ការបំបែកមិត្ដ ភាគទី២: កថាទី៥ រឿងស្រ្តីពេស្យានិងគង - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

ការបំបែកមិត្ដ ភាគទី២: កថាទី៥ រឿងស្រ្តីពេស្យានិងគង


ស្រីហិតោបទេស ការបំបែកមិត្ដ ភាគទី២
ភិក្ខុក ប៉ាង ខាត់ វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី៥ រឿងស្រ្តីពេស្យានិងគង

នៅ​កណ្តាល​ភ្នំ​ស្រី​បព៌ត​ មាន​នរ​គរ​មួយ​ឈ្មោះ​ព្រហ្ម​បូរៈ​។ អ្នក​ផង​ទាំង​ពួង​តែង​លឺ​ជន​ប្រវាទ(3)​ ​ ពាក្យ​ ចចាម​អារ៉ាម​ ថា​ នៅ​លើ​ភ្នំ​នោះ​ មាន​អារក្ស​មួយ​ឈ្មោះ​ឃណ្ឌា​កណ៌ៈ​អាស្រ័យ​នៅ​។ ថ្ងៃ​មួយ​មាន​ចោរ​ម្នាក់​ចូល​ មក​លប​លួច​យក​គង​អ្នក​ស្រុក​បាន​មួយ​ ហើយ​រត់​គេច​វេះ​ភៀស​ខ្លួន​ចូល​ទៅ​ពួន​ក្នុង​ព្រៃ​ភ្នំ​ ប្រទះ​នឹង​ខ្លា​មួយ​ ត្រូវ​ខ្លា​​នោះ​សង្រ្គប់​ចាប់​ហែក​ជញ្ជែង​ស៊ី​ដល់​ក្តី​មរណៈ​ទៅ​។ អែ​គង​នោះ​បាន​ទៅ​ក្នុង​កណ្តាប់​ដៃ​ស្វា​ទាំង​ឡាយ​។ ពួក​ពានរ​បាន​គង​ហើយ​ វាយ​ពាត​​លោត​លេង​លាន់​លឺ​មោង​ម៉ាង​ៗ​ បរ​ព្រៃ​រំពង​ទួ​​ទៅ​រឿយ​ៗ​។
អែ​ចោរ​លួច​គង​នោះ​អ្នក​ស្រុ​ក​បាន​ដឹង​លឺ​ប្រាកដ​ថា​ ខ្លា​ខាំ​ហែក​ស៊ី​ស្លាប់​ទៅ​ហើយ​ ក៏​នឹក​ឆ្ងល់​គ្រប់​គ្នា​ថា​ហេតុ​ដូច​ម្តេច​ក៏​នៅ​តែ​លឺ​សូរ​សំលេង​គង​មោង​​ម៉ាង​ៗ​រឿយ​ៗ​ដូច្នេះ​ទៀត​។ ដោយ​ការ​មិន​ដឹង​ហេតុ​នៃ​សំលេង​គង​នោះ​ ប្រជា​ជន​ភិត​ភ័យ​ខ្លាច​ នឹក​ស្មាន​តែ​ផ្តេស​ផ្តាស​ថា​ «ប្រហែល​ជា​អារក្ស​កំណាច​ចង្រៃ​ចាប់​មនុស្ស​ស៊ី​ជា​អាហារ​ ហើយ​វាយ​ពាត​​គង​លេង​»​ ក៏​បបួល​គី​គ្នា​រត់​ចេញ​ ពី​ក្រុង​អស់​រលីង​។ កាល​នោះ​មាន​ស្រ្តី​ពេស្យា​ម្នាក់​ឈ្មោះ​នាង​ ករាលា​ ខំ​ត្រិះ​រិះ​ពិចារ​ណា​រាវ​រក​ហេតុ​នៃ​សំលេង​គង​ ដ៏​ប្លែក​នោះ​ រហូត​ទាល់​តែ​ដឹង​ហេតុ​ប្រាកដ​ថា​ ពួក​ពានរ​បាន​គង​នោះ​ពី​ចោរ​ដែល​ខ្លា​ខាំ​ស៊ី​ យក​ទៅ​វាយ​ពាត​លោត​​លេង​ជា​ល្បែង​។ នាង​ករាលា​ ក៏​ចូល​ទៅ​ក្រាប​បង្គំ​គាល់​ព្រះ​នបតី​ យក​សេច​ក្តី​ថ្វាយ​ព្រះ​យោ​បល់​ថាៈ​ ទេវ​! បើ​ទ្រង់​ ព្រះ​ករុណា​ប្រ​ទាន​រង្វន់​ខាន់​ខៅ​ច្រើន​ដល់​នាង​ខ្ញុំ​ម្ចាស់​ នាង​ខ្ញុំ​ម្ចាស់​ធានា​នឹង​ទៅ​សម្លាប់​អារក្ស​ឃណ្ឌា​កណ៌ៈ​​អោយ​បាន​។ ព្រះ​រាជា​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​នាង​ពិត​ទូល​ហើយ​ មាន​ព្រះ​ទ័យ​ រីក​រាយ​សប្បាយ​ណាស់​ ប្រ​ទាន​ទ្រព្យ​សម្បត្តិ​ តាម​នាង​ត្រូវ​ការ​។ នាង​ពេស្យា​ចាត់​ចែង​មណ្ឌល​ពិធី​បួង​សួង​ គោរព​ចំពោះ​ព្រះ​គណេស​ និង ទេព្ដា​ទាំង​ឡាយ​ ហើយ​ ទើប​យក​ផ្លែ​ឈើ​ទាំង​ឡាយ​ដែល​ស្វា​តែង​ចូល​ចិត្ត​ចូល​ទៅ​ក្នុង​ព្រៃ ចោល​ផ្លែ​ឈើ​នោះ​រាត់​​រាយ​រដូក​រណែល​លើ​​ផែន​ដី​។ កាល​នោះ​ រី​បង​ពានរ​ទាំង​ឡាយ​ កាល​ក្រលេក​ឃើញ​ផ្លែ​ឈើ​ក៏​ចោល​គង​ពី​ដៃ​ ស្ទុះ​ទៅ​រើស​យក​។​ នាង​ពេស្យា​រើស​យក​គង​បាន​ហើយ​ត្រលប់​ចូល​មក​ក្រុង​វិញ​ បាន​ជា​ទី​គោរព​សក្ការ​បូជា​នៃ​ប្រជា​ទាំង​មូល​តាំង​ពីកាល​នោះ​មក​។ ហេតុ​នោះ​ទើប​បាន​ជា​ខ្ញុំ​បាទ​ (ចចក​ទមនកៈ) ជំរាប​ថាៈ​ «សព្វ​បើ​លឺ​សំលេង​ខ្លាំង​» ដូច្នេះ​ជា​ដើម​(លេខ​ ៨៩)​។
លំដាប់​នោះ​ ចចក​ទាំង​ពីរ​ នាំ​គោ​សញ្ជី​វកៈ​មក​ប្រ​គល់​បិង្គ​លកៈ​។ ក្នុង​កាល​ត​មក​ មិន​យូរ​ប៉ុន្មាន​គោស​ញ្ជី​វក​ និង​បិង្គ​លកៈ​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មិត្ត​សិទ្ធ​ស្នេហា​យ៉ាង​ជិត​រហូត​អស់​កាល​យូរ​។ ថ្ងៃ​មួយ​មាន​សីហៈ​មួយ​ទៀត ឈ្មោះ​ស្តព្ធ​កណ​ ត្រូវ​ជា​បង​បង្កើត​នៃ​បិង្គ​លកៈ​ មក​ជួប​លេង​សប្បាយ​។ បិង្គ​លកៈ​មាន​ភារៈ​ត្រូវ​ទទួល​ភ្ញៀវ​រៀប​ដំណើរ​ចរ​ចេញ​ទៅ​ព្រៃ​ដើម្បី​ស្វះ​ស្វែង​រក​ចាប់​ម្រឹគ​មក​ធ្វើ​ជា​ចំណី​អាហារ​លៀង​ភ្ញៀវ​។​ ក្នុង​សំដាប់​នោះ​អែង​ គោស​ញ្ជី​វកៈ​សួរ​ទៅ​ថាៈ ​«ទេវ​! ថ្ងៃ​នេះ​យើង​បាន​សាច់​ម្រឹគ​ស្លាប់​មក​ពី​ណា​?​។ បិង្គ​លកៈ​ឆ្លើយ​ថា «ចចក​ករ​ដកៈ​ និង ទម​នកៈ​ដឹង​រឿង​ហើយ​»​។ គោស​ញ្ជី​វកៈ​និយាយ​ថាៈ​ «ត្រូវ​តែ​មើល​អោយ​ដឹង​ថា​ សាច់​នោះ​នៅ​មាន​ រឺ មួយ​ក៏​អស់​រលីង​ហើយ​»​។ បិង្គ​លកៈ​ពិនិត្យ​រួច​ហើយ​ ឆ្លើយ​ប្រាប់​មក​វិញ​ថា​ «សាច់​នោះ​គេ​ស៊ី​អស់​រលីង​ហើយ​»​។ គោ​សញ្ជី​វកៈ​ពោល​ឡើង​ទៀត​ថា​ «ក្រាប​ទូល​ ចចក​ទាំង​ពីរ​នេះ​ ម្តេច​ក៏​ហ៊ាន​ស៊ី​សាច់​ទាំង​ដុល​អស់​រលីង​ហ្ន៎!​»​។ បិង្គ​លកៈ​និយាយ​បន្ទោស​ថា​ «អើ​! គេ​ស៊ី​ខ្លួន​គេ​ខ្លះ​ផង​ចែក​អោយ​ទៅ​អ្នក​ដទៃ​ខ្លះ​ផង​ ខ្ជះ​​ខ្ជាយ​ចោល​ខ្លះ​ផង​ទៅ​ណា៎​! គេ​ធ្វើ​តែ​យ៉ាង​ហ្នឹង​អែង​រាល់​តែ​ថ្ងៃ​»​។ គោ​សញ្ជី​វក​ពោល​ថា​ «ដូច​ម្តេច​ក៏​ហ៊ាន​ធ្វើ​តាម​ទំនើង​ចិត្ត​ខ្លួន​អែង​ ដោយ​មិន​បាន​ទទួល​សេច​ក្តី​អនុញ្ញាត​ពី​​លោក​ទេវ​បាទ​សោះ​?​»​។ បិង្គ​លកៈ​និយាយ​ត​ទៅ​ទៀត​ថា​ «គេ​ធ្វើ​យ៉ាង​នេះ​អែង​អិត​កោត​ក្រែង​រអែង​ចិត្ត​យើង​ទេ​​»​។ កាល​នោះ​គោ​សញ្ជីវកៈ​និយាយ​ថា «ធ្វើ​ដូច្នេះ​ មិន​គួរ​សម​សោះ​» ព្រោះ​ថា​៖
៩០ - សេវ​កាមាត្យ​ បើ​មិន​ទាន់​ប្រាប់​ម្ចាស់​អោយ​ដឹង​មុន​ មិន​ត្រូវ​ធ្វើ​អ្វី​តាម​ទំនើង​ខ្លួន​ឡើយ​ លើក​លែង​តែ​កិច្ច​ការ​ដែល​ត្រូវ​ការ​ពារ​ម្ចាស់​។
៩១ -អាមាត្យ​គួរ​មាន​លក្ខណៈ​ប្រៀប​ដូច​ក្អម​តា​បស​រិស្សី​ វេលា​ចាក់​ចេញ​តិច​ វេលា​ដង​បាន​​ច្រើន​ បពិត​ព្រះ​នរប​តី​! អ្នក​ពោល​ថា​ធ្វើ​អ្វី​កើត​មួយ​ខណៈ​ ជា​មនុស្ស​ល្ងង់​ខ្លៅ​ ធ្វើ​អ្វី​កើត​មាន​ប្រាក់​បន្តិច​ជា​មនុស្ស​ក្រី​ក្រ​។
៩២ - នរ​ជន​ណា ក​ពូន​ទ្រព្យ​សម្បត្តិ​ សូម្បី​មួយ​កា​កណិក​សំរាប់​ព្រះ​រាជា​គ្រប់​ៗ​កាល​ នរ​ជន​នោះ​ទើប​ជា​អាមាត្យ​ពិត​មែន​ ព្រោះ​ឃ្លាំង​ជា​ជីវិត​នៃ​ស្តេច​ ជីវិត​គឺ​ការ​រស់​នៅ​មិន​មែន​ជា​ជីវិត​នៃ​ស្តេច​ទេ​។
៩៣ -បុរស​ខ្សត់​ទ្រព្យ​ បើ​ទុក​ជា​ប្រព្រឹត្ត​តាម​គន្លង​ធម៌​នៃ​ត្រកូល​ ក៏​មិន​ជា​ទី​សេព​គប់​នៃ​ជន​ដទៃ​ទេ​ សូម្បី​ប្រពន្ធ​ខ្លួន​ក៏​លះ​បង់​ខ្លួន​ចោល​ដែរ​ ចាំ​បាច់​និយាយ​ថ្វី​ដល់​ជន​ដទៃ​ អំពើ​ត​ទៅ​នេះ ជា​ប្រធាន​សេ​ច​ក្តី​អន្ត​រាយ​នៃ​រាជ​សម្ប​ត្តិ​​
៩៤ - ការ​ចាយ​វាយ​ហួស​ប្រមាណ​ ការ​ពិនិត្យ​ត្រួត​ត្រា​មិន​ដិត​ដល់​ ការ​បាន​ទ្រព្យ​ខុស​គន្លង​ធម៌​ នឹង​ចាយ​ខ្ជះ​ខ្ជាយ​នៃ​អ្នក​នៅ​ឋាន​ឆ្ងាយ​ ទាំង​អស់​នេះ​លោក​ពោល​ថា​ «ការ​វិនាស​នៃ​ឃ្លាំង​»​
៩៥ - បុគ្គល​មិន​ពិចា​រណា​មើល​ទ្រព្យ​ដែល​ត្រូវ​រក​បាន​ ចាយ​វាយ​រផាត់​រទាំង​តាម​អំ​ពើ​ចិត្ត​ខ្លួន​ សូម្បី​អ្នក​មាន​ទ្រព្យ​ដូច​ព្រះ​វៃ​ស្រ​វ័ណ(4)ក៏​មិន​យូរ​ប៉ុន្មាន​ គង់​នឹង​ដល់​នូវ​ការ​អន្តរ​ធាន​រលីង​មិន​ខាន​។
សីហៈ​ស្តព្ធ​ក​ណ៌ៈ​ពោល​ឡើង​ថា «នែ​បង​បិង្គ​លកៈ​អើយ​! ស្តាប់​ខ្ញុំ​និយាយ​សិន​ ចចក​ទម​នកៈ​ទាំង​ពីរ​នេះ​អាស្រ័យ​នៅ​​ជា​មួយ​បង​មក​អស់​កាល​យូរ​ហើយ​ ជា​សេនា​បតី​កាន់​កាប់​កិច្ច​ការ​រក្សា​សន្តិ​ភាព​ និង​ធ្វើ​សង្រ្គាម​ច្បាំង​ត​តាំង​សត្រូវ​ បង​មិន​ត្រូវ​យក​ ទៅ​ប្រើ​ប្រាស់​អោយ​កាន់​អថា​ធិការ​ (ការ​ឃ្លាំង​)​ ទេ​។ មួយ​ទៀត​ ខ្ញុំ​សូម​រៀប​រាប់​ពីការ​ ចាត់​ចែង​អាមាត្យ​អោយ​ធ្វើ​ការ​ តាម​ដែល​ខ្ញុំ​បាន​ដឹង​លឺ​មក​ដូច​សេ​ច​ក្តី​ត​​ទៅ​នេះ​៖​
៩៦ - ព្រាហ្មណ៍​ អ្នក​ចំបាំង​ និង ផៅ​ពង្ស​ មិន​គួរ​លើក​អោយ​ធ្វើ​ក្នុង​ការ​ឃ្លាំង​ទេ​ ព្រោះ​ព្រាហ្មណ៍​សូម្បី​មាន​សិទ្ធិ​ត្រូវ​អោយ​ ក៏​មិន​ព្រម​បើក​ទ្រព្យ​អោយ​ បើ​ទុក​ជា​អោយ​ ក៏​អោយ​ដោយ​ពិបាក​ណាស់​។
៩៧ - ​អ្នក​ចំបាំង​កាន់​ការ​ឃ្លាំង​ទ្រព្យ​ ទៀង​ណាស់​តែ​នឹង​កាន់​ ក្របី​សំដែង​រិទ្ធិ​ បើ​អោយ​ផៅ​ពង្ស​កាន់​វិញ​ គេ​គិត​តែ​ពី​កាញ់​យក​ទ្រព្យ​សម្បត្តិ​អស់​ ដោយ​អាង​ថា​ខ្លួន​គេ​ជា​ញាតិ​។​
៩៨ - ខ្ញុំ​បំរើ​ចាស់​ សូម្បី​ធ្វើ​ការ​ភ្លាត់​ខុស​ ក៏​មិន​ក្រែង​រអែង​ចិត្ត​ម្ចាស់​ គេ​តែង​មើល​ងាយ​ម្ចាស់​ ធ្វើ​ការ​អ្វី​ៗ​តាម​អំពើ​ចិត្ត​។
៩៩ -​បុគ្គល​ កាល​ឋិត​នៅ​ក្នុង​តំណែង​ តាំង​ចិត្ត​ធ្វើ​ការ​ជា​អុប​ការៈ​មិន​សំគាល់​ថា​ខ្លួន​​ធ្វើ​ការ​ខុស​ទេ​ តែង​យក​អុប​ការៈ​ជា​ទង់​ជ័យ​បាំង​មុខ​ហើយ​និង​ធ្វើ​ការ​បំផ្លាញ​ប្រទេស​ទាំង​មូល​។​
១០០ - អាមាត្យ​ជា​អ្នក​ធ្លាប់​លេង​ល្បែង​ជា​មួយ​ស្តេច​ ទៀង​ណាស់​តែង​តាំង​ខ្លួន​ធ្វើ​រិក​ជា​ស្តេច​ មើល​ងាយ​ស្តេច​គ្រប់​កាល​ទាំង​ពួង​ព្រោះ​ការ​ធ្លាប់​ស្និទ្ធ​។​
១០១ - អាមាត្យ​ប្រ​ទុស្ត​ដោយ​ផ្លូវ​កំបាំង​ ចេះ​ធ្វើ​អត់​ធន​ណាស់​ ហើយ​មិន​ធ្វើ​ការ​ងារ​អ្វី​សព្វ​ជំពូក​ជា​ប្រយោ​ជន៏​សោះ ក្នុង​រឿង​នេះ​ ព្រះ​ភូ​បតី​អាច​យក​អាមាត្យ​ឈ្មោះ​ សកុនី​(5) និង ​អាមាត្យ​ឈ្មោះ​សកដារ​ (6) ជា​អ្នក​ប្រទុស្ត​មក​ជា​អុទា​ហរណ៍​បាន​។
១០២(7) - គ្រប់​ការ​ទាំង​ពួង​អាមាត្យ​ទាំង​អស់​ដែល​ នឹង ត្រូវ​តែង​តាំង​ មិន​គួរ​អោយ​បរិ​បូណ៌​ដោយ​ទ្រព្យ​ទេ​ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ប្រាប់​អុប​ទេស​ថា​ «រិទ្ធិ​ គឺ​ការ​មាន​ទ្រព្យ​ច្រើន​ អាច​ផ្លាស់​ប្ដូរ​​ចិត្ត​មនុស្ស​អោយ​ទៅ​ផ្សេង​ៗ​បាន​។
១០៣ - លួច​យក​ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ (8)ប្រ​វពា្ចន៍​បំបាត់​ ទ្រព្យ​ បណ្តោយ​តាម​ចិត្ត​ម្ចាស់​ ព្រ​ងើយ​កន្តើយ​ភាព​ជា​បុគ្គល​អិត​វិចារ​ ភ្លើត​ភ្លើន​​សប្បាយ​ទាំង​អស់​នេះ​ជា​គ្រឿង​ប្រទូស្ត​នៃ​អាមាត្យ​។
១០៤ - ប្រើ​មធ្យោ​បាយ​ដក​យស​ស័ក្តិ​ ត្រួត​ត្រា​មើល​ជា​និច្ច​ ប្រទាន​អោយ​ឡើង​នាទី​ ផ្លាស់​ចេញ​ពី​នាទី​ នេះ​ជា​ប្រសាសន៍​វិធី​នៃ​ស្តេច​ដែល​ត្រូវ​ធ្វើ​ចំពោះ​អាមាត្យ​។
១០៥ - ដោយ​ច្រើន​ អាមាត្យ​កាន់​អំណាច​ បើ​គេ​សង្កត់​រឹត​ត្បិត​ទើប​ធ្វើ​អោយ​ចំរើន​ ព្រះ​រាជ​ទ្រព្យ​នៃ​ម្ចាស់​ផែន​ដី​ប្រៀប​ដូច​បូស​កាច​ បើ​គេ​ច្របាច់​ទើប​ខ្ពុរ​ខ្ទុះ​ចេញ​។
១០៦ -អាមាត្យ​កាន់​ឃ្លាំង​ប្រាក់​ ព្រះ​រាជ​គួរ​សង្កត់​សង្កិន​អោយ​រឿយ​ៗ​ សំពត់​សំរាប់​ងូត​ទឹក បើ​គេ​ពូត​អស់​វារៈ​តែ​ម្តង នឹង​ សំរក់​ទឹក​ចេញ​ភ្លាម​ មិន​មែន​រឺ​?​
បុគ្គល​កាល​បាន​ដឹង​ច្បាស់​នូវ​ហេតុ​ការណ៏​ដូច្នេះ​សព្វ​គ្រប់​ហើយ​គប្បី​ចាត់​ចែង​ការ​ ងារ​អោយ​មាន​របៀប​រៀប​រយ​​ត​ទៅ​ ទាន់​មាន​អោកាស​ល្អ​។ បិង្គ​លកៈ​និយាយ​សំរប​ថា មាន​ហេតុ​ការណ៍​ពិត​ដូច្នោះ​មែន​ហើយ​ តែ​ធ្វើ​ម្តេចហៈ​! អា​មាត្យ​ទម​នកៈ​ និង ករ​ដកៈ​ ទាំង​ពីរ​នេះ មិន​ធ្វើ​តាម​ពាក្យ​បង្គាប់​យើង​សោះ​។ ស្តព្ធ​កណ៌ៈ​និយាយ​ទៀត​ថា «បើ​ដូច្នោះ​ ប្អូន​មិន​ត្រូវ​បណ្តោយ​អោយ​ខូច​ខាត​ការ​នេះ​ត​ទៅ​ទៀត​ទេ ​ព្រោះ​ថា​៖
១០៧ - ព្រះ​រាជា​ មិន​ត្រូវ​អត់​ទោស​សោះ​ សូម្បី​ព្រះ​រាជ​បុត្រ​ដែល​ធ្វើ​អោយ​ខូច​ព្រះ​រាជ​អាជ្ញា​ បើ​មិន​ដូច្នោះ​ទេ មាន​សេ​ច​ក្តី​ប្លែក​គ្នា​ដូច​ម្តេច​ខ្លះ​ហ្ន៎​ រវាង​ព្រះ​រាជា​ និង ព្រះ​រាជា​រូប​គំនូរ​?​
១០៨ - មនុស្ស​រឹង​រូស​វិនាស​យស​ មនុស្ស​មាន​ចិត្ត​មិន​ស្មើ​គ្នា​ បាត់​មិត្ត​ភាព​ មនុស្ស​វិកល​អិន្រ្ទីយ៍​មិន​មាន​ត្រកូល​ មនុស្ស​ល្មោភ​មិន​មាន​ធម៌​ មនុស្ស​ធ្វើ​សេ​ច​ក្តី​អន្តរា​យ ខាត​ផល​វិជ្ជា​ មនុស្ស​កំណាញ់​វិនាស​សេច​ក្តី​សុខ​ អែ​ព្រះ​នរា​ធិបតី​ មាន​តែ​អាមាត្យ​ឡែប​ឡប​ស្រវឹង​លាភ​យស​ វិនាស​រាជ្យ​។
១០៩ - មែន​ពិត​ ព្រះ​រាជា​ដូច​បិតា​ ត្រូវ​រក្សា​ការ​ពារ​ប្រជា​ករ​អោយ​ផុត​ភយន្ត​រាយ​ ដែល​កើត​ពី​ចោរ​ពី​អាមាត្យ​មុខ​​មន្រ្តី​ ពី​សត្រូវ​ក្រៅ​ប្រទេស​ ពី​បរិវា​ជំនិត​ព្រះ​អង្គ​ និង សេច​ក្តី​លោភ​របស់​ព្រះ​អង្គ​អែង​។
នែ​ប្អូន​អើយ​! ចូល​ប្អូន​ធ្វើ​តាម​ពាក្យ​ដាស់​តឿន​បង​ គួរ​យើង​រៀប​ចាត់​ចែង​របៀប​ អោយ​រៀប​រយ​តាំង​ពី​ពេល​នេះ​ត​ទៅ​។ គោស​ញ្ជីវ​កៈ​នេះ​ ស៊ី​ស្មៅ​សន្ទូង​ជា​ចំណី​អាហារ​ គួរ​ប្រគល់​ការ​អោយ​ធ្វើ​ជា​មេ​ឃ្លាំង​ព្រះ​រាជ​ទ្រព្យ​ និង​ចាត់​ ចែង​ខាង​ស្បៀង​។ កាល​បិង្គលកៈ​ បាន​ចាត់​ចែង​តាម​ពាក្យ​ដាស់​តឿន​ស្តព្ធ​កណ៌ៈ​ដូច្នេះ​ហើយ​ សត្វ​ទាំង​ពីរ​គឺ​បិង្គលកៈ​ និង គោ​សញ្ជី​វកៈ​ លះ​បង់​ផៅ​ពង្ស​ញាតិ​សន្តាន​ ព្រម​ទាំង​សេវ​កាមាត្យ​ចោល​មិន​សូវ​នឹក​នា​ដូច​កាល​ដើម​ទេ​ ហើយ​​ញ៉ាំង​កាល​អោយ​ប្រព្រឹត្ត​កន្លង​ទៅ​ដោយ​សេច​ក្តី​ស្នេហា​ដ៏​ក្រៃ​លែង​ចំពោះ​គ្នា​តែ​ពីរ​នាក់​។ លំដាប់​ត​មក​ ចចក​ទមន​កៈ​ និង ករ​ដកៈ​ ព្រម​មួយ​អន្លើ​ដោយ​ពួក​សេវ​កាមាត្យ​ ឃើញ​ម្ចាស់​មិន​រវល់​នឹក​នា​អោយ​ចំណី​អាហារ​គ្រប់​គ្រាន់​ និង​ បរិ​ភោគ​ដូច្នេះ​ ចេះ​តែ​ខ្សិប​ខ្សៀវ​គ្នី​គ្នា​ទៅ​វិញ​ទៅ​មក​ កាល​នោះ ចចក​ទមន​កៈ​និយាយ​ នឹង ចចក​ករ​ដកៈ​ថា «នែ​សំលាញ់​យើង​​​គិត​ធ្វើ​ដូច​ម្តេច​ហៈ​ នេះ​ជា​កំហុស​យើង​​ធ្វើ​អោយ​ខុស​ខ្លួន​អែង​ ហើយ​មក​យំ​សោក​ក្តៅ​ក្រហាយ​ស្តាយ​ក្រោយ​ធ្វើ​ដូច្នេះ​មិន​ល្អ​មើល​ ព្រោះ​ថា​៖
១១០ - មនុស្ស​៣​នាក់​ត្រូវ​ទទួល​ទុក្ខ​លំបាក​ ព្រោះ​ទោស​កំហុស​ខ្លួន​អែង​ គឺ​រូប​ខ្ញុំ​ ព្រោះ​ទៅ​ពាល់​រូប​គំនូរ​នាង​ស្វណ៌​រេខា​ នាង​មេ​អណ្តើក​ ព្រោះ​ព្រម​អោយ​គេ​ចង​ខ្លួន​អែង​ជំនួស​ នឹង ពាណិជ ព្រោះ​ការ​លួច​យក​កែវ​មណី​។ ចចកដ​រកៈ​សួរ​ថា «ចុះ​រឿង​នោះ​ដូច​​ម្តេច​?​»​។ ចចក​ទម​នកៈ​និយាយ​រឿង​នោះ​ប្រាប់​ត​ទៅ​ថា​៖ តទៅកថា៦
………………………………………………….
(3)ពាក្យ​ផ្តេស​ផ្តាស។
(4)នាម​ព្រះ​កុវេរៈ​ ជា​ទេព​តា​មាស​ទ្រព្យ​សម្បត្តិ​។
(5)មន្រ្តី​ទុ​រយោធ​ ត្រូវ​ជា​បិតុ​លា​ពួក​កៅ​រវៈ​។
(6)មន្រ្តី​ព្រះ​បាទ​នន្ទៈ​ ជា​ស្តេច​នៃ​មគធៈ​មើល​រឿង​កដាសរ​តិសា​គរ​)។
(7)ហិ​តោ​បទេស​របស់​លោក​ឡង់​សឺ​រូ​ប្រែ​ថា​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មិន​ត្រូវ​បំប៉ន​អោយ​អា​មាត្យ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ទេ​ អុប​ទេស​នៃ​អ្នក​ប្រាជ្ញ​ថា «ទ្រព្យ​ច្រើន​នាំ​អោយ​ផ្លាស់​ទឹក​ចិត្ត​មនុស្ស​»​
(8)ហិតោ​បទេស​ របស់​លោក​នាគ​ប្រទីប​ ត្រង់​ពាក្យ​ថា​ ប្រាប្ដា​ថិ​​គ្រហណៈ​ ថា​មិន​កាន់​ទុក​អោយ​បាន​នូវ​ប្រយោ​ជន៍​ដែល​ដល់​ហើយ​ សេច​ក្ដី​ប្រែ​នេះ​គួរ​អោយ​មាន​សេច​ក្ដី​ឆ្ងល់​។



ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 





No comments:

Post a Comment

Post Top Ad