក្ដី​ទាំង​អស់​នេះ​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​តុង្គ​ពល​រាជ​អោយ​ទ្រង់​ជ្រាប​សព្វ​គ្រប់​ប្រការ​។ ព្រះ​បាទ​តុង្គ​ពល​រាជ​ ទ្រង់​បាន​ព្រះ​សណ្ដាប់​អស់​អាថិ​សេច​ក្ដី​ហើយ ទើប​ទ្រង់​មាន​ព្រះ​បន្ទូល​ត្រាស់​ប្រឹក្សា​ថា​ តើ​យើង​គិត​ធ្វើ​ដូម្ដេច​អោយ​ប្ដី​វា​នាំ​ខ្លួន​វា​យក​មក​អោយ​យើង​បាន​ហ្ន៎​?។ នាង​មេ​អណ្ដើក​ក្រាប​ទូល​ថា បើ​ដូច្នោះ​សូម​ទ្រង់​ប្រើ​អុបាយ​កល ព្រោះ​ថា​៖​
១៩៨ មែន​ពិត កិច្ច​ការ​ណា​ដែល​អាច​សំរេច​បាន​ដោយ​អុបាយ​កល​ កិច្ច​ការ​នោះ​ គេ​មិន​បាច់​ប្រើ​សេច​ក្ដី​ព្យាយាម​ទេ ដំរី​ស្ដ​ត្រូវ​ចចក​ដើរ​អុបាយ​បោក​ អោយ​ធ្លាក់​ក្នុង​បឹង​ភក់​ ក៏​ដល់​សេច​ក្ដី​ស្លាប់​អន្ដរ​ធាន​ទៅ​ហោង​។ ព្រះ​តុង្គ​ពល​រាជ​សួរ​​ថា រឿង​នោះ​តើ​ដូច​ម្ដេច​?





ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស


No comments:

Post a Comment

Post Top Ad