គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
មានសត្វឥន្រ្ទី
ជាទីគាប់ព្រះទ័យនៃព្រះឥសូរៗ ក៏ស្រលាញ់រាប់អានជាទីទុកព្រះហរិទ័យ
ឯសត្វឥន្រ្ទីនោះបើចង់បានអ្វីៗក្ដី ឬវាចង់ស៊ីសាច់សត្វណាក្ដី
វាទូលព្រះឥសូរថា វាយល់សុបិនត្រូវស៊ីសត្វនោះ ឯព្រះឥសូរក៏ចេះតែជឿតាមហៅសត្វនោះមកអោយវាស៊ីតែរឿយៗ
ក៏បណ្ដាសត្វទាំងឡាយមានគោក្របីជាដើម
កើតក្ដៅក្រហាយនឹងសត្វឥន្រ្ទីនោះមហិមា តែពុំហ៊ានថាអ្វីព្រោះខ្លាចអំណាចព្រះឥសូរ
ជាម្ចាស់លើសត្វក្នុងលោកនេះ។ ថ្ងៃមួយសត្វឥន្រ្ទីនោះវាចង់ស៊ីសាច់ស្ដេចដំរីស
ទើបវាទូលព្រះឥសូរថា វាយល់សុបិនត្រូវស៊ីសាច់ស្ដេចដំរីស ឯព្រះឥសូរ ក៏ជឿតាម
ទើបអោយបំរើទៅប្រាប់ដំរីស ម្ដាយនិងកូនថា អោយទៅលាងខ្លួនអោយស្អាត ហើយអោយចូលមកក្នុងវេលាព្រឹកនេះ
អោយសត្វឥន្ត្រីគេស៊ី ត្បិតគេយល់សុបិនត្រូវត្រង់រូបខ្លួនហើយ ឯដំរីម្ដាយនិងកូនកាលណាបើលឺថា
ព្រះឥសូរអោយហៅខ្លួនទៅអោយសត្វឥន្រ្ទីស៊ីដូច្នោះ ហើយក៏ភិតភ័យនឹងសេចក្ដីស្លាប់នោះមហិមា
នាំគ្នាយំសោកវិយោគទៅផ្សេងៗ ពុំដឹងបើនឹងរកលោកអ្នកឯណា មេត្ដាជួយកែដោះជីវិតនៃអាត្មាបាន
ហើយក៏នាំគ្នាដើរចុះទៅក្នុងស្រះ ដើម្បីនឹងងូតទឹកដុសលាងកាយ។
គ្រាកាលនោះ មានសត្វទីទុយមួយទំនៅលើមែកឈើ
បានឃើញដំរីសម្ដាយនិងកូន ដើរយំសោកដូច្នោះ ហើយក៏សួរទៅថា «នែដំរីស អ្នកមានទុក្ខទោមនស្សព្រោះហេតុអ្វី? ឯដំរីសម្ដាយនិងកូន
ក៏ថ្លែងសេចក្ដីទុក្ខនោះប្រាប់ទីទុយ តាំងអំពីដើមដល់ចប់សព្វគ្រប់ប្រការ។ ឯទីទុយលឺដូច្នោះហើយក៏ថា
«ឱ!.ព្រះឥសូរលោកម្ដេចក៏
ប្រកបទៅដោយឆន្ទាគតិគឺលំអៀងច្បាប់ លំអៀងសេចក្ដីទៅតាមសេចក្ដីស្រលាញ់ ទៅជឿស្ដាប់តែពាក្យសត្វឥន្រ្ទីអោយយាយីគេឯទៀតដូច្នោះ។
ដំរីសតបថា «ឱ!.អ្នកទីទុយអើយខ្ញុំនេះឥតទីពឹងពុំនាក់សោះ
ឡើយ សូមអ្នកជួយមេត្ដាសង្រ្គោះដោះដូរជីវិតខ្ញុំអោយរួចពីភ័យម្ដងនេះទៅលោកម្ចាស់
ខ្ញុំម្ដាយនិងកូននឹងនៅជាខ្ញុំបំរើអ្នក»។ ឯទីទុយមានចិត្ដមេត្ដាករុណាកើតឡើង
ហើយក៏ឆ្លើយទទួលថា «អើបើដូច្នោះ
អ្នកឯងឆ្លើយក្ដីស័្មគ្រថា បាវខ្ញុំចុះ ខ្ញុំនឹងទៅនិយាយកែតាមកលឧបាយនឹងព្រះឥសូរមើលម្ដង»។
ដីរីសក៏ព្រមតាម ហើយអោយទីទុយជិះ
ទំលើក្បាលកូនដីរីស ចរទៅកាន់សំណាក់ព្រះឥសូរ អៃដ៏ភ្នំកៃលាសមហាស្ថាន ដល់ហើយទីទុយ
ក៏ចុះចាកក្បាលដំរីស ចូលទៅទំទៀបបល្ល័ង្ក ទីនាំងព្រះឥសូរ ហើយទូលថា «បពិត្រព្រះអង្គ
ជាកំពូលលើសលោក ព្រះអង្គមានការអ្វីបានជាទ្រង់អោយហៅដំរីសជាបាវខ្ញុំ ទូលព្រះបង្គំមកនេះ
មានហេតុភេទយ៉ាងណាព្រះករុណា»។
ព្រះឥសូរក៏ឆ្លើយថា «អើទីទុយបាវឯងនេះ
ត្រូវដល់សេចក្ដីស្លាប់ហើយ ក្នុងថ្ងៃនេះត្បិតសត្វឥន្រ្ទីគេយល់សុបិនថា ត្រូវបរិភោគសាច់ដំរីស
ហេតុនោះទើបយើងអោយហៅដំរីសជាបាវឯងមកអោយគេស៊ី ទីទុយតបថា «សូមទាន ឯកិរិយាយល់សុបិនរបស់សត្វឥន្រ្ទីនោះ
ជាទៀងពិតប្រាកដ ព្រះអង្គយកជាប្រមាណណាស់ទៅ ឬយ៉ាងម្ដេច?»។ អើទីទុយ
សត្វឥន្រ្ទីនោះគេយល់សុបិនហើយសុបិននោះនិមិត្ដទៀងពិតណាស់ យើងយកជាប្រមាណបាន»។ ក្រាបទូលខ្ញុំទូលព្រះបង្គំក៏ជឿតាមព្រះបន្ទូល
ដែលទ្រង់ជឿសុបិនសត្វឥន្រ្ទីនោះ ដំរីសបាវខ្ញុំព្រះករុណាវិសេសក៏គួរដល់ស្លាប់ហើយ ខ្ញុំម្ចាស់នាំមកថ្វាយអោយទ្រង់ប្រទានដំរីសអោយសត្វឥន្រ្ទីគេបរិភោគចុះ
តែខ្ញុំល្អងធូលីព្រះបាទយប់មិញនេះមានធុរៈដើរចាប់ក្ដាមបរិភោគ ពុំបានទទួលទានដំណេកសោះ
បើដូច្នេះសូមមេត្ដាអត់ទោស សូមទទួលទានដំណេកបានមួយស្រលេតសិន ហើយខ្ញុំនាំបាវទៅអោយសត្វឥន្រ្ទីនោះគេស៊ី» ថាហើយទីទុយធ្វើធ្មេចភ្នែកសំងំដេកបន្ដិច
ទីទុយក៏ធ្វើជាភ្ញាក់ឡើងហើយពត់ខ្លួនពត់ប្រាណសសិតស្លាប ធ្វើកិរិយារីករាយហើយទូលព្រះឥសូរថា
«សូមទ្រង់ព្រះមេត្ដាប្រោស
ខ្ញុំម្ចាស់ទទួលទានដំណេកអំបាញ់មិញនេះទៅ យល់សុបិនល្អណាស់ ជាសុបិនមង្គលហៅសុបិននិមិត្ដ»។ ព្រះឥសូរក៏សួរថា
«បាឯងយល់សុបិននោះដូម្ដេច
ចូរនិយាយទៅមើល? ទីទុយក៏ទូលថា
«សុបិនខ្ញុំម្ចាស់នេះសេចក្ដីប្លែកណាស់ទៅជាមិនហាននិយាយផង» អើឯងនិយាយទៅមើល
សុបិនឯងនោះយ៉ាងណា?។
សូមទាន សុបិននោះឃើញថា
សម្ដេចព្រះនាងឧមាភោគវតីជាព្រះរាជមេហសី ល្អងធូលីព្រះបាទនេះស្រលាញ់ខ្លួនខ្ញុំព្រះករុណាវិសេសល្អងធូលីព្រះបាទក៏ប្រោសប្រទានអោយមកជាភរិយាខ្ញុំ
សុបិនខ្ញុំនេះទៀងពិតប្រាកដណាស់ យកប្រមាណបាន បើដូច្នេះសូមល្អងធូលីព្រះបាទហៅព្រះនាងឧមាភោគវតីនោះមកព្រះរាជទានអោយខ្ញុំទុកជាព្រះកេរ្ដិ៍របស់ព្រះករុណាវិសេស»។ ព្រះឥសូរលឺដូច្នោះ
ក៏តូចព្រះរាជហរិទ័យទើបត្រាស់ថា «អាឯងយល់សុបិននេះផ្ដាសទេ យើងនឹងយកជាប្រមាណពុំបាន
នឹងជឿស្ដាប់ពុំបានទេ អាទីទុយអើយ»។
ទីទុយតបថា «ក្ដីយល់សុបិនខាងទូល
ព្រះបង្គំព្រះអង្គថា យកជាប្រមាណពុំបាន ចុះខាងសត្វឥន្រ្ទីនោះ ម្ដេចក៏ព្រះអង្គជឿស្ដាប់យកជាប្រមាណបាន? អើបើសុបិនខ្ញុំមិនពិត
សុបិនសត្វឥន្រ្ទីនោះក៏មិនពិតដូចគ្នា វិស័យសត្វសកុណជាតិដូចគ្នា សូមព្រះអង្គកាត់សេចក្ដីនេះអោយបានប្រកបដោយយុត្ដិធម៌ទាំងសងខាងអោយទាន»។ ព្រះឥសូរលឺទីទុយស្ដីដូច្នោះហើយ
ក៏ទញ់ទាល់ព្រះហរិទ័យណាស់ ទើបត្រាស់ថា «អើបើដូច្នោះចូរឯងនាំយកដំរីសជាបាវឯង
វិលទៅកាន់ទីលំនៅឯងវិញចុះ ការនេះយើងលើកលែងគ្នាតែប៉ុណ្ណោះ»។ ទីទុយក៏ក្រាបថ្វាយបង្គំលានាំដីរីសទៅទីលំនៅបានជួបគ្នាម្ដាយនិងកូន
នៅជាសុខសប្បាយរួចអំពីអន្ដរាយជីវិតព្រោះបានសេពគប់ទៅលើមិត្ដ គឺទីទុយជាអ្នកប្រាជ្ញ
អាចដោះទុក្ខបានដោយប្រការយ៉ាងនេះ។
ទីអើយទីទុយ រូបរាងទុយមុយ អាក្រក់តែកាយ
តែត្រង់បញ្ញា ជ្រះថ្លាពណ្ណរាយ អាចកែដោះស្រាយ
ភព្រះសូរី ។
ឥសូរភូមិន្ទ កាន់ខាងសុបិន ឥន្រ្ទីបក្សី
វាក្លែងតំរូវ ថាត្រូវដំរី ធ្លាក់ជាចំណី
នៃវាភោក្ដា។
ទីទុយបពា្ចប់ យកសប្ដិនឹងសប្ដិ លើកឡើងតវ៉ា
ទារយកមហេសី គឺនាងឧមា ផ្ចាញ់ព្រះប្រាជ្ញា
មហិស្សរាចេញហោង។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment