សន្ដិភាព ភាគទី៤: កថាទី៤ រឿងកុក ពស់និងស្កា - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

សន្ដិភាព ភាគទី៤: កថាទី៤ រឿងកុក ពស់និងស្កា


ស្រីហិតោបទេស សន្ដិភាព ភាគទី៤
ភិក្ខុក ប៉ាង ខាត់ វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី៤ រឿងកុក ពស់និងស្កា
​ក្នុង​អុត្ដ​រា​បថ, នៅ​លើ​ភ្នំ​គិជ្ឈ​កូដ​ មាន​បិប្បលិ​ព្រឹក្ស​មួយ​ដើម​ធំ​ ជា​ទី​អាស្រ័យ​នៅ​នៃ​កុក​​ទាំង​​ឡាយ​។ ពស់​វែក​មួយ​ អាស្រ័យ​នៅ​ក្នុង​ព្រង់​អៃ​ដ៏​ខាង​ក្រោម​ដើម​ឈើ​នោះ​ វា​តែង​តែ​លូន​ចូល​ទៅ​ចាប់​យក​កូន​កុក​ស៊ី​ជា​ចំណី​អាហារ​អស់​កាល​ជា​និច្ច​។ ចំណេរ​កាល​មក​កុក​ល្ងង់​ មួយ​លុះ​បាន​លឺ​សំលេង​យំ​ខ្ញៀវ​ខ្ញា​នៃ​កុក​ទាំង​ឡាយ​ដែល​មាន​សេច​ក្ដី​សោក​​បៀត​​បៀន​ ហើយ​ក៏​និយាយ​ឡើង​ថាៈ​ «នែ​អ្នក​ទាំង​ឡាយ​!​ អ្នក​កុំ​យំ​ថ្វី​ ចូរ​ធ្វើ​តាម​អុបាយ​កល​ខ្ញុំ​វិញ​ យើង​ត្រូវ​ទៅ​រក​ចាប់​ត្រី​យក​មក​រាយ​ត​ៗ​គ្នា​តាំង​ពី​ព្រង់​ស្កា​អោយ​រហូត​មក​ដល់​ព្រង់​ពស់​ អែ​សត្វ​ស្កា​ជា​សត្វ​ជាប់​ចិត្ដ​ដោយ​អាហារ​ គឺ​​ត្រី​នោះ​ នឹង​ចេះ​តែ​ដើរ​រៀង​មក​ដល់​ព្រង់​ពស់​ កាល​ឃើញ​ពស់​ជា​សត្វ​សត្រូវ​ពី​កំណើត​ស្រាប់​ មុខ​ជា​នឹង​ខាំ​ពស់​សំលាប់​ដោយ​ក្ដី​សំអប់​មិន​ខាន​»​
កុក​ទាំង​ឡាយ​ក៏​ព្រម​ព្រៀង​គ្នា​ធ្វើ​តាម​ពាក្យ​កុក​ល្ងង់​នោះ​។ ក្នុង​កាល​នោះ​អែង​,សត្វ​ស្កា​ដែល​នៅ​ក្នុង​ព្រង់​ឈើ​នោះ​ បាន​លឺ​សំលេង​កុក​យំ​អឹង​កង​ ក៏​វារ​ឡើង​ដើម​ឈើ​នោះ​ខាង​ម្ខាង​ ស្រង់​តាម​ក្លិន​ត្រី​នោះ​ ឃើញ​ត្រី​ហើយ​ស៊ី​ត្រី​នោះ​ៗ​បណ្ដើរ​ៗ​មក​ មិន​ស៊ី​តែ​ត្រី ស៊ី​ទាំង​សា​វក​កុក​អស់​រលីង​ថែម​ទៀត​ ព្រោះ​ហេតុ​​នោះ​ហើយ​ បាន​ជា​ខ្ញុំ​ពោល​ថាៈ​ «អ្នក​ប្រាជ្ញ ​កាល​គិត​ដល់​សេច​ក្ដី​ចំរើន​ហើយ​»​ ដូច្នេះ​ជា​ដើម​(លេខ៩)​។
មិន​ថ្វីទេ​យើង​ (ហង្ស​ទាំង​ពីរ​) នាំ​ទៅ​បាន​ តែ​កាល​ដែល​យើង​នាំ​សំលាញ់​ទៅ​នោះ​ មុខ​ជា​មនុស្ស​លោក​មើល​ឃើញ​ កាល​បើ​ឃើញ​ហើយ​ នឹង និយាយ​ឆោ​ឡោ​អឹង​កង​ឡើង​ជា​មិន​ខាន​, បើ​សំលាញ់​បាន​លឺ​សំលេង​មនុស្ស​លោក​ហើយ​អត់​ទ្រាំ​មិន​បា​ន​ ចង់​ឆ្លើយ​តប​គេ​វិញ​ មុខ​ជា​សំលាញ់​របូត​ធ្លាក់​ដល់​ដី​ ស្លាប់​អសារ​បង់​មិន​ខាន​ទេ​ ចូរ​សំលាញ់​តាំង​ចិត្ដ​ដាច់​ស្រេច​ នឹង​នៅ​ក្នុង​ទី​នេះ​ទៅ​​ល្អ​ជាង​ អណ្ដើក​និយាយ​រឹង​ទទឹង​ទៀត​ថា​ «បើ​មែន​ដូច​ ថា​​រូប​ខ្ញុំ​នឹង​ត្រូវ​សំគាស់​ថា​ជា​អ្នក​អិត​ចេះ​ដឹង​អ្វី​ទៅ​ហើយ​រឺ​? មួយ​ទៀត​ បើ​រូប​ខ្ញុំ​ឆ្លើយ​តប​នឹង​គេ​វិញ​ហើយ​តើ​ វា​ហើយ​គ្នា​ទៅ​ហើយ​ អ្នក​ណា​ក៏​មិន​ត្រូវ​និយាយ​ថា​ដូច​មេ្ដច​ទៀត​ដែរ​»​

  កាល​នោះ​ក្មេង​គង្វាល​គោ​ក្រ​លេក​មើល​ទៅ​ឃើញ​ហង្ស​ទាំង​ពីរ​នាំ​អណ្ដើក​ហោះ​ហើរ​ដើរ​លើ​អាកាស​វេ​ហាស៍​ដូច្នោះ​ ក៏​ស្រែក​និយាយ​ជជែក​គ្នា​ឆោ​ឡោ​ទ្រ​ហឹង​អឹង​កង​ឡើង​ ហើយ​រត់​ដេញ​តាម​ទៅ​ ក្មេង​ខ្លះ​និយាយ​ឡក​ឡឺយ​ថាៈ​ «កាល​ណា អណ្ដើក​ធ្លាក់​មក​ដល់​ដី កាល​នោះ​យើង​នឹង​យក​វា​ទៅ​ស្ល​កា​រី​ស៊ី​អោយ​ឆ្ងាញ់​ម្ដង​វ៉ី​យ​»​ក្មេង​ខ្លះ​ទៀត​និយាយ​កំញើញ​ថាៈ​ «​ទេ​! យើង​យក​ទៅ​ដុត​ស៊ី​អីលូវ​នេះ​អែង​» ក្មេង​ខ្លះ​ត​ទៀត​និយាយ​ឡក​ថាៈ​ «ទេ​!​ យើង​យក​ទៅ​ស្ល​ស៊ី អែ​ផ្ទះ​វិញ​»​។ អែ​អណ្ដើក​នោះ​ លុះ​លឺ​ពាក្យ​ក្មេង​គង្វាល​គោ​និយាយ​ឡក​ឡឺយ​អោយ​ មុខ​គួរ​អោយ​ខ្នាញ់​ ក៏​ភ័ន្ដ​ស្មារតី​ ភ្លេច​ពាក្យ​ដែល​និយាយ​មាត់​នោះ បែរ​ទៅ​ជា​ហា​មាត់​និយាយ​ឆ្លើយ​តប​ទៅ​វិញ​ថាៈ​ «នែ​វ៉ីយ​!អា​ក្មេង​អា​អែង​ទាំង​អស់​គ្នា​ស៊ី​ផេះ​ទៅ​ចុះ»​។​ កាល​ដែល​អណ្ដើក​ហា​មាត់​និយាយ​ដូច្នេះ​ ក៏​ធ្លាក់​ក្ដូក​មក​ដល់​ដី​ បាន​ដៃ​ក្មេង​ដុត​ស៊ី​ជា​ចំណី​អាហារ​ទៅ​ហោង​ ព្រោះ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​ (ចាក្រ​ពាក​សវិជ្ញៈ)​ពោល​ថាៈ​ «នរ​ជន​ណា​មិន​ត្រេក​អ​នឹង​ពាក្យ​ដាស់​តឿន​នៃ​មិត្ដ​» ដូច្នេះ​ជា​ដើម​ (លេខ​៣)​ ក្នុង​កាល​នោះ​អែង​ កុក​ជា​ចារ​បុរស​ដើរ​ចូល​មក​ក្នុង​ទី​នោះ​ហើយ​និយាយ​ឡើង​ថាៈ «​ទេវៈ​! និយាយ​ធ្វើ​អ្វី​ ខ្ញុំ​បាន​ប្រាប់​ប្រង​តាំង​ពី​កាល​នោះ​ម្លេះ​ថា ត្រូវ​ចាត់​ចែង​បន្ទាយ​អោយ​ឆាប់​រួស​រាន់​ទៅ​ តែ​លោក​ម្ចាស់​មិន​ធ្វើ​តាម​ពាក្យ​ខ្ញុំ​បាទ​ ហេតុ​នោះ​ហើយ​បាន​ជា​លោក​ម្ចាស់​ត្រូវ​សោយ​ផល​នៃ​ការ​ព្រងើយ​កន្តើយ​ក្នុង​កាល​នេះ​អែង​, អែ​ការ​ដុត​បំផ្លាញ​បន្ទាយ​យើង​នេះ​ គឺ​ក្អែក​មេឃ​ពណ៌​នេះ​អែង​ ដែល​ត្មាត​ទុរ​ទសី​ប្រធាន​រដ្ឋ​មន្រ្ដី​សត្រូវ​ ប្រើ​មក​អោយ​ធ្វើ​ការ​»​។ រាជ​ហង្ស​ហិរណ្យគភ៌​ដក​ដង្ហើម​វែង​ៗ ហើយ​ពោល​ថាៈ​

១០ - នរ​ជន​ណា​ស្និទ្ធ​ស្នាល​ចំពោះ​សត្រូវ​ ដោយ​ការ​រាប់​អាន​ក្ដី​ ដោយ​យល់​អុប​ការ​ក្ដី​ នរ​ជន​នោះ​ ទុក​ដូច​ជា​មនុស្ស​ ដេក​លក់​លើ​ដើម​ឈើ​ ហើយ​ភ្លាត់​ធ្លាក់​មក​ដល់​ដី​ទើប​ភ្ញាក់​ដឹង​ខ្លួន​។
កុក​ជា​ចារ​បុរស​និយាយ​ត​ទៅ​ទៀត​ថាៈ​ «កាល​ណា​ក្អែក​មេឃ​ពណ៌​ចាត់​ដុត​បំផ្លាញ​បន្ទាយ​សត្រូវ​ហើយ​ ត្រលប់​ទៅ​ដល់​ទី​កន្លែង​ដើម​ខ្លួន​វិញ​ កាល​នោះ​ស្ដេច​ក្ងោក​ចិត្រ​ពណ៌​ពោល​អរ​គុណ​ដោយ​ក្ដី​ពេញ​ចិត្ដ​ថា​ គួរ​អភិ​សេក​ក្អែក​មេពណ៌​អោយ​គ្រប់​គ្រង​អាណា​ចក្រក​បូរ៌​ទ្វីប​ហើយ​អោយ​នៅ​ក្នុង​ទី​នេះ​ ព្រោះ​ថា៖

១១ - បុគ្គល​មិន​គួរ​ព្រងើយ​ ចំពោះ​កិច្ច​ការ​របស់​សេវ​ក​អ្នក​ដែល​បាន​បំពេញ​នាទី​បរិ​បូណ៌​ហើយ​ទេ​ គួរ​លើក​ដំកើង​ សេវក​នោះ​ដោយ​រង្វាន់​ ដោយ​ទឹក​ចិត្ដ​ជ្រះ​ថ្លា​ ដោយ​វាចា​ពោល​សរ​សើរ​ និង​ដោយ​កិរិយា​មើល​ដោយ​ភ្នែក​»​។ ចាក្រ​ពាក​សវិជ្ញៈ​សួរ​កុក​ត​ទៅ​ទៀត​ថាៈ​ «រឿង​នោះ​ មាន​ដូម្ដេច​ត​ទៅ​ទៀត​?​»​។ កុក​ចារ​បុរស​និយាយ​បន្ដ​ទៀត​ថាៈ​ «សេច​ក្ដី​ត​ទៅ​ថា​ ត្មាត​ជា​ប្រធាន​រដ្ឋ​មន្រ្ដី​និយាយ​ចំពោះ​ក្ងោក​ចិត្រ​ពណ៌​ថាៈ «ទេវ​! ប៉ុណ្ណោះ​មិន​ទាន់​សម​គួរ​ទេ សូម​លោក​ម្ចាស់​ប្រកាស​សេច​ក្ដី​ពេញ​ចិត្ដ ដទៃ​ផ្សេង​ទៀត​ផង​, ព្រោះ​ថា​៖​

១២ - នរ​ណា​ហ៊ាន​កំទេច​ជន​ដែល​លោក​ទាំង​មូល​យល់​ថា​ជា​សត្រូវ​ធំ​ក្រៃ​លែង​ដោយ​ អិត​កោត​ញញើត​? បពិត្រ​ព្រះ​រាជា​! ការ​តែង​តាំង​ជន​ថោក​ទាប​ក្នុង​តំណែង​ខ្ពស់​នោះ​ ទុក​ដូច​ជា​គំនូស​ដែល​គេ​គូស​លើ​ដី​ខ្សាច់​។ ក្នុង​កាល​ណា​ក៏​ដោយ​ គេ​មិន​ដែល​តែង​តាំង​មនុស្ស​ថោក​ទាប​អោយ​កាន់​តំណែង​ខ្ពង់​ខ្ពស់​ទេ​ ព្រោះ​ថា៖​
១៣ - មនុស្ស​ថោក​ទាប​ កាល​បើ​បាន​តំណែង​ខ្ពង់​ខ្ពស់​ តែង​តែ​ប្រាថ្នា​កំចាត់​បង់​នាយ​ខ្លួន​ ដូច​កណ្ដុរ​ដែល​តា​បស​ជប់​អោយ​បាន​ទៅ​ជា​ខ្លា ​ក៏​សង្ហា​សំលាប់​តាបស​បង់​វិញ​»​។ ក្ងោក​ចិត្រ​ពណ៌​សួរ​ថាៈ​ «រឿង​នោះ​តើ​ដូច​ម្ដេច​?​»​។ ត្មាត​ទុរទសី​ជា​ប្រធាន​រដ្ឋ​មន្រ្ដី​រៀប​រាប់​រឿង​ប្រាប់​ត​ទៅ​ថាៈ​

តទៅកថា5


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad