ការគប់មិត្ដ ភាគទី១: កថាទី៨ រឿងចចក និងដំរីស្ដ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, March 20, 2018

ការគប់មិត្ដ ភាគទី១: កថាទី៨ រឿងចចក និងដំរីស្ដ


ស្រីហិតោបទេស
ភិក្ខុក ប៉ាង ខាត់ វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ការគប់មិត្ដ ភាគទី១
កថាទី៨ រឿងចចក និងដំរីស្ដ
នៅក្នុង​ព្រៃ​ធំ​ មាន​ដំរី​មួយ​ឈ្មោះ​កប៉ិ​រតិ​លកៈ​។ សត្វ​ចចក​មួយ​ហ្វូង​ធំ​​ឃើញ​ដំរី​ស្ដ​មួយ​នោះ ក៏​គិត​គូរ​គ្នា​ថា «បើ​យើង​ប្រើ​អុបាយ​កល​សំលាប់​ដំរី​នេះ​បាន​នោះ​មុខ​ជា​យើង​បាន​សាច់​វា​ជា​ចំណី​អាហារ​ចំអែត​ផ្ទៃ​អស់​កំណត់​៤​ខែ​»​។ បណ្ដា​​ចចក​ទាំង​ឡាយ​នោះ​ មាន​ចចក​ចាស់​មួយ​ យក​អាសា​​និយាយ​អួត​អាង​ថា ដោយ​អានុ​ភាព​ប្រាជ្ញា​​ ខ្ញុំ​មាន​កិច្ច​កល​វិសេស​មួយ​អាច​សំលាប់​ដំរី​ស្ដ​នេះ​អោយ​សំរេច​បាន​។ លំដាប់​នោះ​ចចក​ចាស់​ឆ​បោក​នោះ​ ដើរ​ចូល​ទៅ​រក​ដំរី​ស្ដ​នេះ​ កប៉ិតិ​លក​ ធ្វើ​កិរិ​យា​អោន​លំទោន​ហាក់​កោត​ខ្លាច​លុត​ក្រាប​ដោយ​អស្ដាង្គ​បាទ​ ពោល​ពាក្យ​ជា​ទី​គោរព​ថា «បពិត​លោក​ជា​ស្ដេច​ដំរី​! សូម​លោក​មេត្តា​ប្រោស​ ខ្ញុំ​បាទ​សូម​ជួប​នឹង​លោក​»​។ ដំរី​ស្ដ​សួរ​ទៅ​ថា​ «អែង​ជា​អ្វី​ អែង​ទៅ​ណា​មក​ណា រក​អ្វី​ហ្នឹង​?​» ចចក​ឆ្លើយ​ប្រាប់​ថា​ «ខ្ញុំ​បាទ​ជា​សត្វ​ចចក​ អីលូវ​នេះ​ពួក​បសុ​សត្វ​ទាំង​ឡាយ​ដែល​អាស្រ័យ​នៅ​នា​ព្រៃ​នេះ​ ប្រជុំ​ព្រម​ព្រៀង​គ្នា​ មូល​មតិ​ស្រេច​ហើយ​ ទើប​ចាត់​អោយ​ខ្ញុំ​បាទ​ចូល​មក​ក្រាប​បង្គំ​ទូល​ព្រះ​អង្គ​ថា​៖ ការ​រស់​នៅ​មិន​មាន​ស្ដេច​គ្រប់​គ្រង​ថែ​រក្សា​មិន​បាន​សេច​ក្ដី​សុខ​ទេ​ សូម​អញ្ជើញ​ព្រះ​អង្គ​ធ្វើ​ជា​ស្ដេច​ ហើយ​គិត​អភិ​សេក​សោយ​រាជ្យ​នៅ​ព្រៃ​នេះ​ ព្រោះ​ព្រះ​អង្គ​ប្រកប​ដោយ​ស្វាមី​គុណ​ សព្វ​គ្រប់​ប្រការ​ សម​គួរ​ នឹង បាន​ជា​ស្ដេច​គ្រប់​គ្រង​ពពួក​សត្វ​ចតុប្បាទ​ទាំង​ឡាយ​ដែល​នៅ​ក្នុង​ទីនេះ​ព្រោះ​ថា​៖
១៩៩ នរជន​ណា​បរិ​សុទ្ធ​ដោយ​ត្រកូល​ ដោយ​ផៅ​ពង្ស​ ដោយ​អារ្យ​ធម៌​ មាន​តប​តេជ​ដ៏​ខ្លាំង​ក្លា​ប្រកប​ដោយ​ធម្ម​ចរិយា​ និង និតិ​កោ​សល (ជំនាញ​ក្នុង​នយោ​បាយ​) នរ​ជន​នោះ​សម​គួរ​នឹង​បាន​ជា​ស្ដេច​លើ​ផែន​ដី​នេះ​។
២០០ តាម​ធម្មតា​ បុគ្គល​ត្រូវ​កំចាត់​ផែន​ដី​អោយ​បាន​ទុក​ជា​បឋម​ រួច​ហើយ​សឹម​រក​ភរិយា និង រក​ទ្រព្យ​ ថា​បើ​មិន​មាន​​ស្ដេច​គ្រប់​គ្រង​ផែន​ដី​ទេ តើ​ត្រូវ​រក​ភរិយា​ និង រក​ទ្រព្យ​នៅ​ក្នុង​លោក​នេះ​ធ្វើ​អ្វី​?
២០១ ម្ចាស់​ផែន​ដី​ជា​ទី​ពឹង​ពាក់​នៃ​ពល​រដ្ឋ​ទាំង​ឡាយ​ ដូច​ជា​ភ្លៀង​ជា​ទី​ពឹង​ពាក់​នៃសត្វ​លោក​ទាំង​ឡាយ​ បើ​ភ្លៀង​រអាក់​​រអួល​ សត្វ​លោក​អាច​ញ៉ាំង​ជីវិត​អិន្រ្ទីយ៍​អោយ​ប្រព្រិត្ដ​ទៅ​បាន​ តែ​បើ​ព្រះ​រាជា​មិន​ប្រកប​ដោយ​ធម៌​ ពល​រដ្ឋ​រស់​នៅ​មិន​បាន​ទេ​។
២០២ ក្នុង​លោក​នេះ​នរ​ជន​ប្រ​ព្រឹត្ដ​ទៅ​តាម​ច្បាប់​ដោយ​ច្រើន​ ព្រោះ​តែ​ខ្លាច​ទណ្ឌ​កម្ម​ទេ​ នរ​ជន​នៅ​ក្នុង​អំណាច​គេ​ហើយ​ប្រ​ព្រឹត្ដ​ល្អ​ពិត​មែន​នោះ​ រក​បាន​ដោយ​កម្រ​ណាស់​ ដូច​កុល​នារី​គោរព​ស្វាមី​ស្គម​ វិកល​សពាង្គ​កាយ​ ឈឺ​រីង​រៃ​និង​ក្រី​ក្រ ព្រោះ​តែ​ខ្លាច​ទណ្ឌ​កម្ម​ប៉ុណ្ណោះ​។​
បើ​ដូច្នោះ​ សូម​ព្រះ​អង្គ​កុំ​បង្អង់​រា​រង់​អោយ​យឺត​យូរ​ សូម​អញ្ជើញ​ទៅ​ដោយ​រួស​រាន់​ អោយ​ទាន់​ពេល​វេលា​ជា​មង្គល​​សិរី​សួស្ដី និយាយ​ដូច្នោះ​ហើយ​ ក៏​នាំ​ដំរី​ស្ដ​នោះ​ដើរ​ទៅ​។ អែ​ប៉ិរ​តិលកៈ​ដែល​លុះ​ក្នុង​អំណាច​លោក​ធម៌​ ចង់​បាន​រាជ​សម្បត្ដិ​ ចាញ់​កល​ចចក​ ស្រវឹង​យស​ភ្លេច​ខ្លួន​ខំ​ដើរ​ទៅ​តាម​ចចក​យ៉ាង​លឿន​ដែល​អាច​នឹង​លឿន​បាន​ ទៅ​ផុង​លង់​ទ្រនេស​ក្នុង​បឹង​ភក់​ជាប់​ទៅ​ទៀត​មិន​រួច​ ទើប​ស្រែក​ហៅ​ចចក​អោយ​ជួយ​ស្រង់​ថា៖ «អើ​សំលាញ់​ចចក​អើយ​ ត្រូវ​ធ្វើ​ដូច​ម្ដេច​ហ្ន៎​? អីលូវ​នេះ​អញ​លង់​ទ្រនេស​ក្នុង​បឹង​ភក់​ជ្រៅ​រើ​ខ្លួន​មិន​រួច​ទេ​ នឹង​ដល់​ក្ដី​ស្លាប់​ហើយ​ដឹង​? សូម​សំលាញ់​វិល​មក​ក្រោយ​រក​អុបាយ​ជួយ​គ្នា​សិន​»​។ ចចក​បាន​សម​ដូច​បំណង​ហើយ​ធ្វើ​ជា​អស់​សំណើច​សើច​ហាស​ហាយ​ និយាយ​ចំអក​ឡក​ឡឺយ​ថា៖ «ទេវៈ​! សូម​លោក​មេត្តា​យក​ប្រមោយ​តោង​កន្ទុយ​ខ្ញុំ​អោយ​ជាប់​ ខ្ញុំ​នឹង​ខំ​ព្រយុង​ឡើង​ អោយ​រួច​ដោយ​អំពើ​ដែល​ជឿ​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ​សូម​លោក​សោយ​រាជ្យ​នូវ​សេច​ក្ដី​ទុក្ខ​នេះ​ចុះ ព្រោះ​ថា​៖
២០៣ ដរាប​ណា​លោក​ប្រាស​ចាក​ការ​សេព​គប់​សប្បុ​រស​រឿយ​ៗ ដរាប​នោះ លោក​នឹង​ធ្លាក់​ទៅ​ក្នុង​សមាគម​អសប្បុ​រស​រឿយ​ៗ​ដែរ​។
លំដាប់​នេះ​ចចក​ទាំង​ឡាយ​ហែក​ជញ្ជែង​ដំរី​ស្ដ​ដែល​ផុង​ក្នុង​បឹង​ភក់​ជ្រៅ​ ស៊ី​ជាអាហារ​ស្លាប់​ក្នុង​គ្រា​នោះ​អែង​ហោង​។ ព្រោះ​ហេតុ​នេះ បាន​ជា​ខ្ញុំ​ម្ចាស់​ក្រាប​ទូល​ថា «មែន​ពិត​កិច្ច​ការ​ណា​ដែល​អាច​សំរេច​បាន​ដោយ​អុបាយ​កល​ ដូច្នេះ​ជា​ដើម​(១៩៨)។
កាល​ព្រះ​បាទ​តុង្គ​ពល​រាជ​ ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​អុប​ទេស​នៃ​នាង​មេ​អណ្ដើក​នោះ​ចប់​អស់​អាថ៌​សេច​ក្ដី​ហើយ​ ទើប​ត្រាស់​បង្គាប់​អោយ​ហៅ​ចារុ​ទ័ត្ដ កូន​ពាណិជ្ជ​ជា​ស្វាមី​នាង​លាវ​ណ្យវតី​មក​កាន់​ផ្ទៃ​ព្រះ​រាជ​ដំណាក់​តាំង​ជា​សេវ​កាមាត្យ​ នៅ​បំរើ​ផ្ទាល់​ព្រះ​អង្គ​ ទ្រង់​តែង​មេត្តា​ប្រោស​ប្រាណ​រាប់​អាន​ដោយ​សេច​ក្ដី​សិទ្ធ​ស្នាល​ដ៏​ក្រៃ​លែង​។
ថ្ងៃ​មួយ​ព្រះ​បាទ​តុង្គ​ពល​រាជ​ទ្រង់​ស្រង់​ព្រះ​ជល​វារី​ស្រេច​ ស្ដេច​ប្រស់​ព្រំ​ សពាង្គ​កាយ​ដោយ​គ្រឿង​ក្រអូប​ឈ្ងុយ​ឈ្ងប់​ ត្រលប់​គន្ធ​ពិដោរ​ ទ្រង់​ប្រដាប់​គ្រឿង​អង្ការ​ដ៏​ហើយ​ដោយ​មាស​ និង ពេជ្រ​នីល​ចិន្ដា​ទាំង​ឡាយ​រួច​ហើយ​ទើប​មាន​បន្ទូល​ត្រាស់​ថា​ «ហៃ​ចារុ​ទ័ត្ដ​! ថ្ងៃ​នេះ​យើង​នឹង​ធ្វើ​ពិធី​គៅ​រី​ព្រត​(2) ក្នុង​​ពិធី​​បុណ្យ​​នេះ​អ្នក​ត្រូវ​ទៅ​ស្វែង​រក​ស្រី​ក្រមុំ​រូប​ល្អ ជា​ស្រ្ដី​អ្នក​មាន​ត្រកូល​យក​មក​អោយ​យើង​​អោយ​បាន​ម្នាក់​ៗ​រា ល់​រាត្រី​ ចាប់​ពី​ថ្ងៃនេះ​ត​ទៅ យើង​នឹង​ប្រទាន​ទ្រព្យ​សម្បត្ដិ​ នឹង កេរ្ដិ៍​ឈ្មោះ​អោយ​តាម​ពិធី​បុណ្យ​។ អែ​ចារុ​ទ័ត្ដ​បុត្រ​ពាណិជ្ជ​ ក៏​ចាត់​ចែង​រក​ស្រ្ដី​ក្រមុំ​ថ្មី​ៗ​ តាម​ព្រះ​រាជ​បំណង​ យក​មក​ថ្វាយ​រាល់​វេលា​រាត្រី​ អិត​មាន​ក្ដី​បារម្ភ​ឡើយ​ ហើយបំបាំង​ខ្លួន​ពួន​អាត្មា​សំងំ​លប​ចាំ​មើល​អោយ​ដឹង​ថា​ ព្រះ​រាជា​ទ្រង់​ធ្វើ​ដូច​ម្ដេច​ខ្លះ​។ ព្រះ​បាទ​តុង្គ​ពល​រាជ​ទ្រង់​ស្ថិត​នៅ​ឆ្ងាយ​ពី​ស្រ្ដី​ក្រមុំ​នោះ​ ធ្វើ​អាការ​ពាយ​ងាយ​ហាក់​ពុំ​ជ្រាប​ព្រះ​ទ័យ​ អិត​ធ្វើ​អ្វី​អោយ​ប៉ះ​ពាល់​បន្ដិច​បន្ដូច​សោះ ទី​បំផុត​ទ្រង់​ព្រះ​រាជ​ទាន​គ្រឿង​ស្លៀក​ពាក់​គ្រឿង​ក្រអូប​ និង សំអិតខ្លឹមចន្ទន៍ សុទ្ធ​សឹង​តែ​គ្រឿង​ប្រ​សើរ​ឆើត​ ហើយ​ត្រាស់​បង្គាប់អោយ​រាជ​អាមាត្យ​ថែរ​ក្សា​នាំ​យក​ទៅ​ប្រគល់​ដល់​ផ្ទះ​រៀង​ខ្លួន​វិញ​ភ្លាម​។
រី​បុត្រ​ពាណិជ្ជ​ កាល​លប​មើល​ឃើញ​សព្វ​គ្រប់​ប្រការ​ដូច្នោះ​ ជឿ​ទុក​ចិត្ដ​ ស្លាប់​គំនិត​ឈឹង​ កើត​សេច​ក្ដី​លោភ​លន់​ ចង់​បាន​ទ្រព្យ​ថែម​ទៀត​ទើប​ទៅ​នាំ​ភរិយា​ខ្លួន​យក​មក​ថ្វាយ​។ កាល​នោះ​ព្រះ​តុង្គ​ពល​រាជ​ទត​ព្រះ​នេត្រ​ឃើញ​នាង​លាវ​ណ្យវតី​ស្រ្ដី​កំពូល​ព្រះ​ទ័យ​មក​ដល់​ ទ្រង់​ស្គាល់​ច្បាស់​ត្រេក​ត្រអាល​ណាស់​ ស្ទុះ​ទៅ​បី​ក្រកង​នាំ​យក​ទៅ​លើ​ព្រះ​ទែនសយ​នា​ភិរម្យ​ ភ្លើត​ភ្លើន​ព្រះ​ចិន្ដា​ដោយ​ក្ដី​ស្នេហា​ បើក​ព្រះ​នេត្រា​រលឹម​ព្រឹម​ៗ ត្រជាក់​ដូង​ព្រះ​ទ័យ​។ កាល​បុត្រ​ពាណិជ​ជា​ស្វាមី​បាន​ឃើញ​ដូច្នោះ​ស្ដាយ​ក្រោយ​សល់​សែន​ទ្វី​ អស់​បើ​គិត​ភ័ន្ដ​ភាំង​ស្មា​រតី​គាំង​រឹង​ស្ដូក​ នៅ​នឹង​ថ្កល់​ដូច​កល់​រូប​គំនូរ​ រឺ តក្កតា ​លែង​ហា​មាត់​ចេញ​ស្ដី​អ្វី​កើត​ ដោយ​ក្ដី​ក្ដៅ​ក្រហាយ​ខុស​គំនិត​ខ្លួន​អែង​។ ព្រោះ​ហេតុ​នោះ​បាន​ជា​ខ្ញុំ (កណ្ដុរ​ហិរណ្យកៈ​) និយាយ​ថា «បុត្រ​ពាណិជ​បាន​ឃើញ​ព្រះ​រាជា​ចាប់​ដោះ​ក្បំ​ក្រពុំ​ដូច​ផ្លែ​ទន្លាប់​ផ្ទប់​អោរា​នៃ​ភរិយា​ខ្លួន​ប្រចក្ស​ដោយ​ភ្នែក​អែង​ ដូច្នេះ​ជា​ដើម​(១៩៣)​។
កណ្ដុរ​ហិរណ្យកៈ​ និយាយ​បញ្ជាក់​អោយ​ក្អែ​កល​ឃុ​បតនកៈ​ទៀត​ថា រឿង​បង​ក្អែក​នេះ​ដូច​ជារឿង​បុត្រ​ពាណិជ​ដូច្នេះ​ដែរ​។ អែ​អណ្ដើក​មន្ថរៈ​ មើល​ងាយ​រឿង​ដែល​កណ្ដុរ​ហិរណ្យកៈ​ និយាយ​ប្រាប់​ បដិសេធ​មិន​ព្រម​ស្ដាប់​ ភ័យ​តក់​ស្លុត​រន្ធត់​ចិត្ដ​ណាស់​ ក៏ឡើង​ពី​ត្រពាំង​នោះ​វារ​ចេញ​ទៅ​រួស​រាន់​។ សត្វ​អែ​ទៀត​មាន​កណ្ដុរ​ជា​ដើម​មាន​សេច​ក្ដី​ស្នេហា​អណ្ដើក​មន្ថរៈ​ កាល​បើ​ឃើញ​មិត្រ​មិន​ស្ដាប់​ពាក្យ​ខ្លួន​ បារម្ភ​ក្រែង​មិត្ដ​ជា​ទី​ស្រលាញ់​ពេញ​ចិត្ដ​ មាន​ក្ដី​អន្ដ​រាយ​ ក៏​បបួល​គ្នា​ដើរ​ទៅ​តាម​។ កាល​អណ្ដើក​មន្ថរៈ​វារ​ខូស​ៗ​លើ​គោក​លេច​វាល​ចូល​ព្រៃ​ មិន​យូរ​ប៉ុន្មាន​ទៅ​ជួប​ប្រទះ​នឹង​ព្រាន​ព្រៃ​មា្នក់​។ រី​ព្រាន​ព្រៃ​ឃើញ​អណ្ដើក​​វារ​គើ​ៗ​ត្រេក​អរ​ណាស់​ រើស​ហើយ​ចង​ភ្ជាប់​អៃ​ដ៏​ដង​ធ្នូរ​ពុន​យក​ទៅ​ ដើរ​ទៅ​ៗ​អស់​កំលាំង​ឃ្លាន​បាយ ស្រេក​ទឹក​ខ្លាំង​ ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​។ អែ​ប្រើស​ ក្អែក​ និង​កណ្ដុរ​ ឃើញ​ព្រាន​ ព្រៃ​ចាប់​អណ្ដើក​កើត​ក្ដៅ​ក្រហាយ​រសាប់​រសល់​ តប់​ប្រមល់​ខ្វល់​ចិត្ដ​ មិន​ដឹង​បើ​គិត​ធ្វើ​ដូច​ម្ដេច​ ចេះ​តែ​ទៅ​តាម​ព្រាន​នោះ​ចរ​ទៅ​។ កាល​នោះ​អែង​កណ្ដុរ​ហិរណ្យក​ យំ​ទង្គឹស​ខ្សឹក​ខ្សួល​រអាក់​ រអួល​ថ្លា​ថ្លែង​ថា​៖
២០៤ ដរាប​ណា អាត្មា​អញ​មិន​ទាន់​បាន​ដល់​ទី​បំផុត​ ពោល​គឺ​ត្រើយ​សមុទ្រ​នៃ​សេច​ក្ដី​ទុក្ខ​មួយ​ទេ ដរាប​នោះ​ អាតា្ម​អញ​ក៏​តែង​តែ​ជួប​ប្រទះ​សេច​ក្ដី​ទុក្ខ​ ទី​ពីរ​ទៀត​ រី​សេច​ក្ដី​ទុក្ខ​នេះ បើ​មាន​ច្រក​ជា​ទំនង​ហើយ ក៏​ចេះ​តែ​កើត​មាន​ឡើង​ថែម​ហើយ​ថែម​ទៀត​ច្រើន​ឡើង​ៗ​។
២០៥ មិត្ដ​ភាព​ណា​មាន​ភាព​ប្រ​ក្រតី​ជា​មិត្ដ​កើត​ឡើង​ដោយ​បុណ្យ​វាសនា​ មិត្ដ​ភាព​ប្រកប​ដោយ​ភាព​ប្រ​ក្រតី​នោះ​មិន​លះ​បង់​ចោល​គ្នា​ក្នុង​គ្រា​វិបត្ដិ​អន្ដរាយ​ឡើយ​។​
២០៦ វិស្សា​សភាព​នៃ​នរ​ជន​ក្នុង​មាតា​ ក្នុង​ភរិយា​ ក្នុង​បង​ប្អូន​ និង ក្នុង​បុត្រ​ធីតា​ មិន​ស្មើ​ដោយ​វិស្សា​សភាព​នៃ​មិត្ដ​ដែល​កើត​ឡើង​ដោយ​សភាព​ប្រ​ក្រតី​ជា​មិត្ដ​ឡើយ​។ កណ្ដុរ​រំពឹង​គិត​សា​ចុះ​ឡើង​មួយ​ស្របក់​ ដក​ដង្ហើម​ធំ​ឃូរ​ៗ​ទួញ​យំ​ថា អោ​ពុទ្ធោ​កម្ម​អើយ​! បាប​​កម្ម​អាត្មា​អញ​នេះ​អី​ក៏​ចង្រៃ​អាក្រក់​ម្ល៉េះ​ហ្ន៎​? ព្រោះថា​
២០៧ ផល​កម្ម​អាត្មា​អញ​ល្អ​ក្ដី​ អាក្រក់​ក្ដី​ ដែល​ប្រ​ព្រឹត្ដ​ទៅ​ ក្នុង​កាល​ប្រាកដ​ជា​កើត​ឡើង​ក្នុង​សន្ដាន​អាត្មា​អញ​ពី​បុព្វ​ជាតិ​ អាត្មា​អញ​បាន​ឃើញ​ផល​កម្ម ទាំង​អស់​ក្នុង​លោក​នេះ ដូច​ជា​អាត្មា​អញ​បាន​កើត​មក​ហើយ​១០​ជាតិ​។​
២០៨ គួរ​សង្វេគ​ណាស់​! រាង​កាយ​នេះ​កើត​ឡើង​ហើយ​ក៏​ដល់​នូវ​ការ​បែក​ធ្លាយ​ទៅ​វិញ​ ភោគ​សម្បត្ដិ​កើត​បរិ​បូណ៌​ឡើង​ហើយ​ ក៏​ដល់​នូវ​ក្ដី​ភោគ​​វិបត្ដ​ទៅ​វិញ​ ការ​ជួប​ជុំ​គ្នា​កើត​មាន​ហើយ​ ក៏​ដល់​នូវ​ការ​ព្រាត់​ប្រាស់​គ្នា​ទៅ​វិញ សារ​ពី​វត្ថុ​ទាំង​ឡាយ​ មាន​ការ​កើត​ឡើង​ និង ការ​បាក់​បែក​ពុក​ផុយ​រលួយ​ទៅ​វិញ​នេះ​ជា​ធម្មតា​។​​
២០៩ នរ​ណា​ហ្ន៎​ ជា​អ្នក​បង្កើត​រតន​វត្ថុ​អោយ​មាន​ពាក្យ​ពីរ​ព្យាង្គ​ថា «សំលាញ់»​ ដែល​ទុក​ដូច​ជា​គ្រឿង​ការ​ពារ​នូវ​សេច​ក្ដី​សោក ​សត្រូវ​ភ័យ​ សេច​ក្ដី​តក់​ស្លុត និង​ ភាជន៍​សំរាប់​ទ្រ​នូវ​សេច​ក្ដី​ស្រលាញ់​ព្រម​ទាំង​សេច​ក្ដី​ជឿ​ទុក​ចិត្ដ​?
២១០ មិត្រ​ណា​ជា​ទី​កើត​រស​នៃ​បីតិ​ ជា​ទី​គាប់​ភ្នែក​ ជា​ទី​រីក​រាយ​ចិត្ដ​ ភាជនៈ​សំរាប់​ទ្រ​នូវ​សេច​ក្ដី​សុខ​ទុក្ខ​ជា​មួយ​គ្នា​ មិត្រ​នោះ​​ក្រ​រកបា​ន​ណាស់​ មាន​មិត្រ​ដទៃ​ទៀត​ ក្នុង​សម័យ​មាន​ទ្រព្យ​ច្រើន​ មិត្រ​ណា​មក​រាប់​អាន​ព្រោះ​តែ​ចង់​បាន​នុយ​ គឺ​ទ្រព្យ​មិត្រ​នោះ​ឃើញ​មាន​មីរ​ដេរ​ដាស​គ្រប់​ទី​ឋាន​ គ្រា​វិបត្ដិ​ទុក​ជា​ថ្ម​សំរាប់​ សាក​ល្បង​មើល​មាស​សុទ្ធ​ គឺ​មិត្រ​ពិត​ទាំង​ឡាយ​នោះ​ៗ​។​ កណ្ដុរ​ហិរណ្យកៈ​ យំ​ពិលាប​ខ្សឹក​ខ្សួល​រអាក់​រអួល​តូច​ចិត្ដ​យូរ​មួយ​ស្របក់​ ទើប​និយាយ​ទៅ​រក​ក្អែក​លឃុប​តនកៈ​ និង​ប្រើស​ចិត្រាង្គ​ថា «នែ​បង​ក្អែក ​បង​ប្រើស​! ដរាប​ណា​ព្រាន​ព្រៃ​មិន​ទាន់​ចេញ​ផុត​ពី​ព្រៃ​នេះ​ ដរាប​ណា​នោះ​ យើង​ត្រូវ​ព្យាយាម​រក​អុបាយ​ជួយ​ដោះ​អណ្ដើក​មន្ថរៈ​នេះ​ អោយ​រួច​ពី​ក្ដី​អន្ដ​រាយ​ទាល់​តែ​បាន​»​។​ ក្អែក​ និង​ប្រើស​សួរ​ថាះ​ «ចូរ​បង​កណ្ដុរ​ប្រាប់​អុបាយ​កល​អោយ​ឆាប់​មក​ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​?​» កណ្ដុរ​ប្រាប់​អុបាយ​ថា​ «បង​ចិត្រាង្គ​ធ្វើ​ពុទ្ធ​ ក្លែង​ជា​ស្លាប់​ ដេក​កណ្ដាល​វាល​នៅ​ក្បែរ​មាត់​ត្រពាំង​ បង្ហាញ​ខ្លួន​អោយ​គេ​ឃើញ​ងាយ​ បង​ក្អែក​ហើរ​ខាង​លើ​ស្រែក​កញ្ជ្រៀវ​ក្វក​ៗ អោយ​លឺ​ខ្លាំង​ ធ្វើ​ហាក់​ដូច​ជា​ចុះ​ទៅ​ជញ្ជែង​ស៊ី​ប្រើស​ អែ​ព្រាន​ព្រៃ​ជា​អ្នក​ត្រូវ​ការ​សាច់​ កាល​បើ​ឃើញ​ប្រើស​ស្លាប់​ដូច្នេះ​ មុខ​​ជា​ទុក​ដាក់​អណ្ដើក​មួយ​អន្លើ​សិន​ ហើយ​រត់​ប្រញាប់​ប្រញាល់​ទៅ​យក​ប្រើស​ពិត​ប្រាកដ​ អិត​សង្ស័យ​ឡើយ​ ពេល​នោះ​ខ្ញុំ​នឹង​រត់​ទៅ​កកេរ​កាត់​ចំណង​ចង​អណ្ដើក​អោយ​រួច​ខ្លួន​ ហើយ​អោយ​វារ​ចូល​ទៅ​ក្នុង​ត្រពាំង​ភ្លាម​ទៅ​ រី​អែ​បង​ប្រើស​កាល​បើ​ព្រាន​ព្រៃ​រត់​ចូល​មក​ដល់​ជិត​កាល​ណា ​ត្រូវ​ក្រោក​ឡើង​យ៉ាង​រហ័ស​បោល​អោយ​លឿន​ដែល​នឹង​អាច​លឿន​បាន​ ហើយ​ចូល​ក្នុង​ព្រៃ​ប្រោក​កាល​នោះ​ទៅ​»​
គិត​គូរ​គ្នា​ស្រេច​ហើយ​ ប្រើស​ចិត្រាង្គ​ និង​ក្អែក​លឃុ​បត​នកៈ​ធ្វើ​តាម​អុបាយ​នោះ​មួយ​រំពេច​។ អែ​ព្រាន​ព្រៃ​ត្រាច់​ចរ​ស្វះស្វែង​រក​បរ​បាញ់​តាម​ដង​ព្រៃ​មិន​បាន​អ្វី​សោះ កើត​ក្ដី​នឿយ​ហត់​អស់​កំលាំង​ ល្វើយ​ស្រេក​ទឹក​ក៏​ចុះ​ទៅ​ផឹក​ទឹក​ក្នុង​ត្រពាំង​ រួច​ហើយ​ឡើង​មក​ជ្រក​សំរាក​កាយ​យក​កំលាំង​នៅ​ក្រោម​ម្លប់​ឈើ​មួយ​ ចោល​ភ្នែក​ក្រឡេក​ទៅ​ឃើញ​ ប្រើស​ស្លាប់​បោង​ពោះ​ដូច្នោះ​ ត្រេក​អរ​ណាស់​ កន្រ្ទាក់​កាំបិត​ស្នៀត​សៀត​ចង្កេះ​ ចោល​អណ្ដើក​នៅ​ទី​នោះ​ រត់​ខ្មិត​យ៉ាង​លឿន​សំដៅ​ទៅ​អែ​ប្រើស​ស្លាប់​នោះ​ ក្សិណ​នោះ​កណ្ដុរ​ហិ​រណ្យកៈ​ឃើញ​ព្រាន​ព្រៃ​រត់​ទៅ​ ហើយ​ក៏​ទៅ​ខំ​កកេរ​ចំណង​អណ្ដើក​មន្ថរៈ​រួច​ភ្លាម​ អណ្ដើក​បាន​រួច​ចំណង​ហើយ​វារ​ ខូស​ៗ​យ៉ាង​រហ័ស​ចូល​ទៅ​ក្នុង​ត្រពាំង​ភ្លុង​​ទៅ​។ អែ​បង​ប្រើស​មៀង​មើល​ទៅ​ឃើញ​ព្រាន​ព្រៃ​រត់​ជិត​មក​ដល់​ខ្លួន​ហើយ​ ក្រោក​ប្រញាប់​ប្រញាល់​ផ្លោះ​បោល​ដូច​គេ​បោះ​ពួយ​ចូល​ព្រៃ​បាត់​ទៅ​។ ព្រាន​ព្រៃ​អាំង​ឡាំង​ស្មា​រតី​អៀន​ឡក់​ត្រលប់​មក​វិញ​ ដរា​បណា​ដល់​គល់​ឈើ​ ដរាប​នោះ រក​អណ្ដើក​មិន​ឃើញ​អស់​ផ្លូវ​សង្ឃឹម​លាន់​មាត់​ ស្រែក​ថា​៖ នេះ​បាន​សម​មុខ​អាផេះ​កណ្ដាល​ជើង​ក្រាន​! មិន​ជឿ​ពាក្យ​ចាស់​ស្រលះ​ដៃ​ធេង​ ធ្វើ​ការ​មិន​គិត​គូរ​អោយ​ល្អិត​ល្អន់​ទុក​ជា​មុន​ ព្រោះ​ថា៖
២១១ នរ​ជន​ណា​ លះ​បង់​របស់​ទៀង​ទាត់​ ទៅ​ស្រ​វា​យក​របស់​មិន​ទៀង​ទាត់​វិញ​ របស់​ដែល​ទៀត​ទាត់​ក៏​វិនាស​បាត់​សូន្យ​ទៅ​ អែ​របស់​ដែល​មិន​ទៀង​ទាត់​ ក៏​ហិន​ហោច​បាត់​ទៅ​ថែម​ទៀត​ដែរ​។
អែ​ព្រាន​ព្រៃ​ធ្វើ​ការ​ខុស​ទំនង​ដោយ​ខ្លួន​អែង​ ខាត​លាភ​ស្រលះ​ដៃ​ធេង​ ក្ដៅ​ក្រហាយ​ស្ដាយ​ក្រោយ​ដើរ​ចូល​ព្រៃ​ជ្រៅ​ ជ្រ​លង​ដង​អូរ​បាត់​ទៅ​។ សត្វ​ជា​មិត្ដ​​សំលាញ់​ទាំង​ឡាយ​ មាន​អណ្ដើក​មន្ថរៈ​ជា​ដើម​បាន​រួច​ទុក្ខ​ទោស​ភ័យន្ដ​រាយ​ហើយ​ ក៏​ត្រលប់​ទៅ​កាន់​ស្ថាន​លំ​នៅ​ខ្លួន​វិញ​តាម​ប្រ​ក្រតី​ដើម​ នៅ​ជា​សុខ​សប្បាយ​មាន​ សា​មគ្គី​ព្រម​ព្រៀង​គ្នា​ត្រា​តែ​អស់​ជីវិត​រៀង​ខ្លួន​ទៅ​ហោង​។
ក្នុង​កាល​ទី​បំផុត​ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​ ដែល​បាន​ទ្រង់​ព្រះ​សណ្ដាប់​កថា​ ដ៏​វិចិត្រ​នេះ​ មាន​ព្រះ​ទ័យ​ត្រេក​អរ​រីក​រាយ​ដ៏​ក្រៃ​លែង​ មាន​ព្រះ​បន្ទូល​ត្រាស់​ទៅ​ កាន់​បណ្ឌិត​អាយិ​វិស្ណុ​សម៌ន​ថាៈ​ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ស្ដាប់​រឿង​រ៉ាវ​ដែល​ លោក​បាន​ថ្លែង​អំបាញ់​មិញ​នេះ​សព្វ​គ្រប់​ មាន​សេច​ក្ដី​ត្រេក​អរ​ណាស់​ សេច​ក្ដី​ប្រាថ្នា​​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​សំ​រិទ្ធិ​សំរេច​ប្រយោ​ជន៍​ហើយ​»​។ មហា​បណ្ឌិត​វិស្ណុ​សម៌ន៍​ ក្រាប​បង្គំ​ទូល​ថា «បំណង​របស់​ទ្រង់​ព្រះ​ករុណា​ បាន​សំរេច​បរិ​បូណ៌​ហើយ​ សូម​ទ្រង់​ព្រះ​ករុណា​ស្ដេច​ព្រះ​សណ្ដាប់​ស្លោក​ទី​បំផុត​ដូច្នេះ​ទៀត​ថា​៖
២១២ សូម​សាធុ​ជន​ទាំង​ឡាយ សាមគ្គា​មូល​ត្រកូល​ចង​បាច់​គ្នា​ជា​សាមគ្គី​អោយ​មាន​មិត្ដ​ភាព​ សូម​ប្រជា​ជន​ក្នុង​ជន​បទ​ សម្បូណ៌​ដោយ​សិរីស​ម្បត្ដិ​គ្រប់​ប្រ​ការ​! សូម​ព្រះ​ភូមិ​បាល​ទាំង​ឡាយ​រក្សា​ប្រជា​ជន​នៅ​លើ​ផែន​ពសុធា​ដោយ​ប្រ​ពៃ​ហើយ​ស្ថិត​នៅ​ក្នុង​ទស​ពិធ​រាជ​ធម៌​ជា​និច្ច​និរន្ដរ​ត​ទៅ​! សូម​ទ្រង់​ព្រះ​ករុណា​គ្រប់​ព្រះ​អង្គ​តាំង​ព្រះ​ទ័យ​ជា​សប្បុ​រស​ មាន​សេច​ក្ដី​ពេញ​ចិត្ដ​ និយម​ប្រើ​នីតិ​សាស្រ្ដ​ ទុក​នីតិ​សាស្រ្ដ​នេះ​ដូច​ជា​ព្រះ​ជា​យា​ថ្មី​មួយ​អង្គ​ទៀត​ សូម​ព្រះ​មហា​ទេព​ ដ៏​មាន​បុណ្យ​ជា​ចម​អម​រនិក​រ​ដ៏​ទ្រង់​នូវ​ចន្រ្ទា​ធិ​ចូ​ឌា​មណី​ ប្រសិទ្ធ​ពរ​បវ​រ​សួ​ស្ដី​ដល់​មហា​ជន​ អោយ​ប្រកប​ដោយ​វិបុល​សុខ​សិរី​សួស្ដី​ជ័យ​មង្គល​គ្រប់​ទិន​ទិ​វា​រាត្រី​ទៅ​ហោង​។
កថាសង្រ្គោះទី១ ឈ្មោះការគប់មិត្រ ដែលមានមកក្នុងហិតោបទេសចប់តែប៉ុណ្ណោះ។

……………………………………
(1) ហិ​តោប​ទេស​សេច​ក្ដី​ប្រែ​ជា​ភាសា​បារាំង​របស់​លោក​ឡង់​សឺ​រ៊ូ និង ភាសា​សៀម​នៃ​លោក​នាគ​ប្រ​ទីប​ មាន​​គាថា​លើស​ដូច្នេះ​ ​ សំលេង​ពីរោះ​ ជា​លំអ​នៃ​សត្វ​តាវ៉ៅ​ ចិត្ដ​ស្មោះ​ត្រង់​ចំពោះ​ស្វាមី​ ជា​លំ​អ​នៃ​ស្ដ្រី​ ចំណេះ​វិជ្ជា​ ជា​លំអ​នៃ​បុរស​ និង​ ខន្ដី​ ជា​លំអ​នៃ​អ្នក​ប្រព្រឹត្ដ​ព្រត​។
(2)ពិធី​បូជា​ដល់​នាង​គៅ​រី​ គឺ​នាង​ទុគោ​ជា​សក្ដិ​ព្រះ​អិសូរ​)




ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស


No comments:

Post a Comment

Post Top Ad