គតិលោក ភាគ២: រឿង៖ ក្មេងកំព្រា នឹងព្រះចៅផែនដី - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

គតិលោក ភាគ២: រឿង៖ ក្មេងកំព្រា នឹងព្រះចៅផែនដី


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩

មាន​កូន​ក្មេង​ ១នាក់​អាយុ​ ១៥​ឆ្នាំ​ជា​ក្មេង​កំព្រា​ឥត​មាតា​បិតា​រក្សា ក្មេង​នោះ​ទៅ​នៅ​ដោយ​សារ​រោង​នាយ​ពិសេស គឺ​រោង​គ្រួ​សំរាប់​ធ្វើ​ក្រយា​​ស្ងោយ​អ្នក​ស្ដេច ឯ​នាយ​ពិ​សេស​គេ​ក៏​អាណិត​មេត្ដា​អោយ​នៅ ហើយ​គេ​ប្រើ​អោយ​លាង​ចាន​លាង​ថាស ជូត​សម​​ស្លាប​​ព្រា អោយ​ប្រាក់​ខែ​ក្នុង​​មួយ​​ខែ​ជា​ប្រាក់​៥-៦​កាក់​ល្មម​ការ​សា​ហុយ​បាន ក្មេង​នោះ​ឧស្សាហ៍​ធ្វើ​ការ​ក្នុង​មុខ​ក្រសួង​របស់​ខ្លួន បាន​ប្រាក់​តែ​រាល់​ខែ​រៀង​មក​។
  ឯ​ព្រះ​បរម​ខត្ដិ​យា​ព្រះ​ចៅ​ផែន​ដី ស្ដេច​តែង​យាង​មក​ទត​ការ​ក្នុង​រោង​ពិសេស បាន​ទ្រង់​យល់​ក្មេង​នោះ​ធ្វើ​ការ​ស៊ី​​ឈ្នួល​​លាង​ចាន​នោះ​រឿយ​ៗ​​។ ថ្ងៃ​មួយ​ស្ដេច​ទ្រង់​យាង​មក​រោង​ពិសេស យល់​កូន​ក្មេង​កំពុង​តែ​លាង​ចាន​នៅ​ក្រៅ​រោង ស្ដេច​ត្រាស់​សួរ​ថា «ចៅ​​ឯង​​ស៊ី​​ឈ្នួល​លាង​ចាន​ សព្វ​​ថ្ងៃ​នេះ​មាន​ប្រាក់​ប៉ុន្មាន​ហើយ»​។ ក្មេង​នោះ​ឆ្លើយ​ថា «សព្វ​ថ្ងៃ​នេះ​ខ្ញុំ​មាន​ស្មើ​នឹង​ស្ដេច​ផែន​ដី​»​។ ស្ដេច​ត្រាស់​ថា «​ការ​​ដែល​​រក​​ស៊ី​ឈ្នួល​គេ​ក្នុង​លោក​នេះ គឺ​ការ​ស៊ី​ឈ្នួល​លាង​ចាន​ ជា​ការ​ទាប​ថោក​បំ​ផុត​ម្ដេច​ចៅ​ឯង​ស្ដី​អួត​ថា ខ្លួន​មាន​សម្បត្ដិ​ស្មើ​នឹង​យើង​ជា​​ម្ចាស់​ផែន​ដី​ផ្ទៃ​ក្រោម​នេះ»​
  ក្មេងនោះក៏អធិប្បាយថា «ខ្ញុំស៊ីឈ្នួលគេសព្វថ្ងៃនេះ ក្នុង១ខែគេអោយ៥-៦កាក់ក៏ពិតមែន តែការដែលទទួលទានបាយ​ក៏​ត្រឹម​១​ឆ្អែត​ ទទួល​​ទាន​ដំណេក​ក៏​ត្រឹម​១​ពេល ឯ​អ្នក​ស្ដេច​ដែលមានសម្បត្ដិច្រើនរាប់មិនអស់នោះសោត ក្នុង១ថ្ងៃក៏គង់សោយព្រះ​ក្រយា​ស្ងោយ​ត្រឹម​តែ​១​ឆ្អែត​​ដូច​គ្នា នឹង​សោយ​អោយ​លើស​អំពី​នោះទៅក៏ទេ ការដែលទ្រង់ផ្ទំសោតក៏ទ្រង់ផ្ទំត្រឹម១ពេលដូចគ្នា នឹងអោយលើស​លែង​ពី​នោះ​ទៅ​ក៏​ទេ​​ហេតុ​នេះ​ទើប​ខ្ញុំ​ថា ខ្លួន​ខ្ញុំមានសម្បត្ដិស្មើនឹងស្ដេចផែនដីដែរ»
  ឯមហាក្សត្រាធិបតីបានស្ដាប់ពាក្យក្មេងវាអធិប្បាយប្រាប់ ហេតុយក១ឆ្អែតជាប្រមាណដូច្នោះហើយក៏ទ្រង់យល់ថា​ពិត ថា​មែន​ប្រាកដ​ណាស់​​ទ្រង់​ពិចា​រណា​មើល​ហេតុ​ទៅ​ ក៏ពុំមានខុសអំពីគ្នា គឺអ្នកក្រក៏ស៊ីត្រឹម១ឆ្អែត អ្នកមានក៏ស៊ីត្រឹម១ឆ្អែតដូចគ្នា ស្ដេច​មាន​ព្រះ​ហរិ​ទ័យ​ស្រលាញ់​​ពាក្យ​ក្មេង​នោះ​ក្រៃ​ពេក​ទើប​ទ្រង់ប្រទានមាសប្រាក់សំពត់ខោអាវអោយទៅក្មេងនោះ ហើយទ្រង់ចារឹកពាក្យក្មេងនោះ ហៅ​ថា​ពាក្យ​អ្នក​ប្រាជ្ញ​​បាន​ក្នុង​លោក​នេះ​។ មាន​រឿង​មួយ​ទៀត ឈ្មោះថាតំរាស្របតបតគ្នា។


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស


No comments:

Post a Comment

Post Top Ad