ស្រីហិតោបទេស សន្ដិភាព ភាគទី៤
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី១០រឿងសីហៈ ក្អែក ខ្លា ចចក និង អូដ្ឋ
នៅអរញ្ញប្រទេសមួយ
មានសីហៈឈ្មោះមនោត្កដៈ សីហៈនេះមានបរិវារ ៣នាក់គឺ ក្អែក១
ខ្លា១ និង ចចក១ ថ្ងៃមួយតមក ក្នុងពេលដែលកំពុងត្រាច់ចររកអាហារ
សត្វទាំង៣នេះបាន ឃើញអូដ្ឋមួយហើយសួរថាៈ «នែអូដ្ឋ!
អែងបែកខ្ចាត់ខ្ចាយចេញមកពីក្បួនរទេះអែណា? រួចទៅណាហ្នឹង?»
អូដ្ឋក៏រៀបរាប់ព្រឹត្ដិហេតុរបស់ខ្លួនប្រាប់តាំងពីដើមមកដល់ចប់។
កាលនោះ សត្វទាំងនោះនាំអូដ្ឋទៅប្រគល់អោយសីហៈជានាយ
សីហៈក៏អោយអភ័យវាចាហើយដាក់ឈ្មោះអូដ្ឋថាចិត្រកណ៌ៈ
អនុញ្ញាតអោយនៅក្នុងសំណាក់ខ្លួនតទៅ ចំណេរតមក សីហៈឈឺ
រាងកាយស្គាំងស្គម ណាមួយភ្លៀងធ្លាក់មកជោគជំខ្លាំងពេក
មិនអាចដើរស្វះស្វែងរកចំណីអាហារបាន
សត្វទាំងឡាយមានខ្លាជាដើមក៏និយាយប្រឹក្សាគ្នាថាៈ «ម្ចាស់ យើងនឹងសំលាប់អូដ្ឋធ្វើជាចំណីអាហារបានយ៉ាងណា
យើងត្រូវគិតអោយម្ចាស់យើងសំលាប់យ៉ាងនោះ ប្រយោជន៍អ្វី និង សត្វស៊ីបន្លាជាចំណីអាហារនេះ?។ ខ្លាពោលថាៈ «អូដ្ឋនេះម្ចាស់យើងបានអោយអភ័យវាចាហើយអនុគ្រោះរក្សាទុក
បើដូច្នេះតើយើងនឹងសំលាប់ដូចម្ដេចកើត?។
ក្អែកពោលថាៈ សម័យនេះម្ចាស់យើង ទន់ខ្សោយកំលាំងណាស់ហើយ
បើទុកជាបាបក៏លោកហ៊ានធ្វើដែរព្រោះថា៖
៥៥ - ស្រីភាពដែលអត់ឃ្លានហើយ
សូម្បីកូនអែងក៏លះបង់ចោល ពស់ដែលអត់ឃ្លានហើយសូម្បីពងអែងក៏ស៊ី
នរណាហ្ន៎ដែលត្រូវទុក្ខវេទនាដោយអត់ឃ្លាន នឹងមិនហ៊ានធ្វើបាប? នរជនទាំងឡាយដែលអត់ឃ្លានហេវកំលាំងហើយ នឹងត្រលប់ទៅជាមនុស្សអិតករុណា។
៥៦ មនុស្សស្រវឹងស្រា មនុស្សឆ្កួត មនុស្សកាចកំរោល មនុស្សអស់កំលាំង មនុស្សក្រោធ មនុស្សអត់ឃ្លានមនុស្សល្មោភ មនុស្សខ្លាច មនុស្សរហ័សភ្លែត និង មនុស្សបរិភោគកាម មនុស្សទាំងអស់នេះមិនចេះធម៌ទេ។
៥៦ មនុស្សស្រវឹងស្រា មនុស្សឆ្កួត មនុស្សកាចកំរោល មនុស្សអស់កំលាំង មនុស្សក្រោធ មនុស្សអត់ឃ្លានមនុស្សល្មោភ មនុស្សខ្លាច មនុស្សរហ័សភ្លែត និង មនុស្សបរិភោគកាម មនុស្សទាំងអស់នេះមិនចេះធម៌ទេ។
សត្វទាំងឡាយគិតគូរគ្នាឃើញដូច្នេះហើយ
ក៏បបួលគ្នាទៅកាន់សំណាក់សីហៈ។ សីហៈសួរថាៈ «បានអ្វីជាអាហារបរិភោគរឺទេថ្ងៃនេះ?»។ សត្វទាំងឡាយឆ្លើយប្រាប់ថាៈ «យើងខ្ញុំទាំងអស់គ្នាខំប្រឹងស្វះស្វែងរកណាស់
តែរកមិនបានសោះ។ សីហៈសួរតទៅទៀតថាៈ «ចុះធ្វើម្ដេចទៅអីលូវនេះ
យើងនឹងរកអុបាយចិញ្ចឹមជីវិតបានហ៎ៈ?»។
ក្អែកនិយាយប្រាប់ថា «ទេវៈ!
មកតែពីលោកម្ចាស់លះបង់អាហារដែលមានក្នុងអំណាចលោកម្ចាស់ថ៎ា
បានជាសេចក្ដីវិនាសចូលមកជិតដល់យើងគ្រប់គ្នា»។ សីហៈសួរថាៈ «អាហារអ្វីហ្ន៎ដែលនៅក្នងអំណាចយើង?។ ក្អែកចូលទៅជិតនិយាយខ្សឹបដាក់ត្រចៀកសីហៈថា «ចិត្រកណ៌ៈនេះអែង»។
សីហៈយកជើងជាន់ដីហើយស្ទាបត្រចៀក(2) (2) ទាំងពីរ
ទើបពោលថាៈ យើងបានអោយអភ័យវាចាហើយ នឹងទៅធ្វើទារុណកម្មដូចម្ដេចកើត?
ព្រោះថា៖
៥៧ ការអោយផែនដី ការអោយប្រាក់មាស ការអោយគោ
ការអោយបាយទឹក លោកមិនហៅថាមហាទានទេ បណ្ដាទានទាំងឡាយនេះ
អភ័យទានទើបលោកចាត់ថាជាមហាទាន។
៥៨ - ផលនៃអស្វមេធៈណា (3)(3) ដែលអាចញ៉ាំងសេចក្ដីទាំងពួងអោយសំរេចបាន ផលនោះ គឺបុគ្គលគប្បីបានក្នុងការរក្សាជនណាដែលមកសូមទីពឹង។
៥៨ - ផលនៃអស្វមេធៈណា (3)(3) ដែលអាចញ៉ាំងសេចក្ដីទាំងពួងអោយសំរេចបាន ផលនោះ គឺបុគ្គលគប្បីបានក្នុងការរក្សាជនណាដែលមកសូមទីពឹង។
ក្អែកពោលថាៈ «អូដ្ឋលោកម្ចាស់មិនត្រូវសំលាប់ដោយខ្លួនអែងទេគឺវាសុខចិត្ដប្រគល់ខ្លួនវាអោយជាទានយ៉ាងណា
យើងខ្ញុំទាំងឡាយនឹងធ្វើយ៉ាងនោះ។ សីហៈបានស្ដាប់ពាក្យ
ក្អែកពន្យល់អុបាយយ៉ាងនេះហើយ ក៏ទាល់គំនិតនៅស្ងៀម។ កាលនោះ
ក្អែកបានអោកាស នឹងប្រើអុបាយកោង
ក៏ទៅនាំយកសត្វទាំងឡាយអែទៀតអោយចូលទៅកាន់សំណាក់សីហៈ ហើយនិយាយថាៈ «ទេវៈ!
យើងគ្រប់គ្នាប្រឹងស្វះស្វែងរកចាប់សត្វជាចំណីអាហារអស់ប៉ុណ្ណឹងហើយនៅតែមិនបានសោះ
អែលោកម្ចាស់អត់ឃ្លានអាហារយូរថ្ងៃដែរមកហើយ
បើដូច្នេះសូមលោកម្ចាស់ស៊ីសាច់យើងជាអាហារចុះ ព្រោះថា៖
៥៩ មែនពិត
កិច្ចការរដ្ឋបាលទាំងអស់មានលោកម្ចាស់ជាមូលជាទង់ជ័យ
ដូចជានរជនដែលប្រយ័ត្ន រក្សាដើមឈើ ព្រមទាំងគល់តែងបានផល។
សីហៈពោលថាៈ «ការសុខចិត្ដិព្រមលះបង់ជីវិតប្រសើរ
តែការប្រព្រឹត្ដិធ្វើអំពើអាក្រក់ប្រាកដដូច្នេះ មិនប្រសើរសោះឡើយ»។ ចចកពោលដូចក្អែកទៀត។ សីហៈនិយាយទៅទៀតថាៈ «ទេ!.ទេ! កុំឡើយបាអើយ!»។ កាលនោះ
ខ្លានិយាយទៀតថាៈ «បើដូច្នោះ សូមលោកម្ចាស់បរិភោគខ្ញុំចុះ
ដើម្បីលោកមានជីវិត»។ សីហៈឆ្លើយដោយអស្ចារ្យ
ក្នុងចិត្ដថាៈ «ក្នុងកាលណាក៏ដោយ
មិនមានអ្នកណានិយាយដូចអែងទេ ពាក្យអែងនិយាយនេះមិនគួរសោះឡើយ»។ ពេលនោះ អូដ្ឋ ចិត្រកណ៌ៈដែលជាសត្វមានការជឿទុកចិត្ដពីកំណើត
ក៏និយាយប្រគល់ខ្លួនដូចសត្វទាំងពួង
កាលដែលអូដ្ឋនិយាយបរិចាគប្រាណស្ទើរតែមិនទាន់ផុតសំដីផង
ខ្លាស្ទុះភ្លែតទៅចាប់ហែកជញ្ជែងផ្ទៃអូដ្ឋសំលាប់មួយរំពេច
ហើយចែកគ្នាស៊ីបំពេញផ្ទៃទៅហោង។ ព្រោះហេតុនោះ បានជាខ្ញុំបាទ (ក្អែកមេឃពណ៌)
ពោលថា «ទៀងណាស់» ដូច្នេះជាដើម
(លេខ៥៤)។
តមក ព្រាហ្មបានស្ដាប់ពាក្យអ្នកលេងទី៣
ទៀតទើបកំណត់ទុកដាច់ខាតថា មតិរបស់ខ្លួនខុសពិត
ហើយបោះទំលាក់ពពែនៅលើស្មាចោលបង់
ដើរទៅងូតទឹកជំរះអាត្មារួចដើរទៅផ្ទះដៃទទេទៅ។ អែពពែនោះ
ត្រូវអ្នកលេងទាំង៣នាក់ សែងយកទៅសំលេះបរិភោគជាអាហារទៅហោង
ហេតុនោះបានជាខ្ញុំបាទ (ក្អែកមេ ឃពណ៌) និយាយថាៈ «ជនណាដឹងថាទុរជនដូច្នេះ ជាដើម (លេខ៥៣)
កាលនោះក្ងោកចិត្រពណ៌សួរតទៅទៀតថាៈ «នែមេឃពណ៌!
អែងធ្វើ ដូចម្ដេច បានជាអែងនៅក្នុងកណ្ដាលសត្រូវបានយូរម្លេះ? ធ្វើដូចម្ដេចបានជាស្និទ្ធស្នាល ជិតគ្នាម្លេះហ្ន៎?»។ ក្អែកមេឃពណ៌និយាយថា «ទេវៈ!
កិច្ចការជាប្រយោជន៍នាយចៅហ្វាយ
និងកិច្ចការធ្វើអោយសំរេចប្រយោជន៍ដល់ខ្លួន គេនឹងមិនត្រូវធ្វើរឺអ្វី?»
ព្រោះថាៈ
៦០ - បពិត្រព្រះរាជា! មនុស្សលោក ទូលអុសដែលឆេះនៅលើក្បាលមិនបានរឺអ្វី? ខ្សែទឹកស្ទឹង ហូរទៅស្រោចដើមឈើ នឹងរំលើងរិសឈើមិនបានរឺអ្វើ?។
៦១ - អ្នកប្រាជ្ញ បើមានកិច្ចការណាមួយដែលត្រូវធ្វើខានមិនបាន សូម្បីសត្រូវក៏ទូលលើក្បាល ដូចកង្កែបត្រូវពស់ចាស់សំលាប់បាន។ ក្ងោកចិត្រពណ៌សួរថាៈ «ចុះរឿងនោះតើដូចម្ដេច?» ក្អែកមេឃពណ៌និយាយរឿងនោះប្រាប់ថា។ ។
៦១ - អ្នកប្រាជ្ញ បើមានកិច្ចការណាមួយដែលត្រូវធ្វើខានមិនបាន សូម្បីសត្រូវក៏ទូលលើក្បាល ដូចកង្កែបត្រូវពស់ចាស់សំលាប់បាន។ ក្ងោកចិត្រពណ៌សួរថាៈ «ចុះរឿងនោះតើដូចម្ដេច?» ក្អែកមេឃពណ៌និយាយរឿងនោះប្រាប់ថា។ ។
តទៅកថា១១
………………………………………………….
(2) ករិយាសំដែងសេចក្ដីគោរព។ (3) អគ្វមេធៈ
ពិធីសំលាប់សេះបូជាយញ្ញដែលប្រកាន់ជឿថាបានបុញ្ញាភិនិហារ
ដ៏ក្រៃលែងរហូតបានជាស្ដេចទេវតានៅឋានត្រៃត្រឹង។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment