សន្ដិភាព ភាគទី៤: កថាទី៣ រឿងពាណិជ្ជ ភរិយានិងអ្នកបំរើ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

សន្ដិភាព ភាគទី៤: កថាទី៣ រឿងពាណិជ្ជ ភរិយានិងអ្នកបំរើ


ស្រីហិតោបទេស សន្ដិភាព ភាគទី៤
ភិក្ខុក ប៉ាង ខាត់ វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី៣ រឿងពាណិជ្ជ ភរិយានិងអ្នកបំរើ
ក្នុង​កាល​ពី​ដើម​ នៅ​ក្នុង​វិក្រម​បុរី​ មាន​ពាណិជ្ជ​ម្នាក់​ឈ្មោះ​សមុទ្រ​ទត្ដ​ ភរិយា​ឈ្មោះ​នាង រត្ន​ប្រកា​ ជា​ស្រី​ចូល​ចិត្ដ​រួម​បេតី​ជា​មួយ​ នឹង ខ្ញុំ​បំរើ​របស់​ខ្លួន​គ្រប់​ៗ​កាល(1)​ ​ ត​មក​ថ្ងៃ​មួយ​ ពាណិជ្ជ​​សមុទ្រ​ទត្ដ​បាន​ឃើញ​នាង​រត្ន​ប្រកា​ ជា​ភរិយា​កំពុង​អោយ​បំរើ​នោះ​ជប់​មាត់​។ កាល​នោះ​អែង​នាង​រត្ន​ប្រកា​ ដឹង​ថា​ស្វាមី​ឃើញ​ខ្លួន​ហើយ​គិត​ទាន់​ភ្លាម​ ក៏​ដើរ​តំរង់​ចូល​ទៅ​ស្វាមី​ ហើយ​ក្លែង​និយាយ​ថា​ «នាថ​! ខ្ញុំ​បំរើ​នេះ​គំនិត​មារ​យាទ​អាក្រក់​ធំ​ណាស់​ វា​ហ៊ាន​លួច​កបូរ៌​ យក​ទៅ​ស៊ី​ ខ្ញុំ​បាន​ហិត​ខ្លិន​មាត់​វា​បាន​ដឹង​ច្បាស់​ណាស់​»​។ លោក​បាន​ពោល​ទុក​ថា «ស្រី​បរិ​ភោគ​អាហារ​ទ្វេ​គុណ​ មាន​ប្រាជ្ញា​ឆ្លៀវ​ឆ្លាត​ចតុ​គុណ​ មាន​កល​មាយា​ឆ​គុណ​ និង​មាន​កាម​រាគ​អដ្ឋ​គុណ​»​។ ខ្ញុំ​បំរើ ​លុះ​បាន​លឺ​ពាក្យ​នាង​នោះ​និយាយ​ដូច្នោះ​ក៏​ ធ្វើ​ជា​ច្រលោត​ខឹង​តឹង​ឡើង​ហើយ​និយាយ​ថាៈ​ «នាថ​! ខ្ញុំ​នឹង​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​នាយ​ចៅ​ហ្វាយ​ដែល​មាន​ភរិយា​ប្រឹត​ ដូច្នេះ​ដូច​ម្ដេច​កើត​ សព្វ​បើ​គ្រាន់​តែ​ការ​បន្ដិច​បន្ដួច​ប៉ុណ្ណោះ ​អោយ​ភរិយា​មក​ហិត​មាត់​ខ្ញុំ​បំរើ​គ្រប់​ខណៈ​យ៉ាង​នេះ​!​ »​។ លំដាប់​នោះ​ ខ្ញុំ​បំរើ​ថា​ហើយ​ក៏​ក្រោក​ដើរ​ចេញ​ទៅ​ភ្លាម​ អែ​ស្វាមី​នាង​ទៅ​សូម​ទោស​ខ្ញុំ​បំរើ​ឃាត់​អោយ​វា​នៅ​បំរើ​វិញ​ ព្រោះ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​(ត្រីឈ្មោះ​ប្រត្យុ​ត្បន្ន​មតិ)​ ពោល​ថា «នរ​ណា​កែ​ខៃ​ក្ដី​អន្ដ​រាយ​ដូច្នេះ​ជា​ដើម​ (លេខ ៧)។ លំដាប់​ នោះ​ត្រី​ឈ្មោះ​យ័ទ​ភវិស្យ​តិ​ពោល​ត​ទៅ​ទៀត​ថា៖​

៨ - របស់​ណា​មិន​មាន​បច្ច័យ​ របស់​នោះ​ក៏​តែង​មិន​មាន​ ថា​បើ​របស់​ណា​មាន​ច្ច័យ​ របស់​នោះ​ ក៏​មិន​មែន​ជា​ដទៃ​ ថ្នាំ​នេះ​រំងាប់​នូវ​ពិស​ពុល​គឺ​សេច​ក្ដី​ពិត​បាន​ ហេតុ​ដូច​ម្ដេច​ហ្ន៎ ​ក៏​គេ​មិន​ដឹង​ថ្នាំ​នោះ​។
កាល​នោះ​អែង​ ត្រី​ប្រត្យុ​ត្បន្ន​មតិ​កំពុង​តែ​គិត​ដូច្នេះ​ ត្រូវ​ព្រាន​ប្រមង់​ពាក់​មង​ជាប់​ ទើប​ធ្វើ​ពុត​ដូច​ជា​ខ្លួន​ស្លាប់​ ឋិត​នៅ​ស្ងៀម​អិត​​ខ្វើក​ឡើយ​ដល់​ព្រាន​ប្រមង់​ដោះ​ចេញ​ពី​មង​រួច​​ហើយ​ ក៏​ខំ​បំរះ​ននៀល​ពេញ​ទំហឹង​លោត​ចូល​ក្នុង​ទឹក​ជ្រៅ​ភ្លាម​។ អែ​ត្រី​យ័ទ​ភវិស្យតិ​ព្រាន​ប្រមង់​ចាប់​បាន​ហើយ​បោក​សំលាប់​ទៅ​ ព្រោះ​ហេតុ​នោះ​ បាន​ជា​ខ្ញុំ (អណ្ដើក​កម្ពុ​គ្រីព​) ​ពោល​ថាៈ​ «ត្រីអនាគតវិធាតា» ដូច្នេះជាដើម(លេខ៦)។ ហេតុការណ៍ដូចខ្ញុំ (អណ្ដើកកម្ពុគ្រីព) បាន​ពណ៌នា​ មក​នេះ សូម​មិត្ដ​ជួយ​ចាត់​ចែង​អោយ​ខ្ញុំ​ចេញ​ទៅ​កាន់​ស្រះ​ដទៃ​ក្នុង​ពេល​នេះ​ទៅ​។ ហង្ស​ទាំង​ពីរ​តប​ថាៈ​ «បើ​បាន​ទៅ​ដល់​ជលា​ស័យ​ដទៃ​ហើយ​ ជា​កុសល​សំលាញ់​អែង​ហើយ​ តើ​សំលាញ់​នឹង​ទៅ​ដោយ​វិថី​តាម​វិធី​ណា​?​»​

អណ្ដើក​ពន្យល់​អុបាយ​ថាៈ​ «អើ​! គិត​រក​វិធី​ណា​ដែល​ទៅ​តាម​អាកាស​ជា​មួយ​សំលាញ់​ទាំង​ពីរ​នាក់​បាន​ហើយ​»​។ ហង្ស​ទាំង​ពីរ​សួរ​ទៅ​ទៀត​ថាៈ​ «អុបាយ​នេះ​សំលាញ់​គិត​ថា​នឹង​សំរេច​បែប​យ៉ាង​ណា​?​»​។ អណ្ដើក​ឆ្លើយ​ប្រាប់​វិញ​ថា​ «នែ​សំលាញ់​!​ យក​កំណាត់​ឈើ​មួយ​មក ហើយ​សំលាញ់​អែង​ទាំង​ពីរ​នាក់​ពាំ​ចុង​កំណាត់​ឈើ​ម្ខាង​ម្នាក់​ដោយ​ចំពុះ​ ខ្ញុំ​ខាំ​កណ្ដាល​តោង​កំណាត់​ឈើ​នោះ​ ដោយ​វិធី​នេះ​ហើយ​អាស្រ័យ​ដោយ​កំលាំង​ស្លាប​សំលាញ់​ហើរ​ទៅ​ ខ្ញុំ​នឹង​ទៅ​បាន​ដោយ​ស្រួល​»​។ ហង្ស​ទាំង​ពីរ​ឆ្លើយ​តប​មក​ដោយ​អរ​ថាៈ ​«អើ​! អុបាយ​នេះ​ស្រួល​ហើយ​ តែ​ត្រូវ​គិត​ថា​៖

៩ - អ្នក​ប្រាជ្ញ​កាល​គិត​ដល់​សេច​ក្ដី​ចំរើន​ហើយ​ ត្រូវ​គិត​ដល់​សេច​ក្ដី​វិនាស​ផង​ កុក​ល្ងង់​ គិត​ឃើញ​សេច​ក្ដី​ចំរើន​តែ​ម្យ៉ាង​ ត្រូវ​ស្កា​ស៊ី​កូន​ខ្មុក​»។ អណ្ដើក​សួរ​ដេញ​ដោល​ថាៈ​ «រឿង​នេះ​តើ​ដូច​ម្ដេច​?​»។ ហង្ស​ទាំង​ពីរ​រៀប​រាប់​ប្រាប់​ថា​៖​

………………………………………………….
(1) ហិ​តោបទេស​ សេច​ក្ដី​ប្រែ​ជា​ភាសា​បារាំង​នៃ​លោក​ឡង់​សឺរូ​ មាន​គា​ថា​ ពិសេស​ដូច្នេះ​គឺ​ ក​. ស្រ្ដី​ភាព​មិន​មើល​បុរស​ជិត​ទេ​ ព្រម​ទាំង​មិន​សង្កេត​មើល​អោយ​ដឹង​ថា​បុរស​នោះ​មាន​រូប​ល្អ​ រឺ អា​ក្រក់​ គ្រាន់​តែ​អោយ​ដឹង​ថា​ បុរស​ប៉ុណ្ណោះ​ ក៏​រីក​រាយ​សប្បាយ​ក្នុង​ចិត្ដ​ភ្លាម​។ ខ​. ក្បួន​តំរា​ សូម្បី​យើង​ចេះ​ចាំ​ហើយ​ ក៏​ត្រូវ​តែ​រិះ​គិត​សេច​ក្ដី​មើល​ថែម​ទៀត​ដែរ​ ព្រះ​រាជា​ទោះ​បី​សព្វ​ព្រះ​ទ័យ​ នឹង យើង​ហើយ​ ត្រូវ​តែ​កោត​ខ្លាច​ អែ​ស្រ្ដី​ភាព​, ទោះ​បី​នៅ​ក្នុង​ដៃ​យើង​ហើយ​ក៏​យើង​មិន​ត្រូវ​ទុក​ចិត្ដ​ នណា​ឡើយ​ជា​មេ​ប្រាជ្ញ​ចេះ​ចាំ​អស់​មួយ​សៀវ​ភៅ កំណត់​ដឹង​ព្រះ​ទ័យ​នឹង​ចិត្ដ​ស្រ្ដី​ភាព​បាន​?​។ សេច​ក្ដី​ប្រែ​ជា​ភាសា​សៀម​នៃ​លោក​នាគ​ប្រទីប​ មាន​គា​ថា​លើស​មួយ​គឺ​ បុរស​ណា​ នឹង​ថា​មិន​ជា​ទី​ស្រលាញ់​នៃ​ស្ដ្រី​ក៏​មិន​មែន​ រឺ ថា​ជា​ទី​ស្រលាញ់​នៃ​ស្រ្ដី​ក៏​មិន​មែន​ទៀត​ ដោយ​ពិត​ស្ដ្រី​ភាព ដូច​គោ ដើរ​ស៊ី​ស្មៅ​ក្នុង​ព្រៃ​ តែង​ប្រាថ្នា​ស្មៅ​ថ្មី​ជា​និច្ច​។​



ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad