ស្រីហិតោបទេស ការបំបែកមិត្ដ
ភាគទី២
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី៤ រឿងសីហៈនិងឆ្មា
នៅក្នុងព្រៃអុត្តរាបថ មានសីហៈមួយឈ្មោះទុទ៌ាន្តៈ
ជាសត្វមានសេចក្តីព្យាយាមធំ អាស្រ័យនៅក្នុងភ្នំមួយឈ្មោះ អពុទសិខរៈ។
មានកណ្តុរមួយវារចូលទៅកាត់ចុងកេសរនៃសីហៈនោះរៀងរាល់ៗថ្ងៃ
ក្នុងពេលដែលសីហៈកំពុងដេកលក់ក្នុងញកភ្នំ។ កាលភ្ញាក់ពីដេកឡើងសីហៈឃើញចុងកេសរខ្លួនរេចរិលក្បិលដូច្នោះ
ក្តៅក្រហាយនឹកគ្នាន់ក្នាញ់ នឹង កណ្តុរនោះណាស់
ខំព្យាយាមលោតសង្រ្គុបចាប់រឿយៗ
តែកណ្តុរលោតរត់ចូលក្នុងព្រង់បាត់ចាប់មិនបានសោះ សីហៈគិតថា៖
៨៤ - បើសត្រូវតូច បុគ្គលមិនគប្បីចាប់បានដោយព្យាយាមក្លៀវក្លាទេ
ដើម្បីផ្ចាញ់សត្រូវនោះ បុគ្គលគប្បីរកសែន្យានុភាព
ដែលមានកំលាំងប៉ុនគ្នាមកកំរាបទើបសំរេចបាន។
លុះគិតរកអុបាយឃើញដូច្នេះហើយ សីហៈក៏ចូលទៅ ក្នុងស្រុក
ធ្វើសេចក្តីសិទ្ធស្នាលជាមួយ នឹង ឆ្មាមួយឈ្មោះ ទធិកណៈ
ល្បួងលួងលោមឆ្មានោះយកមកថ្នាក់ថ្នមរកចំណីសុទ្ធសាច់អោយជាអាហារ
ចិញ្ចឹមទុកនៅក្នុងញកភ្នំជាមួយខ្លួន។ លំដាប់នោះ
រីកណ្តុរកាលឃើញឆ្មាមកនៅជាមួយសីហៈដូច្នោះហើយ
មិនហ៊ានចេញពីព្រង់ខ្លួនសោះ។ តាំងពីកាលនោះមកសីហៈមានកេសរលូតលស់ល្អដូចប្រក្រតីដើមវិញ
ហើយដេកលក់ស្កប់ស្កល់ជាសុខសប្បាយក្សេមក្សាន្តរៀងមក។
កាលណាបើសីហៈលឺសំលេងកណ្តុរ ច្រើនរឿយៗ កាលនោះ
ទើបសីហៈខ្នះខ្នែងរកចំណីអាហារសុទ្ធតែសាច់ល្អយកមកបំប៉នឆ្មានោះយ៉ាងច្រើន។
ដល់មកថ្ងៃមួយ កណ្តុរមានក្តីស្រេកឃ្លានខ្លាំងពេកទ្រាំមិនបាន
ចេញមកខាងក្រៅត្រូវឆ្មានោះខាំសំលាប់ចោលបង់សៀតទៅ។ តមក
ដរាបណាសីហៈមិនបានប្រទះឃើញកណ្តុរអស់កាលយូរ
មិនដែលលឺសំលេងកណ្តុនោះសោះ ដរាបនោះ សីហៈមិនសូវត្រូវការប្រើឆ្មា
មិនរវល់អើពើនឹកនា និង អោយចំណីអាហារឆ្មាឡើយ។ អែឆ្មាទធិកណៈ
កាលមិនមានអាហារគ្រប់គ្រាន់ ក៏ស្គាំងស្គមថមថយកំលាំងបន្តិចម្តងៗ
ដរាបដល់បព្ចាទ្វ័ម(ស្លាប់) ទៅហោង។ ហេតុនោះហើយបានជាខ្ញុំ(ចចកទមនកៈ)
និយាយថា «ក្នុងកាលណាក៏ដោយ» ដូច្នេះជាដើម(លេខ ៨៣)។
គ្រានោះគោសញ្ជីវកៈជំរាបសួរចចក ករដកៈ
ដោយក្តីខ្លបខ្លាចថា «បពិតលោកសេនាបតី!
មេត្តាប្រោសប្រាប់ខ្ញុំបាទ តើខ្ញុំបាទមានទោសខុសអ្វី? ត្រូវធ្វើដូចម្តេច?»។ ចចក
ករដកៈប្រាប់ថា៖ «នែគោអុសកៈ! បើអែងចង់អាស្រ័យនៅក្នុងព្រៃនេះតទៅទៀត
អែងត្រូវចូលទៅក្រាបប្រណម្យទេវបាទជាម្ចាស់យើងសុំនៅទីនេះទើបបាន»
គោសញ្ជីវកៈ អង្វករថា «បើលោករ៉ាប់រងធានាការពារខ្ញុំមិនអោយមានភ័យ
ទើបខ្ញុំបាទទៅ»។ ចចក ករដកៈឆ្លើយប្រាប់ថាៈ «យី អាចង្រៃពលិព័ទ្ធ! ម្តេចអែងមិនជឿអញ
មិនអីទេកុំភិតភ័យខ្លាចអ្វី ព្រោះថា៖
៨៧ - ព្រះកេសវៈមិនបានពោលពាក្យតប
កាលព្រះរាជានៃប្រទេស(1)ចេទិ
ទ្រង់ដាក់បណ្តាសាសីហកេសរី រមែងបញ្ចេញសីហនាទ តនឹងអសនីបាត
តែមិនដែលឆ្លើយតបសំលេងចចកឡើយ។
៨៨ - ព្រះពាយ មិនរំលើងរិសគល់ស្មៅទាំងឡាយ
ដែលទាបៗហើយទន់ទោរអោនក្រាបស្រពាបទៅតាមខ្យល់សព្វកាល តែរមែងរំលើង
រិសគល់ដើមឈើធំខ្ពស់ៗ រីអ្នកធំហៅហ៊ាន
រមែងបំបាក់បំបបចំពោះអ្នកធំហៅហ៊ានដូចគ្នា។ កាលនោះ ចចកទាំងពីរបណ្តើរគោសញ្ជីវកៈទៅ
បង្គាប់គោអោយឈរនៅខាងក្រៅ ក្នុងទីមួយមិនឆ្ងាយប៉ុន្មាន
ទើបចូលទៅកាន់សំណាក់បិង្គលកៈ
ក្រាបថ្វាយបង្គំហើយអង្គុយក្នុងទីគួរមួយ។
បិង្គលកៈក្រលេកមើលឃើញចចកទាំង ពីរនោះមកដល់
ត្រេកអររីករាយណាស់ទទួលរាក់ទាក់ដោយអាការគួរសមក្រៃងលែង
ហើយសួរទៅភ្លាមថា «ម្តេចទៅ! អែងឃើញអាសត្វនោះរឺទេ?»។ ចចកទមនកៈ ជំរាបថា «បពិត ព្រះទេវបាទ!
អាសត្វចង្រៃនោះ យើងខ្ញុំឃើញហើយ សត្វនោះស្លូតបូតទេ
តែធាត់ធំមាំមួនមានកម្លាំងខ្លាំងណាស់ ដូចលោកម្ចាស់ឈ្វេងយល់ប្រាកដ
អីលូវនេះវា ចង់ចូលមកក្រាបបង្គំគាល់ផ្ទាល់ខ្លួន
សូមលោកម្ចាស់រៀបចំរង់ចាំទទួល។ សព្វបើលឺសំលេងខ្លាំងប៉ុណ្ណោះលោក
ម្ចាស់ពុំគួរគប្បីភ័យខ្លាចទេ ព្រាះថា៖
៨៩(2) - សព្វបើសំលេងខ្លាំង
បើមិនទាន់ដឹងហេតុការណ៍នៃសំលេងនោះទេ
បុគ្គលមិនគួរគប្បីភ័យខ្លាចឡើយ ស្រ្តីមេអណ្តើកមា្នក់
គ្រាន់តែដឹងច្បាស់នូវហេតុសំលេងប៉ុណ្ណោះបានទៅជាស្រ្តីដែលគេគួរគោរព»។ បិង្គលកៈ សួរថាៈ «រឿងនោះតើដូចម្តេច?»។ ចចកទមនកៈរៀបរាប់រឿងនោះថា៖
………………………………………………….
(1)ព្រះរាជាអង្គនេះព្រះនាមសិសុបាលជាស្តេច
ក្រុងចេទិ មានអគ្គមហេសីមួយអង្គនាមនាងរុក្មីនី។
ក្រិស្ណៈលបលួចយកនាងរុក្មីនីជាអគ្គមហេសីព្រះអង្គ
ក៏កើតជាចំបាំងរវាងក្រិស្ណៈនិងព្រះបាទសិសុបាលឡើង
កាលនោះព្រះបាទសិសុបាលដាក់សំបថព្រះកេសវៈគឺព្រះអីសូរ។
(2)ហិតោបទេស សេចក្តីប្រែ ភាសាបារាំង
នៃលោកឡង់សឺរ៉ូ និង ភាសាសៀមនៃលោកនាគប្រទីបមានគាថាលើសដូច្នេះគឺ
ទឹកហូរ ទំលាយស្ពានបាន ការមិនចេះរក្សាការសំងាត់ ទំលាយការកំបាំងបាន
ពាក្យញុះញុងទំលាយមិត្រភាពបាន សំរែកខ្លាំង ទំលាយជនកំលាចបាន។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment