គតិលោក ភាគ៣: រឿង៖ ក្អែក នឹងសំពោច - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

គតិលោក ភាគ៣: រឿង៖ ក្អែក នឹងសំពោច


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៣
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងក្អែក នឹងសំពោច
តំរាឆោតដោយស្រវឹងយសឡើងបញ្ជោរ
ពាក្យអានជាបទ
      
កាកគតិតែង
តំណាលតំណែង
ដំណើរបក្សា
កែ្អកគោកមួយនៅ
លើចុងរុក្ខា
សែនសុខស្ថា
ពរពិតឥតមោះ។
ថ្ងៃ១ បក្សី
ចេញស្វែងចំណី
តាមភូមិកៀនកោះ
ឃើញអ្នកនិគម
ហាលនំទឹកដោះ
ក្អែកអរហើរផ្លោះ
ចុះចោះចឹកបាន។
កាងស្លាបហើរស្លៅ
តំរង់ត្រង់ទៅ
លំនៅស្មសាន
ដល់ហើយចុះទំ
ទ្រនំនៃប្រាណ
បែរមើលទីឋាន
ដានដែលយាត្រា។
កាលនោះមានសត្វ
សំពោច១ធាត់
ស្វែងរកភាក្ដា
មកដល់យល់ក្អែក
ទំមែករុក្ខា
មាត់ពាំនំប្រា
កដជាចំណី។
សំពោចគិតថា
អញនឹងចរចា
បញ្ជោបក្សី
អោយវាហាមាត់
ភ្លាត់ធ្លាក់ចំណី
ជ្រុះមកដល់ដី
បានអញវិញណា។
គិតហើយទើបពោល
ជាពាក្យបញ្ជោរ
ទៅកាន់ក្អែកថា
ក្អែកអើយអ្នកក្អែក
រូបឯកសោកា
ចំពុះដូចជា
ខ័នកែវមរកដ។
រោមស្លាបស្រស់ស្រិល
រលង់ដូចនិល
រលើបហ្មត់ចត់
ចង្កេះសមទ្រង់
ជង្គង់សមបទ
វង់មុខសមមាត់
សមមានលក្ខណា។
រូបអ្នកឧត្ដម
បើតាមក្បួនខ្ញុំ
ទំនាយទាយថា
នឹងបានសំរេច
ជាស្ដេចបក្សា
តែស័ព្ទសរា
ពុំទាន់ប្រត្យ័ក្ស។
ប្រសិនអ្នកស្រែក
ខ្ញុំលឺសំរែក
សូរសមចំស័ក្ដិ
ខ្ញុំហានទំនាយ
ទាយថាអ្នកជាក់
បានជាចមចក្រ
កំពូលបក្សា។
ក្អែកឡើងអំនួត
លឺគេសង្កួត
សរសើរអាត្មា
ចង់អោយគេស្ដាប់
សូរស័ព្ទសរា
ទើបឈរឡើងហា
មាត់ស្រែកចេញខ្មី។
ឯនំពាំនោះ
ធ្លាក់ពីចំពុះ
ជ្រុះមកដល់ដី
សំពោចស្ទុះស្រួល
ទទួលចំណី
ហើយបែរស្រដី

ចំអកបក្សា។

ក្អែកអើយចៅក្អែក
អ្នកឯងបែងចែក
ចំណី នេះណា
យើងពេញគាប់ចិត្ដ
ត្បិតអ្នកយល់ថា
យើងជាហោរា

ទទួលខាន់ខៅ។

ជាហើយចៅក្អែក
ប្រព្រឹត្ដនេះឯក
ឥតមានហ្មងសៅ
អ្នកឯងទៅរក
មកទៀតណ៎ាចៅ
ពីថ្ងៃនេះទៅ

យើងបានពឹងផង។

ថាហើយសំពោច
បែរប្រាណស្ទុះផ្លូច
ចូលព្រៃដូចប៉ង
កាកោបង់នំ
ក្រំចិត្ដកន្លង
ពុំដឹងទំនង
ខ្មោចលងភក្សា។
និទានរឿងនេះ
អញ្ជើញប្រាជ្ញចេះ
ត្រិះមើ លកិរិយា
ក្អែកបង់ចំណី 
ព្រោះក្ដីប្រាថ្នា
ក្នុងបសំសា
បាយ៉សង្កួត។
នរូអ្នកណា
មានចិត្ដប្រាថ្នា
ចង់អោយគេអួត
នឹងដូចក្អែកខ្មៅ
ត្រូវគេសង្កួត
ឆោតឡើងអំនួត

បង់នំឯងអើយ។

តំរាឆោតព្រោះមានៈ


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad