គតិលោក ភាគ៣: រឿង៖ ក្រពើផើមចង់ស៊ីថ្លើមស្វា - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

គតិលោក ភាគ៣: រឿង៖ ក្រពើផើមចង់ស៊ីថ្លើមស្វា


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៣
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងក្រពើផើមចង់ស៊ីថ្លើមស្វា

      តំរា​ឃ្លាន គិត​បញ្ឆោត លុះ​គេ​ចោទ ឆោត​ប្រាប់​គេ កាល​ណោះ ព្រះ​ពុទ្ធ​ជា​ម្ចាស់​យើង​នៅ​ក្នុង​កាល​បញ្ញា​បារមី អន្ទោល​ជាតិ​កើត​ជា​សត្វ​ពានរ​ ហៅ​ថា​មហា​គបិន្ទ​កប ដោយ​កំលាំង​ក្លាហាន​ អាស្រ័យ​នៅ​ព្រៃ​ត្រើយ​ស្ទឹង​ធំ​១ ស្ទឹង​នោះ​មាន​កោះ​១ ប្រកប​ដោយ​ផ្លែ​ឈើ​មើម​ឈើ​បរិ​បូណ៌​ ទី​ក្បាល​កោះ​នោះ​មាន​ដី​ខ្សាច់​នឹង​ដុំ​ថ្ម​១ ដុះ​នា​កណ្ដាល​ទី​នោះ​ជិត​នឹង​ត្រើយ ពោធិ​សត្វ​តែង​លោត​ផ្លោះ​អំពី​ត្រើយ​ទៅ​ដល់​កោះ​នោះ ដើម្បី​ស្វែង​ ផលា​ផល​រាល់​ៗ​ថ្ងៃ​។ គ្រា​កាល​ណោះ មាន​ សត្វ​ក្រ​ពើ​ញី​ឈ្មោល​ជា​ប្ដីប្រ​ពន្ធ អា​ស្រ័យ​នៅ​ក្រោម​ស្ទឹង​នោះ​ឯង លុះ​នៅ​យូរ​មក​មេ​ក្រ​ពើ​នោះ​ ផើម គឺ​មាន​គភ៌ នឹង​ពង​ កើត​ក្ដី​ទោ​ហលា​ចំណង់​ចង់​ស៊ី​ថ្លើម​ពានរ ទើប​និយាយ​នឹង​ក្រ​ពើ​ឈ្មោល​ថា « ខ្ញុំ​មាន​ក្ដី​ចង់​ទទួល​ទាន​ថ្លើម​មហា​ពានរ​នោះ​ ជា​ខ្លាំង​ណាស់​បើ​អ្នក​មិន​គិត​រក​អោយ​ខ្ញុំ​បរិ​ភោគ​ក្នុង​សម័យ​នេះ ខ្ញុំ​នឹង​ស្លាប់​ចោល​អ្នក​ឯង​ជា​ប្ដី​សំលាញ់​ហើយ»​

     ឯ​ក្រ​ពើ​លឺ​ប្រ​ពន្ធ​ពោល​ដូច្នោះ ក៏​លោម​ទៅ​ថា «ហៃ​មេ​កុម្ភី​មាស​បង​! នាង​មាន​ក្ដី​បំណង​ប៉ង​សាច់​ថ្លើម​នៃ​ពានរ​នោះ ជា​ភ្នាក់​ងារ​បង​នឹង​ទៅ​រក​មក​អោយ​ប្អូន​បាន​ក្នុង​កាល​ថ្ងៃ​នេះ ព្រោះ​មាន​ផ្លូវ​១ នៅ​ខាង​លើ​ទី​យើង មាន​មហា​ពានរ​១ តែង​លោត​ផ្លោះ​ឆ្លង​ពី​ត្រើយ​ទៅ​កោះ ពី​កោះ​ទៅឯ​ត្រើយ​វិញ ដូច្នេះ​បង​នឹង​ទៅ​ចាំ​លាក់​ខ្លួន​ពួន​អែប​នៅ​ខាង​ដុំ​ថ្ម​ធំ ចាំ​គោះ​មហា​ពានរ​នោះ​ត្រា​តែ​បាន» ថា​ហើយ​ចៅ​កុម្ភា​ក៏​ហែល​លីលា​ត្រង់​ទៅ​ទី​ដុំ​ថ្ម​ធំ ដល់​ហើយ​តាំង​ឡើង​ក្រាប​លើ​ដុំ​ថ្ម​ធ្វើ​អាការ​ដូច​ថ្ម ដើម្បី​អោយ​ពោធិ​សត្វ​សំគាល់​ថា​​ជា​ដុំ​ថ្ម នឹង​លោត​ទៅ​លើ​ខ្លួន​នឹង​ងាយ​ចាប់​។

     ឯមហាបិន្ទរាជ លុះពេលល្ងាចត្រជាក់បរិភោគផលាផលឆ្អែតហើយ នឹងវិលទៅខាងត្រើយនាយវិញលុះលោតចុះចាក​កោះ​ផ្លោះ​មក​ដល់​ទី​ ឆ្នេរ​ស្ទឹង ហើយ​នឹង​លោត​ទៅ​ជាន់​ដុំ​ថ្មកណ្ដាលនោះ បែរទៅឃើញកុម្ភាក្រាបលើថ្ម ក៏កើតក្ដីសង្ស័យគិតថា ថ្មនេះសព្វកាល​រៀង​មក តែង​ទាប​ ត្រឹម​ខ្នង​ទឹក​នេះ​ទេ ថ្ងៃ​នេះ​ហេតុ​អ្វី​ក៏​ថ្ម​នេះ​ខ្ពស់​ដូច្នេះ ទំនងជាមានសត្វកំណាចមកដេកក្រាបលើថ្មនេះ ដើម្បីយាយីជីវិត​អាត្មា​ប្រា​កដ ពោធិ​សត្វ​ គិត​ដូច្នោះ​ហើយ ក៏​ពោល​ពាក្យ​ហៅ​ទៅ​ថា «ហៃដុំថ្ម ដ៏ប្រសើរអើយ! អើខ្លួនចៅឯងនេះ សព្វកាលរៀងមកពុំដែលលូតខ្ពស់​ហួស​អំពី​ខ្នង​ទឹក​ នេះ​ទេ ថ្ងៃ​នេះ​ហេតុ​អ្វី ក៏​ថ្ម​ឯង​លូត​ខ្ពស់​លើស​កាល​មុនៗហះ? ពោធិសត្វពោលហៅថ្មយ៉ាងនេះ មិនតែម្ដង គឺហៅអស់វារៈបីដង។

     ឯក្រពើក្រាបលើថ្ម លឺពានរហៅថ្មជាគំរប់៣ដងក៏គិតថា ថ្មនេះកាលដើមទំនងជាចេះនិយាយទើបពានរនេះហៅប្រស្រ័យ ឥឡូវ​ឯង​មក​ដេក​ ក្រាប​លើ​ខ្នង​វា បាន​ជា​វា​និយាយ​ត​ទៅ​នឹង​ស្វា​វិញ​ពុំរួច បើដូច្នោះមានតែអញឯង ក្លែងនិយាយជួសថ្មនេះទើបបានស្វានេះវា​លោត​មក ព្រោះ​ថ្ម​ នេះ​និង​ស្វា​នោះ​គេ​ធ្លាប់​ចរ​ចា​ប្រ​ស្រ័យនឹងគ្នា គិតហើយ ចៅកុម្ភាក៏ឆ្លើយតបទៅថា «ហៃមហាកបិន្ទរាជ អ្នកឯងសង្ស័យ​នឹង​យើង​ថា​លូត​ខ្ពស់​ ហួស​អំពី​មុន​នោះ​ឬ? យើង​តាំង​នៅ​ដដែល ដូច​កាល​មុន​នោះ​ទេ អញ្ជើញលោតមកជាន់យើងដូចកាលមុនៗនោះចុះ»ឯ​បរម​ពោ​ធិ​សត្វ បាន​លឺ​ក្រ​ពើ​ពោល​តប​មក​ដូច្នោះ​ក៏​ថា «ភោ! នរ​ណា​មក​ពោល​ពាក្យ​ត​នឹង យើង​នេះ​ថ្ម​យើ​ង​ធ្លាប់​ជាន់​នេះ​មិន​ចេះ​និយាយ​ជា​ភាសា​លោក​ទេ នេះ​គឺ​រូប​នរ​ណា ពោល​ប្រាប់​មក​យើង​នេះ​» ឯ​ក្រ​ពើ​នោះ​លុះ​លឺ​ដូច្នោះ ក៏​ទាល់​បញ្ញា​នឹង​គេច​ខ្លួន​ពុំ​រួច​ទើប​ឆ្លើយ​ប្រាប់​តាម​ក្ដី​ពិត​​ថា «យើង​នេះ​គី​តួ​មហា​កុម្ភា​នៅ​នា​ទឹក​ស្ទឹង​នេះ​ណ៎ា​ពានរ​»​។ អោ​ចៅ​មហា​កុម្ភា​ទេ​ហះ! អើ​ហេតុ​អ្វី​ក៏​ចៅ​មក​ដេក​ក្រាប​លើ​ថ្ម​នេះ​?​»​«នែ​ចៅ​ពានរ​ យើង​នេះ​មាន​សេច​ក្ដី​ប្រា​ថ្នា​ចង់​បាន​សាច់​ថ្លើម​បេះ​ដូង​នៃ​ចៅ​ឯង នឹង​នាំ​ទៅ​អោយ​ភរិយា​យើង​បរិ​ភោគ​» អោ​! បើ​ចៅ​ប្រា​ថ្នា​ជីវិត​យើង​ដូច្នោះ ចូរ​ចៅ​ហា​មាត់​ធ្មេច​ភ្នែក​ឡើង យើង​នឹង​លោត​ទៅ​ត្រង់ឥឡូវ​នេះ​។ ឯ​ក្រ​ពើ​នោះ​ក៏​តាំង​ហា​មាត់​ឡើង​ចង្រ្គាង​ធំ ធ្មេច​ភ្នែក​ទាំង​ពីរ​ជិត ប្រុង​ចាំ​ត្រ​បាក់​ពានរ​។ ឯ​ពោធិ​សត្វ​បាន​ឱកាស​ហើយ ក៏​លោត​ផ្លោះ​ស្ទុះ​ទៅ​អំពី​ទី​ទាប​ត្រង់​ទៅ​ជាន់​លើ​ក្បាល​ចៅ​កុម្ភា ហើយ​ផ្លោះ​ទៅ​ដល់​ត្រើយ​នាយ​ដោយ​កំលាំង​ខ្លាំង​លឿន​ដូច​ខ្យល់​មួយ​រំពេច ពោធិ​សត្វ​ក៏​ទៅ​ដល់​ទី​លំ​នៅ​នៃ​អាត្មា​។ ឯ​មហា​កុម្ភា ដឹង​ជា​ពានរ​លោត​ផុត​ខ្លួន​ៗ ចាប់​ពុំ​ទាន់​ដូច្នោះ ក៏​កើត​ក្ដី​ទោម​នស្ស​តូច​ចិត្ត​ដោយ​ចាញ់​កល​មហា​កបិន្ទ​រាជ គឺ​អាត្មា​ឆោត​ខ្លៅ​ពិត​ៗ ហើយ​ក៏​ចុះ​ពី​ខ្នង​សិលា​ម្នី​ម្នា ហែល​ទៅ​កាន់​ទី​រូង​ក្បាល​កោះ​ជា​ទី​លំ​នៅ​នៃ​អាត្មា​វិញ​ហោង​។ រឿង​និទាន​នេះ មាន​សេច​ក្ដី​ពិស្ដារ​នៅ​ក្នុង​គម្ពីរ​ចរិយា​បិដក​ឯ​ណោះ​មើល​ចុះ​។


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad